ហូសេ 4

4
1ឱ​ពួក​កូន​ចៅ​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​រឿង​នឹង​ពួក​អ្នក​ស្រុក​នេះ ពី​ព្រោះ​គ្មាន​សេចក្ដី​ពិត ឬ​សេចក្ដី​សប្បុរស ក៏​ឥត​មាន​អ្នក​ណា​ស្គាល់​ព្រះ នៅ​ក្នុង​ស្រុក​នេះ​ឡើយ 2មាន​សុទ្ធ​តែ​ការ​ប្រទេច​ផ្តាសា ភូត‌កុហក កាប់​សំឡាប់ លួច​ប្លន់ ហើយ​ផិត​គ្នា​ទទេ គេ​រឹប​ជាន់ ហើយ​កំចាយ​ឈាម​តៗ​គ្នា 3ហេតុ​នោះ ស្រុក​នេះ​នឹង​ត្រូវ​សោយ‌សោក ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​ល្វើយ​ទៅ ព្រម​ទាំង​សត្វ​នៅ​ដី នឹង​សត្វ​ហើរ​លើ​អាកាស​ផង អើ ទាំង​ត្រី​នៅ​សមុទ្រ​ក៏​ត្រូវ​ដក​ចេញ​ដែរ 4ប៉ុន្តែមិន​ត្រូវ​ឲ្យ​អ្នក​ណា​ត​តាំង ឬ​ស្តី​បន្ទោស​អ្នក​ណា​ឡើយ ដ្បិត​ជន‌ជាតិ​ឯង​ប្រៀប​ដូច​ជា​មនុស្ស​ដែល​ត​តាំង​នឹង​សង្ឃ 5ហេតុ​នោះ ឯង​នឹង​ត្រូវ​ចំពប់​ទាំង​ថ្ងៃ ហើយ​ហោរា​នឹង​ចំពប់​ជា​មួយ​នឹង​ឯង នៅ​ពេល​យប់​ដែរ អញ​នឹង​បំផ្លាញ​ទាំង​ម្តាយ​ឯង​ផង។
6រាស្ត្រ​អញ គេ​ត្រូវ​បំផ្លាញ​ទៅ ដោយ​ខ្វះ​ខាត​ដំរិះ​ដូច្នេះ​ដោយ​ព្រោះ​ឯង​មិន​ព្រម​ទទួល​ដំរិះ បាន​ជា​អញ​ក៏​នឹង​បោះ‌បង់​ចោល​ឯង មិន​ឲ្យ​ធ្វើ​ជា​សង្ឃ​ដល់​អញ​ទៀត​ដែរ ហើយ​ដោយ​ហេតុ ដែល​ឯង​បាន​ភ្លេច​ច្បាប់​របស់​ព្រះ​នៃ​ឯង នោះ​អញ​ក៏​នឹង​ភ្លេច​កូន​ចៅ​របស់​ឯង​ដូច​គ្នា 7វា​វាល់​គ្នា​មាន​ចំនួន​ច្រើន​ឡើង​ប៉ុណ្ណា នោះ​ក៏​បាន​ធ្វើ​បាប​នឹង​អញ​ជា​ច្រើន​ប៉ុណ្ណោះ​ដែរ ដូច្នេះ អញ​នឹង​បំផ្លាញ​កិត្តិសព្ទ​របស់​គេ​ឲ្យ​ទៅ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​វិញ 8គេ​ចិញ្ចឹម​ជីវិត​ដោយ​អំពើ​បាប​របស់​រាស្ត្រ​អញ ក៏​តាំង​ចិត្ត​ចំពោះ​អំពើ​ទុច្ចរិត​របស់​វា​រាល់​គ្នា 9នៅ​គ្រា​នោះ បណ្តាជន​ជា​យ៉ាង​ណា សង្ឃ​ក៏​នឹង​យ៉ាង​នោះ​ដែរ ហើយ​អញ​នឹង​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​ប្រព្រឹត្ត​របស់​គេ ព្រម​ទាំង​សង​ដល់​គេ តាម​កិរិយា​របស់​គេ​ផង 10នោះ​គេ​នឹង​ស៊ីតែ​មិន​បាន​ឆ្អែត​ទេ ក៏​នឹង​ប្រព្រឹត្ត​សេចក្ដី​កំផិត តែ​ឥត​បាន​ចំរើន​គ្នា​ដែរ គឺ​ដោយ​ព្រោះ​គេ​បាន​លែង​ប្រយ័ត​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។
11ឯ​ការ​កំផិត ស្រា​ទំពាំង‌បាយ‌ជូរ នឹង​ទឹក​ទំពាំង‌បាយ‌ជូរ​ថ្មី នោះ​រមែង​ដក​យោបល់​ចេញ 12រាស្ត្រ​អញ​គេ​សូម​សេចក្ដី​ប្រឹក្សា​ចំពោះ​ដុំ​ឈើ គឺ​ជា​ឈើ​ផ្សង​របស់​គេ​ដែល​ឲ្យ​គេ​យល់​វិញ ដ្បិត​និស្ស័យ​នៃ​ការ​កំផិត​បាន​ឲ្យ​គេ​ប្រព្រឹត្ត​កន្លង គេ​បាន​ប្រព្រឹត្ត​ការ​កំផិត ដោយ​ក្បត់​ចំពោះ​ព្រះ​របស់​ខ្លួន​ហើយ 13គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ក៏​ដុត​កំញាន​នៅ​លើ​ភ្នំ​តូច នៅ​ក្រោម​ដើម​ម៉ៃសាក់ ដើម​រលួស នឹង​ដើម​ពោធិ៍​ទាំង​អស់​ដែរ ពី​ព្រោះ​ដើម​ទាំង​នោះ​មាន​ម្លប់​ល្អ គឺ​ហេតុ​នោះ​បាន​ជា​កូន​ស្រី​របស់​ឯង​រាល់​គ្នា​បាន​កន្លង​បវេណី ហើយ​អស់​ទាំង​ប្រពន្ធ​ថ្មោង‌ថ្មី​ក្នុង​ពួក​ឯង​រាល់​គ្នា​ក៏​ប្រព្រឹត្ត​កំផិត​ដែរ 14អញ​នឹង​មិន​ធ្វើ​ទោស​ដល់​កូន​ស្រី​របស់​ឯង ក្នុង​កាល​ដែល​ប្រព្រឹត្ត​កន្លង​បវេណី ឬ​ដល់​ប្រពន្ធ​ថ្មោង‌ថ្មី ក្នុង​កាល​ដែល​ប្រព្រឹត្ត​កំផិត​នោះ​ទេ ដ្បិត​ពួក​ប្រុសៗ​ក៏​ដក​ខ្លួន​ទៅ​ដោយ‌ឡែក ជា​មួយ​នឹង​ពួក​សំផឹង​ដែរ គេ​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​នឹង​ពួក​កំផិត ដូច្នេះ ជន​ទាំង‌ឡាយ​ដែល​ឥត​មាន​យោបល់​នេះ គេ​នឹង​ត្រូវ​វិនាស​បង់។
15ឱ​អ៊ីស្រាអែល​អើយ ទោះ​បើ​ឯង​ប្រព្រឹត្ត​ការ​កំផិត​ក៏​មែន​ហើយ ប៉ុន្តែមិន​ត្រូវ​ឲ្យ​យូដា​ទៅ​ជា​មាន​ទោស​ឡើយ កុំ​ឲ្យ​ឯង​ឡើង​មក​ឯ​គីលកាល ក៏​កុំ​ឲ្យ​ឯង​ឡើង​ទៅ​ឯ​បេត-អាវេន ឬ​ស្បថ​ថា «ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ» នោះ​ដែរ 16ដ្បិត​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ដោយ​រឹង‌ចចេស ដូច​ជា​គោ​ក្រមុំ‌ក្រាញ ឥឡូវ​នេះ តើ​ព្រះ‌យេហូវ៉ា​ទ្រង់​ត្រូវ​ឃ្វាល​គេ ដូច​ជា​កូន​ចៀម នៅ​ទី​វាល​ធំ​ទូលាយ​ឬ​អី 17ឯ​អេប្រា‌អិម​វា​ភ្ជាប់​ខ្លួន​តាម​រូប​ព្រះ​ហើយ តាម​តែ​វា​ចុះ 18គ្រឿង​ផឹក​របស់​គេ​បាន​ទៅ​ជា​ជួរ​ហើយ គេ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ជានិច្ច ឯ​ពួក​គ្រប់‌គ្រង​លើ​គេ​ក៏​គាប់​ចិត្ត​ចំពោះ​តែ​អំពើ​គួរ​ខ្មាស 19ខ្យល់​បាន​ក្តោប​គេ​ដោយ​ស្លាប គេ​នឹង​ត្រូវ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​របស់​ខ្លួន។

ទើបបានជ្រើសរើសហើយ៖

ហូសេ 4: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល