អេសេគាល 43
43
1បន្ទាប់មក លោកនាំខ្ញុំទៅឯទ្វារកំផែង គឺជាទ្វារដែលបើកទៅទិសខាងកើត 2ហើយមើល សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ក៏មកតាមផ្លូវពីទិសខាងកើត ព្រះសូរសៀងទ្រង់ឮដូចជាសូរនៃទឹកច្រើន ហើយផែនដីបានភ្លឺ ដោយសារសិរីល្អរបស់ទ្រង់ 3នោះក៏ដូចជាការជាក់ស្តែង ដែលលេចមកឲ្យខ្ញុំឃើញ គឺដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ ក្នុងកាលដែលខ្ញុំមក ដើម្បីបំផ្លាញទីក្រុង ការជាក់ស្តែងទាំងនោះ ដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារដែរ ដូច្នេះខ្ញុំក៏ដួលផ្កាប់មុខចុះ 4នោះសិរីល្អនៃព្រះយេហូវ៉ាក៏ចូលទៅក្នុងព្រះវិហារ តាមផ្លូវនៃទ្វារកំផែងដែលបើកទៅទិសខាងកើត 5រួចព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងនាំទៅទីឯលានខាងក្នុង ហើយមើល សិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារ។
6ខ្ញុំក៏ឮព្រះមានបន្ទូលមកខ្ញុំ ពីក្នុងព្រះវិហារ មានទាំងមនុស្សនោះឈរនៅក្បែរខ្ញុំដែរ 7នោះទ្រង់មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កអញ ហើយជាទីសំរាប់បាតជើងអញ គឺជាកន្លែងដែលអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែលជាដរាបតទៅ ហើយពួកវង្សអ៊ីស្រាអែល នឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ទោះទាំងខ្លួនគេ នឹងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានដំកល់ទុក 8ឬដោយគេធ្វើមាត់ទ្វារគេ ក្បែរមាត់ទ្វាររបស់អញ នឹងក្របទ្វារគេ ផ្ទាប់នឹងក្របទ្វាររបស់អញ ឲ្យមានតែជញ្ជាំងនៅកណ្តាលអញនឹងគេ ហើយគេបានបង្អាប់ឈ្មោះបរិសុទ្ធរបស់អញ ដោយអំពើដ៏គួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ដោយហេតុនោះបានជាអញធ្វើឲ្យគេសាបសូន្យទៅ ដោយសេចក្ដីកំហឹងរបស់អញ 9ឥឡូវនេះ ត្រូវឲ្យគេលះចោលការកំផិត នឹងសាកសពនៃស្តេចគេចេញឆ្ងាយពីអញទៅ នោះអញនឹងនៅកណ្តាលពួកគេជាដរាបរៀងតទៅ។
10ឯឯង កូនមនុស្សអើយ ចូរបង្ហាញព្រះវិហារនេះដល់ពួកវង្សអ៊ីស្រាអែលចុះ ដើម្បីឲ្យគេមានសេចក្ដីខ្មាសចំពោះអំពើទុច្ចរិតរបស់គេ ហើយឲ្យគេវាស់គំរូផង 11បើគេមានសេចក្ដីខ្មាសចំពោះការទាំងប៉ុន្មានដែលគេប្រព្រឹត្ត នោះត្រូវឲ្យគេស្គាល់រាង នឹងបែបផែននៃព្រះវិហារ ព្រមទាំងផ្លូវចេញចូល នឹងសណ្ឋានគ្រប់យ៉ាង ហើយក្រឹត្យក្រមគ្រប់ជំពូក នូវអស់ទាំងបញ្ញត្តច្បាប់នៃព្រះវិហារផង ចូរកត់ទុកទាំងអស់នៅចំពោះភ្នែកគេ ដើម្បីឲ្យគេបានរក្សាទុកនូវសណ្ឋានគ្រប់យ៉ាង នឹងក្រឹត្យក្រមទាំងប៉ុន្មាន ព្រមទាំងធ្វើតាមផង 12នេះហើយជាច្បាប់នៃព្រះវិហារនៅលើកំពូលភ្នំនោះ ហើយតាមព្រំនៅជុំវិញទាំងអស់ នោះត្រូវជាទីបរិសុទ្ធបំផុត មើល នេះឯងជាច្បាប់នៃព្រះវិហារ។
13នេះជាទំហំនៃអាសនា ដែលវាស់តាមហត្ថ គឺហត្ថធំដែលត្រូវជា១ហត្ថ១ទះ បាតនៃអាសនាបាន១ហត្ថ ទទឹង១ហត្ថ ហើយគែមនៅជុំវិញហាម បាន១ចំអាម នោះជាជើងនៃអាសនា 14ពីបាតដែលនៅលើដី ឡើងទៅដល់គន្លាក់ខាងក្រោម នោះមាន២ហត្ថ នឹងទទឹង១ហត្ថ ហើយតាំងពីគន្លាក់ក្រោម ឡើងទៅដល់គន្លាក់ខាងលើ នោះមាន៤ហត្ថ នឹងទទឹង១ហត្ថ 15ឯប្រទាសអាសនា នោះមាន៤ហត្ថ ហើយមានស្នែង៤ចេញពីអាសនាឡើងទៅ 16ឯប្រទាសអាសនា នោះបណ្តោយ១២ហត្ថ ទទឹង១២ហត្ថ ៤ជ្រុងស្មើ 17ហើយគន្លាក់ប្រវែង១៤ហត្ថ ទទឹង១៤ហត្ថ ទាំង៤ជ្រុង ក៏មានគែមនៅព័ទ្ធជុំវិញកន្លះហត្ថ ហើយបាតក៏១ហត្ថទាំង៤ជ្រុង ឯជណ្តើរនោះ បែរមុខទៅទិសខាងកើត។
18រួចលោកនិយាយមកខ្ញុំថា កូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ នេះជាច្បាប់សំរាប់អាសនា នៅវេលាណាដែលគេនឹងតាំងឡើង ដើម្បីនឹងថ្វាយដង្វាយដុត ហើយប្រោះឈាមទៅលើអាសនានោះ 19ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ត្រូវឲ្យឯងឲ្យគោឈ្មោលស្ទាវ១ សំរាប់ជាដង្វាយលោះបាប ដល់ពួកលេវីដែលជាសង្ឃ ក្នុងពូជពង្សសាដុក ជាពួកអ្នកដែលចូលមកជិត ដើម្បីនឹងធ្វើការងារដល់អញ 20ត្រូវឲ្យឯងយកឈាមនៃយញ្ញបូជាទៅប្រឡាក់ នៅស្នែងអាសនាទាំង៤ នឹងនៅគន្លាក់ទាំង៤ជ្រុង ហើយនៅគែមព័ទ្ធជុំវិញដែរ គឺយ៉ាងនោះដែលឯងត្រូវសំអាត ហើយថ្វាយដង្វាយឲ្យធួននឹងអាសនា 21ត្រូវឲ្យឯងយកគោឈ្មោលដែលសំរាប់ជាដង្វាយលោះបាបដែរ ហើយត្រូវដុតនៅកន្លែងសំរាប់ការនោះ នៅក្នុងព្រះវិហារខាងក្រៅទីបរិសុទ្ធ 22លុះដល់ថ្ងៃទី២ ត្រូវឲ្យឯងថ្វាយពពែឈ្មោលឥតខ្ចោះ សំរាប់ជាដង្វាយលោះបាប ហើយគេនឹងសំអាតអាសនា ដូចជាបានសំអាតដោយគោឈ្មោលនោះដែរ 23កាលណាឯងបានសំអាតអាសនារួចហើយ នោះត្រូវឲ្យឯងថ្វាយគោឈ្មោលស្ទាវ១ឥតខ្ចោះ នឹងចៀមឈ្មោល១ឥតខ្ចោះ ពីហ្វូងចៀមទៀត 24ត្រូវឲ្យឯងនាំសត្វទាំង២នោះមកនៅចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកសង្ឃបាចអំបិលទៅលើ ហើយថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា 25នៅរវាង៧ថ្ងៃ នោះត្រូវឲ្យឯងរៀបពពែឈ្មោល១សំរាប់ជាដង្វាយលោះបាបរាល់ៗថ្ងៃ គេត្រូវរៀបគោឈ្មោលស្ទាវ១ នឹងចៀមឈ្មោលឥតខ្ចោះ១ពីហ្វូងសត្វដែរ 26នៅគំរប់៧ថ្ងៃត្រូវឲ្យគេថ្វាយដង្វាយឲ្យធួននឹងអាសនា ហើយញែកចេញជាបរិសុទ្ធ គឺយ៉ាងនោះដែលគេត្រូវឆ្លងអាសនា 27កាលណាគេបានសំរេចកំណត់ថ្ងៃទាំងនោះហើយ លុះដល់ថ្ងៃទី៨ ហើយតទៅមុខ នោះត្រូវឲ្យពួកសង្ឃថ្វាយដង្វាយដុត នឹងដង្វាយមេត្រីរបស់ឯងរាល់គ្នា នៅលើអាសនានោះយ៉ាងនោះ អញនឹងទទួលឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 43: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.