លោកុប្បត្តិ 30
30
1កាលរ៉ាជែលឃើញថា ខ្លួនមិនបានបង្កើតកូនឲ្យយ៉ាកុបសោះ នោះនាងមានចិត្តច្រណែននឹងបង ហើយក៏និយាយទៅយ៉ាកុបថា ចូរឲ្យខ្ញុំមានកូនផង បើមិនដូច្នោះខ្ញុំស្លាប់ហើយ 2នោះយ៉ាកុបក៏នឹកក្តៅចិត្តនឹងរ៉ាជែល ហើយតបថា តើអញជាព្រះឬអី ដែលបានបង្ខាំងមិនឲ្យឯងមានកូនដូច្នេះ 3នោះនាងនិយាយថា មើលនុ៎ះន៏ ប៊ីលហាជាបាវស្រីខ្ញុំ សូមឲ្យអ្នកចូលទៅឯវាចុះ ដើម្បីឲ្យវាបានបង្កើតកូនដាក់នៅភ្លៅខ្ញុំ នោះខ្ញុំនឹងបានកូនដោយសារវា 4នាងក៏ឲ្យប៊ីលហាជាបាវស្រីទៅធ្វើជាប្រពន្ធយ៉ាកុប ហើយគាត់ចូលទៅឯនាង 5ដូច្នេះ ប៊ីលហាមានទំងន់បង្កើតបានកូនប្រុស១ឲ្យយ៉ាកុប 6នោះរ៉ាជែលគិតថា ព្រះទ្រង់បានជំនុំជំរះអញ ហើយបានឮសំឡេងអញ ព្រមទាំងឲ្យអញមានកូនប្រុស១ នាងក៏ឲ្យឈ្មោះថា ដាន់ 7រួចប៊ីលហាជាបាវរ៉ាជែលមានទំងន់បង្កើតបានកូនប្រុស១ទៀតឲ្យយ៉ាកុប 8ហើយរ៉ាជែលនឹកថា អញបានប្រណាំងនឹងបងអញជាខ្លាំងហើយ ក៏បានឈ្នះផង នាងឲ្យឈ្មោះថា ណែបថាលី។
9កាលលេអាឃើញថាខ្លួនមិនមានកូនទៀត នោះនាងយកស៊ីលផា ជាបាវស្រីរបស់នាង ឲ្យទៅធ្វើជាប្រពន្ធយ៉ាកុបដែរ 10ស៊ីលផាបាវស្រីលេអាក៏បង្កើតបានកូនប្រុស១ឲ្យយ៉ាកុប 11នោះលេអានឹកថា មានសំណាងហើយ នាងក៏ឲ្យឈ្មោះថា កាឌ់ 12រួចស៊ីលផាបាវស្រីលេអាក៏បង្កើតកូន១ទៀតឲ្យយ៉ាកុប 13នោះលេអានឹកថា ខ្ញុំសប្បាយណាស់ហើយ ដ្បិតគ្រប់ទាំងស្ត្រីនឹងថា ខ្ញុំមានពរ នាងក៏ឲ្យឈ្មោះថា អេស៊ើរ។
14ឯរូបេនក៏ចេញទៅឯវាលនៅវេលាច្រូតស្រូវភោជ្ជសាលី ឃើញផ្លែស្នេហ៍ រួចយកមកជូនដល់លេអាជាម្តាយ នោះរ៉ាជែលនិយាយទៅលេអាថា សូមឲ្យផ្លែស្នេហ៍របស់កូនបងខ្លះមកខ្ញុំផង 15តែលេអាឆ្លើយថា ដែលឯងដណ្តើមយកប្ដីអញ នោះតើជាការស្រាលឬ បានជាឥឡូវចង់យកផ្លែស្នេហ៍របស់កូនអញទៅទៀត រ៉ាជែលនិយាយថាបើឲ្យផ្លែស្នេហ៍របស់កូនបងមកខ្ញុំ នោះឲ្យប្ដីយើងដេកជាមួយនឹងបងនៅយប់នេះចុះ 16ដល់ល្ងាចកាលយ៉ាកុបវិលមកពីចំការវិញ នោះលេអាក៏ចេញទៅទទួលដោយពាក្យថា អ្នកត្រូវអញ្ជើញចូលទៅឯខ្ញុំ ដ្បិតខ្ញុំបានជួលអ្នកដោយផ្លែស្នេហ៍របស់កូនខ្ញុំហើយ ដូច្នេះ គាត់ក៏ដេកជាមួយនឹងនាងក្នុងយប់នោះទៅ 17ព្រះទ្រង់ក៏ស្តាប់តាមលេអា ហើយនាងមានទំងន់បង្កើតបានកូនប្រុសទី៥ឲ្យយ៉ាកុប 18នោះលេអាគិតថា ព្រះទ្រង់បានប្រទានរង្វាន់មកអញ ពីព្រោះអញបានឲ្យបាវស្រីទៅប្ដីហើយ រួចនាងឲ្យឈ្មោះថា អ៊ីសាខារ 19នាងក៏មានទំងន់ទៀត បង្កើតបានកូនប្រុសទី៦ឲ្យយ៉ាកុប 20នោះនាងគិតថា ព្រះទ្រង់បានប្រទានអំណោយទានយ៉ាងល្អមកអញ ម្តងណេះប្ដីអញនឹងនៅជាមួយនឹងអញ ដោយព្រោះអញបានបង្កើតកូន៦ឲ្យគាត់ហើយ រួចនាងឲ្យឈ្មោះថា សាប់យូល៉ូន 21ក្រោយនោះមក នាងបង្កើតបានកូនស្រី១ ក៏ឲ្យឈ្មោះថា ឌីណា។
22ព្រះទ្រង់នឹកចាំពីរ៉ាជែល ក៏ស្តាប់តាមនាង ហើយប្រោសឲ្យនាងបង្កើតកូនបាន 23នោះនាងមានទំងន់បង្កើតបានកូនប្រុស១ រួចនាងគិតថា ព្រះទ្រង់បានដកសេចក្ដីដំនៀលពីអញចេញ 24ហើយនាងឲ្យឈ្មោះថា យ៉ូសែប ដោយថា សូមព្រះយេហូវ៉ាបន្ថែមឲ្យខ្ញុំម្ចាស់មានកូន១ទៀត។
25កាលរ៉ាជែលសំរាលបានយ៉ូសែបហើយ នោះយ៉ាកុបនិយាយទៅឡាបាន់ថា ខ្ញុំសូមលាលោកឪពុកត្រឡប់ទៅឯទីកន្លែងខ្ញុំ ឯស្រុកខ្ញុំវិញហើយ 26សូមឲ្យប្រពន្ធកូនរបស់ខ្ញុំ ដែលខ្ញុំបានបំរើលោកឪពុកឲ្យបាននេះ បានទៅជាមួយនឹងខ្ញុំផង ដ្បិតលោកឪពុកជ្រាបការដែលខ្ញុំបានធ្វើជូនរួចហើយ 27នោះឡាបាន់ឆ្លើយថា បើសិនជាឯងចូលចិត្តនឹងអញ នោះកុំអាលទៅសិន ពីព្រោះអញយល់ឃើញថា ព្រះយេហូវ៉ាបានប្រទានពរមកអញដោយព្រោះឯង 28គាត់ក៏និយាយថា ចូរគិតថ្លៃឈ្នួលឯងចុះ នោះអញនឹងបើកឲ្យ 29រួចយ៉ាកុបនិយាយថា លោកឪពុកជ្រាបហើយថា ខ្ញុំបាននៅបំរើលោកឪពុក ហើយថា ហ្វូងសត្វលោកឪពុកបានកើតសាយគ្រាយជាយ៉ាងណា ក្នុងគ្រាដែលខ្ញុំបានឃ្វាល 30ដ្បិតមុនដែលខ្ញុំមក នោះលោកឪពុកមានតិចណាស់ ឥឡូវនេះវិញបានចំរើនឡើងយ៉ាងសន្ធឹក ហើយព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់លោកឪពុកដោយសារខ្ញុំ ឥឡូវនេះ តើចាំដល់កាលណាទៀតទើបឲ្យខ្ញុំផ្គត់ផ្គង់ដល់គ្រួរបស់ខ្ញុំផង 31នោះឡាបាន់សួរថា តើចង់ឲ្យអញឲ្យអ្វីដល់ឯង យ៉ាកុបឆ្លើយថា មិនត្រូវឲ្យអ្វីមកខ្ញុំសោះ បើលោកឪពុកនឹងធ្វើដូច្នេះ នោះខ្ញុំនឹងនៅឃ្វាល ហើយថែរក្សាហ្វូងសត្វរបស់លោកឪពុកទៀត 32គឺខ្ញុំនឹងទៅក្នុងគ្រប់ទាំងហ្វូងចៀមរបស់លោកឪពុកនៅថ្ងៃនេះ ដើម្បីនឹងញែកយកអស់ទាំងសត្វពព្លាក់ នឹងពពាល ហើយនឹងសត្វខ្មៅទាំងអស់ក្នុងកូនចៀមទាំងប៉ុន្មាន ព្រមទាំងសត្វដែលពពាលពព្លាក់ក្នុងហ្វូងពពែផង ឲ្យបានជាឈ្នួលដល់ខ្ញុំ 33ដូច្នេះ ទៅមុខទៀត កាលណាលោកឪពុកចូលមកសាកសួរពីឈ្នួលខ្ញុំ នោះសេចក្ដីសុចរិតរបស់ខ្ញុំនឹងសំដែងឲ្យឃើញច្បាស់ដូច្នេះ គឺបើមានសត្វណានៅជាមួយនឹងខ្ញុំ ដែលមិនពពាលពព្លាក់ក្នុងហ្វូងពពែ ហើយដែលមិនខ្មៅក្នុងហ្វូងចៀម នោះនឹងរាប់ទុកជារបស់លួច 34ឡាបាន់ក៏និយាយថា អើ ចូរតាមពាក្យឯងចុះ 35ហើយនៅថ្ងៃនោះឯង ឡាបាន់ក៏ញែកពពែឈ្មោលឆ្នូតៗហើយពពាល នឹងអស់ទាំងពពែញីដែលពព្លាក់ហើយពពាល គ្រប់ទាំងសត្វដែលមានសម្បុរសដុំៗ នឹងអស់ទាំងសត្វខ្មៅក្នុងហ្វូងចៀមទាំងអស់ ប្រគល់ទៅក្នុងកណ្តាប់ដៃរបស់កូនខ្លួនទាំងប៉ុន្មាន 36រួចគាត់ចេញពីយ៉ាកុបទៅចំងាយដើរផ្លូវអស់៣ថ្ងៃ ឯយ៉ាកុបក៏ឃ្វាលហ្វូងសត្វរបស់ឡាបាន់ដែលនៅសល់នោះ។
37នោះយ៉ាកុបគាត់យកមែករលួស ចំបក់ នឹងក្រចៅស្រស់ មកក្រីបកសំបក ជាកង់ៗ ឲ្យឃើញសាច់ស 38ហើយដាក់មែកដែលគាត់បានបកនោះនៅក្នុងប្រឡាយ នឹងស្នូក ជាកន្លែងដែលសត្វមកផឹកទឹក ហើយវាក៏ជាន់គ្នាក្នុងកាលដែលវាមកផឹកនោះ 39គឺជាន់គ្នានៅត្រង់មុខមែកឈើទាំងនោះ នោះក៏បង្កើតកូនមកមានឆ្នូត មានពព្លាក់ មានពពាល 40រួចយ៉ាកុបញែកចៀមចេញពីគ្នាក៏ដំរង់ឈ្មោលទៅឯពួកចៀមឆ្នូត នឹងចៀមខ្មៅទាំងអស់ក្នុងហ្វូងសត្វរបស់ឡាបាន់វិញ តែបានបង្ខាំងហ្វូងរបស់ខ្លួនទុកដោយឡែក មិនឲ្យទៅជាមួយនឹងហ្វូងសត្វរបស់ឡាបាន់ឡើយ 41កាលបើសត្វណាដែលខ្លាំងចង់ជាន់គ្នា នោះយ៉ាកុបតែងតែទៅដាក់មែកឈើនោះនៅក្នុងប្រឡាយចំពីមុខវា ដើម្បីឲ្យបានជាន់គ្នានៅត្រង់មុខមែកឈើនោះចុះ 42តែចំណែកឯសត្វណាដែលខ្សោយវិញ នោះគាត់មិនដាក់មែកឈើនោះទេ ហេតុនោះបានជាសត្វណាដែលខ្សោយៗជារបស់ផងឡាបាន់ ហើយសត្វណាដែលខ្លាំងៗជារបស់ផងយ៉ាកុបទាំងអស់។ 43ដូច្នេះ គាត់ក៏បានចំរើនឡើងយ៉ាងសន្ធឹក គាត់មានហ្វូងសត្វជាច្រើន នឹងបាវប្រុសបាវស្រី ព្រមទាំងអូដ្ឋ ហើយនឹងលាដែរ។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 30: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.