អេសេគាល 48
48
1នេះជាចំណែកតាមឈ្មោះនៃពូជអំបូរនីមួយៗ ចាប់តាំងពីចុងស្រុកខាងជើងតាមផ្លូវហេតឡូន រហូតដល់ទ្វារស្រុកហាម៉ាត នឹងហាសា-អេណាន ត្រង់ព្រំដែនស្រុកដាម៉ាស នៅខាងជើងជិតស្រុកហាម៉ាត នោះមានចំណែក១ សំរាប់ពូជអំបូរដាន់ ដ្បិតគេនឹងមានចំណែកស្រុក ចាប់តាំងពីខាងកើត រហូតដល់ខាងលិច 2ហើយតាមព្រំស្រុករបស់ដាន់ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរអេស៊ើរ 3ហើយតាមព្រំស្រុកអេស៊ើរ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរណែបថាលី 4ហើយតាមព្រំស្រុករបស់ណែបថាលី ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរម៉ាន៉ាសេ 5ហើយតាមព្រំស្រុករបស់ម៉ាន៉ាសេ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរអេប្រាអិម 6ហើយតាមព្រំស្រុកអេប្រាអិមចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកសំរាប់ពូជអំបូររូបេន 7ហើយតាមព្រំស្រុករបស់រូបេន ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរយូដា។
8តាមព្រំស្រុកយូដា ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះជាដង្វាយដែលឯងរាល់គ្នាត្រូវថ្វាយវិញ គឺទទឹង២ម៉ឺន៥ពាន់ខ្នាត ហើយបណ្តោយក៏ប៉ុននឹងចំណែកស្រុកឯទៀត គឺចាប់តាំងពីខាងកើត រហូតដល់ខាងលិចឯទីបរិសុទ្ធ នឹងនៅកណ្តាលនោះ 9ចំណែកដង្វាយដែលឯងរាល់គ្នាត្រូវថ្វាយដល់ព្រះយេហូវ៉ា នោះត្រូវបណ្តោយ២ម៉ឺន៥ពាន់ខ្នាត នឹងទទឹង១ម៉ឺនខ្នាត 10ដង្វាយបរិសុទ្ធនេះត្រូវបានសំរាប់ពួកសង្ឃ ឯខាងជើងនោះ បណ្តោយ២ម៉ឺន៥ពាន់ខ្នាត ហើយខាងលិច មានទទឹងជា១ម៉ឺនខ្នាត ខាងកើតទទឹង១ម៉ឺនខ្នាត ហើយខាងត្បូងបណ្តោយ២ម៉ឺន៥ពាន់ខ្នាត ឯទីបរិសុទ្ធរបស់ព្រះយេហូវ៉ានឹងនៅកណ្តាលនោះ 11ដីនោះនឹងទុកសំរាប់ពួកសង្ឃ ជាកូនចៅសាដុក ដែលបានញែកជាបរិសុទ្ធ ហើយក៏រក្សាបញ្ញើរបស់អញ ឥតវង្វេងចេញ ក្នុងកាលដែលពួកកូនចៅអ៊ីស្រាអែលបានវង្វេង ដូចជាពួកលេវីបានវង្វេងនោះឡើយ 12នេះនឹងបានជាដង្វាយបរិសុទ្ធសំរាប់ពួកសង្ឃ ជាដង្វាយលើកចេញពីចំណែកដី ដែលគេបានថ្វាយនោះ ទុកជារបស់បរិសុទ្ធបំផុត ក្បែរព្រំដែននៃពួកលេវី។
13ឯប្រទល់នឹងស្រុករបស់ពួកសង្ឃ នោះពួកលេវីត្រូវមានដីបណ្តោយ២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង១ម៉ឺនខ្នាត គឺ២ម៉ឺន៥ពាន់ខ្នាត តាមបណ្តោយរហូត ហើយ១ម៉ឺនតាមទទឹងរហូត 14មិនត្រូវឲ្យគេលក់អ្វីពីនោះឡើយ ក៏មិនត្រូវប្តូរ ឬបញ្ជូនផលដំបូងចេញទៅឯណាដែរ ដ្បិតផលនោះជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា។
15ឯដី៥ពាន់ខ្នាតដែលសល់នៅតាមទទឹងដែលនៅខាងមុខចំណែក២ម៉ឺន៥ពាន់ខ្នាត នោះសំរាប់ប្រើជុំគ្នាសំរាប់ជាទីក្រុង ឲ្យធ្វើទីលំនៅ ហើយសំរាប់ជាដីទំនេរ ឯទីក្រុង ត្រូវនៅកណ្តាលនោះ 16ហើយទំហំទីក្រុងនោះ គឺខាងជើង ត្រូវជា៤៥០០ខ្នាត ខាងត្បូង៤៥០០ខ្នាត ខាងកើត៤៥០០ខ្នាត ហើយខាងលិច៤៥០០ខ្នាតដែរ 17ទីក្រុងនោះត្រូវមានដីទំនេរនៅជុំវិញ គឺខាងជើង ត្រូវមាន២៥០ខ្នាត ខាងត្បូង២៥០ខ្នាត ខាងកើត២៥០ខ្នាត នឹងខាងលិច២៥០ខ្នាតដែរ 18ហើយដីដែលសល់នៅតាមបណ្តោយ ដែលជាប់តពីដីបរិសុទ្ធ នោះខាងកើតត្រូវជា១ម៉ឺនខ្នាត ហើយខាងលិច១ម៉ឺនខ្នាត នោះជាដីជាប់តពីដីបរិសុទ្ធ ឯផលចំរើនពីដីនោះ នឹងបានសំរាប់ជាអាហារដល់ពួកអ្នកដែលរកស៊ី នៅក្នុងទីក្រុង 19ពួកអ្នកដែលរកស៊ីធ្វើការនៅក្នុងទីក្រុង ពីគ្រប់ទាំងពូជអំបូរអ៊ីស្រាអែល គេនឹងភ្ជួររាស់ដីនោះ 20ដីដែលថ្វាយជាដង្វាយនោះ ទាំងអស់បណ្តោយត្រូវជា២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង២ម៉ឺន៥ពាន់ខ្នាត ត្រូវឲ្យឯងរាល់គ្នាថ្វាយដីបរិសុទ្ធនេះ៤ជ្រុងស្មើ ព្រមទាំងមានកន្លែងសំរាប់ទីក្រុងផង។
21ឯដីដែលសល់ នៅនោះនឹងបានសំរាប់ចៅហ្វាយ គឺនៅទាំងសងខាងដីបរិសុទ្ធនោះ នឹងកន្លែងសំរាប់ទីក្រុងដែលនៅខាងមុខដីបរិសុទ្ធទាំង២ម៉ឺន៥ពាន់ខ្នាត ចេញទៅឯព្រំស្រុកខាងកើត ហើយនៅមុខ២ម៉ឺន៥ពាន់ខ្នាត ចេញទៅឯព្រំស្រុកខាងលិច ឲ្យប៉ុនស្មើនឹងចំណែកដីឯទៀត នោះនឹងបានទុកសំរាប់ចៅហ្វាយ ហើយដីបរិសុទ្ធដែលបានថ្វាយ នឹងទីបរិសុទ្ធរបស់ព្រះវិហារ នោះត្រូវនៅកណ្តាលនោះ 22ដូច្នេះ ដីដែលត្រូវទុកសំរាប់ចៅហ្វាយ នោះជាដីដែលជាប់តពីដីរបស់ពួកលេវី ហើយពីដីសំរាប់ទីក្រុង គឺទាំងអស់ដែលនៅកណ្តាលព្រំស្រុកយូដា នឹងព្រំស្រុកបេនយ៉ាមីន នោះត្រូវទុកសំរាប់ចៅហ្វាយ។
23រីឯពូជអំបូរឯទៀត ចាប់តាំងពីខាងកើតរហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរបេនយ៉ាមីន 24ហើយតាមព្រំស្រុករបស់បេនយ៉ាមីន ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរស៊ីម្មាន 25ហើយតាមព្រំស្រុករបស់ស៊ីម្មាន ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរអ៊ីសាខារ 26ហើយតាមព្រំស្រុករបស់ពួកអ៊ីសាខារ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរសាប់យូល៉ូន 27ហើយតាមព្រំស្រុករបស់សាប់យូល៉ូន ចាប់តាំងពីខាងកើតរហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរកាឌ់ 28ហើយតាមព្រំស្រុករបស់កាឌ់ខាងត្បូងបំផុត នោះព្រំស្រុកគេ ត្រូវចាប់តាំងពីក្រុងតាម៉ារ ទៅដល់ទឹកមេរីបា-កាដេស តាមជ្រោះទឹក រហូតដល់សមុទ្រធំ 29នេះជាស្រុកដែលឯងរាល់គ្នាត្រូវចាប់ឆ្នោត បែងចែកដល់ពូជអំបូរទាំងប៉ុន្មានរបស់អ៊ីស្រាអែលទុកជាមរដក នេះជាចំណែករបស់គេនីមួយៗ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
30ឯព្រំខណ្ឌនៃទីក្រុងនោះ គឺខាងជើងមាន៤៥០០ខ្នាតតាមរង្វាស់ 31ហើយទ្វារទាំងប៉ុន្មាននៃទីក្រុងនឹងមានឈ្មោះ តាមឈ្មោះអស់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែល ខាងជើងនឹងមានទ្វារ៣គឺទ្វាររូបេន១ ទ្វារយូដា១ នឹងទ្វារលេវី១ 32នៅខាងកើតមាន៤៥០០ខ្នាត ហើយទ្វារ៣ គឺទ្វារយ៉ូសែប១ ទ្វារបេនយ៉ាមីន១ នឹងទ្វារដាន់១ 33នៅខាងត្បូងមាន៤៥០០ខ្នាត ហើយទ្វារ៣ គឺទ្វារស៊ីម្មាន១ ទ្វារអ៊ីសាខារ១ នឹងទ្វារសាប់យូល៉ូន១ 34នៅខាងលិចមាន៤៥០០ខ្នាត ហើយទ្វារ៣ គឺទ្វារកាឌ់១ ទ្វារអេស៊ើ១ នឹងទ្វារណែបថាលី១ 35ឯព័ទ្ធជុំវិញទីក្រុងនោះ ត្រូវជា១ម៉ឺន៨ពាន់ខ្នាត ហើយតាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ»។:៚
ទើបបានជ្រើសរើសហើយ៖
អេសេគាល 48: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.