អេសេគាល 26
26
1លុះដល់ថ្ងៃដើមខែនោះ ក្នុងឆ្នាំទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា 2កូនមនុស្សអើយ ដោយព្រោះក្រុងទីរ៉ុសបានពោលទាស់នឹងក្រុងយេរូសាឡិមថា ហាស់ហា ទីក្រុងដែលជាទ្វារនៃអស់ទាំងសាសន៍ត្រូវបាក់បែក វាបានវិលមកឯអញហើយ ឥឡូវនេះ អញនឹងបានពោរពេញឡើង ដោយវាខូចបង់ 3ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ម្នាលទីរ៉ុសអើយ អញទាស់នឹងឯង អញនឹងបណ្តាលឲ្យសាសន៍ជាច្រើនឡើងមកទាស់នឹងឯង ដូចជាសមុទ្រកំរើករលកឡើងដែរ 4គេនឹងបំផ្លាញកំផែងនៃក្រុងទីរ៉ុស ហើយនឹងរំលំប៉មទាំងប៉ុន្មានផង អញនឹងគាស់យកទាំងធូលីដីចេញទៅ ឲ្យទីក្រុងនោះនៅជាថ្មដារលីង 5នោះនឹងបានជាកន្លែងសំរាប់ហាលអួន នៅកណ្តាលសមុទ្រ ដ្បិតអញបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ដូច្នេះ ទីក្រុងនោះនឹងត្រឡប់ជារបឹបដល់អស់ទាំងសាសន៍ 6ឯកូនស្រីទាំងប៉ុន្មានរបស់វាដែលនៅឯចំការនឹងត្រូវស្លាប់ដោយដាវ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
7ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងនាំនេប៊ូក្នេសា ស្តេចស្រុកបាប៊ីឡូន ជាស្តេចលើអស់ទាំងស្តេច មកពីទិសខាងជើង មានទាំងសេះ រទេះចំបាំង ពលសេះ កងទ័ព នឹងមនុស្សសន្ធឹកផង ឲ្យទាស់នឹងក្រុងទីរ៉ុស 8វានឹងសំឡាប់កូនស្រីឯងទាំងប៉ុន្មានដោយដាវនៅឯចំការ វានឹងធ្វើបន្ទាយ ហើយជីកស្នាមភ្លោះ ព្រមទាំងលើកខែលទាស់នឹងឯង 9វានឹងតាំងគ្រឿងបុកទំលាយកំផែង ហើយនឹងរំលំប៉មរបស់ឯង ដោយប្រដាប់របស់វា 10សេះយ៉ាងសន្ធឹករបស់គេនឹងធ្វើឲ្យធូលីហុយឡើងគ្របលើឯង កំផែងរបស់ឯងនឹងញ័រ ដោយសូរសន្ធឹកនៃពលសេះ រទេះ នឹងយន្តចំបាំងទាំងប៉ុន្មានរបស់គេ ក្នុងកាលដែលគេចូលទៅតាមទ្វារក្រុងរបស់ឯង ដូចជាចូលទៅក្នុងទីក្រុងណា ដែលគេបានរំលំកំផែងហើយ 11អស់ទាំងផ្លូវរបស់ឯងនឹងត្រូវប៉ន់ទៅ ដោយក្រចកសេះរបស់គេ គេនឹងសំឡាប់ជនជាតិឯងដោយដាវ ឯអស់ទាំងបង្គោលថ្មនៃកំឡាំងឯង នឹងត្រូវរំលំដល់ដី 12គេនឹងរឹបជាន់យកទ្រព្យសម្បត្តិរបស់ឯង ហើយជញ្ជែងយកទំនិញទាំងប៉ុន្មានផង គេនឹងបំបែករំលំកំផែង ហើយបំផ្លាញអស់ទាំងផ្ទះ ជាទីរីករាយរបស់ឯង គេនឹងចាក់អស់ទាំងថ្ម នឹងឈើ ហើយធូលីដីរបស់ឯងទៅក្នុងទឹក 13អញនឹងធ្វើឲ្យបាត់ឮសូរចំរៀងរបស់ឯង ហើយនឹងឥតមានឮសូរស៊ុងនៅក្នុងឯងទៀតឡើយ 14អញនឹងធ្វើឲ្យឯងទៅជាថ្មដារលីង ឯងនឹងបានជាកន្លែងសំរាប់ហាលអួន នឹងគ្មានអ្នកណាសង់ឡើងវិញ នៅជាដរាបតទៅ ដ្បិតគឺអញនេះ ជាព្រះយេហូវ៉ា បានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
15ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដល់ក្រុងទីរ៉ុសដូច្នេះថា ពិតប្រាកដជាអស់ទាំងកោះនឹងញ័ររន្ធត់ ដោយឮសូរឯងដួល នឹងដំងូរនៃមនុស្សដែលត្រូវរបួស ក្នុងកាលដែលសំរេចការសំឡេះយ៉ាងធំនៅកណ្តាលឯង 16គ្រានោះ អស់ទាំងសេដ្ឋីជើងសមុទ្រ នឹងចុះពីទីថ្កល់របស់ខ្លួន ដោះសំលៀកបំពាក់ចេញ ហើយផ្លាស់អាវប៉ាក់ គេនឹងប្រដាប់ខ្លួនដោយសេចក្ដីភ័យខ្លាច ហើយនឹងអង្គុយនៅដីវិញ ដោយញាប់ញ័រជានិច្ច ព្រមទាំងមានសេចក្ដីស្រឡាំងកាំង ដោយព្រោះឯងផង 17គេនឹងផ្តើមទួញទំនួញពីឯងដោយពាក្យថា ម្តេចក៏ឯងត្រូវបំផ្លាញយ៉ាងនេះហ្ន៎ ឯងដែលជាទីលំនៅរបស់ពួកអ្នកដើរផ្លូវសមុទ្រ ជាទីក្រុងមានល្បីល្បាញ ដែលមានអំណាចខាងផ្លូវសមុទ្រ គឺទាំងឯង នឹងពួកអ្នកនៅក្នុងឯងផង ជាពួកអ្នកដែលធ្វើឲ្យសេចក្ដីស្ញែងខ្លាចរបស់ខ្លួននៅទីនោះអើយ 18ឥឡូវនេះ អស់ទាំងកោះនឹងញាប់ញ័រ នៅថ្ងៃដែលឯងដួលនោះ អើ អស់ទាំងកោះនៅសមុទ្រនឹងស្លុតចិត្ត ដោយឯងផុតទៅ។
19ដ្បិតព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា កាលណាអញបានធ្វើឲ្យឯងទៅជាទីក្រុងស្ងាត់ច្រៀប ដូចជាទីក្រុងណាដែលឥតមានមនុស្សនៅ កាលណាអញបាននាំទីជំរៅមកលើឯង ហើយមានទឹកធំមកគ្របលើឯងហើយ 20នោះអញនឹងទំលាក់ឯងទៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដល់ពួកមនុស្សពីបុរាណ ហើយនឹងឲ្យឯងនៅទីជំរៅបំផុតនៃផែនដី ជាកន្លែងស្ងាត់ជ្រងំពីយូរមកហើយ គឺឲ្យនៅជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ ដើម្បីមិនឲ្យមានអ្នកណានៅក្នុងឯងទៀតឡើយ តែអញនឹងបំរុងទុកសិរីល្អ សំរាប់ស្ថានរបស់មនុស្សរស់វិញ 21អញនឹងតាំងឯងជាសេចក្ដីស្ញែងខ្លាច ហើយឲ្យលែងមានទៀត នោះទោះបើគេស្វែងរកឯងក៏ដោយ គង់តែមិនដែលប្រទះឃើញទៀតឡើយ នេះជាព្រះបន្ទូលនៃអម្ចាស់យេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 26: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.