និក្ខមនំ 17
17
1ឯពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ក៏ចេញពីទីរហោស្ថានស៊ីន ធ្វើដំណើរទៅតាមបង្គាប់ព្រះយេហូវ៉ា ក៏ដំឡើងត្រសាលនៅត្រង់រេផិឌីម នៅទីនោះគ្មានទឹកឲ្យគេផឹកសោះ 2បានជាគេរករឿងឈ្លោះនឹងម៉ូសេ ដោយពាក្យថា ចូរឲ្យទឹកមកយើងរាល់គ្នាផឹកផង ម៉ូសេឆ្លើយតបថា ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនឹងខ្ញុំ អ្នករាល់គ្នាចង់ល្បងលព្រះយេហូវ៉ាធ្វើអី 3នៅទីនោះបណ្តាជនក៏ស្រេកទឹកជាខ្លាំង ហើយគេត្អូញត្អែរដាក់ម៉ូសេថា ហេតុអ្វីបានជាលោកនាំពួកយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីសំឡាប់យើង ព្រមទាំងកូនចៅ នឹងហ្វូងសត្វយើងផង ដោយស្រេកទឹកដូច្នេះ 4នោះម៉ូសេក៏ស្រែកអំពាវនាវដល់ព្រះយេហូវ៉ាថា តើឲ្យទូលបង្គំធ្វើដូចម្តេចនឹងពួកនេះ គេចង់ចោលទូលបង្គំនឹងថ្មហើយ 5ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរឯងដើរទៅខាងមុនគេ ទាំងនាំពួកចាស់ទុំសាសន៍អ៊ីស្រាអែលទៅជាមួយ ហើយយកដំបងដែលឯងបានវាយទឹកទន្លេនោះ ជាប់នៅដៃផង 6មើល អញនឹងឈរនៅមុខឯងនៅលើថ្មដាហូរែប ត្រូវឲ្យឯងវាយថ្មនោះ រួចនឹងមានទឹកចេញមកឲ្យគេផឹកហើយ នោះម៉ូសេក៏ធ្វើដូច្នោះ នៅមុខពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល 7លោកឲ្យកន្លែងនោះឈ្មោះថា «ម៉ាសា» ហើយនឹង «មេរីបា» ដោយព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងឈ្លោះ ព្រមទាំងល្បងលព្រះយេហូវ៉ាមើលផង ដោយថា តើព្រះយេហូវ៉ាទ្រង់នៅកណ្តាលពួកយើងរាល់គ្នាមែនឬ។
8នោះសាសន៍អាម៉ាលេកក៏មក ច្បាំងនឹងពួកអ៊ីស្រាអែលនៅត្រង់រេផិឌីម 9ហើយម៉ូសេបង្គាប់ដល់យ៉ូស្វេថា ចូរឯងទៅកេណ្ឌរើសមនុស្សមក ហើយចេញទៅតទល់ជាមួយនឹងសាសន៍អាម៉ាលេកទៅ ថ្ងៃស្អែកនេះ អញនឹងកាន់ដំបងព្រះទៅឈរនៅលើកំពូលភ្នំ 10យ៉ូស្វេក៏ធ្វើដូចជាម៉ូសេបានបង្គាប់ លោកទៅច្បាំងនឹងសាសន៍អាម៉ាលេក ឯម៉ូសេ អើរ៉ុន នឹងហ៊ើរ ក៏ឡើងទៅលើកំពូលភ្នំ 11បើកាលណាម៉ូសេលើកដៃឡើងទៅលើ នោះខាងសាសន៍អ៊ីស្រាអែលមានកំឡាំងជាង តែបើកាលណាម៉ូសេដាក់ដៃសំរាកចុះ នោះខាងសាសន៍អាម៉ាលេកមានកំឡាំងជាងវិញ 12តែម៉ូសេទៅជារួយដៃណាស់ បានជាគេយកថ្មមកដាក់ឲ្យលោកអង្គុយចុះ រួចអើរ៉ុន នឹងហ៊ើរក៏ឈរទ្រដៃលោកទាំងសងខាង ដូច្នេះដៃលោកបាននៅនឹងដដែលដរាបដល់ថ្ងៃលិច 13យ៉ូស្វេក៏បានឈ្នះអាម៉ាលេក ព្រមទាំងពលទ័ពគេដោយមុខដាវ 14រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរកត់រឿងនេះចុះក្នុងសៀវភៅទុកជាសេចក្ដីរំឭក ហើយនិទានប្រាប់ឲ្យយ៉ូស្វេស្តាប់ ដ្បិតអញនឹងលុបឈ្មោះអាម៉ាលេក ចេញពីក្រោមមេឃនេះ ឲ្យអស់រលីង មិនឲ្យនឹកឃើញទៀតសោះឡើយ 15គ្រានោះ ម៉ូសេក៏ស្អាងអាសនា១ដាក់ឈ្មោះថា «យេហូវ៉ា-នីស៊ី» 16ដោយថា ព្រះយេហូវ៉ា ដែលគង់លើបល្ល័ង្ក ទ្រង់បានលើកព្រះហស្តស្បថថា ទ្រង់នឹងច្បាំងនឹងសាសន៍អាម៉ាលេក គ្រប់ទាំងដំណតរៀងទៅ។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 17: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.