អេសេគាល 46
46
1ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ទ្វារកំផែងនៃទីលានខាងក្នុង ដែលបើកទៅទិសខាងកើត នោះត្រូវបិទនៅក្នុងរវាង៦ថ្ងៃដែលធ្វើការ តែដល់ថ្ងៃឈប់សំរាក នោះត្រូវបើកវិញ ព្រមទាំងនៅថ្ងៃចូលខែដែរ 2ឯចៅហ្វាយ លោកនឹងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែងខាងក្រៅ ហើយនឹងឈរនៅជិតបង្គោលទ្វារ ពួកសង្ឃនឹងរៀបដង្វាយដុត នឹងដង្វាយមេត្រីរបស់លោក ហើយលោកនឹងថ្វាយបង្គំនៅត្រង់ទ្វារនោះ រួចលោកនឹងចេញទៅវិញ តែទ្វារនោះមិនត្រូវបិទដរាបដល់ល្ងាច 3ឯបណ្តាជននៅក្នុងស្រុក គេនឹងថ្វាយបង្គំដល់ព្រះយេហូវ៉ា នៅមាត់ទ្វារនោះរាល់ថ្ងៃឈប់សំរាក នឹងថ្ងៃចូលខែដែរ 4ឯដង្វាយដុតដែលចៅហ្វាយត្រូវថ្វាយដល់ព្រះយេហូវ៉ា នៅថ្ងៃឈប់សំរាក នោះគឺកូនចៀម៦ឥតខ្ចោះ នឹងចៀមឈ្មោល១ឥតខ្ចោះ 5ហើយដង្វាយម្សៅត្រូវជា១ថាំងសំរាប់ចៀមឈ្មោលនោះ ហើយដង្វាយម្សៅដែលសំរាប់កូនចៀមទាំងនោះ ត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេង៨កំប៉ុងសំរាប់ម្សៅ១ថាំងផង។
6លុះដល់ថ្ងៃចូលខែ ត្រូវថ្វាយគោឈ្មោលស្ទាវ១ឥតខ្ចោះ កូនចៀម៦ នឹងចៀមឈ្មោល១ សុទ្ធតែឥតខ្ចោះទាំងអស់ 7លោកក៏ត្រូវរៀបដង្វាយម្សៅ១ថាំងសំរាប់គោឈ្មោល នឹង១ថាំងសំរាប់ចៀមឈ្មោលនោះ តែឯកូនចៀមវិញ នោះត្រូវតាមដែលលោកអាចនឹងថ្វាយបាន ព្រមទាំងប្រេង៨កំប៉ុងសំរាប់ម្សៅ១ថាំងផង 8កាលណាចៅហ្វាយចូល នោះលោកត្រូវចូលតាមផ្លូវបាំងសាចនៃទ្វារកំផែង ហើយក៏ត្រូវចេញទៅវិញ តាមផ្លូវដដែលដែរ។
9ប៉ុន្តែកាលណាពួកជនក្នុងស្រុកចូលមក នៅចំពោះព្រះយេហូវ៉ា នៅវេលាថ្ងៃបុណ្យមានកំណត់ នោះអ្នកណាដែលចូលតាមផ្លូវទ្វារទិសខាងជើង ដើម្បីនឹងថ្វាយបង្គំ ត្រូវតែចេញទៅតាមផ្លូវនៃទ្វារខាងត្បូងវិញ ហើយអ្នកណាដែលចូលតាមទ្វារទិសខាងត្បូង នោះត្រូវតែចេញតាមផ្លូវទ្វារខាងជើងទៅ គេមិនត្រូវវិលទៅវិញ តាមផ្លូវនៃទ្វារដែលគេបានចូលនោះឡើយ គឺត្រូវចេញទៅតាមផ្លូវត្រង់ខាងមុខជារហូតទៅ 10ហើយកាលណាគេចូលទៅ នោះចៅហ្វាយនឹងចូលទៅនៅកណ្តាលពួកគេ រួចកាលណាគេចេញទៅ នោះនឹងចេញទៅជាមួយគ្នាដែរ។
11រីឯនៅថ្ងៃបុណ្យ នឹងបុណ្យមានកំណត់ នោះត្រូវថ្វាយដង្វាយម្សៅជា១ថាំងសំរាប់គោឈ្មោល១ នឹង១ថាំងសំរាប់ចៀមឈ្មោល១ ហើយត្រង់កូនចៀមទាំងប៉ុន្មាន នោះត្រូវតាមតែលោកអាចនឹងថ្វាយបាន ហើយប្រេងត្រូវជា៨កំប៉ុងសំរាប់ម្សៅ១ថាំង 12កាលណាចៅហ្វាយនឹងថ្វាយដង្វាយស្ម័គ្រពីចិត្ត ជាដង្វាយដុត ឬដង្វាយមេត្រី ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត នោះត្រូវឲ្យគេបើកទ្វារខាងកើតនោះជូនលោក រួចលោកនឹងរៀបដង្វាយដុត នឹងដង្វាយមេត្រីរបស់លោក ដូចជាធ្លាប់ធ្វើនៅថ្ងៃឈប់សំរាកដែរ ស្រេចហើយ លោកនឹងចេញទៅ លុះលោកបានចេញទៅហើយ នោះគេនឹងបិទទ្វារវិញ។
13រាល់តែថ្ងៃ ត្រូវឲ្យរៀបកូនចៀម១ឥតខ្ចោះ អាយុ១ខួប ទុកជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា ត្រូវថ្វាយដង្វាយនេះរាល់តែព្រឹកជានិច្ច 14ហើយរាល់តែព្រឹក ត្រូវរៀបដង្វាយម្សៅជាមួយផង គឺជាម្សៅ១ភាគក្នុង៦ក្នុង១ថាំង នឹងប្រេង១ភាគក្នុង៣ក្នុង១ហីន ដើម្បីលាយនឹងម្សៅយ៉ាងម៉ដ្តនោះ ជាដង្វាយម្សៅដែលថ្វាយដល់ព្រះយេហូវ៉ាជានិច្ច តាមច្បាប់ដ៏នៅជាដរាបតទៅ 15គឺយ៉ាងនោះដែលគេត្រូវរៀបចំកូនចៀម ដង្វាយម្សៅ នឹងប្រេងរាល់តែព្រឹក ទុកជាដង្វាយដុតជានិច្ច។
16ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា បើសិនជាចៅហ្វាយនឹងចែកអំណោយអ្វី ឲ្យដល់កូនខ្លួនណាមួយ នោះនឹងបានជាមរដករបស់កូននោះ ហើយនឹងបានជារបស់កូននោះតទៅ ទុកជារបស់ផងគេ ដែលគេទទួលជាមរដក 17តែបើលោកចែកអំណោយអ្វីពីមរដករបស់លោក ឲ្យដល់បាវរបស់ខ្លួនណាមួយវិញ នោះនឹងបានជារបស់ផងបាវនោះ ដរាបដល់ឆ្នាំដែលត្រូវលែងចេញ រួចនឹងត្រឡប់មកជារបស់ចៅហ្វាយវិញ មានតែពួកកូនលោកប៉ុណ្ណោះទេ ដែលអាចនឹងទទួលមរដករបស់លោកបាន 18មួយទៀត ចៅហ្វាយនោះមិនត្រូវដណ្តើមយកអ្វីពីមរដករបស់បណ្តាជន ហើយបណ្តេញគេចេញពីកេរ្តិ៍អាកររបស់គេឡើយ លោកត្រូវចែកតែរបស់ទ្រព្យខ្លួន ឲ្យដល់កូន ទុកជាមរដកប៉ុណ្ណោះ ដើម្បីមិនឲ្យរាស្ត្ររបស់អញត្រូវខ្ចាត់ខ្ចាយ ពីកេរ្តិ៍អាកររបស់គេរៀងខ្លួនឡើយ។
19បន្ទាប់នោះ លោកនាំខ្ញុំទៅតាមផ្លូវចូល ក្បែរទ្វារកំផែង ទៅក្នុងបន្ទប់បរិសុទ្ធរបស់ពួកសង្ឃ ដែលបើកទៅទិសខាងជើង នោះឃើញមានកន្លែង១នៅចុងបន្ទប់នោះខាងលិច 20លោកក៏ប្រាប់ខ្ញុំថា នេះជាកន្លែងដែលពួកសង្ឃត្រូវស្ងោរដង្វាយ ដែលថ្វាយដោយព្រោះការរំលង នឹងដង្វាយលោះបាប ព្រមទាំងចំអិនដង្វាយម្សៅ ដើម្បីមិនឲ្យត្រូវយករបស់ទាំងនោះ ចេញទៅឯទីលានខាងក្រៅឡើយ ក្រែងបានញែកបណ្តាជនចេញជាបរិសុទ្ធដល់ព្រះដែរ 21រួចលោកនាំខ្ញុំចេញទៅឯទីលានខាងក្រៅ ឲ្យខ្ញុំដើរទៅតាមទាំង៤ជ្រុងទីលាននោះ នោះឃើញមានទីលានមួយៗនៅគ្រប់ទាំងជ្រុងទីលាននោះ 22គឺនៅជ្រុងទាំង៤នៃទីលាន មានទីលានរាំងបាំងជាប់តពីទីលានធំបណ្តោយ៤០ហត្ថ ទទឹង៣០ហត្ថ ទីលាននៅជ្រុងទាំង៤នោះមានទំហំប៉ុនគ្នា 23មានជញ្ជាំងនៅជុំវិញទីលានទាំងនោះ ហើយនៅទីលានទាំង៤ មានកន្លែងនៅជាប់នឹងជញ្ជាំងជុំវិញសំរាប់ស្ងោរ 24លោកប្រាប់ខ្ញុំថា នេះជាកន្លែងសំរាប់ស្ងោរសាច់ ជាទីដែលពួកអ្នកធ្វើការងារក្នុងព្រះវិហារ ត្រូវស្ងោរគ្រឿងយញ្ញបូជារបស់បណ្តាជន។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 46: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.