កាឡា‌ទី 5

5
1ព្រះ‌គ្រីស្ទ​បាន​ប្រោស​យើង​ឲ្យ​រួច​ហើយ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​ឲ្យ​មាំ‌មួន ក្នុង​សេរី‌ភាព​នោះ​ចុះ កុំ​ឲ្យ​ត្រូវ​ជាប់​ចំណង​ជា​បាវ​បំរើ​ទៀត​ឡើយ 2នែ ប៉ុល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក នោះ​ព្រះ‌គ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​សោះ 3ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ម្តង​ទៀត ដល់​អស់​មនុស្ស​ដែល​កាត់​ស្បែក​ហើយ ថា​អ្នក​នោះ​ឯង​ជា​អ្នក​ជំពាក់​ក្រិត្យ‌វិន័យ នឹង​ត្រូវ​ធ្វើ​តាម​គ្រប់​ជំពូក 4អ្នក​រាល់​គ្នា​ណា​ដែល​ពឹង​ដល់​ក្រិត្យ‌វិន័យ ឲ្យ​បាន​រាប់​ជា​សុចរិត នោះ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌គ្រីស្ទ អ្នក​បាន​ធ្លាក់​ចេញ​ពី​ព្រះ‌គុណ​ហើយ 5ដ្បិត​យើង​រាល់​គ្នា​អាង​សេចក្ដី​ជំនឿ ដើម្បី​នឹង​រង់‌ចាំ​ដោយ​នូវ​ព្រះ‌វិញ្ញាណ ឲ្យ​បាន​សេចក្ដី​សុចរិត​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ 6ពី​ព្រោះ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​កាត់​ស្បែក​ឬ​មិន​កាត់ នោះ​មិន​ជា​ប្រយោជន៍​អ្វី​ទេ មាន​ប្រយោជន៍​តែ​សេចក្ដី​ជំនឿ ដែល​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ 7អ្នក​រាល់​គ្នា​បាន​រត់​យ៉ាង​ល្អ​ហើយ តើ​អ្នក​ណា​បាន​ឃាត់​មិន​ឲ្យ​ស្តាប់​តាម​សេចក្ដី​ពិត​វិញ 8ការ​បញ្ចុះ‌បញ្ចូល​នេះ​មិន​មែន​មក​ពី​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​ទេ 9ដំបែ​តែ​បន្តិច អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​បាន 10ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌អម្ចាស់​ថា អ្នក​រាល់​គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ តែ​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា នោះ​នឹង​ត្រូវ​ទោស​វិញ ទោះ​បើ​ជា​អ្នក​ណា​ក៏​ដោយ 11ប៉ុន្តែ បង​ប្អូន​អើយ បើ​សិន​ជា​ខ្ញុំ​នៅ​តែ​ប្រដៅ​ឲ្យ​គេ​កាត់​ស្បែក នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​នៅ​តែ​បៀត‌បៀន​ដល់​ខ្ញុំ​ទៀត បើ​ប្រដៅ​ដូច្នោះ នោះ​សេចក្ដី​បង្អាក់‌បង្អន់ ពី​រឿង​ឈើ​ឆ្កាង ត្រូវ​បាត់​ហើយ 12បើ​ពួក​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា​បាន​កាត់​ខ្លួន​គេ​ចោល​ចេញ នោះ​ខ្ញុំ​ចូល​ចិត្ត​ណាស់។
13បង​ប្អូន​អើយ ព្រះ‌ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរី‌ភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់​វិញ 14ដ្បិត​ក្រិត្យ‌វិន័យ​ទាំង​មូល បាន​សំរេច​មក​ក្នុង​ពាក្យ​តែ​១​ម៉ាត់​នេះ​ថា «ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង» 15បើ​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រខាំ ហើយ​ហែក​គ្នា​ស៊ី​ទៅ​វិញ​ទៅ​មក នោះ​ត្រូវ​ប្រយ័ត​ចុះ ក្រែង​លោ​វិនាស​អស់​រលីង​ទៅ។
16តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះ‌វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​សាច់​ឈាម​ទេ 17ដ្បិត​សាច់​ឈាម​តែង‌តែ​ប៉ង‌ប្រាថ្នា​ទាស់​នឹង​ព្រះ‌វិញ្ញាណ ឯ​ព្រះ‌វិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្ដី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​រក​ធ្វើ​ការ ដែល​ចង់​ធ្វើ​ទៅ​មិន​កើត 18បើ​ព្រះ‌វិញ្ញាណ​ទ្រង់​នាំ​អ្នក​រាល់​គ្នា​វិញ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​ទៀត​ទេ 19រីឯ​កិច្ច‌ការ​ខាង​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​ជា​សេចក្ដី​កំផិត សហាយ‌ស្មន់ ស្មោក‌គ្រោក អាស‌អាភាស 20ថ្វាយ‌បង្គំ​រូប​ព្រះ មន្ត‌អាគម សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក 21ច្រណែន កាប់​សំឡាប់ ប្រមឹក ស៊ី​ផឹក​ជ្រុល នឹង​ការ​អ្វី​ទៀត ដែល​ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ​ផង ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទុក​ជា​មុន ដូច​ជា​បាន​ប្រាប់​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ នោះ​មិន​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ 22តែ​ឯ​ផល​ផ្លែ​នៃ​ព្រះ‌វិញ្ញាណ​វិញ នោះ​គឺ​សេចក្ដី​ស្រឡាញ់ អំណរ​អរ មេត្រី‌ភាព អត់‌ធ្មត់ សុភាព សប្បុរស ស្មោះ‌ត្រង់ 23ស្លូត‌បូត ហើយ​ដឹង​ខ្នាត គ្មាន​ក្រិត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​យ៉ាង​នោះ​ទេ 24ហើយ​អស់​អ្នក​ដែល​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​បាន​ឆ្កាង​សាច់​ឈាម​ហើយ ព្រម​ទាំង​សេចក្ដី​រំជួល នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​ទាំង​ប៉ុន្មាន​ផង 25បើ​សិន​ជា​យើង​រស់​ដោយ​នូវ​ព្រះ‌វិញ្ញាណ នោះ​ត្រូវ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ​ដែរ 26កុំ​ឲ្យ​យើង​រាល់​គ្នា​រក​កេរ្តិ៍​ឈ្មោះ ដែល​ឥត​ប្រយោជន៍ ទាំង​ចាក់‌រុក ហើយ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។

ទើបបានជ្រើសរើសហើយ៖

កាឡា‌ទី 5: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល