អេសេ‌គាល 29

29
1នៅ​ថ្ងៃ​១២ ខែ​បុស្ស ឆ្នាំ​ទី​១០ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា 2កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ឯង​ទាស់​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​ទាយ​ទាស់​នឹង​វា ព្រម​ទាំង​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ផង​ថា 3ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ នែ ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ជា​សត្វ​សំបើម​ដែល​ដេក​នៅ​កណ្តាល​ទន្លេ​របស់​ខ្លួន​អើយ អញ​ទាស់​នឹង​ឯង ដ្បិត​ឯង​ថា ទន្លេ​នេះ​ជា​របស់​ផង​អញ អញ​បាន​បង្កើត​សំរាប់​តែ​ខ្លួន​អញ​ទេ 4អញ​នឹង​ដាក់​ទំពក់​នៅ​ក្នុង​មាត់​ឯង ហើយ​នឹង​ឲ្យ​ត្រី​នៅ​ទន្លេ​ឯង មក​ភ្ជាប់​ខ្លួន​នៅ​នឹង​ស្រកា​ឯង ក៏​នឹង​នាំ​ឯង​ឡើង​ចេញ​ពី​កណ្តាល​ទន្លេ​ឯង​នោះ ដោយ​ទាំង​ត្រី​ទាំង​ប៉ុន្មាន​ដែល​នៅ​ទន្លេ​ឯង​ជាប់​នឹង​ស្រកា​ឯង​មក​ផង 5អញ​នឹង​បោះ​ឯង​ចោល​ក្នុង​ទី​រហោ‌ស្ថាន គឺ​ទាំង​ខ្លួន​ឯង នឹង​ត្រី​ទាំង​អស់​នៅ​ទន្លេ​ឯង​ផង ឯង​នឹង​ធ្លាក់​ទៅ​នៅ​ទី​វាល​ទទេ ឥត​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ទៀត​ឡើយ អញ​បាន​ឲ្យ​ឯង​ទៅ​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​នៅ​ដី នឹង​សត្វ​ហើរ​លើ​អាកាស 6នោះ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ពី​ព្រោះ​គេ​ជា​ឈើ​ច្រត់​ធ្វើ​ពី​បបុស ដល់​ពួក​វង្ស​អ៊ីស្រាអែល 7កាល​ពួក​អ៊ីស្រាអែលបាន​ចាប់​យក​កាន់ នោះ​ឯង​ក៏​បាក់​បែក​ទៅ ហើយ​ចាក់​ហែក​ស្មា​គេ​អស់​រលីង កាល​គេ​ច្រត់​ពឹង​មក​លើ​ឯង នោះ​ឯង​បាន​ចាក់​ទៅ​ធ្វើ​ឲ្យ​ថ្លស់​ចង្កេះ​គេ។
8ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​ដាវ​មក​លើ​ឯង ហើយ​នឹង​កាត់​ទាំង​មនុស្ស នឹង​សត្វ​ចេញ​ពី​ឯង 9នោះ​ស្រុក​អេស៊ីព្ទ​នឹង​ទៅ​ជា​ទី​ចោល​ស្ងាត់ ហើយ​ខូច​បង់ ដូច្នេះ គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ហើយ​ដោយ​ព្រោះ​វា​បាន​ពោល​ថា ទន្លេ​នេះ​ជា​របស់​ផង​អញ គឺ​អញ​បាន​បង្កើត​ឡើង 10ដូច្នេះ មើល អញ​ទាស់​នឹង​ឯង ហើយ​នឹង​ទន្លេ​ទាំង​ប៉ុន្មាន​របស់​ឯង​ផង អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីព្ទ ទៅ​ជា​ទី​ខូច​បង់​អស់​រលីង ហើយ​ចោល​ស្ងាត់​នៅ ចាប់​តាំង​ពី​ប៉ម​ស៊ីយេន​រហូត​ដល់​ព្រំ​ស្រុក​អេធីយ៉ូពី 11នៅ​រវាង​៤០​ឆ្នាំ នឹង​គ្មាន​ជើង​មនុស្ស​ណា ឬ​ជើង​សត្វ​ណា​ដើរ​កាត់​ស្រុក​នោះ​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​អាស្រ័យ​នៅ​ផង 12អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីព្ទ​ទៅ​ជា​ទី​ស្ងាត់‌ច្រៀប នៅ​កណ្តាល​អស់​ទាំង​ស្រុក​ស្ងាត់‌ជ្រងំ ហើយ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​នឹង​នៅ​ស្ងាត់‌ច្រៀប​អស់​៤០​ឆ្នាំ នៅ​កណ្តាល​អស់​ទាំង​ទី​ក្រុង​ដែល​ខូច​បង់​នោះ អញ​នឹង​កំចាត់‌កំចាយ​ពួក​សាសន៍​អេស៊ីព្ទ​ឲ្យ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​គេ​ទៅ​ក្នុង​គ្រប់​ទាំង​ស្រុក។
13ប៉ុន្តែ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា លុះ​ផុត​ពី​៤០​ឆ្នាំ​ទៅ អញ​នឹង​ប្រមូល​ពួក​សាសន៍​អេស៊ីព្ទ​ពី​គ្រប់​ទាំង​សាសន៍​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ 14ក៏​នឹង​នាំ​ពួក​អេស៊ីព្ទ​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​ឲ្យ​គេ​ត្រឡប់​ទៅ​នៅ​ឯ​ស្រុក​ប៉ាត្រូស ជា​ស្រុក​កំណើត​របស់​ផង​ខ្លួន គេ​នឹង​បាន​ជា​នគរ​យ៉ាង​ទាប​ថោក​នៅ​ទី​នោះ 15នគរ​នោះ​នឹង​បាន​ទាប​ថោក​ជាង​អស់​ទាំង​នគរ ឥត​ដែល​លើក​ខ្លួន​ឡើង​ខ្ពស់​ជាង​នគរ​ផ្សេងៗ​ឡើយ អញ​នឹង​ធ្វើ​ឲ្យ​គេ​ថយ​តិច​ទៅ ដើម្បី​មិន​ឲ្យ​គេ​គ្រប់‌គ្រង​លើ​សាសន៍​ដទៃ​ទៀត 16នោះ​ពួក​វង្ស​អ៊ីស្រាអែល នឹង​លែង​ទុក​ចិត្ត​នឹង​គេ​ត​ទៅ ជា​ការ​ដែល​រំឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន គ្រប់​វេលា​ណា​ដែល​ងាក​បែរ​មើល​ទៅ​ឯ​គេ ដូច្នេះ គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។
17លុះ​ដល់​ថ្ងៃ​១ ខែ​ចេត្រ ឆ្នាំ​ទី​២៧ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា 18កូន​មនុស្ស​អើយ​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន​បាន​ឲ្យ​កង‌ទ័ព​របស់​ខ្លួន​ធ្វើ​ការ‌ងារ​បំរើ​យ៉ាង​ធំ ទាស់​នឹង​ក្រុង​ទីរ៉ុស គ្រប់​ទាំង​ក្បាល​ត្រូវ​ទំពែក ហើយ​គ្រប់​ទាំង​ស្មា​ត្រូវ​របក ប៉ុន្តែស្តេច ព្រម​ទាំង​ពួក​ពល‌ទ័ព​ឥត​មាន​កំរៃ​អ្វី​ពី​ក្រុង​ទីរ៉ុស ដោយ​ការ​ដែល​ខ្លួន​បាន​បំរើ​ទាស់​នឹង​វា​នោះ​ឡើយ 19ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ឲ្យ​ស្រុក​អេស៊ីព្ទ​ដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដឹក‌នាំ​ពួក​ជន​ទាំង‌ឡាយ​របស់​ស្រុក​នោះ ទៅ​ជា​ឈ្លើយ ហើយ​យក​របឹបនឹង​រំពា​ផង នោះ​នឹង​បាន​ជា​បំណាច់​ដល់​ពួក​កង‌ទ័ព​របស់​ខ្លួន 20ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ដល់​គេ ទុក​ជា​បំណាច់​នៃ​ការ​ដែល​គេ​បាន​បំរើ​នោះ ពី​ព្រោះ​គេ​បាន​ធ្វើ​ការ​នោះ​បំរើ​ដល់​អញ។
21នៅ​ថ្ងៃ​នោះ អញ​នឹង​ឲ្យ​ស្នែង​១​ប៉ិច​ឡើង ដល់​ពួក​វង្ស​អ៊ីស្រាអែល ហើយ​អញ​នឹង​បើក​មាត់​ឯង នៅ​កណ្តាល​ពួក​គេ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

ទើបបានជ្រើសរើសហើយ៖

អេសេ‌គាល 29: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល