កាឡា‌ទី 3:1-14

កាឡា‌ទី 3:1-14 ពគប

ឱ​ពួក​អ្នក​ស្រុក​កាឡាទី​ឥត​បើ​គិត​អើយ ដែល​បាន​បើក​សំដែង​ព្រះ‌យេស៊ូវ​គ្រីស្ទ​មក​យ៉ាង​ច្បាស់ នៅ​ភ្នែក​អ្នក​រាល់​គ្នា ហើយ​ទាំង​ជាប់​ឆ្កាង​ផង នោះ​តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​ដាក់​អ្នក​រាល់​គ្នា ឲ្យ​លែង​ស្តាប់​តាម​សេចក្ដី​ពិត​វិញ​ដូច្នេះ ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​តែ​ប៉ុណ្ណេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌វិញ្ញាណ ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ ឬ​ដោយ​បាន​ស្តាប់ ទាំង​មាន​សេចក្ដី​ជំនឿ តើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​ឥត​បើ​គិត​ជា​ខ្លាំង​ដល់‌ម៉្លេះ​ឬ​អី ដែល​បាន​ចាប់​ផ្តើម ដោយ​ព្រះ‌វិញ្ញាណ​ហើយ តើ​ឥឡូវ​នេះ​បាន​គ្រប់​លក្ខណ៍​ឡើង ដោយ​សាច់​ឈាម​វិញ​ឬ តើ​បាន​រង​ទុក្ខ​ច្រើន​ម៉្លេះ​ជា​ឥត​ប្រយោជន៍​ឬ​អី គឺ​បើ​ជា​ឥត​ប្រយោជន៍​មែន ឯ​ព្រះ ដែល​ទ្រង់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ការ​ឫទ្ធិ‌បារមី​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​តើ​ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ ឬ​ដោយ​ស្តាប់ ទាំង​មាន​សេចក្ដី​ជំនឿ​វិញ ដូច​ជា​លោក​អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្ដី​នោះ បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​លោក ដូច្នេះ ចូរ​ដឹង​ថា ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ នោះ​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ហើយ ហើយ​ដោយ​គម្ពីរ​បាន​ដឹង​ជា​មុន​ថា ព្រះ‌ទ្រង់​នឹង​រាប់​ពួក​សាសន៍​ដទៃ​ជា​សុចរិត ដោយ​សេចក្ដី​ជំនឿ បាន​ជា​មាន​សេចក្ដី​ប្រកាស​ប្រាប់​មក ដល់​លោក​អ័ប្រា‌ហាំ​ជា​មុន​ថា «អស់​ទាំង​សាសន៍​នឹង​បាន​ពរ​ដោយ‌សារ​ឯង» ដូច្នេះ អស់​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ នោះ​ឈ្មោះ​ថា​បាន​ពរ​ជា​មួយ​នឹង​លោក​អ័ប្រា‌ហាំ ដែល​ជា​អ្នក​ជឿ​ដែរ តែ​អស់​អ្នក​ដែល​អាង​ដល់​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ នោះ​ត្រូវ​បណ្តាសា​វិញ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អស់​អ្នក​ណា​ដែល​មិន​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​កត់​ទុក​ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ ដើម្បី​នឹង​ប្រព្រឹត្ត​តាម» ហើយ​ច្បាស់​ជា​គ្មាន​អ្នក​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ ដោយ‌សារ​ក្រិត្យ‌វិន័យ​ឡើយ ពី​ព្រោះ«មនុស្ស​សុចរិត​នឹង​រស់ ដោយ​អាង​សេចក្ដី​ជំនឿ» ឯ​ក្រិត្យ‌វិន័យ មិន​អាង​សេចក្ដី​ជំនឿ​ទេ គឺ​អ្នក​ណា​ដែល​អាច​នឹង​ប្រព្រឹត្ត តាម​សេចក្ដី​ទាំង​នោះ​បាន អ្នក​នោះ​នឹង​រស់​នៅ ដោយ‌សារ​សេចក្ដី​ទាំង​នោះ ព្រះ‌គ្រីស្ទ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​សេចក្ដី​បណ្តាសា​របស់​ក្រិត្យ‌វិន័យ ដោយ​ទ្រង់​ត្រូវ​បណ្តាសា​ជំនួស​យើង​រាល់​គ្នា (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ត្រូវ​ព្យួរ​នៅ​លើ​ឈើ») ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រា‌ហាំ បាន​មក​ដល់​អស់​ទាំង​សាសន៍​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌វិញ្ញាណ ដោយ‌សារ​សេចក្ដី​ជំនឿ។

អាន កាឡា‌ទី 3