យ៉ាងនោះ ស្តេចខាងជើងនឹងមកជីកស្នាមភ្លោះ ហើយចាប់យកបានទីក្រុងដែលមានគ្រឿងការពារជាបរិបូរ ឯពលទ័ពរបស់ស្រុកខាងត្បូង នឹងធន់នៅមិនបាន ព្រមទាំងពលជ្រើសរើសរបស់ស្តេចនោះផង ក៏នឹងគ្មានកំឡាំងល្មមទប់ទល់ឡើយ គឺស្តេចដែលលុកចូលមកច្បាំងនោះ នឹងធ្វើតាមតែអំពើចិត្ត ឥតមានអ្នកណាអាចនឹងឈរនៅមុខទ្រង់បានឡើយ ទ្រង់នឹងឈរនៅក្នុងស្រុកដ៏ឧត្តម ទាំងមានអំណាចបំផ្លាញនៅក្នុងកណ្តាប់ដៃផង ហើយទ្រង់នឹងមានគំនិតគិតនាំកំឡាំងនៃរាជ្យទ្រង់ទាំងអស់មកទៀត តែទ្រង់បែរជាតាំងស្ពានមេត្រីវិញ ហើយក៏សំរេចតាមនោះ រួចលើកបុត្រីខ្លួន ឲ្យដល់ស្តេចខាងត្បូង ដើម្បីនឹងគិតបំផ្លាញទ្រង់ តែនាងមិនចូលគំនិត ឬសំរេចតាមបំណងបិតាឡើយ ក្រោយនោះមកទ្រង់នឹងបែរព្រះភក្ត្រទៅខាងកោះសមុទ្រទាំងប៉ុន្មាន ហើយនឹងចាប់យកបានជាច្រើនដែរ តែនឹងមានទ័ព១កំចាត់សេចក្ដីអាម៉ាស់ខ្មាស ចំពោះស្តេចនោះចេញ អើ មួយទៀត នឹងទំលាក់សេចក្ដីអាម៉ាស់ខ្មាសនោះទៅលើទ្រង់វិញ នោះទ្រង់នឹងបែរមុខទៅឯបន្ទាយនៅក្នុងស្រុករបស់ខ្លួន តែទ្រង់នឹងចំពប់ដួល ឥតមានអ្នកណាឃើញទៀតឡើយ។ បន្ទាប់នោះមក នឹងមានស្តេច១សោយរាជ្យឡើងជំនួស ជាអ្នកដែលនឹងចាត់ភ្នាក់ងារ ឲ្យដើរកាត់ស្រុករុងរឿងក្នុងនគរ ដើម្បីរ៉ឹងទារសួយ តែក្រោយមកមិនយូរថ្ងៃ ស្ដេចនោះនឹងត្រូវបំផ្លាញទៅ មិនមែនក្នុងការកំហឹង ឬការសង្គ្រាមនោះទេ រួចនឹងមានម្នាក់ដែលគួរស្អប់ខ្ពើមតាំងខ្លួនឡើងជំនួសទ្រង់ ឥតមានអ្នកណាប្រគល់រាជសក្តិដល់អ្នកនោះឡើយ គឺនឹងចូលមក ក្នុងគ្រាសុខសាន្ត ជែងយករាជ្យដោយសេចក្ដីបញ្ចើចវិញ ឯពលទ័ពដ៏មានជ័យនឹងត្រូវចុះចាញ់នៅចំពោះអ្នកនោះ ហើយនឹងត្រូវបាក់បែកអស់ទៅ អើ ទោះទាំងសំដេចសង្ឃនៃសេចក្ដីសញ្ញាផង ក្រោយដែលគេបានតាំងសញ្ញានឹងអ្នកនោះហើយ នោះវានឹងប្រព្រឹត្តដោយឧបាយកល ដ្បិតវានឹងឡើងមក ហើយនឹងមានកំឡាំងឡើង ដោយមានគ្នាតែបន្តិចប៉ុណ្ណោះ គឺនៅក្នុងគ្រាសុខសាន្ត ដែលវានឹងឡើងមកឯកន្លែងដ៏ល្អបំផុតក្នុងដែនខេត្ត ហើយវានឹងធ្វើការដែលពួកឰយុកោវាតៗមកមិនដែលធ្វើឡើយ គឺវានឹងយករបឹប នឹងរបស់ដែលប្លន់បាន ហើយទ្រព្យសម្បត្តិផ្សេងៗ កំចាយដល់គេ អើ វានឹងបង្កើតកិច្ចកលរបស់វា ទាស់នឹងទីមាំមួន នៅរវាង១ពេល វានឹងដាស់កំឡាំង នឹងសេចក្ដីអង់អាចរបស់វាឡើង ទាស់នឹងស្តេចខាងត្បូង ដោយមានពលទ័ពយ៉ាងសន្ធឹក ហើយស្តេចខាងត្បូងនឹងមកច្បាំងនឹងវា មានពលទ័ពយ៉ាងសន្ធឹក ហើយខ្លាំងពូកែផង តែនឹងទប់ទល់មិនបានទេ ពីព្រោះនឹងមានគេបង្កើតកិច្ចកលទាស់នឹងទ្រង់ អើ អ្នក១ដែលធ្លាប់ស៊ីចំណីរបស់ទ្រង់នឹងបំផ្លាញទ្រង់បង់ ហើយកងទ័ពរបស់ទ្រង់នឹងបែកខ្ញែករត់ទៅតែពាស ក៏នឹងមានជាច្រើនដួលស្លាប់ដែរ ឯស្តេចទាំង២អង្គនេះ គេនឹងមានចិត្តរិះរកធ្វើតែការកំណាចទទេ គេនឹងកុហកដល់គ្នានឹងគ្នា ក្នុងពេលកំពុងអង្គុយនៅតុជាមួយគ្នាផង តែការនោះនឹងមិនចំរើនដល់គេឡើយ ដ្បិតវេលាចុងបំផុតនឹងមកក្នុងពេលកំណត់ទេ។ គ្រានោះ វានឹងវិលទៅស្រុករបស់ខ្លួនវិញ នាំទាំងទ្រព្យសម្បត្តិជាច្រើនទៅផង រួចវានឹងកើតមានចិត្តទាស់ទទឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនឹងធ្វើតាមតែបំណងចិត្ត រួចវិលទៅឯស្រុករបស់ខ្លួនវិញ លុះដល់វេលាកំណត់ វានឹងត្រឡប់មកចូលក្នុងស្រុកខាងត្បូងទៀត តែជាន់ក្រោយនេះ នឹងមិនបានដូចជាជាន់មុនទេ ពីព្រោះអស់ទាំងនាវា ពីស្រុកគីទីម នឹងមកទាស់នឹងវា ដូច្នេះ វានឹងធ្លាក់ចិត្ត ហើយវិលទៅវិញ ដោយមានសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនឹងធ្វើតាមអំពើចិត្ត គឺវានឹងត្រឡប់មកវិញ ហើយរួមគំនិតនឹងពួកអ្នកដែលក្បត់សេចក្ដីសញ្ញាដ៏បរិសុទ្ធនោះ គ្រានោះ ពលទ័ពនឹងត្រូវខាងវា ហើយគេនឹងបង្អាប់ទីបរិសុទ្ធ គឺជាទីមាំមួន ព្រមទាំងបញ្ឈប់បំបាត់ការថ្វាយដង្វាយជានិច្ចចេញ ហើយតាំងសេចក្ដីគួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញឡើង ឯពួកអ្នកដែលប្រព្រឹត្តអាក្រក់ទាស់នឹងសេចក្ដីសញ្ញា នោះវានឹងនាំបង្ខូចចិត្តគេ ដោយពាក្យបញ្ចើច តែចំណែកពួកអ្នកទាំងប៉ុន្មានដែលស្គាល់ព្រះនៃខ្លួន គេនឹងមានចិត្តរឹងប៉ឹង ហើយនឹងប្រតិបត្តិតទៅ ពួកអ្នកដែលមានប្រាជ្ញាក្នុងបណ្តាជន គេនឹងបង្រៀនមនុស្សជាច្រើន ប៉ុន្តែ គេនឹងត្រូវដួលដោយដាវនឹងភ្លើង ព្រមទាំងត្រូវដឹកទៅជាឈ្លើយ ហើយត្រូវគេរឹបជាន់ជាយូរថ្ងៃផង រីឯកាលណាគេត្រូវដួល នោះគេនឹងមានសេចក្ដីជំនួយបន្តិចដែរ ក៏នឹងមានមនុស្សជាច្រើនចូលខាងគេ ដោយចិត្តក្រឡេចក្រឡុច ឯពួកគេដែលមានប្រាជ្ញា នឹងមានខ្លះដួលចុះ ដើម្បីឲ្យបានសំរង ហើយសំអាតពួកគេ ព្រមទាំងឲ្យគេបានសស្គុស ដរាបដល់វេលាចុងបំផុត ដ្បិតការទាំងនោះនឹងមកក្នុងពេលកំណត់ទេ។
អាន ដានីយ៉ែល 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 11:15-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ