អេសេ‌គាល 20

20
1នៅ​ថ្ងៃ​១០ ខែ​ស្រាពណ៍ ក្នុង​ឆ្នាំ​ទី​៧ នោះ​ពួក​ចាស់‌ទុំ​ខ្លះ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​មក ដើម្បី​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ 2នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា 3កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់ ដល់​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​បាន​មក​សួរ​ដល់​អញ​ឬ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​មិន​ឲ្យ​ឯង​រាល់​គ្នា​សួរ​ដល់​អញ​ទេ 4កូន​មនុស្ស​អើយ ឯង​ចង់​ជំនុំ‌ជំរះ​គេ​ឬ តើ​ចង់​ជំនុំ‌ជំរះ​គេ​ឬ​ទេ ចូរ​ឲ្យ​គេ​ដឹង​ពី​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​ឰយុកោ​គេ 5ហើយ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​ដែល​អញ​បាន​រើស​អ៊ីស្រាអែល ហើយ​ស្បថ​ដល់​ពូជ‌ពង្ស​យ៉ាកុប ព្រម​ទាំង​សំដែង​ឲ្យ​គេ​ស្គាល់​អញ​នៅ​ស្រុក​អេស៊ីព្ទ គឺ​កាល​ដែល​អញ​បាន​ស្បថ​ដល់​គេ​ថា អញ​នេះ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា 6នៅ​ថ្ងៃ​នោះ​ឯង អញ​បាន​ស្បថ​ដល់​គេ​ថា នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​១​ដែល​អញ​បាន​ស្វែង​រក​ឲ្យ​គេ ជា​ស្រុក​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ទី​រុងរឿង​ជាង​ស្រុក​ទាំង​អស់ 7អញ​ក៏​ប្រាប់​គេ​ថា ចូរ​ឲ្យ​គ្រប់​គ្នា​បោះ​ចោល​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម ដែល​គាប់​ភ្នែក​ឯង​ចេញ កុំ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ​ឡើយ អញ គឺ​យេហូវ៉ា​នេះ ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ 8តែ​គេ​បាន​រឹង‌ចចេស​នឹង​អញ ឥត​ព្រម​ស្តាប់​តាម​អញ​ឡើយ ក៏​មិន​បាន​លះ​ចោល​របស់​គួរ​ស្អប់​ខ្ពើម ដែល​នៅ​គាប់​ដល់​ភ្នែក​គេ​រៀង​ខ្លួន​សោះ ឬ​បោះ‌បង់​ចោល​រូប​ព្រះ​របស់​សាសន៍​អេស៊ីព្ទ​ដែរ ដូច្នេះ អញ​បាន​ថា អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ទៅ​លើ​គេ ដើម្បី​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ ទាស់​នឹង​គេ​នៅ​កណ្តាល​ស្រុក​អេស៊ីព្ទ 9ប៉ុន្តែអញ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​អញ ដើម្បី​មិន​ឲ្យ​ត្រូវ​ទាប​ថោក នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​ដទៃ ជា​សាសន៍​ដែល​គេ​នៅ​កណ្តាល ហើយ​ដែល​អញ​បាន​សំដែង​ឲ្យ​គេ​ស្គាល់​អញ នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​នោះ ដោយ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។
10ដូច្នេះ អញ​បាន​ធ្វើ​ឲ្យ​គេ​ចាក់​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​នាំ​ចូល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន 11អញ​ក៏​ឲ្យ​ក្រឹត្យ‌ក្រម​របស់​អញ​ដល់​គេ ព្រម​ទាំង​សំដែង​ឲ្យ​គេ​ស្គាល់​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​របស់​អញ ដែល​បើ​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​ដោយ‌សារ​ច្បាប់​នោះ 12អញ​ក៏​តាំង​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ឲ្យ​គេ​ដែរ ទុក​សំរាប់​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ 13ប៉ុន្តែពូជ‌ពង្ស​នៃ​ពួក​អ៊ីស្រាអែល​បាន​រឹង‌ចចេស​នឹង​អញ នៅ​ទី​រហោ‌ស្ថាន​វិញ គេ​មិន​បាន​ប្រព្រឹត្ត​តាម​ច្បាប់​អញ​ទេ ក៏​បោះ‌បង់​ចោល​អស់​ទាំង​បញ្ញត្ត​របស់​អញ ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​ដោយ‌សារ​ច្បាប់​នោះ​ឯង ហើយ​គេ​ក៏​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​យ៉ាង​ក្រៃ‌លែង នោះ​អញ​បាន​ថា អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ទៅ​លើ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដើម្បី​នឹង​រំលីង​គេ​ឲ្យ​អស់​ទៅ 14ប៉ុន្តែអញ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​អញ​វិញ ដើម្បី​មិន​ឲ្យ​ឈ្មោះ​អញ​ត្រូវ​ទាប​ថោក នៅ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដែល​អញ​បាន​នាំ​គេ​ចេញ នៅ​ចំពោះ​មុខ​នោះ​ឡើយ 15មួយ​ទៀត អញ​បាន​ស្បថ​នឹង​គេ នៅ​ទី​រហោ‌ស្ថាន​ថា អញ​មិន​ព្រម​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​គេ ជា​ស្រុក​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដែល​ជា​ស្រុក​រុងរឿង​ជាង​អស់​ទាំង​ស្រុក​នោះ​ទេ 16ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌ក្រម​របស់​អញ ឥត​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​របស់​អញ ក៏​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ដែរ ដ្បិត​ចិត្ត​គេ​ជាប់​តាម​រូប​ព្រះ​របស់​គេ​វិញ 17ប៉ុន្តែភ្នែក​អញ​បាន​ប្រណី​ដល់​គេ ហើយ​អញ​មិន​បាន​បំផ្លាញ​គេ​ឡើយ ក៏​មិន​បាន​ឲ្យ​គេ​សូន្យ​ផុត​ទៅ នៅ​ទី​រហោ‌ស្ថាន​ដែរ។
18អញ​បាន​ប្រាប់​ដល់​កូន​ចៅ​គេ នៅ​ទី​រហោ‌ស្ថាន​ថា កុំ​ឲ្យ​ដើរ​តាម​ច្បាប់​របស់​ពួក​ឰយុកោ​ឯង​រាល់​គ្នា ឬ​កាន់​តាម​បញ្ញត្ត​របស់​គេ ឬ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​គេ​ឡើយ 19អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ចូរ​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​វិញ 20ចូរ​ញែក​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ចេញ​ជា​បរិសុទ្ធ នោះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា 21ប៉ុន្តែកូន​ចៅ​ទាំង​នោះ​ក៏​រឹង‌ចចេស​នឹង​អញ​ដែរ គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​របស់​អញ​ឡើយ ក៏​មិន​បាន​រក្សា​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ផង ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​នៅ ដោយ‌សារ​ច្បាប់​នោះ​ឯង គេ​បាន​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ទៅ ដូច្នេះ អញ​បាន​ថា អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ទៅ​លើ​គេ ដើម្បី​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ​នៅ​លើ​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន 22ប៉ុន្តែអញ​បាន​ដក​ដៃ​ចេញ​វិញ ហើយ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​អញ ដើម្បី​មិន​ឲ្យ​ឈ្មោះ​អញ​ត្រូវ​ទាប​ថោក នៅ​ភ្នែក​នៃ​សាសន៍​ដទៃ ដែល​អញ​បាន​នាំ​គេ​ចេញ​ទៅ នៅ​ចំពោះ​មុខ​នោះ​ឡើយ 23មួយ​ទៀត អញ​បាន​ស្បថ​នឹង​គេ​នៅ​ទី​រហោ‌ស្ថាន​ថា អញ​នឹង​កំចាត់‌កំចាយ​គេ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​គេ​ទៅ​នៅ​គ្រប់​ស្រុក​ទាំង​អស់ 24ពី​ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​អញ​ឡើយ គឺ​បាន​បោះ‌បង់​ចោល​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​របស់​អញ ព្រម​ទាំង​បង្អាក់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​វិញ ហើយ​ភ្នែក​គេ​ក៏​ជាប់​តាម​រូប​ព្រះ​របស់​ពួក​ឰយុកោ​គេ​ដែរ 25អញ​ក៏​ឲ្យ​ក្រឹត្យ‌ក្រម​ដល់​គេ ដែល​មិន​ស្រួល​ល្អ ហើយ​នឹង​បញ្ញត្ត​ច្បាប់ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រស់​បាន​តាម​ច្បាប់​នោះ​ទេ 26អញ​ក៏​បាន​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក ដោយ‌សារ​ដង្វាយ​របស់​គេ ពី​ព្រោះ​គេ​បាន​យក​កូន​កើត​ដំបូង​របស់​ខ្លួន ទៅ​ធ្វើ​ឲ្យ​ឆ្លង​កាត់​ភ្លើង ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​ឲ្យ​គេ​នៅ​ស្ងាត់ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។
27ហេតុ​នោះ កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ពួក​ឰយុកោ​ឯង​រាល់​គ្នា​បាន​ប្រមាថ​ដល់​អញ​ក្នុង​ការ​នេះ​ទៀត គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​រំលង​ទាស់​នឹង​អញ 28ដ្បិត​កាល​អញ​បាន​នាំ​គេ​ចូល​មក​ក្នុង​ស្រុក ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​គេ នោះ​គេ​បាន​ឃើញ​គ្រប់​ទាំង​ទួល​ខ្ពស់ ហើយ​គ្រប់​ទាំង​ដើម​ឈើ​ស៊ុប‌ទ្រុប រួច​គេ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ នៅ​លើ​ទី​នោះ គឺ​នៅ​ទី​នោះ គេ​បាន​ថ្វាយ​ដង្វាយ​ជា​គ្រឿង​ដុត‌ដាល នៅ​ទី​នោះ គេ​ក៏​បាន​ថ្វាយ​ដង្វាយ​សំរាប់​ជា​ក្លិន​ឈ្ងុយ​របស់​គេ ហើយ​បាន​ច្រួច​ដង្វាយ​ច្រួច​របស់​គេ​នៅ​ទី​នោះ​ដែរ 29នោះ​អញ​បាន​សួរ​គេ​ថា ទី​ខ្ពស់​ដែល​ឯង​តែង‌តែ​ទៅ​នោះ តើ​ដូច​ម្តេច ដូច្នេះ ទី​នោះ​បាន​ហៅ​ឈ្មោះ​ថា «បាម៉ា» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
30ហេតុ​នោះ ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​តែង​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក តាម​បែប​ពួក​ឰយុកោ​ឯង​ដូច្នេះ​ដែរ​ឬ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​កំផិត តាម​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​គេ​ឬ​អី 31ដ្បិត​កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​របស់​ខ្លួន កាល​ណា​ធ្វើ​ឲ្យ​កូន​ខ្លួន​ឆ្លង​កាត់​ភ្លើង នោះ​គឺ​ឯង​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក ដោយ‌សារ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ឯង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ តើ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​សួរ​ដល់​អញ​ឬ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​មិន​ឲ្យ​ឯង​រាល់​គ្នា​សួរ​ដល់​អញ​ទេ 32ហើយ​សេចក្ដី​ដែល​កើត​ក្នុង​គំនិត​ឯង​រាល់​គ្នា នោះ​មិន​បាន​កើត​មក​ឡើយ គឺ​ជា​សេចក្ដី​ដែល​ឯង​ថា យើង​នឹង​ធ្វើ​ដូច​ជា​អស់​ទាំង​សាសន៍​ដទៃ នឹង​ដូច​ជា​អស់​ទាំង​គ្រួសារ នៅ​ស្រុក​ផ្សេងៗ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ទាំង​ឈើនឹង​ថ្ម​ផង។
33ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​នឹង​សោយ‌រាជ្យ​លើ​ឯង​រាល់​គ្នា ដោយ​ដៃ​ខ្លាំង​ពូកែ ហើយ​លើក​សំរេច ព្រម​ទាំង​ចាក់​សេចក្ដី​ក្រោធ​ចេញ 34អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​ឯង​រាល់​គ្នា​មក​ពី​ស្រុក​ទាំង​ប៉ុន្មាន ដែល​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ ដោយ​ដៃ​ខ្លាំង​ពូកែ ហើយ​លើក​សំរេច ព្រម​ទាំង​ចាក់​សេចក្ដី​ក្រោធ​ចេញ​ផង 35អញ​នឹង​នាំ​ឯង​រាល់​គ្នា​ទៅ ឲ្យ​នៅ​ឯ​ទី​សូន្យ​ស្ងាត់​នៃ​អស់​ទាំង​សាសន៍ នៅ​ទី​នោះ អញ​នឹង​មាន​រឿង​តវ៉ា​នឹង​ឯង​ប្រទល់​គ្នា 36អញ​បាន​មាន​រឿង​តវ៉ា​នឹង​ពួក​ឰយុកោ​ឯង​រាល់​គ្នា នៅ​ក្នុង​ទី​រហោ‌ស្ថាន​នៃ​ស្រុក​អេស៊ីព្ទ​ជា​យ៉ាង​ណា អញ​ក៏​នឹង​មាន​រឿង​តវ៉ា​នឹង​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា 37នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ចូល​ក្រោម​ដំបង រួច​នឹង​នាំ​ឲ្យ​ជាប់​ចំណង​នៃ​សេចក្ដី​សញ្ញា 38អញ​នឹង​ញែក​ពួក​រឹង‌ចចេស​ពី​ឯង​ចេញ ព្រម​ទាំង​ពួក​អ្នក ដែល​តែង‌តែ​ប្រព្រឹត្ត​រំលង ទាស់​នឹង​អញ​ផង អញ​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​ដែល​គេ​ស្នាក់​នៅ​នោះ តែ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត 39តែ​ចំណែក​ឯង​រាល់​គ្នា ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ចូរ​ទៅ​ចុះ ពី​នេះ​ទៅ​មុខឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ​ទេ ដូច្នេះ ចូរ​ទៅ​គោរព​ដល់​រូប​ព្រះ​របស់​ឯង​រៀង​ខ្លួន​ចុះ តែ​មិន​ត្រូវ​ឲ្យ​បង្អាក់​ឈ្មោះ​បរិសុទ្ធ​របស់​អញ ដោយ​ដង្វាយនឹង​រូប​ព្រះ​របស់​ឯង​ទៀត​ឡើយ។
40ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ គឺ​ជា​ភ្នំ​យ៉ាង​ខ្ពស់​របស់​ស្រុក​អ៊ីស្រាអែល នោះ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​មូល​នឹង​គោរព​ដល់​អញ​គ្រប់​គ្នា​នៅ​ក្នុង​ស្រុក​របស់​ខ្លួន នៅ​ទី​នោះអញ​នឹង​ទទួល​គេ ហើយ​នៅ​ទី​នោះ អញ​នឹង​សុខ​ចិត្ត​ទទួល​ដង្វាយ​របស់​ឯង​រាល់​គ្នា នឹង​ផល​ដំបូង​ពី​ដង្វាយ​ឯង ព្រម​ទាំង​គ្រឿង​បរិសុទ្ធ​របស់​ឯង​រាល់​គ្នា​ទាំង​អស់​ដែរ 41អញ​នឹង​ទទួល​ឯង​រាល់​គ្នា ទុក​ដូច​ជា​ក្លិន​ក្រអូប ក្នុង​កាល​ដែល​អញ​បាន​នាំ​ឯង​ចេញ​ពី​ពួក​សាសន៍​ដទៃ ហើយ​ប្រមូល​ឯង​ពី​អស់​ទាំង​ស្រុក​ដែល​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ អញ​នឹង​បាន​បរិសុទ្ធ​ក្នុង​ពួក​ឯង​រាល់​គ្នា នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដទៃ 42មួយ​ទៀត​កាល​ណា​អញ​បាន​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រាអែល គឺ​ក្នុង​ស្រុក​ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង​ហើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត 43នៅ​ក្នុង​ស្រុក​នោះ ឯង​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​អស់​ទាំង​អំពើ នឹង​កិរិយា​ទាំង​ប៉ុន្មាន​របស់​ខ្លួន ជា​ការ​ដែល​នាំ​ឲ្យ​ឯង​ស្មោក‌គ្រោក នោះ​ឯង​រាល់​គ្នា​នឹង​ខ្ពើម​ខ្លួន ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ធ្វើ​នោះ 44នោះ​ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​ប្រព្រឹត្ត​នឹង​ឯង ដោយ​យល់​ដល់​ឈ្មោះ​អញ មិន​មែន​តាម​អំពើ​អាក្រក់​របស់​ឯង​រាល់​គ្នា ឬ​តាម​កិរិយា​ស្មោក‌គ្រោក​របស់​ឯង​នោះ​ទេ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។
45នោះ​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា 46កូន​មនុស្ស​អើយ ចូរ​ដំរង់​មុខ​ទៅ​ខាង​ត្បូង ហើយ​ពោល​ទៅ​ខាង​ត្បូង​នោះ ត្រូវ​ឲ្យ​ទាយ​ទាស់​នឹង​ព្រៃ​នៅ​វាល​ស្រុក​ត្បូង​ចុះ 47ហើយ​ប្រាប់​ដល់​ព្រៃ​ស្រុក​ត្បូង​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​ឯង ភ្លើង​នោះ​នឹង​ឆេះ​អស់​ទាំង​ឈើ​ស្រស់ នឹង​ដើម​ឈើ​សោះ‌កក្រោះ​នៅ​ក្នុង​ឯង ភ្លើង​ដ៏​ឆេះ​នោះ​នឹង​មិន​រលត់​ឡើយ ហើយ​មុខ​មនុស្ស​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង​នឹង​ត្រូវ​រោល​ទាំង​អស់ 48ដូច្នេះ គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ​ថា គឺ​អញ ព្រះ‌យេហូវ៉ា​នេះ ដែល​បាន​បង្កាត់​ភ្លើង​នោះ ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ 49នោះ​ខ្ញុំ​ក៏​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ គេ​និយាយ​ពី​ទូលបង្គំ​ថា អ្នក​នេះ តើ​មិន​មែន​ជា​អ្នក​និយាយ​សុទ្ធ​តែ​ពាក្យ​ប្រៀប‌ធៀប​ទេ​ឬ​អី។

ទើបបានជ្រើសរើសហើយ៖

អេសេ‌គាល 20: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល