លោកុប្បត្តិ 49
49
1យ៉ាកុបក៏ហៅកូនគាត់ទាំងអស់មកប្រាប់ថា ចូរឯងប្រមូលគ្នាទាំងអស់មក ដើម្បីអញនឹងប្រាប់ឲ្យដឹងពីការដែលនឹងកើតដល់ឯងរាល់គ្នានៅជាន់ក្រោយ 2ចូរប្រជុំគ្នាស្តាប់ចុះ ឱពួកកូនយ៉ាកុបអើយ ចូរស្តាប់អ៊ីស្រាអែលជាឪពុកនៃឯងរាល់គ្នា។
3រូបេនអើយ ឯងជាកូនច្បង ជាឫទ្ធីហើយជាដើមកំឡាំងរបស់អញ ឯងមានកិត្តិយស មានឥទ្ធិឫទ្ធិយ៉ាងឯក 4តែដែលរំពើកចុះឡើងដូចទឹក នោះឯងមិនបានស្ថិតស្ថេរនៅជាប់ទេ ពីព្រោះឯងបានឡើងទៅលើដំណាក់របស់ឪពុកឯង ហើយបានធ្វើឲ្យគ្រែអញទៅជាអាស្រូវបារាយក្នុងកាលដែលឡើងទៅដេកនោះ។
5ឯស៊ីម្មាន នឹងលេវីជាបងប្អូនគ្នា ដាវគេជាគ្រឿងសាហាវណាស់ 6ឱចិត្តអញអើយ កុំឲ្យចូលគំនិតនឹងគេ ឱកិត្តិយសរបស់អញអើយ កុំឲ្យចូលក្នុងជំនុំគេឡើយ ដ្បិតគេបានសំឡាប់មនុស្សដោយមោហោចិត្ត ហើយបានប្រហារអ្នកដែលជាកំពូលដោយអំណរចិត្តផង 7សេចក្ដីកំហឹងរបស់គេត្រូវបណ្តាសា ដ្បិតជាខ្លាំងលើសលុប ហើយសេចក្ដីឃោរឃៅរបស់គេផង ពីព្រោះជាសាហាវក្រៃលែង អញនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយនឹងកំចាត់កំចាយគេនៅក្នុងពួកអ៊ីស្រាអែល។
8យូដាអើយ ពួកបងប្អូនឯងនឹងសរសើរឯង ដៃឯងនឹងចាប់កញ្ចឹងកនៃពួកខ្មាំងសត្រូវឯង ពួកកូនឪពុកឯងនឹងឱនគោរពដល់ឯង 9យូដាជាសិង្ហស្ទាវ កូនអើយ ឯងបានឡើងមកពីស៊ីរំពា វាបានក្រាបចុះ បានដេកដូចជាសិង្ហ ហើយដូចជាសិង្ហយ៉ាងខ្លាំង នោះតើអ្នកណាហ៊ានដាស់វា 10ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ឬអំណាចគ្រប់គ្រងពីជើងវាឡើយ ដរាបដល់ស៊ីឡូរបានមកដល់ នោះបណ្តាជនទាំងឡាយនឹងចុះចូលចំពោះទ្រង់ 11ទ្រង់នឹងចងកូនលាភ្ជាប់នឹងដើមទំពាំងបាយជូរ គឺជាកូនរបស់មេលាទ្រង់ភ្ជាប់នឹងដើមយ៉ាងល្អបំផុត ទ្រង់នឹងបោកព្រះពស្ត្រទ្រង់នឹងស្រាទំពាំងបាយជូរ ហើយព្រះពស្ត្រវែងទ្រង់ក្នុងទឹកទំពាំងបាយជូរ 12ព្រះនេត្រទ្រង់នឹងបានក្រហមដូចស្រាទំពាំងបាយជូរ ហើយព្រះទន្តទ្រង់សដូចទឹកដោះ។
13សាប់យូល៉ូននឹងនៅមាត់សមុទ្រ វានឹងបានជាមាត់កំពង់សំរាប់នាវា ហើយព្រំស្រុកវានឹងទល់នឹងស្រុកស៊ីដូន។
14អ៊ីសាខារ វាជាសត្វលាយ៉ាងខ្លាំង ដែលដេកនៅកណ្តាលក្រោលចៀម 15វាឃើញមានទីឈប់សំរាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងចុះចូលធ្វើការដែលគេបង្ខំឲ្យធ្វើ។
16ដាន់នឹងជំនុំជំរះពួកវា ទុកដូចជាពូជអំបូរអ៊ីស្រាអែល១ 17ដាន់នឹងធ្វើជាពស់នៅក្នុងផ្លូវ គឺជាពស់វែកនៅផ្លូវច្រកដែលចឹកកែងជើងសេះ ឲ្យអ្នកជំនិះធ្លាក់ផ្ងារក្រោយ 18ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានរង់ចាំសេចក្ដីសង្គ្រោះរបស់ទ្រង់។
19ឯកាឌ់នឹងមាន១ហ្វូងមកប្រជ្រៀតលើវា តែវានឹងដេញប្រកិតតាមកែងគេវិញ។
20ឯអេស៊ើរ អាហារវានឹងបានវិសេស ហើយវានឹងផ្គត់ផ្គង់របស់យ៉ាងឆ្ងាញ់ថ្វាយស្តេច។
21ណែបថាលី ជាក្តាន់ដែលគេលែង វានឹងពោលពាក្យពីរោះស្តាប់។
22យ៉ូសែបជាមែកឈើមានផ្លែ ជាមែកឈើមានផ្លែដែលដុះនៅជិតរន្ធទឹក ខ្នែងវានឹងវារពាក់លើកំផែង 23ពួកពលធ្នូបានធ្វើទុក្ខវាជាខ្លាំង ទាំងបាញ់ទាំងស្អប់វាផង 24តែធ្នូវានៅតែខ្លាំងពូកែ ដៃវាក៏មានកំឡាំងដោយសារព្រះហស្តនៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប ឯអ្នកគង្វាល គឺជាថ្មដារបស់អ៊ីស្រាអែលបានចេញពីនោះមក 25គឺដោយនូវព្រះនៃឪពុកឯង ដែលទ្រង់នឹងជួយឯង ហើយដោយនូវព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ដែលទ្រង់នឹងប្រទានពរដល់ឯង ជាព្រះពរពីលើមេឃ ហើយជាព្រះពរពីទីជំរៅដែលនៅខាងក្រោម ទាំងផលរបស់ដោះ ហើយនឹងពោះផង 26ពររបស់ឪពុកឯង នោះលើសជាងអស់ទាំងពររបស់ពួកឰយុកោអញ ជាពរធំដល់ព្រំចុងបង្អស់របស់ភ្នំដ៏នៅអស់កល្បជានិច្ច ហើយក៏នៅលើក្បាលយ៉ូសែប គឺនៅលើកំពូលក្បាលនៃអ្នកដែលបានញែកចេញពីពួកបងប្អូនវា។
27បេនយ៉ាមីន ជាឆ្កែព្រៃដែលហែកស៊ី នៅពេលព្រឹកវាខាំស៊ីរំពា ហើយដល់ពេលល្ងាចវាចែករបឹប។
28នោះជាពូជអំបូរអ៊ីស្រាអែលទាំង១២ គឺសេចក្ដីនេះហើយដែលឪពុកគេបានពោលទុក ក្នុងកាលដែលឲ្យពរដល់គេ គាត់ឲ្យពរដល់គ្រប់គ្នា តាមពរដែលគួរឲ្យដល់គេរៀងខ្លួន។
29គាត់ក៏ផ្តាំថា អញហៀបនឹងបានប្រមូលទៅមូលនឹងញាតិអញហើយ ចូរកប់អញនៅជាមួយនឹងជីតាជីដូនរបស់អញ ក្នុងរអាងដែលនៅឯចំការរបស់អេប្រុនជាសាសន៍ហេតទៅ 30គឺក្នុងរអាងដែលនៅចំការម៉ាក់ពេឡា ទល់មុខនឹងម៉ាមរេនៅស្រុកកាណាន ដែលអ័ប្រាហាំបានទិញជាមួយនឹងចំការនោះ ពីអេប្រុនសាសន៍ហេត ទុកសំរាប់ជាទីកប់ខ្មោច 31គឺនៅទីនោះដែលគេបានកប់សពអ័ប្រាហាំ នឹងសារ៉ាជាប្រពន្ធគាត់ ហើយនៅទីនោះគេបានកប់សពអ៊ីសាក នឹងរេបិកាប្រពន្ធគាត់ ហើយគឺនៅទីនោះដែលអញបានកប់សពលេអាដែរ 32ឯចំការ នឹងរអាងនោះបានទិញពីពួកកូនចៅហេតហើយ 33កាលយ៉ាកុបបានផ្តាំដល់ពួកកូនរួចស្រេចហើយ នោះគាត់លើកជើងដាក់លើគ្រែវិញ ហើយក៏ផុតដង្ហើមទៅ បានប្រមូលទៅមូលនឹងញាតិរបស់គាត់។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 49: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.