និក្ខមនំ 30
30
1ត្រូវឲ្យធ្វើអាសនា១ពីឈើនាងនួនសំរាប់ដុតគ្រឿងក្រអូប 2ឲ្យមានបណ្តោយ១ហត្ថ ទទឹង១ហត្ថ ៤ជ្រុងស្មើ ហើយកំពស់២ហត្ថ ឯស្នែងអាសនាក៏ត្រូវធ្វើភ្ជាប់នឹងតួអាសនា 3ត្រូវស្រោបដោយមាសសុទ្ធខាងលើ ហើយនៅចំហៀងជុំវិញ ព្រមទាំងស្នែងផង ហើយត្រូវធ្វើកែមដោយមាសព័ទ្ធជុំវិញដែរ 4នៅពីក្រោមកែមនោះត្រូវធ្វើកងមាស២ដាក់ភ្ជាប់នៅសងខាង សំរាប់នឹងប្រហកឈើស្នែងសែងទៅ 5ឯឈើស្នែងសោត ក៏ត្រូវធ្វើពីឈើនាងនួនស្រោបដោយមាសដែរ 6ត្រូវដាក់អាសនានោះនៅមុខវាំងនន ដែលនៅខាងមុខហឹបនៃសេចក្ដីបន្ទាល់ គឺនៅមុខទីសន្តោសប្រោស ដែលនៅលើសេចក្ដីបន្ទាល់នោះជាកន្លែងដែលអញមកជួបនឹងឯង 7អើរ៉ុនត្រូវដុតគ្រឿងក្រអូបលើអាសនានោះរាល់តែព្រឹក នៅវេលាដែលកំពុងរៀបចង្កៀង 8ហើយរាល់តែល្ងាច ក្នុងកាលតែលោកអុជចង្កៀង នោះត្រូវដុតគ្រឿងក្រអូបទៀត នេះគឺជាគ្រឿងក្រអូបថ្វាយព្រះយេហូវ៉ា សំរាប់ថ្វាយនៅអស់កល្បជានិច្ច ដល់អស់ទាំងពូជដំណឯងតទៅ 9មិនត្រូវថ្វាយគ្រឿងក្រអូបដទៃ ឬយញ្ញបូជាដុត ឬដង្វាយម្សៅណានៅលើអាសនានេះឡើយ ក៏មិនត្រូវច្រួចដង្វាយអ្វីលើអាសនានេះដែរ 10ក្នុង១ឆ្នាំម្តង អើរ៉ុនត្រូវយកឈាមនៃដង្វាយលោះបាប ដែលថ្វាយសំរាប់ឲ្យធួននឹងបាបមកប្រឡាក់នៅស្នែង ឲ្យធួននឹងអាសនានេះផង គឺនៅគ្រប់ទាំងដំណឯងរាល់គ្នាត្រូវធ្វើដូច្នេះ ដើម្បីឲ្យធួននឹងអាសនានេះក្នុង១ឆ្នាំម្តងជានិច្ច ដ្បិតជាការបរិសុទ្ធបំផុតនៅចំពោះព្រះយេហូវ៉ា។
11រួចព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេថា 12កាលណារាប់ចំនួនពួកកូនចៅអ៊ីស្រាអែលតាមបញ្ជីគេ នោះត្រូវឲ្យគេបង់ប្រាក់ ជាថ្លៃលោះខ្លួន ថ្វាយព្រះយេហូវ៉ាគ្រប់ៗគ្នា ដើម្បីកុំឲ្យកើតមានសេចក្ដីវេទនាណាមួយនៅក្នុងពួកគេ ក្នុងកាលដែលកំពុងតែរាប់ចំនួនគេនោះឡើយ 13ឯអស់អ្នកដែលឆ្លងទៅខាងពួកអ្នកដែលបានរាប់ហើយ នោះត្រូវបង់ថ្លៃ៥កាក់ម្នាក់គ្រប់ៗគ្នា តាមប្រាក់ដែលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់ ឯ៥កាក់នេះជាដង្វាយថ្វាយព្រះយេហូវ៉ា 14ពួកអ្នកទាំងប៉ុន្មានដែលត្រូវរាប់ក្នុងបញ្ជី តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះត្រូវបង់ថ្លៃថ្វាយជាដង្វាយដល់ព្រះយេហូវ៉ាគ្រប់ៗគ្នា 15អ្នកមានមិនត្រូវបង់ឲ្យលើសទៅ ហើយអ្នកក្រក៏មិនត្រូវបង់ឲ្យខ្វះពី៥កាក់ សំរាប់ជាដង្វាយថ្វាយព្រះយេហូវ៉ា ដើម្បីនឹងលោះខ្លួននោះដែរ 16ត្រូវឲ្យទទួលប្រាក់លោះខ្លួននោះពីពួកកូនចៅអ៊ីស្រាអែល សំរាប់ការងារក្នុងត្រសាលជំនុំ ដើម្បីឲ្យបានទុកជាសេចក្ដីរំឭក របស់ពួកកូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា សំរាប់ជាដង្វាយលោះខ្លួន។
17ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា 18ត្រូវឲ្យធ្វើចានក្លាំ នឹងជើងពីលង្ហិន សំរាប់ការលាងសំអាត ហើយត្រូវដាក់នៅទីពាក់កណ្តាលត្រសាលជំនុំ នឹងអាសនា រួចត្រូវដាក់ទឹកចុះ 19នោះអើរ៉ុន នឹងពួកកូនលោក នឹងលាងដៃលាងជើងនៅត្រង់នោះ 20កាលណាគេចូលទៅក្នុងត្រសាលជំនុំ ត្រូវឲ្យគេលាងនឹងទឹកនោះ ដើម្បីកុំឲ្យត្រូវស្លាប់ ហើយកាលណាចូលទៅជិតអាសនា ដើម្បីធ្វើការងារ ឬនឹងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា 21នោះគេត្រូវលាងដៃលាងជើងដែរ ដើម្បីកុំឲ្យត្រូវស្លាប់ នេះជាច្បាប់សំរាប់នៅអស់កល្បជានិច្ច ដល់អើរ៉ុននឹងពូជពង្សលោកអស់ទាំងដំណតរៀងទៅ។
22ព្រះយេហូវ៉ា ទ្រង់មានបន្ទូលនឹងម៉ូសេទៀតថា 23ចូរឲ្យយកគ្រឿងក្រអូបយ៉ាងវិសេស គឺជាជ័រល្វីងទេសសុទ្ធ៥០០ដំឡឹង សម្បុរល្វែងក្រអូបពាក់កណ្តាល គឺ២៥០ដំឡឹង ឫសកន្ធាយ២៥០ដំឡឹង 24នឹងកំញាន៥០០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ហើយនឹងប្រេងអូលីវ៨កំប៉ុង 25ត្រូវលាយចំរុះគ្នាធ្វើជាប្រេងសំរាប់បុណ្យចាក់លាបយ៉ាងបរិសុទ្ធ ដែលបានចំរុះលាយគ្នាតាមវិធីធ្វើនៃអ្នកផ្សំគ្រឿងក្រអូប ទុកសំរាប់ជាប្រេងចាក់លាបយ៉ាងបរិសុទ្ធ 26ត្រូវយកប្រេងនេះ ចាក់លាបត្រសាលជំនុំ ហឹបនៃសេចក្ដីបន្ទាល់ 27តុ ហើយនឹងគ្រឿងប្រដាប់នៃតុទាំងប៉ុន្មាន ជើងចង្កៀង នឹងគ្រឿងប្រដាប់នៃចង្កៀងទាំងអំបាលម៉ាន អាសនាគ្រឿងក្រអូប 28អាសនាដង្វាយដុត នឹងគ្រឿងប្រដាប់នៃអាសនានោះទាំងប៉ុន្មាន ហើយចានក្លាំ នឹងជើងនៃចាននោះផង 29ត្រូវឲ្យញែករបស់ទាំងនោះចេញជាបរិសុទ្ធ ដើម្បីឲ្យបានបរិសុទ្ធជាទីបំផុត ឯរបស់អ្វីដែលប៉ះនឹងរបស់ទាំងនោះៗនឹងបានបរិសុទ្ធដែរ 30រួចត្រូវឲ្យចាក់ប្រេងលើអើរ៉ុន នឹងពួកកូនលោក ព្រមទាំងញែកគេចេញជាបរិសុទ្ធ ឲ្យបានធ្វើការងារជាសង្ឃដល់អញ 31ត្រូវឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ប្រេងនេះត្រូវទុកជាប្រេងសំរាប់បុណ្យចាក់លាបយ៉ាងបរិសុទ្ធដល់អញ នៅអស់ទាំងដំណឯងរាល់គ្នាទៅ 32មិនត្រូវយកប្រេងនេះចាក់លើខ្លួនមនុស្សធម្មតាឡើយ ក៏មិនត្រូវផ្សំគ្រឿងតាមកំណត់នេះនឹងធ្វើឲ្យដូចដែរ ដ្បិតប្រេងនេះជាបរិសុទ្ធ ហើយត្រូវឲ្យឯងរាល់គ្នារាប់ជាបរិសុទ្ធដែរ 33អ្នកណាដែលនឹងផ្សំធ្វើតាមឲ្យដូច ឬដែលយកទៅចាក់លាបដល់អ្នកប្រទេសដទៃ នោះនឹងត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ។
34រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរយកគ្រឿងក្រអូបទាំងនេះ គឺពុំសែនទេស សន្ទះក្រអូប ហើយកប៌ូរ នឹងកំញានសុទ្ធស្មើគ្នា 35ត្រូវផ្សំគ្នាធ្វើជាគ្រឿងក្រអូប តាមវិធីធ្វើរបស់អ្នកផ្សំគ្រឿងក្រអូប ទាំងបង់អំបិលផង នេះជាគ្រឿងក្រអូបស្អាត ហើយបរិសុទ្ធ 36ត្រូវយកខ្លះលំអិតឲ្យម៉ដ្ត នាំទៅដាក់នៅមុខទីបន្ទាល់ក្នុងត្រសាលជំនុំជាកន្លែងដែលអញមកជួបនឹងឯង ត្រូវឲ្យឯងរាល់គ្នារាប់គ្រឿងនេះជាបរិសុទ្ធជាទីបំផុត 37កុំឲ្យផ្សំគ្រឿងតាមកំណត់នេះ នឹងធ្វើឲ្យដូចគ្រឿងក្រអូបនេះសំរាប់ឯងឡើយ ឯងរាល់គ្នាត្រូវរាប់គ្រឿងនេះជាបរិសុទ្ធ សំរាប់តែព្រះយេហូវ៉ាប៉ុណ្ណោះ 38បើអ្នកណាដែលធ្វើឲ្យដូចនឹងគ្រឿងក្រអូបនេះ ទុកសំរាប់នឹងហិត នោះនឹងត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 30: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.