លោកុប្បត្តិ 39
39
1រីឯយ៉ូសែប គេក៏នាំគាត់ទៅឯស្រុកអេស៊ីព្ទ ហើយមានមេទ័ពសាសន៍អេស៊ីព្ទម្នាក់ឈ្មោះ ប៉ូទីផារ ជាមេក្រុមរក្សាអង្គរបស់ផារ៉ោន លោកទិញគាត់ពីដៃនៃពួកអ៊ីសម៉ាអែលដែលនាំចុះមកស្រុកនោះ 2ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប ហើយគាត់ចេះតែចំរើនឡើងគាត់នៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ជាសាសន៍អេស៊ីព្ទនោះ 3ចៅហ្វាយក៏ឃើញថា ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគាត់ ហើយថា ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យគ្រប់ការទាំងអស់បានកើតឡើងដោយសារដៃគាត់ 4យ៉ូសែបបានជាទីពេញចិត្តដល់លោកណាស់ ហើយក៏ខំប្រឹងបំរើលោក លោកតាំងគាត់ឲ្យត្រួតត្រាលើផ្ទះលោក ក៏ប្រគល់របស់ទាំងអស់ទៅក្នុងកណ្តាប់ដៃគាត់ 5ហើយចាប់តាំងពីលោកតាំងគាត់ឡើង ឲ្យត្រួតត្រាលើផ្ទះ នឹងទ្រព្យសម្បត្តិទាំងអស់មក នោះព្រះយេហូវ៉ាទ្រង់ប្រទានពរដល់ផ្ទះនៃសាសន៍អេស៊ីព្ទនោះដោយព្រោះយ៉ូសែប ហើយព្រះយេហូវ៉ាក៏ផ្តល់ព្រះពរ មកលើគ្រប់ទាំងរបស់លោក ដែលនៅក្នុងផ្ទះ នឹងនៅស្រែចំការដែរ 6លោកទុករបស់លោកទាំងអស់នៅក្នុងកណ្តាប់ដៃយ៉ូសែប ហើយមិនបានដឹងជាមានរបស់ណាមួយទេ លើកតែភោជនាហារដែលលោកពិសាប៉ុណ្ណោះ រីឯយ៉ូសែបគាត់មានរូបឆោមដ៏ពិសី ហើយស្រៀវស្រស់ល្អ។
7កាលក្រោយការទាំងនោះមក នោះប្រពន្ធរបស់ចៅហ្វាយគាត់ ចេះតែដេញភ្នែកជាប់តាមមើលយ៉ូសែបហើយនិយាយថា ចូរមកដេកនឹងអញ 8តែគាត់មិនព្រមសោះ ក៏និយាយទៅប្រពន្ធចៅហ្វាយខ្លួនថា មើល ចៅហ្វាយខ្ញុំ លោកឥតដឹងជាមានអ្វីៗនៅនឹងខ្ញុំក្នុងផ្ទះផង លោកបានប្រគល់គ្រប់របស់ទាំងអស់មកក្នុងកណ្តាប់ដៃខ្ញុំ 9គ្មានអ្នកណាធំជាងខ្ញុំក្នុងផ្ទះនេះទេ ហើយលោកក៏មិនបានហួងទុករបស់ណាមួយនឹងខ្ញុំដែរ លើកតែលោកស្រីប៉ុណ្ណោះ ពីព្រោះលោកស្រីជាប្រពន្ធរបស់លោក ដូច្នេះ ធ្វើដូចម្តេចឲ្យខ្ញុំប្រព្រឹត្តការ ដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង 10ឯនាងចេះតែនិយាយនឹងយ៉ូសែបជារាល់ថ្ងៃ តែគាត់មិនព្រមស្តាប់តាម នឹងទៅដេកជាមួយនឹងនាង ឬនឹងទៅជិតនាងសោះ 11មានកាល១ថ្ងៃនោះ គាត់ចូលទៅធ្វើការក្នុងផ្ទះ ហើយគ្មានអ្នកណាមួយនៅក្នុងផ្ទះសោះ 12នោះនាងក៏ចាប់អាវគាត់ ទាំងនិយាយថា មកដេកនឹងអញសិន តែគាត់រលាស់អាវចោលនៅដៃនាង រត់ចេញទៅក្រៅទៅ 13កាលនាងឃើញថា គាត់ចោលអាវនៅដៃហើយរត់ចេញទៅដូច្នោះ 14នោះនាងក៏ហៅពួកអ្នកផ្ទះមកប្រាប់ថា ឃើញឬទេ លោកបាននាំសាសន៍ហេព្រើរនេះមកឲ្យមើលងាយយើង វាបានចូលមកចង់ដេកនឹងអញ តែអញបានស្រែកជាខ្លាំង 15កាលវាឮអញឡើងសំឡេងស្រែក នោះវាទុកអាវចោលនៅខាងអញនេះរត់ចេញទៅក្រៅបាត់ 16នាងក៏ដាក់អាវយ៉ូសែបទុកនៅក្បែរខ្លួន ចាំទំរាំតែចៅហ្វាយគាត់វិលមកផ្ទះវិញ 17រួចនាងជំរាបលោកតាមពាក្យដដែលនោះថា អាបាវសាសន៍ហេព្រើរដែលលោកបាននាំមកឯយើងរាល់គ្នា វាចូលមកចង់មើលងាយខ្ញុំ 18តែកាលខ្ញុំស្រែកឡើង នោះវារត់ទៅក្រៅ ទុកអាវចោលនៅក្បែរខ្ញុំនេះ 19កាលចៅហ្វាយគាត់បានឮពាក្យដែលប្រពន្ធប្រាប់ថា បាវលោកបានប្រព្រឹត្តនឹងនាងដូច្នោះ នោះលោកមានចិត្តឆួលក្តៅឡើង 20ហើយក៏យកគាត់ទៅដាក់គុក នៅកន្លែងដែលសំរាប់ឃុំពួកអ្នកទោសរបស់ស្តេច គាត់ក៏ជាប់នៅក្នុងគុកនោះ។
21តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្តល់សេចក្ដីសប្បុរសដល់គាត់ ព្រមទាំងធ្វើឲ្យមេភូឃុំអាណិតមេត្តាដល់គាត់ផង 22មេភូឃុំនោះក៏ប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ទៅក្នុងអំណាចរបស់យ៉ូសែបទាំងអស់ ការអ្វីៗដែលគេធ្វើនៅក្នុងគុក នោះគឺជាគាត់ដែលបង្កើតការនោះ 23មេភូឃុំលែងត្រួតត្រាមើលអ្វីទាំងអស់ដែលនៅក្រោមអំណាចគាត់ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគាត់ ហើយការអ្វីដែលគាត់ធ្វើ នោះទ្រង់ធ្វើឲ្យចំរើនឡើងគ្រប់ជំពូក។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 39: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.