ហូសេ 9
9
1ឱអ៊ីស្រាអែលអើយ កុំឲ្យរីករាយដោយចិត្តអំណរដូចជាអស់ទាំងសាសន៍ឡើយ ដ្បិតឯងបានប្រព្រឹត្តសេចក្ដីកំផិតចាកចេញពីព្រះរបស់ឯងហើយ ឯងពេញចិត្តនឹងទទួលរង្វាន់ នៅគ្រប់ទាំងទីលានស្រូវ 2ដូច្នេះ ទីលានស្រូវ នឹងធុងជាន់ផ្លែទំពាំងបាយជូរ នឹងមិនចិញ្ចឹមគេទៀត ហើយទឹកទំពាំងបាយជូរនឹងខានមានទៅ 3គេនឹងលែងអាស្រ័យនៅក្នុងស្រុករបស់ព្រះយេហូវ៉ា ឯអេប្រាអិមនឹងត្រឡប់ទៅឯស្រុកអេស៊ីព្ទ ហើយគេនឹងស៊ីអាហារដែលស្មោកគ្រោក នៅក្នុងស្រុកអាសស៊ើរ 4គេនឹងលែងច្រួចស្រាទំពាំងបាយជូរ ថ្វាយដល់ព្រះយេហូវ៉ា ក៏មិនបានជាទីគាប់ព្រះហឫទ័យដល់ទ្រង់ដែរ អស់ទាំងយញ្ញបូជារបស់គេនឹងបានដូចជានំបុ័ងរបស់អ្នកកាន់ទុក្ខដល់គេវិញ អស់អ្នកណាដែលស៊ីទៅ នឹងត្រូវស្មោកគ្រោកហើយ នំបុ័ងរបស់គេនឹងបានសំរាប់តែចំអែតពោះគេប៉ុណ្ណោះ គឺនឹងមិនដែលចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ 5នៅថ្ងៃជំនុំមុតមាំ ហើយនៅថ្ងៃបុណ្យនៃព្រះយេហូវ៉ា នោះតើឯងរាល់គ្នានឹងធ្វើដូចម្តេច 6ដ្បិតមើល គេបានចេញទៅរួចពីការបំផ្លាញហើយ តែសាសន៍អេស៊ីព្ទនឹងកៀរប្រមូលគេទុក ក្រុងណូពនឹងកប់ខ្មោចគេ ឯគ្រឿងប្រាក់ដែលគាប់ចិត្តគេ នោះនឹងទៅជារបស់ដើមកន្ទេចអាលវិញ ហើយបន្លានឹងដុះក្នុងទីលំនៅរបស់គេ 7គ្រាស្នងទោសបានមកដល់ គឺគ្រាសងសំណងដល់គេបានមកហើយ ពួកអ៊ីស្រាអែលនឹងដឹងដែរ ឯហោរា គេឆ្កួត ហើយមនុស្សដែលមាននិស្ស័យខាងវិញ្ញាណក៏លីលា តែដោយព្រោះអំពើទុច្ចរិតដ៏បរិបូណ៌របស់ឯង នឹងសេចក្ដីសំអប់ដ៏ជាខ្លាំង 8អ្នកចាំយាមរបស់អេប្រាអិមបាននៅជាមួយនឹងព្រះនៃខ្ញុំ តែពួកហោរាសុទ្ធតែជាលប់ សំរាប់ចាប់សត្វ នៅគ្រប់ទាំងផ្លូវរបស់គេ ហើយជាសេចក្ដីសំអប់នៅក្នុងព្រះវិហាររបស់ព្រះនៃខ្លួន 9គេបានបង្ខូចចិត្តគេទៅយ៉ាងជ្រៅ ដូចកាលនៅគ្រាគីបៀរ ទ្រង់នឹងនឹកចាំពីអំពើទុច្ចរិតរបស់គេ ហើយនឹងតបស្នងចំពោះបាបគេដែរ។
10អញបានប្រទះនឹងអ៊ីស្រាអែល ដូចជាប្រទះនឹងផ្លែទំពាំងបាយជូរនៅក្នុងទីរហោស្ថាន អញបានឃើញពួកឰយុកោឯងរាល់គ្នា ដូចជាផ្លែនៅដើមល្វាដែលទុំមុនគេនៅរដូវជាដំបូង តែគេបានទៅដល់បាល-ពេអរ ហើយបានថ្វាយខ្លួនដល់រូបព្រះគួរខ្មាស ក៏ត្រឡប់ជាគួរខ្ពើមឆ្អើមដូចជារបស់ដែលគេស្រឡាញ់នោះ 11ចំណែកអេប្រាអិម សិរីល្អរបស់គេនឹងហើរបាត់ទៅដូចជាសត្វស្លាប នឹងឥតមានការសំរាល ឬមានទំងន់ ឬការចាប់ទុំផ្ទៃទៀតឡើយ 12ហើយទោះបើគេបីបាច់ចិញ្ចឹមកូនឲ្យធំឡើង គង់តែអញនឹងបង្អត់ទៅ ឲ្យឥតមានមនុស្សណានៅសល់សោះ អើ វេទនាដល់គេដែរ ក្នុងកាលដែលអញចាកចេញពីគេទៅ 13ឯអេប្រាអិមបានតាំងនៅក្នុងទីគាប់ចិត្ត ដូចជាអញបានឃើញក្រុងទីរ៉ុសដែរ ប៉ុន្តែអេប្រាអិមនឹងត្រូវនាំកូនខ្លួនចេញមកឲ្យអ្នកដែលកាប់សំឡាប់វិញ 14ឱព្រះយេហូវ៉ាអើយ សូមប្រទានដល់គេ តែត្រូវប្រទានអ្វី គឺត្រូវឲ្យគេមានផ្ទៃដែលរលូតកូន ហើយដោះរីងស្ងួត 15អស់ទាំងអំពើអាក្រក់របស់គេសុទ្ធតែនៅត្រង់គីលកាល ដ្បិតគឺនៅទីនោះដែលអញបានស្អប់គេ អញនឹងបណ្តេញគេចេញពីព្រះវិហាររបស់អញ ដោយព្រោះសេចក្ដីអាក្រក់នៃការដែលគេធ្វើ អញនឹងមិនស្រឡាញ់គេតទៅទៀត ពួកចៅហ្វាយរបស់គេសុទ្ធតែជាមនុស្សបះបោរ 16អេប្រាអិមត្រូវវាយហើយឫសរបស់គេបានក្រៀមទៅ គេនឹងមិនបង្កើតផលទៀតឡើយ អើ ទោះបើគេបង្កើតកូនបានដែរ គង់តែអញនឹងសំឡាប់កូនសំឡាញ់ ដែលចេញពីផ្ទៃគេមក 17ព្រះនៃខ្ញុំទ្រង់នឹងបោះគេចោល ពីព្រោះគេមិនបានស្តាប់តាមទ្រង់ នោះគេនឹងបានជាមនុស្សសាត់អណ្តែត នៅកណ្តាលអស់ទាំងសាសន៍។
ទើបបានជ្រើសរើសហើយ៖
ហូសេ 9: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.