អេសេគាល 11
11
1លំដាប់នោះ ព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើង នាំទៅឯទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ាជាទ្វារដែលបើកទៅទិសខាងកើត នោះឃើញនៅមាត់ទ្វារកំផែង មានមនុស្ស២៥នាក់ ហើយនៅកណ្តាលអ្នកទាំងនោះ ខ្ញុំឃើញមានយ្អាសានា ជាកូនអ័ស៊ើរ ហើយពេឡាធា ជាកូនបេណាយ៉ា ទាំង២នាក់ជាចៅហ្វាយលើបណ្តាជន 2នោះទ្រង់មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ គឺមនុស្សទាំងនេះឯងដែលគិតគូរបង្កើតការទុច្ចរិត ហើយទូន្មានសេចក្ដីអាក្រក់នៅក្នុងទីក្រុងនេះ 3គេថា នេះមិនមែនជាពេលទេ ចូរយើងសង់ផ្ទះទៅ ទីក្រុងនេះជាថ្លាង ហើយយើងរាល់គ្នាជាសាច់ 4ដូច្នេះ កូនមនុស្សអើយ ចូរទាយទាស់នឹងគេ ចូរទាយចុះ។
5នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏មកសណ្ឋិតលើខ្ញុំ ហើយទ្រង់មានបន្ទូលមកខ្ញុំថា ចូរទាយចុះ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះ ឱពូជពង្សអ៊ីស្រាអែលអើយ ឯងរាល់គ្នាបាននិយាយយ៉ាងដូច្នោះ អញស្គាល់អស់ទាំងសេចក្ដី ដែលកើតក្នុងគំនិតរបស់ឯងរាល់គ្នាហើយ 6ឯងរាល់គ្នាបានសំឡាប់មនុស្ស នៅក្នុងទីក្រុងនេះ កាន់តែច្រើនឡើង ក៏បានសំឡាប់គេឲ្យពេញគ្រប់ទាំងផ្លូវហើយ 7ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ពួកអ្នកដែលឯងរាល់គ្នាបានសំឡាប់ផ្តេកនៅកណ្តាលទីក្រុង គឺគេវិញដែលជាសាច់នោះ ហើយទីក្រុងនេះជាថ្លាង តែចំណែកឯងរាល់គ្នា អញនឹងនាំចេញទៅក្រៅ 8ឯងរាល់គ្នាបានខ្លាចដាវ ដូច្នេះ អញនឹងនាំដាវមកលើឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា 9អញនឹងនាំឯងរាល់គ្នាចេញទៅក្រៅទីក្រុង ហើយប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃ ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌នៅកណ្តាលឯង 10ឯងរាល់គ្នានឹងត្រូវដួលដោយដាវ អញនឹងជំនុំជំរះឯង នៅត្រង់ព្រំស្រុកអ៊ីស្រាអែល នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត 11ទីក្រុងនេះនឹងមិនបានជាថ្លាងដល់ឯងរាល់គ្នាឡើយ ឯងរាល់គ្នាក៏មិនត្រូវជាសាច់នៅក្នុងថ្លាងនោះដែរ គឺអញនឹងជំនុំជំរះឯង នៅត្រង់ព្រំស្រុកអ៊ីស្រាអែលវិញ 12នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ដ្បិតឯងរាល់គ្នាមិនបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញសោះ ក៏មិនបានសំរេចតាមបញ្ញត្តច្បាប់របស់អញដែរ គឺបានប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់សាសន៍ដទៃទាំងប៉ុន្មាន ដែលនៅជុំវិញឯងវិញ 13រីឯកាលខ្ញុំកំពុងតែទាយ នោះពេឡាធា ជាកូនបេណាយ៉ាក៏ស្លាប់ទៅ ដូច្នេះ ខ្ញុំក៏ទំលាក់ខ្លួនផ្កាប់មុខអំពាវនាវដោយសំឡេងយ៉ាងខ្លាំងថា ឱព្រះអម្ចាស់យេហូវ៉ាអើយ តើទ្រង់នឹងធ្វើឲ្យសំណល់សាសន៍អ៊ីស្រាអែល ត្រូវផុតទៅឲ្យអស់រលីងឬ។
14នោះព្រះបន្ទូល នៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា 15កូនមនុស្សអើយ គឺជាបងប្អូនឯងបង្កើតទេតើ ព្រមទាំងបងប្អូនឯង ដែលជាញាតិសន្តាន នឹងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មាន ដែលពួកអ្នកនៅក្រុងយេរូសាឡិមបានប្រាប់ថា ចូរថយឆ្ងាយពីព្រះយេហូវ៉ាទៅ ស្រុកនេះបានប្រគល់ដល់យើងរាល់គ្នាទុកជាកេរអាករហើយ 16ហេតុនោះ ត្រូវឲ្យឯងប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ទោះបើអញបានឲ្យគេទៅនៅឯទីឆ្ងាយ កណ្តាលអស់ទាំងសាសន៍ដទៃ ហើយទោះបើអញកំចាត់កំចាយគេទៅនៅគ្រប់ទាំងប្រទេសក៏ដោយ គង់តែអញនឹងធ្វើជាទីបរិសុទ្ធដល់គេ នៅវេលាបន្តិច ក្នុងស្រុកទាំងប៉ុន្មានដែលគេត្រូវទៅនោះ 17ហេតុនោះ ចូរប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អញនឹងប្រមូលឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រជុំឯងពីគ្រប់ទាំងប្រទេស ដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ ឲ្យមូលគ្នាវិញ រួចអញនឹងប្រគល់ស្រុកអ៊ីស្រាអែលឲ្យដល់ឯងរាល់គ្នា 18នោះពួកឯងនឹងមកឯទីនេះវិញ ហើយគេនឹងដកយកអស់ទាំងរបស់គួរឆ្អើម នឹងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើមចោលចេញ 19រួចអញនឹងឲ្យគេមានចិត្តតែ១ ហើយនឹងដាក់វិញ្ញាណថ្មី នៅក្នុងឯងរាល់គ្នា អញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់គេចេញ ហើយនឹងឲ្យមានចិត្តជាសាច់វិញ 20ដើម្បីឲ្យគេបានប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញ ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ 21តែត្រង់ឯពួកអ្នកដែលមានចិត្តប្រព្រឹត្តតាមរូបព្រះគួរឆ្អើម នឹងសេចក្ដីគួរស្អប់ខ្ពើមរបស់គេ នោះអញនឹងទំលាក់អំពើរបស់គេទៅលើក្បាលគេវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
22នោះពួកចេរូប៊ីនក៏កាងស្លាបហោះទៅ កង់ទាំងនោះក៏ទៅជាមួយដែរ ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលសណ្ឋិតពីលើ 23សិរីល្អរបស់ព្រះយេហូវ៉ាយាងឡើងពីកណ្តាលទីក្រុង ទៅសណ្ឋិតលើភ្នំនៅខាងកើតទីក្រុង 24នោះព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយក្នុងការជាក់ស្តែងទ្រង់នាំខ្ញុំទៅដល់ស្រុកខាល់ដេ ដោយនូវព្រះវិញ្ញាណនៃព្រះ គឺទៅឯពួកអ្នកដែលនៅជាឈ្លើយ នោះការជាក់ស្តែងដែលខ្ញុំបានឃើញក៏បាត់ពីខ្ញុំទៅ 25រួចខ្ញុំនិយាយប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយ តាមគ្រប់ទាំងការដែលព្រះយេហូវ៉ាបានបង្ហាញខ្ញុំ។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 11: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.