លោកុប្បត្តិ 44
44
1យ៉ូសែបបង្គាប់ទៅអ្នកដែលត្រួតលើផ្ទះខ្លួនថា ចូរច្រកស្បៀងអាហារឲ្យពេញបាវរបស់អ្នកទាំងនោះទៅ តាមដែលគេដឹកនាំទៅបាន រួចយកប្រាក់គេដាក់ទៅក្នុងមាត់បាវវិញ 2ហើយយកពែងប្រាក់របស់អញ ដាក់ចុះក្នុងមាត់បាវនៃអ្នកដែលក្មេងជាងគេនោះ ព្រមទាំងប្រាក់ជាដំឡៃស្រូវផង អ្នកនោះក៏ធ្វើតាមបង្គាប់យ៉ូសែប 3លុះភ្លឺឡើងហើយ នោះក៏បញ្ជូនឲ្យអ្នកទាំងនោះទៅ នឹងលារបស់គេដែរ 4តែកាលគេបានចេញពីទីក្រុងទៅមិនឆ្ងាយប៉ុន្មាន នោះយ៉ូសែបប្រាប់ទៅអ្នកដែលត្រួតលើផ្ទះខ្លួនថា ចូររៀបចំដេញតាមមនុស្សទាំងនោះទៅ កាលណាឯងបានទាន់គេ នោះត្រូវនិយាយយ៉ាងនេះថា ហេតុអ្វីបានជាឯងរាល់គ្នាធ្វើការអាក្រក់ស្នងនឹងការល្អដូច្នេះ 5តើពែងនោះមិនមែនជាពែងដែលចៅហ្វាយអញផឹក ហើយដែលលោកប្រើសំរាប់នឹងទាយទេឬអី ដែលឯងរាល់គ្នាបានធ្វើដូច្នេះ នោះអាក្រក់ណាស់។
6អ្នកនោះក៏ទៅបានទាន់គេ ហើយនិយាយនឹងគេតាមពាក្យទាំងនោះ 7គេប្រកែកឡើងថា ហេតុអ្វីបានជាលោកម្ចាស់ខ្ញុំមានប្រសាសន៍ដូច្នេះ យើងខ្ញុំប្របាទមិនដែលធ្វើដូច្នោះឡើយ 8មើល ដូចជាប្រាក់ដែលយើងខ្ញុំបានឃើញនៅមាត់បាវរបស់យើងខ្ញុំ នោះយើងខ្ញុំបានយកពីស្រុកកាណានមកជូនលោកវិញហើយដែរ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំបានលួចយកប្រាក់ ឬមាសពីផ្ទះចៅហ្វាយរបស់លោកមកបាន 9បើឃើញមាននៅនឹងរូបអ្នកណាក្នុងពួកយើងខ្ញុំប្របាទនេះ សូមឲ្យអ្នកនោះទទួលស្លាប់ចុះ ហើយយើងខ្ញុំរាល់គ្នានឹងធ្វើជាបាវរបស់លោកតទៅ 10តែអ្នកនោះនិយាយថា ដូច្នេះសូមឲ្យបានដូចជាពាក្យអ្នកចុះ បើខ្ញុំរកឃើញនៅលើរូបអ្នកណា ឲ្យអ្នកនោះត្រូវធ្វើជាបាវខ្ញុំចុះ តែអ្នកឯទៀតនឹងបានរួចទោសវិញ 11នោះគេក៏ប្រញាប់ប្រញាល់នឹងដាក់បាវស្រូវចុះមកដី ហើយស្រាយចេញគ្រប់គ្នា 12រួចអ្នកនោះជ្រាវរាវរកចាប់តាំងពីបងច្បងទៅដល់ប្អូនពៅ ឃើញមានពែងនោះនៅក្នុងបាវរបស់បេនយ៉ាមីន 13នោះគេក៏ហែកសំលៀកបំពាក់ រួចផ្ទុកលាត្រឡប់ទៅឯទីក្រុងវិញទាំងអស់គ្នា។
14យូដា នឹងបងប្អូននាំគ្នាចូលទៅក្នុងផ្ទះយ៉ូសែបដែលនៅផ្ទះនៅឡើយ ក៏ទំលាក់ខ្លួនក្រាបចុះផ្កាប់មុខដល់ដីនៅចំពោះគាត់ 15នោះយ៉ូសែបនិយាយគំរាមទៅគេថា ឯងរាល់គ្នាបានធ្វើអ្វីដូច្នេះ តើមិនដឹងថា មនុស្សយ៉ាងអញចេះចាប់យាមទេឬអី 16យូដាឆ្លើយឡើងថា យើងខ្ញុំនឹងឆ្លើយតបនឹងលោកម្ចាស់នៃយើងខ្ញុំដូចម្តេចបាន តើនឹងនិយាយអ្វី ឬដោះសាខ្លួនយើងខ្ញុំជាយ៉ាងណាបាន ព្រះទ្រង់បានឃើញសេចក្ដីទុច្ចរិតរបស់យើងខ្ញុំប្របាទហើយ មើល យើងខ្ញុំត្រូវធ្វើជាបាវបំរើរបស់លោកម្ចាស់ គឺទាំងខ្លួនយើងខ្ញុំ នឹងអ្នក១ដែលឃើញមានពែងនៅដៃនោះផង 17តែគាត់ឆ្លើយថា អញមិនធ្វើដូច្នោះទេ អ្នកណាដែលបានឃើញមានពែងនៅដៃវា គឺអ្នកនោះឯងដែលត្រូវធ្វើជាបាវរបស់អញ ឯឯងរាល់គ្នាវិញ ត្រូវឡើងត្រឡប់ទៅឯឪពុកឯងដោយសុខសាន្តចុះ។
18យូដាគាត់ក៏ចូលទៅជិតអង្វរយ៉ូសែបថា ឱលោកម្ចាស់ខ្ញុំប្របាទអើយ សូមបើកឲ្យខ្ញុំប្របាទជាបាវលោកជំរាបជូនលោកស្តាប់១ម៉ាត់សិន សូមកុំខឹងក្តៅនឹងខ្ញុំប្របាទជាអ្នកបំរើលោកឡើយ ពីព្រោះលោកក៏ដូចជាផារ៉ោនហើយ 19លោកម្ចាស់បានសួរយើងខ្ញុំប្របាទថា តើមានឪពុកមានបងប្អូនឬទេ 20នោះយើងខ្ញុំបានឆ្លើយជំរាបលោកម្ចាស់ថា យើងខ្ញុំមានឪពុកចាស់ ហើយនឹងប្អូនតូច១ដែលកើតមកក្នុងកាលដែលគាត់ចាស់ដែរ បងវាបានស្លាប់ទៅ ហើយក្នុងកូនពោះមួយនឹងវា នោះនៅសល់តែវាម្នាក់ឯងទេ ហើយឪពុកស្រឡាញ់វាណាស់ 21តែលោកមានប្រសាសន៍មកយើងខ្ញុំប្របាទថា ចូរនាំវាចុះមកឯលោកកុំខាន ឲ្យលោកបានឃើញផង 22យើងខ្ញុំក៏បានជំរាបលោកម្ចាស់វិញថា កូននោះនឹងឃ្លាតចេញពីឪពុកមកមិនបានទេ ដ្បិតបើវាឃ្លាតចេញពីគាត់ នោះគាត់នឹងស្លាប់ហើយ 23តែលោកបានមានប្រសាសន៍មកយើងខ្ញុំប្របាទថា បើប្អូនពៅមិនចុះមកជាមួយទេ នោះយើងខ្ញុំមិនបានឃើញមុខលោកទៀត 24ដូច្នេះ កាលយើងខ្ញុំបានឡើងទៅដល់ឪពុកដែលជាអ្នកបំរើលោក នោះយើងខ្ញុំក៏ជំរាបគាត់តាមពាក្យរបស់លោកម្ចាស់ 25រួចមកឪពុកយើងខ្ញុំប្រាប់ថា ចូរទៅទិញស្បៀងអាហារសំរាប់យើងទៀត 26តែយើងខ្ញុំបានប្រកែកថា យើងខ្ញុំទៅពុំបានទេ បើប្អូនពៅបានទៅជាមួយ នោះទើបយើងខ្ញុំនឹងទៅបាន ដ្បិតយើងខ្ញុំនឹងឃើញមុខលោកនោះមិនបានទេ លើកតែប្អូនពៅបានទៅជាមួយផង 27ឪពុកយើងខ្ញុំដែលជាអ្នកបំរើលោកគាត់មានប្រសាសន៍មកយើងខ្ញុំថា ឯងរាល់គ្នាដឹងថា ប្រពន្ធអញបានបង្កើតកូនប្រុស២ឲ្យអញ 28មួយបានឃ្លាតចាកពីអញទៅបាត់ហើយ អញក៏គិតថា ប្រាកដជាមានសត្វហែកវាស៊ីមែន អញមិនដែលឃើញវាទៀតដរាបដល់សព្វថ្ងៃនេះ 29ឥឡូវបើឯងរាល់គ្នាយកកូននេះពីអញទៅទៀត ហើយជួនជាកើតមានគ្រោះថ្នាក់យ៉ាងណា នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់អញចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយសេចក្ដីទុក្ខព្រួយហើយ 30ដូច្នេះបើកាលណាខ្ញុំប្របាទត្រឡប់ទៅឯឪពុករបស់ខ្ញុំប្របាទជាអ្នកបំរើលោក ហើយក្មេងនេះដែលគាត់ស្រឡាញ់ដូចជាដួងជីវិត មិនបានឃើញទៅជាមួយនឹងយើងខ្ញុំទេ 31នោះគាត់នឹងស្លាប់ជាពិតដោយមិនឃើញកូននេះ យ៉ាងនោះយើងខ្ញុំប្របាទឈ្មោះថា នឹងនាំឲ្យសក់ស្កូវរបស់ឪពុកយើងខ្ញុំជាអ្នកបំរើលោក ចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយសេចក្ដីទុក្ខព្រួយពិតមែន 32ពីព្រោះខ្ញុំប្របាទបាននិយាយធានាពីដំណើរកូននេះនឹងឪពុកថា បើកាលណាមិនបាននាំវាមកជូនលោកឪពុកវិញទេ នោះត្រូវឲ្យខ្ញុំប្របាទមានទោសចំពោះលោកឪពុកជាដរាប 33ដូច្នេះសូមឲ្យខ្ញុំប្របាទនៅបំរើលោកម្ចាស់ជំនួសកូនកំឡោះនេះចុះ ដើម្បីឲ្យឡើងទៅវិញជាមួយនឹងពួកបងៗ 34ដ្បិតបើក្មេងនេះមិនបានទៅជាមួយហើយ នោះធ្វើដូចម្តេចឡើយឲ្យខ្ញុំប្របាទឡើងទៅឯឪពុករបស់ខ្ញុំប្របាទបាន ខ្លាចក្រែងខ្ញុំឃើញសេចក្ដីអាក្រក់ដែលនឹងកើតដល់ឪពុកខ្ញុំប្របាទ។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 44: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.