លោកុប្បត្តិ 28
28
1អ៊ីសាកក៏ហៅយ៉ាកុបមកឲ្យពរ រួចផ្តាំថា កុំឲ្យឯងយកប្រពន្ធពីពួកកូនស្រីស្រុកកាណានឡើយ 2ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយឯង នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធពីនោះក្នុងពួកកូនស្រីឡាបាន់ ឪពុកធំខាងម្តាយឯងវិញ 3សូមព្រះដ៏មានគ្រប់ព្រះចេស្តាប្រទានពរដល់ឯង ទាំងធ្វើឲ្យឯងបង្កើតកូនចំរើនជាច្រើនឡើង ឲ្យឯងបានជាសាសន៍១ មានគ្នាដ៏ច្រើន 4ព្រមទាំងប្រទានពររបស់អ័ប្រាហាំដល់ឯង នឹងពូជឯងផង ដើម្បីឲ្យឯងបានស្រុកដែលឯងស្នាក់នៅទុកជាកេរ្តិ៍អាករ គឺស្រុកនេះឯងដែលព្រះបានប្រទានដល់អ័ប្រាហាំ 5នោះអ៊ីសាកឲ្យយ៉ាកុបទៅ គាត់ក៏ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដល់ឡាបាន់ជាកូនបេធូអែលសាសន៍អើរ៉ាម ជាបងរេបិកាដែលជាម្តាយយ៉ាកុប ហើយនឹងអេសាវ។
6រីឯអេសាវគាត់ឃើញថា អ៊ីសាកបានឲ្យពរដល់យ៉ាកុប ព្រមទាំងឲ្យគាត់ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដើម្បីនឹងយកប្រពន្ធពីនោះមក ហើយថា ក្នុងខណដែលឲ្យពរនោះ គាត់ក៏ផ្តាំថា កុំឲ្យឯងយកប្រពន្ធក្នុងពួកកូនស្រីស្រុកកាណានឡើយ 7ហើយឃើញថា យ៉ាកុបបានស្តាប់តាមឪពុកម្តាយហើយ ទាំងចេញទៅឯស្រុកប៉ាដាន់-អើរ៉ាមផង 8ដូច្នេះអេសាវយល់ថា កូនស្រីស្រុកកាណានមិនជាទីពេញចិត្តដល់អ៊ីសាកជាឪពុកខ្លួនទេ 9នោះគាត់ទៅឯអ៊ីសម៉ាអែល យកនាងម៉ាហាឡាត់ ប្អូននេបាយ៉ូត ជាកូនអ៊ីសម៉ាអែល ចៅអ័ប្រាហាំមកធ្វើជាប្រពន្ធថែមទៀត។
10ឯយ៉ាកុប គាត់ចេញពីបៀរ-សេបា ទៅឯខារ៉ាន 11បានដល់កន្លែង១ ក៏សំណាក់នៅទីនោះ១យប់ ពីព្រោះថ្ងៃលិចហើយ គាត់យកថ្មនៅទីនោះមកកើយក្បាលដេកលក់ទៅ 12គាត់យល់សប្តិឃើញថា មានជណ្តើរ១បញ្ឈរនៅលើដី មានចុងទល់នឹងផ្ទៃមេឃ ក៏ឃើញមានពួកទេវតារបស់ព្រះឡើងចុះតាមជណ្តើរនោះ 13ព្រះយេហូវ៉ាក៏សណ្ឋិតនៅពីលើជណ្តើរ ទ្រង់មានបន្ទូលថា អញជាព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំជីតាឯង ហើយជាព្រះនៃអ៊ីសាក ឯដីដែលឯងដេកនៅនេះ អញនឹងឲ្យដល់ឯងហើយនឹងពូជឯងតទៅ 14ពូជឯងនឹងមានគ្នាច្រើនដូចជាធូលីដី ហើយឯងនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង ហើយខាងត្បូង គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារឯងនឹងពូជឯង 15មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ ហើយនឹងនាំឯងមកក្នុងស្រុកនេះវិញ ពីព្រោះអញមិនចោលឯងឡើយ ទាល់តែអញបានធ្វើសំរេចសេចក្ដីដែលអញបានប្រាប់ឯងហើយ។
16នោះយ៉ាកុបគាត់ភ្ញាក់ពីដេកឡើង ក៏នឹកក្នុងចិត្តថា ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ តែអញមិនបានដឹងទេ 17គាត់ក៏នឹកភ័យ ហើយនិយាយថា ទីកន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់ ទីនេះមិនមែនជាអ្វីទេ គឺជាដំណាក់នៃព្រះ ហើយជាទ្វារស្ថានសួគ៌ពិត 18លុះព្រឹកឡើងយ៉ាកុបក្រោកពីព្រលឹម ក៏យកថ្មដែលគាត់បានកើយនោះបញ្ឈរឡើងធ្វើជាបង្គោល រួចចាក់ប្រេងពីលើ 19គាត់ដាក់ឈ្មោះទីនោះថា បេត-អែលតែពីដើមមកទីក្រុងនោះហៅថា លូសទេ។
20យ៉ាកុបក៏បន់ថា បើព្រះទ្រង់គង់ជាមួយនឹងទូលបង្គំ ហើយរក្សាទូលបង្គំតាមផ្លូវដែលដើរទៅនេះ ព្រមទាំងប្រទានអាហារឲ្យទូលបង្គំទទួលទាន នឹងសំលៀកបំពាក់ផង 21ហើយបើឲ្យទូលបង្គំបានត្រឡប់ទៅដល់ផ្ទះឪពុកទូលបង្គំវិញដោយសុខសាន្ត នោះទូលបង្គំនឹងយកព្រះយេហូវ៉ាទុកជាព្រះនៃទូលបង្គំពិត 22ឯថ្មដែលទូលបង្គំបានបញ្ឈរទុកជាបង្គោលនេះ នោះនឹងបានជាដំណាក់នៃព្រះ ហើយទូលបង្គំនឹងថ្វាយទ្រង់១ភាគក្នុង១០ ពីគ្រប់ទាំងរបស់ដែលទ្រង់ប្រទានមកទូលបង្គំដែរ។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 28: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.