ចោទិយ‌កថា 33

33
1នេះ​ជា​ពរ​ដែល​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល មុន​ដែល​លោក​ស្លាប់ 2គឺ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យាង​មក​ពី​ភ្នំ​ស៊ី‌ណាយ ហើយ​បាន​ក្រោក​ពី​ភ្នំ​សៀរ​មក​ឯ​គេ ទ្រង់​បាន​ភ្លឺ​មក​ពី​ភ្នំ​ប៉ារ៉ាន ទ្រង់​ក៏​បាន​ចេញ​ពី​ពួក​បរិសុទ្ធ​ទាំង​សល់‌សែន​មក​ឯ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ​ទ្រង់ នោះ​មាន​ភ្លើង​ដ៏​ជា​ក្រឹត្យ‌វិន័យ​សំរាប់​គេ 3តែ​ទ្រង់​ក៏​ស្រឡាញ់​ដល់​រាស្ត្រ​ទ្រង់​ដែរ ពួក​បរិសុទ្ធ​របស់​ទ្រង់ សុទ្ធ​តែ​នៅ​ជាប់​ក្នុង​ព្រះ‌ហស្ត​ទ្រង់ គេ​បាន​អង្គុយ​នៅ​ទៀប​ព្រះ‌បាទ ហើយ​ទទួល​ព្រះ‌បន្ទូល​នៃ​ទ្រង់ 4ម៉ូសេ​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​យើង​រាល់​គ្នា គឺ​ជា​មរដក​សំរាប់​ពួក​ជំនុំ​នៃ​យ៉ាកុប 5លោក​ជា​ស្តេច​នៅ​ក្នុង​ពួក​យេស៊ូរុន ក្នុង​កាល​ដែល​ពួក​មេ​លើ​រាស្ត្រ​បាន​ប្រមូល​គ្នា ព្រម​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ផង។
6សូម​ឲ្យ​រូបេន​រស់​នៅ កុំ​ឲ្យ​ស្លាប់​ឡើយ ក៏​កុំ​ឲ្យ​ពួក​គេ​មាន​គ្នា​តិច​ដែរ។
7ឯ​ពួក​យូដា នោះ​បាន​ពរ​ដូច្នេះ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ​របស់​យូដា ហើយ​នាំ​គេ​ចូល​ទៅ​ឯ​សាសន៍​ខ្លួន សូម​ឲ្យ​ដៃ​គេ​បាន​ល្មម​នឹង​ខ្លួន ហើយ​សូម​ទ្រង់​ជួយ​ទាស់​ចំពោះ​ពួក​ត​តាំង​នឹង​គេ​ផង។
8ម៉ូសេ​ក៏​និយាយ​ពី​ពួក​លេវី​ថា ឯ​ធូមីម នឹង​យូរីម​របស់​ទ្រង់ នោះ​នៅ​នឹង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ល្បង‌ល​នៅ​ត្រង់​ម៉ាសា ហើយ​ទ្រង់​បាន​ត​នឹង​គេ​ត្រង់​ទឹក​មេរីបា 9គេ​បាន​និយាយ​ពី​ឪពុក​ម្តាយ​គេ​ថា ខ្ញុំ​មិន​បាន​ឃើញ​គាត់​ទេ គេ​ក៏​មិន​បាន​ទទួល​ស្គាល់​ពួក​បង​ប្អូន ឬ​ស្គាល់​ដល់​កូន​ខ្លួន​បង្កើត​ដែរ ដ្បិត​គេ​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ព្រម​ទាំង​រក្សា​សេចក្ដី​សញ្ញា​របស់​ទ្រង់​ផង 10គេ​នឹង​បង្រៀន​យ៉ាកុប​ពី​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ហើយ​បង្ហាត់​អ៊ីស្រាអែល​តាម​ក្រិត្យ‌វិន័យ​ទ្រង់ គេ​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់ ហើយ​នឹង​ដង្វាយ​ដែល​ដុត​ទាំង​មូល​នៅ​លើ​អាសនា​ទ្រង់​ដែរ 11ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ពរ​ដល់​អំណាច​គេ ហើយ​ទទួល​ការ​ដែល​ដៃ​គេ​ធ្វើ សូម​បំបាក់​ចង្កេះ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​ស្អប់​គេ​ដែរ ដើម្បី​កុំ​ឲ្យ​បាន​ក្រោក​ឡើង​វិញ​រួច​ឡើយ។
12ឯ​ចំណែក​ពួក​បេន‌យ៉ាមីន នោះ​ក៏​ថា អ្នក​ស្ងួន‌ភ្ងា​ផង​ព្រះ‌យេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ‌សាន្ត ទ្រង់​គ្រប​បាំង​គេ​ជានិច្ច ហើយ​គេ​នឹង​នៅ​ជា​កណ្តាល​ព្រះ‌អង្សា​ទាំង​២​របស់​ទ្រង់។
13ឯ​ពួក​យ៉ូសែប នោះ​ក៏​ថា ស្រុក​គេ​មាន​ពរ​ពី​ព្រះ‌យេហូវ៉ា​ជា​របស់​ថ្លៃ​វិសេស​ពី​លើ​មេឃ គឺ​ជា​ទឹក​សន្សើម ហើយ​ពី​ទី​ជំរៅ​នៅ​ខាង​ក្រោម​ផង 14នឹង​ផល​ថ្លៃ​វិសេស​ដែល​កើត​ដោយ‌សារ​ថ្ងៃ ហើយ​ផល​ថ្លៃ​វិសេស​ដែល​កើត​ដោយ‌សារ​ខែ 15ជា​របស់​ថ្លៃ​វិសេស​នៅ​ភ្នំ​ចាស់​បុរាណ នឹង​ផល​ថ្លៃ​វិសេស​នៅ​ភ្នំ​តូច​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច 16នឹង​ផល​ថ្ងៃ​វិសេស​ដែល​កើត​ពី​ដី​ដ៏​មាន​ជា​បរិបូរ ហើយ​នឹង​ព្រះ‌គុណ​នៃ​ព្រះ ដែល​ទ្រង់​គង់​នៅ​គុម្ព​បន្លា សូម​ឲ្យ​ទាំង​អស់​នោះ មក​លើ​ក្បាល​យ៉ូសែប គឺ​នៅ​លើ​ក្រយៅ​ក្បាល​នៃ​អ្នក​ដែល​ត្រូវ​ពង្រាត់​ចេញ​ពី​ពួក​បង​ប្អូន​ខ្លួន។ 17ឯ​កូន​គោ​របស់​គេ​ដែល​កើត​ជា​ដំបូង នោះ​មាន​ស្វាហាប់​ណាស់ ស្នែង​វា​ដូច​ជា​ស្នែង​នៃ​ទន្សោង វា​នឹង​ច្រាន​សាសន៍​ទាំង​ប៉ុន្មាន ដោយ‌សារ​ស្នែង​នោះ ទៅ​ដល់​ចុង​ផែនដី​បំផុត គឺ​ជា​ពួក​អេប្រា‌អិម​ទាំង​សល់‌សែន ហើយ​នឹង​ពួក​ម៉ាន៉ាសេ​ទាំង​ពាន់​ទាំង​ម៉ឺន​ដែរ។
18ឯ​ពួក​សាប់‌យូល៉ូន នោះ​ក៏​ថា ឱ​សាប់‌យូល៉ូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​កាល​ដែល​ឯង​ចេញ​ទៅ ហើយ​អ៊ីសាខារ​អើយ ចូរ​អរ​សប្បាយ​នៅ​ក្នុង​ត្រសាល​ឯង​ចុះ 19គេ​នឹង​ហៅ​អស់​ទាំង​ពួក​ជន​ឲ្យ​ទៅ​ឯ​ភ្នំ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​សុចរិតនៅ​ទី​នោះ ដ្បិត​គេ​នឹង​ជញ្ជក់​ផល​បរិបូរ​ពី​សមុទ្រ នឹង​ទ្រព្យ​សម្បត្តិ​លាក់​កំបាំង​ពី​ខ្សាច់។
20ឯ​ពួក​កាឌ់ នោះ​ក៏​ថា សូម​សរសើរ​ដល់​ព្រះ​ដែល​ទ្រង់​ពង្រីក​ឲ្យ​កាឌ់​បាន​ធំ​ទូលាយ គេ​នៅ​ដូច​ជា​សិង្ហ​ញី ហើយ​ក៏​ហែក​ដៃ នឹង​ក្រយៅ​ក្បាល​ផង 21គេ​បាន​រើស​យក​ចំណែក​ដំបូង​សំរាប់​ខ្លួន ដ្បិត​នៅ​ទី​នោះ​មាន​ចំណែក​របស់​អ្នក​ដែល​តែង​ច្បាប់ គេ​បាន​មក​ជា​មួយ​នឹង​ពួក​មេ​លើ​បណ្តាជន ក៏​បាន​សំរេច​ការ​តាម​សេចក្ដី​សុចរិត​នៃ​ព្រះ‌យេហូវ៉ា ហើយ​តាម​បញ្ញត្ត​ដែល​ទ្រង់​តាំង​នឹង​ពួក​អ៊ីស្រាអែល។
22ឯ​ពួក​ដាន់ នោះ​ក៏​ថា ដាន់​ជា​កូន​សិង្ហ ដែល​បាន​ហក់​ពី​ស្រុក​បាសាន​មក។
23ចំណែក​ពួក​ណែប‌ថាលី នោះ​ក៏​ថា ឱ​ណែប‌ថាលី​ឯង​ដែល​ឆ្អែត​ដោយ​ព្រះ‌គុណ ហើយ​ពេញ​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ឯង​ចាប់​យក​ស្រុក​ខាង​លិច ហើយ​ខាង​ត្បូង​ចុះ។
24ឯ​ពួក​អេស៊ើរ នោះ​ក៏​ថា សូម​ពរ​ដល់​អេស៊ើរ​ក្នុង​ពួក​កូន​ទាំង​ប៉ុន្មាន សូម​ឲ្យ​បង​ប្អូន​គេ​បាន​ទទួល​គេ ហើយ​ឲ្យ​គេ​បាន​ជ្រលក់​ជើង​ក្នុង​ប្រេង​ចុះ 25រនុក​ឯង​នឹង​បាន​សុទ្ធ​តែ​ដែក ហើយ​នឹង​លង្ហិន ហើយ​សេចក្ដី​សុខ​របស់​ឯង​នឹង​នៅ​អស់​១​ជីវិត​ឯង​ដែរ។
26ឱ​យេស៊ូរុន​អើយ គ្មាន​អ្នក​ណា​ដូច​ព្រះ ដែល​ទ្រង់​ជិះ​ផ្ទៃ​មេឃ​មក​ជួយ​ឯង ហើយ​លើ​ពពក ដោយ​ភាព​ដ៏​ឧត្តម​របស់​ទ្រង់​នោះ​ទេ 27ព្រះ​ដ៏​គង់​នៅ​អស់‌កល្ប‌ជានិច្ច ទ្រង់​ជា​លំនៅ​របស់​ឯង ហើយ​ព្រះ‌ពាហុ​ដ៏​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច​ក៏​ទ្រ​ឯង ទ្រង់​បាន​ច្រាន​ពួក​ខ្មាំង​សត្រូវ​ពី​មុខ​ឯង​ចេញ​ក៏​មាន​បន្ទូល​ថា ចូរ​បំផ្លាញ​គេ​ចុះ។
28ឯ​ពួក​អ៊ីស្រាអែល គេ​នៅ​ដោយ​សុខ‌សាន្ត ហើយ​ក្បាល​ទឹក​របស់​យ៉ាកុប នោះ​នៅ​តែ​ឯង​ក្នុង​ស្រុក​ដែល​មាន​ស្រូវ មាន​ទំពាំង‌បាយ‌ជូរ ឯ​មេឃ នោះ​ក៏​ទំលាក់​ទឹក​សន្សើម​មក​ដែរ 29ឱ​អ៊ីស្រាអែល​អើយ ឯង​មាន​ពរ​ហើយ តើ​មាន​អ្នក​ឯ​ណា​ដូច​ឯង ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ ទ្រង់​ជា​ខែល​ជួយ​ឯង ហើយ​ជា​ដាវ​នៃ​សិរី‌ល្អ​របស់​ឯង ពួក​ខ្មាំង​សត្រូវ​នឹង​ចុះ​ចូល​ចំពោះ​ឯង ហើយ​ឯង​នឹង​ជាន់​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​គេ។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 33: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល