ហេព្រើរ 5
5
1ពីព្រោះអស់ទាំងសំដេចសង្ឃ ដែលគេរើសយកពីពួកមនុស្ស នោះបានតាំងសំរាប់មនុស្ស ក្នុងអស់ទាំងការខាងឯព្រះ ដើម្បីនឹងថ្វាយដង្វាយ នឹងយញ្ញបូជា ដោយព្រោះបាប 2ជាអ្នកដែលមានអធ្យាស្រ័យដល់មនុស្សខ្លៅល្ងង់ នឹងមនុស្សវង្វេងផង ដោយព្រោះលោកក៏មានសេចក្ដីកំសោយ នៅព័ទ្ធជុំវិញខ្លួនដែរ 3ហើយដោយហេតុនោះ បានជាលោកត្រូវថ្វាយដង្វាយ ដោយព្រោះបាបរបស់ខ្លួនលោក ដូចជាតែងថ្វាយ ដោយព្រោះបាបនៃបណ្តាជនដែរ 4គ្មានអ្នកណាលើកខ្លួនដល់ងារដ៏ប្រសើរនោះឡើយ មានតែអ្នកដែលព្រះទ្រង់ហៅប៉ុណ្ណោះ តួយ៉ាងដូចជាលោកអើរ៉ុន 5ដូច្នេះ ព្រះគ្រីស្ទក៏មិនបានដំកើងព្រះអង្គទ្រង់ឡើងធ្វើជាសំដេចសង្ឃដែរ គឺជាព្រះវិញទេតើដែលមានបន្ទូលទៅទ្រង់ថា «ឯងជាកូនអញៗបានបង្កើតឯងនៅថ្ងៃនេះ» 6ដូចក្នុងបទ១ទៀត ព្រះក៏មានបន្ទូលថា «ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» 7ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន នឹងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់ 8ហើយទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្តាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ 9រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើត នៃសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ទ្រង់ 10ដោយព្រះបានតាំងងារទ្រង់ជាសំដេចសង្ឃ តាមរបៀបលោកម៉ិលគីស្សាដែក។
11យើងខ្ញុំមានសេចក្ដីជាច្រើននឹងអធិប្បាយពីលោកនោះ ដែលពិបាកពន្យល់ ដ្បិតអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្តាប់ 12គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូ ដោយព្រោះជឿជាយូរមកហើយ តែអ្នករាល់គ្នាត្រូវការ ឲ្យគេបង្រៀនទាំងខ្លឹមរបស់បថមសិក្សា នៃព្រះបន្ទូលម្តងទៀត ហើយមិនត្រូវការនឹងអាហាររឹង គឺត្រូវការនឹងទឹកដោះវិញ 13ដ្បិតអស់អ្នកណាដែលទទួលទានទឹកដោះ នោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្ដីសុចរិតទេ ពីព្រោះអ្នកនោះជាកូនតូចនៅឡើយ 14ឯអាហាររឹង នោះសំរាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ។
ទើបបានជ្រើសរើសហើយ៖
ហេព្រើរ 5: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.