លោកុប្បត្តិ 9
9
1ព្រះទ្រង់ក៏ប្រទានពរដល់ណូអេ នឹងកូនគាត់ ព្រមទាំងមានបន្ទូលថា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យបាននៅពេញពាសលើផែនដីចុះ 2ឯគ្រប់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស សត្វលូនវារនៅដី នឹងត្រីក្នុងសមុទ្រទាំងប៉ុន្មាននឹងកោតខ្លាច ហើយស្ញប់ស្ញែងដល់ឯងរាល់គ្នា អញប្រគល់វាមកក្នុងអំណាចឯងហើយ 3បណ្តាសត្វទាំងប៉ុន្មានដែលកំរើក ហើយនៅរស់ នោះនឹងបានជាអាហារដល់ឯង ដូចជាតិណជាតិទាំងអស់ដែលអញបានឲ្យដល់ឯងនោះដែរ 4តែសាច់ណាដែលមានជីវិត គឺជាឈាម នោះកុំឲ្យបរិភោគឡើយ 5រីឯជីវិតមនុស្សវិញ បើអ្នកណាយកជីវិតគេ នោះអញនឹងទារឈាមដែលជាជីវិតរបស់អ្នកនោះជាមិនខាន អញនឹងទារឈាមអ្នកនោះ ដោយសារអស់ទាំងសត្វ ហើយដោយសារដៃរបស់មនុស្ស គឺដោយសារដៃរបស់បងប្អូននៃអ្នកដែលស្លាប់នោះផង 6អ្នកណាដែលកំចាយឈាមរបស់មនុស្ស នោះឈាមអ្នកនោះឯងនឹងត្រូវខ្ចាយដោយសារមនុស្សដែរ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ 7ឯឯងរាល់គ្នា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ហើយឲ្យបានសាយគ្រាយនៅផែនដីជាបរិបូរចុះ។
8រួចព្រះទ្រង់មានបន្ទូលទៅណូអេនឹងពួកកូនគាត់ថា 9ឯអញ មើល អញតាំងសញ្ញានឹងឯងរាល់គ្នា ហើយនឹងពូជឯងរាល់គ្នាតរៀងទៅ 10នឹងគ្រប់ទាំងជីវិតទាំងឡាយ ដែលនៅជាមួយនឹងឯងរាល់គ្នា ទាំងសត្វស្លាប សត្វស្រុក នឹងសត្វព្រៃនៅផែនដីផង គឺនឹងគ្រប់ទាំងសត្វនៅផែនដី ដែលបានចេញពីទូកធំមក 11អញនឹងតាំងសញ្ញានឹងឯងរាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវវិនាសដោយទឹកជន់ទៀតឡើយ នឹងលែងមានទឹកជន់បំផ្លាញផែនដីទៀត 12ព្រះទ្រង់ក៏មានបន្ទូលថា នេះជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញតាំងនឹងឯងរាល់គ្នា ហើយនឹងគ្រប់ជីវិតទាំងឡាយដែលនៅជាមួយនឹងឯង នៅអស់ទាំងដំណអស់កល្បជានិច្ច 13គឺអញដាក់ធ្នូរបស់អញនៅនាពពក នោះហើយជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញតាំងនឹងផែនដី 14កាលណាអញប្រមូលពពកមកលើផែនដី នោះនឹងឃើញឥន្ទធនូស្ថិតនៅលើពពកនោះ 15ហើយអញនឹងនឹកចាំពីសេចក្ដីសញ្ញា ដែលអញបានតាំងនឹងឯងរាល់គ្នា ហើយនឹងអស់ទាំងសត្វគ្រប់ពូជដែរ នោះនឹងគ្មានទឹកជន់ឡើងលិចផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ទៀតឡើយ 16ឥន្ទធនូនោះនឹងនៅលើពពក ហើយអញនឹងមើលឃើញ ដើម្បីឲ្យនឹកចាំពីសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដែលព្រះបានតាំងនឹងអស់ទាំងជីវិតគ្រប់ពូជនៅផែនដី 17ព្រះទ្រង់ក៏មានបន្ទូលទៅណូអេថា នេះហើយជាទីសំគាល់នៃសេចក្ដីសញ្ញា ដែលអញបានតាំងនឹងគ្រប់ទាំងសាច់នៅលើផែនដី។
18រីឯកូនណូអេដែលចេញពីទូកធំមក នោះគឺសិម ហាំ នឹងយ៉ាផែត ឯហាំ នោះជាឪពុកកាណាន 19អ្នកទាំង៣នោះជាកូនរបស់ណូអេ គឺកូនចៅអ្នកទាំងនោះហើយ ដែលបានចេញទៅនៅពេញពាសលើផែនដី។
20ឯណូអេ គាត់ចាប់តាំងភ្ជួររាស់ដីធ្វើចំការ ហើយដាំទំពាំងបាយជូរ 21គាត់បានផឹកស្រាទំពាំងបាយជូរនោះ ហើយក៏ស្រវឹងទៅ រួចដេកអាក្រាតនៅក្នុងត្រសាលគាត់ 22ឯហាំ ជាឪពុកកាណាន បានឃើញឪពុកអាក្រាតដូច្នោះ ក៏ទៅបកកេរ្តិ៍ប្រាប់ដល់បងប្អូនទាំង២ ដែលនៅខាងក្រៅ 23នោះសិម នឹងយ៉ាផែតនាំគ្នាយកអាវវែងមកត្រដាងពីស្មាទាំង២នាក់ ដើរថយក្រោយទៅបាំងកេរខ្មាសឪពុក ទាំងមើលចំទៅខាងមុខ មិនឲ្យឃើញកេរខ្មាសរបស់គាត់ឡើយ 24លុះកាលណូអេស្វាងពីស្រាឡើង ក៏បានដឹងការដែលកូនពៅបានធ្វើ 25នោះគាត់និយាយថា កាណានត្រូវបណ្តាសាហើយ វានឹងត្រូវធ្វើជាអ្នកបំរើដល់ពួកបាវរបស់បងប្អូនវា 26ហើយគាត់និយាយទៀតថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃសិមបានប្រកបដោយព្រះពរ ហើយត្រូវឲ្យកាណានធ្វើបាវបំរើដល់សិមវិញ 27សូមព្រះទ្រង់វាតទីឲ្យយ៉ាផែត សូមឲ្យវាបានអាស្រ័យនៅក្នុងទីលំនៅរបស់សិម ហើយឲ្យកាណានបានធ្វើជាបាវបំរើរបស់វាដែរ។ 28លុះក្រោយទឹកជន់លិចមក នោះណូអេ គាត់ក៏រស់នៅបាន៣៥០ឆ្នាំទៅទៀត 29អាយុរបស់ណូអេ ទាំងអស់រួមបាន៩៥០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 9: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.