ហាបាគុក 1

1
1នេះ​ជា​សេចក្ដី​ទំនាយ​ទាយ​យ៉ាង​ធ្ងន់ ដែល​ហោរា​ហាបាគុក​បាន​ឃើញ។
2ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​អំពាវ‌នាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ ទូលបង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត តែ​ទ្រង់​មិន​ជួយ​សង្គ្រោះ​ឡើយ 3ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ទូលបង្គំ​ឃើញ​អំពើ​ទុច្ចរិត ហើយ​ឲ្យ​ទូលបង្គំ​មើល​ឃើញ​តែ​សេចក្ដី​ទំនាស់​ចិត្ត​ដូច្នេះ ដ្បិត​មាន​សុទ្ធ​តែ​ការ​បំផ្លាញ នឹង​ការ​ច្រឡោត​នៅ​មុខ​ទូលបង្គំ ក៏​មាន​សេចក្ដី​ឈ្លោះ​ប្រកែក នឹង​ការ​ទាស់‌ទែង​គ្នា​កើត​ឡើង 4ហេតុ​ដូច្នេះ បញ្ញត្ត​ច្បាប់​បាន​អន់‌ថយ​ទៅ ហើយ​សេចក្ដី​យុត្តិ‌ធម៌​មិន​លេច​មក​ឲ្យ​ឃើញ​ឡើយ ដ្បិត​មនុស្ស​អាក្រក់​ឡោម‌ព័ទ្ធ​មនុស្ស​សុចរិត បាន​ជា​សេចក្ដី​យុត្តិ‌ធម៌​ចេញ​មក​ខូច​ហើយ។
5ចូរ​ពិចារណា​មើល ក្នុង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ចូរ​មើល​ទៅ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ដ៏​ពន្លឹក​ចុះ ដ្បិត​នៅ​ក្នុង​ជំនាន់​របស់​ឯង​នេះ អញ​កំពុង​តែ​ធ្វើ​ការ​១ ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ទេ ទោះ​បើ​មាន​គេ​ប្រាប់​ក៏​ដោយ 6ដ្បិត​មើល អញ​នឹង​តាំង​សាសន៍​ខាល់ដេ​ឡើង ជា​សាសន៍​ដែល​មួម៉ៅ ហើយ​រហ័ស‌រហាល់ គេ​នឹង​លើក​គ្នា​ដើរ​កាត់​ផែនដី​ទាំង​មូល ដើម្បី​នឹង​ចាប់​យក​ទី​លំនៅ ដែល​មិន​មែន​ជា​របស់​ផង​ខ្លួន 7គេ​គួរ​ស្ញែង​ខ្លាច ហើយ​មាន​ភាព​គួរ​ស្បើម សេចក្ដី​យុត្តិ‌ធម៌ នឹង​យស‌សក្តិ​របស់​គេ នោះ​មក​តែ​ពី​ខ្លួន​គេ​ទេ 8ឯ​សេះ​របស់​គេ ក៏​លឿន​ជាង​ខ្លា​រខិន ហើយ​សាហាវ​ជាង​ឆ្កែ​ព្រៃ ដែល​ចេញ​នៅ​ពេល​ល្ងាច​ផង ពួក​ទ័ព​សេះ​របស់​គេ សំរុក​ចូល​ដោយ​ឥត​ញញើត អើ ពួក​ពល​សេះ​របស់​គេ​មក​ពី​ឆ្ងាយ គេ​លឿន​ដូច​ជា​ឥន្ទ្រី​ដែល​រហ័ស​ហើរ​ទៅ​ហែក​ស៊ី 9គេ​សុទ្ធ​តែ​មក​ដើម្បី​រឹប​ជាន់ មុខ​គេ​រក​តែ​ទៅ​ខាង​មុខ​ទៀត គេ​ប្រមូល​បាន​ឈ្លើយ​ដូច​ជា​ខ្សាច់ 10អើ គេ​ឡក‌ឡឺយ​ឲ្យ​អស់​ទាំង​ស្តេច ហើយ​យក​ពួក​ចៅហ្វាយ​ជា​ទី​មើល‌ងាយ គេ​សើច​ចំពោះ​អស់​ទាំង​ទី​មាំ‌មួន ដ្បិត​គេ​នឹង​គ្រាន់​តែ​ពូន​ធូលី​ដី​ឡើង ចាប់​យក​បាន​ហើយ 11រួច​បោស​ហួស​ទៅ​ដូច​ជា​ខ្យល់ ហើយ​កន្លង​ទៅ ព្រម​ទាំង​នាំ​ឲ្យ​ខ្លួន​មាន​ទោស គឺ​គេ​នឹង​យក​កំឡាំង​របស់​ខ្លួន​ទុក​ជា​ព្រះ។
12ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​មិន​គង់​នៅ​តាំង​ពី​អស់‌កល្ប​រៀង​មក​ទេ​ឬ​អី យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស្លាប់​ទេ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ដំរូវ​ទុក​គេ​ឲ្យ​ត្រូវ​ជំនុំ‌ជំរះ ហើយ​ឱ​ថ្មដា​អើយ ទ្រង់​បាន​តាំង​គេ​ឡើង ដើម្បី​វាយ‌ផ្ចាល 13ទ្រង់​មាន​ព្រះ‌នេត្រ​បរិសុទ្ធ​ក្រៃ‌លែង នឹង​ទត​មើល​ការ​អាក្រក់​មិន​បាន ក៏​នឹង​ពិនិត្យ​មើល​ការ​ទុច្ចរិត​មិន​បាន​ដែរ ហេតុ​អ្វី​បាន​ជា​ទ្រង់​ទត​មើល​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​កម្បថ ហើយ​នៅ​តែ​ស្ងៀម ក្នុង​កាល​ដែល​ពួក​អ្នក​អាក្រក់​លេប​មនុស្ស​ដែល​សុចរិត​ជាង​ខ្លួន​បាត់​ទៅ​ដូច្នេះ 14គឺ​ធ្វើ​ឲ្យ​មនុស្ស​បាន​ដូច​ជា​ត្រី​នៅ​សមុទ្រ ឬ​ដូច​ជា​សត្វ​លូន​វារ​ដែល​គ្មាន​អ្នក​ណា​គ្រប់‌គ្រង​រក្សា​សោះ 15គេ​ស្ទូច​ចាប់​យក​ទាំង​អស់ ក៏​ចាប់​ដោយ​សំណាញ់ ហើយ​កៀរ​យក​ដោយ​អួន ដូច្នេះ គេ​មាន​ចិត្ត​រីក‌រាយ ហើយ​អរ​សប្បាយ 16ហេតុ​នោះ​បាន​ជា​គេ​ថ្វាយ​យញ្ញ‌បូជា​ដល់​សំណាញ់​របស់​គេ ហើយ​ដុត​កំញាន​ថ្វាយ​ដល់​អួន ពី​ព្រោះ​ចំណែក​របស់​គេ​បាន​ធំ​ឡើង ហើយ​គេ​មាន​អាហារ​ជា​បរិបូរ ដោយ‌សារ​របស់​ទាំង​នោះ 17ដូច្នេះ​តើ​គេ​នឹង​ចេះ​តែ​ចាក់​ចេញ​ពី​អួន ហើយ​សំឡាប់​អស់​ទាំង​សាសន៍​ឥត​ប្រណី​ជានិច្ច​ឬ។

ទើបបានជ្រើសរើសហើយ៖

ហាបាគុក 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល