ហេព្រើរ 8
8
1រីឯដែលបង្រួមសេចក្ដីអធិប្បាយទាំងប៉ុន្មានអម្បាញ់មិញនេះ នោះគឺថា យើងរាល់គ្នាមានសំដេចសង្ឃ១អង្គយ៉ាងនោះ ដែលទ្រង់បានគង់ខាងស្តាំបល្ល័ង្កនៃឫទ្ធានុភាពនៅស្ថានសួគ៌ 2ជាអ្នកមានការងារក្នុងទីបរិសុទ្ធ ហើយក្នុងរោងឧបោសថដ៏ពិត ដែលព្រះអម្ចាស់បានដំឡើង មិនមែនជាមនុស្សទេ។
3ឯសំដេចសង្ឃទាំងប៉ុន្មាន នោះបានតាំងឲ្យមានងារ សំរាប់នឹងថ្វាយដង្វាយ ហើយយញ្ញបូជា បានជាត្រូវឲ្យព្រះអង្គនេះបានអ្វីនឹងថ្វាយដែរ 4ដ្បិតបើសិនជាទ្រង់គង់នៅផែនដី នោះទ្រង់មិនបានធ្វើជាសង្ឃទេ ពីព្រោះមានពួកសង្ឃដែលថ្វាយដង្វាយ តាមក្រិត្យវិន័យហើយ 5ដែលគេជាគំរូ ហើយជាស្រមោល ពីរបស់នៅស្ថានសួគ៌វិញ ដូចជាព្រះបានបង្គាប់លោកម៉ូសេ ក្នុងកាលដែលលោករៀបនឹងធ្វើរោងឧបោសថថា «ចូរប្រយ័តនឹងធ្វើគ្រប់ទាំងអស់ តាមគំរូដែលអញបានបង្ហាញឯងនៅលើភ្នំ» 6តែឥឡូវនេះវិញ ដែលទ្រង់ជាអ្នកកណ្តាលរបស់សេចក្ដីសញ្ញា១ដ៏ប្រសើរជាងប៉ុណ្ណា ដែលសេចក្ដីសញ្ញានោះបានតាំងឡើង លើពាក្យសន្យាប្រសើរជាងផង នោះទ្រង់ក៏បានទទួលការងារដ៏ប្រសើរជាងប៉ុណ្ណោះដែរ 7ដ្បិតបើសិនជាសញ្ញាចាស់ឥតមានកំហុស នោះមិនបានរកកន្លែងឲ្យបានតាំង១ទៀតឡើយ 8ពីព្រោះ ដែលទ្រង់ចាប់សេចក្ដីកំហុស នោះទ្រង់មានបន្ទូលទៅគេថា «មើល ព្រះអម្ចាស់មានបន្ទូលថា នឹងមានថ្ងៃមក ដែលអញនឹងតាំងសញ្ញាថ្មី ដល់វង្សានុវង្សនៃពួកអ៊ីស្រាអែល នឹងពួកយូដា 9មិនមែនតាមសេចក្ដីសញ្ញា ដែលអញបានតាំងនឹងពួកឰយុកោគេ នៅថ្ងៃដែលអញបានចាប់ដៃ នាំគេចេញពីស្រុកអេស៊ីព្ទនោះទេ ព្រោះគេមិនបានកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់អញនោះឡើយ ហើយអញបានបែរចេញពីគេដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ 10ព្រះអម្ចាស់មានបន្ទូលថា ឯសេចក្ដីសញ្ញា ដែលអញនឹងតាំងដល់វង្សានុវង្សនៃពួកអ៊ីស្រាអែលក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រិត្យវិន័យអញនៅក្នុងគំនិតគេ ហើយនឹងកត់ទុក នៅក្នុងចិត្តគេផង អញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងធ្វើជារាស្ត្ររបស់អញ 11នោះមិនចាំបាច់ឲ្យគ្រប់គ្នាបង្រៀនអ្នកជិតខាងនឹងបងប្អូនខ្លួនថា ចូរស្គាល់ព្រះអម្ចាស់នោះទេ ដ្បិតក្នុងពួកគេ មនុស្សនឹងស្គាល់អញគ្រប់គ្នា តាំងពីអ្នកតូច រហូតដល់អ្នកធំហើយ 12ពីព្រោះអញនឹងអាណិតមេត្តាចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយអញនឹងលែងនឹកចាំពីអំពើបាប នឹងសេចក្ដីទទឹងច្បាប់របស់គេទៀត» 13រីឯពាក្យដែលថា «ថ្មី» នោះគឺថា ព្រះទ្រង់បានធ្វើឲ្យសេចក្ដីមុនទៅជាចាស់ហើយ ឯរបស់ណាដែលត្រឡប់ជាចាស់ ហើយមានវ័យកន្លង នោះក៏ជិតនឹងសូន្យបាត់ដែរ។
ទើបបានជ្រើសរើសហើយ៖
ហេព្រើរ 8: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.