ចោទិយកថា 23
23
1ឯអ្នកណាដែលត្រូវរបួសត្រង់ពង ឬកាត់ស្វាសចេញ នោះមិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ 2ហើយមិនត្រូវឲ្យកូនសហាយណា ចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាដែរ ព្រមទាំងកូនចៅគេរហូតដល់១០ដំណផង។
3សាសន៍អាំម៉ូន ឬសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ ព្រមទាំងកូនចៅគេរហូតដល់១០ដំណផង 4ពីព្រោះកាលឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះគេមិនបានយកអាហារ នឹងទឹកមកទទួលឯងតាមផ្លូវទេ ហើយគេបានជួលបាឡាម ជាកូនបេអ៊រ មកពីពេថោរ នៅស្រុកអើរ៉ាម-ន៉ាហារេម ដើម្បីនឹងដាក់បណ្តាសាដល់ឯង 5ប៉ុន្តែព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់មិនព្រមស្តាប់តាមបាឡាមទេ គឺទ្រង់បានផ្លាស់សេចក្ដីបណ្តាសានោះឲ្យទៅជាពរដល់ឯងវិញ ដ្បិតទ្រង់បានស្រឡាញ់ឯង 6ដូច្នេះមិនត្រូវឲ្យឯងរកសេចក្ដីសុខឲ្យគេ ឬឲ្យគេចំរើនឡើងឡើយ នៅជារៀងរាបតទៅ។
7មិនត្រូវឲ្យស្អប់ខ្ពើមដល់សាសន៍អេដំមណាមួយឡើយ ដ្បិតគេជាបងប្អូននឹងឯង ក៏មិនត្រូវស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទដែរ ដ្បិតពីដើម ឯងជាពួកប្រទេសក្រៅដែលស្នាក់នៅស្រុកគេ 8ឯចៅទួតដែលកើតពីពូជគេនោះនឹងចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាបាន។
9កាលណាឯងទៅបោះទ័ព ទាស់នឹងពួកខ្មាំងសត្រូវ នោះត្រូវឲ្យរក្សាខ្លួនពីគ្រប់ទាំងសេចក្ដីអាក្រក់ 10បើសិនជាមានមនុស្សណាក្នុងពួកឯងដែលមិនស្អាត ដោយព្រោះការអ្វីដែលលោតែកើតដល់ខ្លួន នៅពេលយប់ ត្រូវឲ្យអ្នកនោះចេញទៅក្រៅ មិនត្រូវចូលមកក្នុងទីដំឡើងត្រសាលទេ 11តែដល់ពេលល្ងាច អ្នកនោះត្រូវងូតទឹកចេញ រួចកាលណាថ្ងៃលិចហើយ នោះនឹងចូលទៅក្នុងទីដំឡើងត្រសាលវិញបាន 12ត្រូវឲ្យមានកន្លែងមួយនៅខាងក្រៅទីដំឡើងត្រសាល ជាទីសំរាប់នឹងចេញទៅដោះទុក្ខសត្វ 13ហើយត្រូវឲ្យមានចបជីក នៅជា១ នឹងគ្រឿងសស្ត្រាវុធរបស់ឯងផង ដើម្បីកាលណាឯងចេញទៅបត់ជើង នោះនឹងជីកទៅកប់លុបលាមកឯងទៅ 14ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់យាងនៅកណ្តាលទីដំឡើងត្រសាលរបស់ឯង ដើម្បីនឹងជួយសង្គ្រោះឯង ហើយនឹងប្រគល់ពួកខ្មាំងសត្រូវមកឯង ដូច្នេះទីដំឡើងត្រសាលរបស់ឯងត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យទ្រង់ទតឃើញអ្វីស្មោកគ្រោក នៅក្នុងពួកឯង រួចបែរចេញពីឯងទៅនោះឡើយ។
15ឯបាវបំរើណាដែលបានរត់រួចពីចៅហ្វាយខ្លួនមកពឹងជ្រកនឹងឯង នោះមិនត្រូវប្រគល់ទៅចៅហ្វាយវិញឡើយ 16ត្រូវបើកឲ្យនៅជាមួយនឹងឯង នៅកណ្តាលពួកឯង ក្នុងទីក្រុងណាមួយ ដែលអ្នកនោះជ្រើសរើស តាមបំណងចិត្តចុះ មិនត្រូវឲ្យសង្កត់សង្កិនគេឡើយ។
17មិនត្រូវឲ្យមានស្រីសំផឹងណាមួយក្នុងពួកកូនស្រីសាសន៍អ៊ីស្រាអែលឡើយ ក៏មិនត្រូវមានប្រុសណាមួយធ្វើជាកូនជឹង នៅក្នុងពួកកូនប្រុសសាសន៍អ៊ីស្រាអែលដែរ 18មិនត្រូវឲ្យយកថ្លៃឈ្នួលរបស់ការធ្វើសំផឹង ឬថ្លៃឆ្កែ មកក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងថ្វាយជាដង្វាយលាបំណន់ឡើយ ដ្បិតទាំង២មុខនេះជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះនៃឯង។
19មិនត្រូវឲ្យឯងឲ្យបងប្អូនខ្ចីដោយយកការ ទោះជាខ្ចីប្រាក់ ឬស្បៀងអាហារ ឬរបស់អ្វីដែលគេតែងឲ្យខ្ចីដោយយកការវិញនោះឡើយ 20ឯងនឹងឲ្យអ្នកប្រទេសដទៃខ្ចីដោយយកការបាន តែមិនត្រូវឲ្យបងប្អូនឯងខ្ចីដោយយកការឡើយ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះនៃឯងបានប្រទានពរដល់ឯង ក្នុងគ្រប់ទាំងការដែលឯងដាក់ដៃធ្វើ នៅក្នុងស្រុកដែលឯងនឹងចូលទៅចាប់យកនោះ។
21កាលណាឯងបន់ដល់ព្រះយេហូវ៉ាជាព្រះនៃឯងនោះមិនត្រូវបង្អង់ នឹងលាបំណន់នោះទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងទារពីឯងវិញជាមិនខាន យ៉ាងនោះនឹងបានរាប់ជាបាបដល់ឯង 22តែបើឯងមិនដែលបន់បំណន់ទេ នោះគ្មានបាបឡើយ 23សេចក្ដីណាដែលចេញពីបបូរមាត់ឯង នោះត្រូវប្រយ័តនឹងធ្វើតាមគ្រប់ជំពូក គឺឲ្យត្រូវនឹងបំណន់ដែលឯងបានបន់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ជាដង្វាយថ្វាយស្ម័គ្រពីចិត្ត ដែលមាត់ឯងបានសន្យាហើយ។
24កាលណាឯងចូលទៅក្នុងចំការទំពាំងបាយជូររបស់អ្នកជិតខាងណា នោះនឹងបរិភោគផលចំអែតតាមចិត្តបាន ប៉ុន្តែមិនត្រូវបេះដាក់ក្នុងកញ្ច្រែងឯងទេ 25កាលណាដើរកាត់ស្រែដែលមានស្រូវរបស់អ្នកជិតខាងឯងណា នោះនឹងបូតគួរស្រូវដោយដៃបាន ប៉ុន្តែ មិនត្រូវយកកណ្តៀវទៅច្រូតឡើយ។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 23: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.