អែសរ៉ា 3

3
1លុះ​ដល់​ខែ​អស្សុជ កាល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន បាន​នៅ​ក្នុង​ទី​ក្រុង​របស់​ខ្លួន​ហើយ នោះ​ពួក​បណ្តាជន​ក៏​មូល​គ្នា នៅ​ក្រុង​យេរូ‌សាឡិម មាន​ចិត្ត​តែ​១ 2គ្រា​នោះ យេសួរ ជា​កូន​យ៉ូសា‌ដាក ហើយ​ពួក​សង្ឃ ជា​បង​ប្អូន​លោក នឹង​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល ហើយ​បង​ប្អូន​របស់​លោក ក៏​នាំ​គ្នា​ស្អាង​អាសនា​នៃ​ព្រះ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​ឲ្យ​បាន​ថ្វាយ​ដង្វាយ​ដុត តាម​ដែល​បាន​កត់​ទុក​ក្នុង​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ 3គេ​ក៏​ដាក់​អាសនា​នោះ ទៅ​លើ​ជើង​កំណល់ ពី​ព្រោះ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ដល់​ពួក​អ្នក​ស្រុក​នោះ ហើយ​ក៏​ថ្វាយ​ដង្វាយ​ដុត ដល់​ព្រះ‌យេហូវ៉ា​នៅ​លើ​អាសនា​នោះ គឺ​ដង្វាយ​ដុត​ថ្វាយ​ទាំង​ពេល​ព្រឹកនឹង​ពេល​ល្ងាច​ផង 4គេ​ធ្វើ​បុណ្យ​បារាំ ដូច​ជា​បាន​កត់​ទុក​ហើយ ក៏​ថ្វាយ​ដង្វាយ​ដុត​រាល់​តែ​ថ្ងៃ ឲ្យ​ត្រូវ​ចំនួន​តាម​របៀប តាម​ដែល​ត្រូវ​ការ​រាល់ៗ​ថ្ងៃ 5ត​ពី​នោះ​មក ក៏​ថ្វាយ​ដង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​ជានិច្ច នឹង​ដង្វាយ​ចូល​ខែ ហើយ​ដង្វាយ​ថ្ងៃ​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​តាំង​ឡើង​ជា​បរិសុទ្ធ ព្រម​ទាំង​ដង្វាយ​របស់​អស់​អ្នក​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ 6គេ​ចាប់​តាំង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ពី​ថ្ងៃ​ដំបូង ក្នុង​ខែ​អស្សុជ តែ​ជើង​ជញ្ជាំង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មិន​ទាន់​បាន​ដាក់​នៅ​ឡើយ 7គេ​ជួល​ពួក​ជាង​ថ្ម នឹង​ពួក​ជាង​ឈើ ក៏​ឲ្យ​ស្បៀង​អាហារ នឹង​គ្រឿង​ផឹក ហើយ​ប្រេង​ដល់​ពួក​ក្រុង​ស៊ីដូន នឹង​ពួក​ក្រុង​ទីរ៉ុស ឲ្យ​គេ​ទៅ​នាំ​ឈើ​តាត្រៅ​ពី​ភ្នំ​ល្បាណូន មក​ឯ​ក្រុង​យ៉ុបប៉េ​តាម​ផ្លូវ​សមុទ្រ ដូច​ជា​ស៊ីរូស ជា​ស្តេច​ពើស៊ី បាន​ប្រោស​អនុញ្ញាត​ឲ្យ។
8នៅ​ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​២ តាំង​ពី​គេ​មក​ដល់​ព្រះ‌វិហារ​នៃ​ព្រះ នៅ​ក្រុង​យេរូ‌សាឡិម នោះ​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល នឹង​យេសួរ ជា​កូន​យ៉ូសា‌ដាក ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​លេវី ជា​បង​ប្អូន​គេ​ឯ​ទៀត ហើយ​អស់​ពួក​អ្នក ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ចាប់​តាំង​ធ្វើ​ការ​ឡើង ក៏​ដំរូវ​ឲ្យ​ពួក​លេវី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ បាន​ចាត់‌ចែង​ការ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា 9នោះ​យេសួរ នឹង​ពួក​កូន​ចៅ ហើយ​បង​ប្អូន​លោក កាឌមាល នឹង​កូន​ចៅ​លោក ដែល​ជា​ពួក​យូដា នឹង​ពួក​កូន​របស់​ហេណា‌ដាឌ ព្រម​ទាំង​កូន​ចៅ​គេ នឹង​ពួក​លេវី ជា​បង​ប្អូន​គេ​ផង ក៏​ប្រឹង‌ប្រែង​ត្រួត​មើល​ពួក​ជាង ដែល​ធ្វើ​ការ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ។
10កាល​ពួក​ជាង​កំពុង​តែ​ដាក់​ជើង​ជញ្ជាំង របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ នោះ​គេ​ចាត់​ពួក​សង្ឃ ឲ្យ​ស្លៀក‌ពាក់​ប្រដាប់​សង្ឃ ហើយ​កាន់​ត្រែ ព្រម​ទាំង​ពួក​លេវី ជា​កូន​ចៅ​អេសាភ ឲ្យ​កាន់​ឈឹង ដើម្បី​សរសើរ​ដល់​ព្រះ‌យេហូវ៉ា តាម​របៀប​របស់​ដាវីឌ ជា​ស្តេច​អ៊ីស្រាអែល 11គេ​ក៏​ច្រៀង​ឆ្លើយ​គ្នា ដោយ​ពាក្យ​សរសើរ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​ប្រកប​ដោយ​ករុណា​គុណ សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​អស់‌កល្ប‌ជានិច្ច ដល់​ពួក​អ៊ីស្រាអែល រួច​បណ្តាជន​ក៏​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ក្នុង​កាល​ដែល​គេ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ ដោយ​ព្រោះ​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា បាន​ដាក់​ស្រេច​ហើយ 12តែ​មាន​គ្នា​ច្រើន ក្នុង​ពួក​សង្ឃ ពួក​លេវី នឹង​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​នៃ​ពួក​ឰយុកោ ជា​មនុស្ស​ចាស់​ដែល​ឃើញ​ព្រះ‌វិហារ​មុន គេ​ក៏​យំ​ជា​ខ្លាំង ក្នុង​កាល​ដែល​ឃើញ​ដាក់​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នេះ ក៏​មាន​គ្នា​ជា​ច្រើន​បាន​ស្រែក​ហ៊ោ​ដោយ​សេចក្ដី​រីក‌រាយ​ដែរ 13ដល់​ម៉្លេះ​បាន​ជា​បណ្តាជន​រក​ស្គាល់​សូរ​សំឡេង​ណា​ដែល​អរ​សប្បាយ នឹង​សូរ​សំឡេង​របស់​អ្នក​ដែល​យំ នោះ​មិន​បាន​ទេ ពី​ព្រោះ​គេ​ស្រែក​ជា​យ៉ាង​ខ្លាំង ហើយ​សូរ​សំរែក​នោះ ក៏​ឮ​ទៅ​ឆ្ងាយ​ផង។

ទើបបានជ្រើសរើសហើយ៖

អែសរ៉ា 3: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល