ចោទិយកថា 3
3
1នោះយើងក៏បែរឡើង តាមផ្លូវទៅស្រុកបាសាន ហើយអុក ជាស្តេចស្រុកបាសាន នឹងបណ្តារាស្ត្រទ្រង់ទាំងអស់គ្នា ក៏ចេញមកទាស់នឹងយើង ហើយច្បាំងគ្នានៅត្រង់អេទ្រី 2ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកអញថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ ព្រមទាំងរាស្ត្រទាំងប៉ុន្មាន នឹងស្រុករបស់គេផង ត្រូវឲ្យឯងធ្វើដល់គេ ដូចជាបានធ្វើដល់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី នៅក្រុងហែសបូនដែរ 3ដូច្នេះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់ក៏ប្រគល់អុក ជាស្តេចស្រុកបាសាននោះ នឹងរាស្ត្រទាំងប៉ុន្មានមកក្នុងកណ្តាប់ដៃនៃយើងដែរ ហើយយើងបានវាយពួកខាងទ្រង់ ទាល់តែគ្មាននៅសល់១ឡើយ 4យើងចាប់យកអស់ទាំងទីក្រុងរបស់ទ្រង់នៅគ្រានោះ គ្មានទីក្រុងណាមួយដែលយើងមិនបានចាប់យកពីគេនោះទេ រាប់ទាំងអស់បានទីក្រុង៦០ គឺស្រុកអើកុបទាំងមូល ដែលជានគររបស់ស្តេចអុក នៅស្រុកបាសាន 5អស់ទាំងទីក្រុងទាំងនោះសុទ្ធតែមានបន្ទាយ មានកំផែងយ៉ាងខ្ពស់ណាស់នៅព័ទ្ធជុំវិញ ព្រមទាំងទ្វារ នឹងរនុកផង ក៏ចាប់យកទីក្រុងឯទៀតជាច្រើន ដែលឥតមានកំផែងដែរ 6យើងបានរំលាងទីក្រុងទាំងនោះអស់រលីងទៅ ដូចជាបានធ្វើដល់ស៊ីហុនជាស្តេចក្រុងហែសបូនដែរ គឺបានរំលាងអស់ទាំងទីក្រុងទាំងមូល ព្រមទាំងមនុស្សប្រុសស្រី នឹងកូនក្មេងផង 7តែឯសត្វទាំងប៉ុន្មាន នឹងរបឹបនៃទីក្រុងទាំងនោះ យើងបានយកទុកសំរាប់ខ្លួនយើងវិញ។ 8នៅគ្រានោះ យើងបានយកស្រុកនោះពីអំណាចនៃស្តេចសាសន៍អាម៉ូរីទាំង២អង្គ ដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីស្ទឹងអើណូន ទៅដល់ភ្នំហ៊ើម៉ូន 9(ឯភ្នំហ៊ើម៉ូននេះ ពួកសាសន៍ស៊ីដូនគេហៅថាភ្នំស៊ីរានវិញ ហើយសាសន៍អាម៉ូរីគេហៅថា ភ្នំសេនារ) 10គឺអស់ទាំងទីក្រុងនៅស្រុកវាល នឹងស្រុកកាឡាតទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា ហើយនឹងអេទ្រី គឺជាទីក្រុងទាំងប៉ុន្មាននៅនគររបស់ស្តេចអុក ដែលនៅស្រុកបាសាន 11(មានតែអុកជាស្តេចស្រុកបាសានទេ ដែលសល់ពីពួកមនុស្សគួរស្ញែងខ្លាចនោះ មើល គ្រែរបស់ទ្រង់បានធ្វើពីដែក ឃើញមាននៅក្រុងរ៉ាបាតរបស់ផងពួកកូនចៅអាំម៉ូន គ្រែនោះមានបណ្តោយ៩ហត្ថ ហើយទទឹង៤ហត្ថ តាមហត្ថរបស់មនុស្ស)។
12នៅគ្រានោះ យើងបានចាប់យកស្រុកនោះទុកជាកេរ្តិ៍អាកររបស់យើង អញបានឲ្យស្រុកនោះ ចាប់តាំងពីអារ៉ូអ៊ើរ នៅមាត់ស្ទឹងអើណូន នឹងស្រុកភ្នំកាឡាត១ចំហៀង ព្រមទាំងទីក្រុងនៃស្រុកនោះទាំងប៉ុន្មានដល់ពួករូបេន នឹងពួកកាឌ់ 13ឯស្រុកកាឡាតដែលសល់ នឹងស្រុកបាសាន ជានគររបស់ស្តេចអុកទាំងអស់ នោះអញបានឲ្យដល់ពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺជាស្រុកអើកុបទាំងមូល ដែលជាស្រុកបាសានផង (ស្រុកនោះក៏ហៅជាស្រុករបស់ពួករេផែម 14យ៉ាអ៊ារជាកូនម៉ាន៉ាសេ បានចាប់យកស្រុកអើកុបទាំងមូល រហូតដល់ព្រំស្រុកកេស៊ូរី នឹងស្រុកម៉ាកាធីផង រួចគាត់ហៅស្រុកបាសាននោះ តាមឈ្មោះរបស់ខ្លួន គឺជាហាវ៉ុត-យ៉ាអ៊ារ ដរាបដល់សព្វថ្ងៃនេះ) 15ហើយអញបានឲ្យស្រុកកាឡាតដល់ម៉ាគារ 16ឯពួករូបេន ហើយនឹងពួកកាឌ់ នោះអញបានឲ្យស្រុកដល់គេ ចាប់តាំងពីស្រុកកាឡាត រហូតដល់ស្ទឹងអើណូន ដែលមានព្រំខណ្ឌនៅជាកណ្តាលស្ទឹងនោះ ហើយរហូតដល់ស្ទឹងយ៉ាបុក ជាព្រំស្រុកនៃពួកកូនចៅអាំម៉ូន 17ព្រមទាំងស្រុកវាល ដែលមានទន្លេយ័រដាន់ទុកជាព្រំខណ្ឌ ចាប់តាំងពីសមុទ្រគេនេសារ៉ែត រហូតដល់សមុទ្រអំបិលដែលនៅស្រុកវាល ត្រង់ជើងភ្នំពីសកាខាងកើត។
18នៅគ្រានោះ អញបានបង្គាប់ឯងរាល់គ្នាថា ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានស្រុកនេះដល់ឯងទុកជាកេរអាករ ដូច្នេះត្រូវឲ្យឯងរាល់គ្នាដែលថ្នឹកចំបាំង ពាក់គ្រឿងសស្ត្រាវុធ ឆ្លងនាំមុខពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនឯងទៅ 19តែឯប្រពន្ធកូន នឹងហ្វូងសត្វរបស់ឯង នោះត្រូវទុកឲ្យនៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលអញបានឲ្យដល់ឯងវិញ (ដ្បិតអញដឹងថា ឯងរាល់គ្នាមានហ្វូងសត្វច្រើន) 20ទាល់តែព្រះយេហូវ៉ាទ្រង់បានឲ្យពួកបងប្អូនឯង បានសេចក្ដីសំរាកដូចជាឯងដែរ ព្រមទាំងចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានឲ្យគេនៅខាងនាយទន្លេយ័រដាន់ រួចសឹមឯងរាល់គ្នាត្រឡប់មកនៅក្នុងស្រុកជាកេរ្តិ៍អាករឯងរៀងខ្លួន ដែលអញបានឲ្យដល់ឯងរាល់គ្នាចុះ 21ហើយនៅវេលានោះ អញក៏បានប្រាប់ដល់យ៉ូស្វេថា ភ្នែករបស់អ្នកបានឃើញអស់ទាំងការដែលព្រះយេហូវ៉ាជាព្រះនៃអ្នក ទ្រង់បានធ្វើដល់ស្តេចទាំង២នេះហើយ ទ្រង់ក៏នឹងធ្វើដូច្នេះដល់គ្រប់ទាំងនគរដែលអ្នកនឹងឆ្លងចូលទៅនោះដែរ 22មិនត្រូវឲ្យអ្នកខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នក ទ្រង់នឹងច្បាំងជំនួសអ្នក។
23នៅគ្រានោះ អញបានទូលអង្វរដល់ព្រះយេហូវ៉ាថា 24ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ទ្រង់បានចាប់តាំងសំដែងឲ្យអ្នកបំរើរបស់ទ្រង់ឃើញតេជានុភាពនៃទ្រង់ នឹងព្រះហស្តដ៏មានព្រះចេស្តាផង ដ្បិតតើមានព្រះឯណានៅលើស្ថានសួគ៌ ឬនៅផែនដី ដែលអាចនឹងធ្វើឲ្យដូចការទ្រង់បានធ្វើនោះ ឬតាមឫទ្ធិបារមីរបស់ទ្រង់ទាំងប៉ុន្មានបាន 25ទូលបង្គំសូមអង្វរដល់ទ្រង់ សូមឲ្យទូលបង្គំឆ្លងទៅ ឲ្យបានឃើញស្រុកល្អ នៅខាងនាយទន្លេយ័រដាន់ផង គឺជាស្រុកភ្នំល្អនោះ ព្រមទាំងភ្នំល្បាណូនដែរ 26តែព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រោធនឹងអញដោយព្រោះឯងរាល់គ្នា ហើយទ្រង់មិនព្រមតាមអញទេ ដោយបន្ទូលថា ណ្ហើយ កុំឲ្យនិយាយនឹងអញពីរឿងនោះទៀតឡើយ 27ចូរឡើងទៅលើកំពូលភ្នំពីសកានេះ រួចក្រឡេកភ្នែកមើលទៅទិសខាងលិច ខាងជើង ខាងត្បូង នឹងខាងកើតទៅ ហើយពិចារណាមើលតែនឹងភ្នែករបស់ឯងប៉ុណ្ណោះ ដ្បិតមិនត្រូវឲ្យឯងឆ្លងទន្លេយ័រដាន់នេះទៅទេ 28ត្រូវឲ្យបង្គាប់យ៉ូស្វេវិញ ព្រមទាំងកំឡាចិត្តគាត់ ហើយចំរើនកំឡាំងដល់គាត់ផង ដ្បិតត្រូវឲ្យគាត់ឆ្លងនាំមុខបណ្តាជនទាំងនេះទៅ ឲ្យគេបានទទួលស្រុក ដែលឯងនឹងមើលឃើញនោះ ទុកជាមរដករបស់គេ 29ដូច្នេះ យើងរាល់គ្នាក៏នៅតែក្នុងច្រកភ្នំទល់មុខនឹងបេត-ពេអរទៀត។
ទើបបានជ្រើសរើសហើយ៖
ចោទិយកថា 3: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.