អេសាយ 29
29
1វេទនាដល់អើរាល គឺអើរាល ជាទីក្រុងដែលដាវីឌបានគង់នៅ ចូរឲ្យគេធ្វើបុណ្យទាំងខួបៗ រាល់តែឆ្នាំតទៅចុះ 2នោះអញនឹងធ្វើទុក្ខដល់អើរាល ហើយគេនឹងកើតមានសេចក្ដីសោយសោក នឹងការយំទួញ ឯទីក្រុងនឹងបានដូចជាជើងក្រាននៃអាសនាដល់អញ 3អញនឹងបោះទ័ពឡោមព័ទ្ធឯង ព្រមទាំងដាក់ទាហានបង្ខាំងនៅជុំវិញ ហើយចាត់ចែងគ្រឿងចំបាំងច្បាំងនឹងឯង 4នោះឯងនឹងត្រូវបន្ទាបចុះ ហើយនិយាយចេញពីដីមក សំដីឯងនឹងឮខ្សាវៗមកពីធូលីដី សំឡេងឯងនឹងចេញពីដីមកដូចជាសំឡេងរបស់គ្រូខាប គឺសំដីឯងនឹងឮខ្សឹបចេញពីធូលីដីមកយ៉ាងនោះឯង។
5ប៉ុន្តែពួកខ្មាំងសត្រូវដ៏មានច្រើនក្រៃលែងរបស់ឯង នឹងដូចជាផង់ធូលីដី ហើយពួកគួរស្ញែងខ្លាចដ៏មានច្រើនក្រៃលែង គេនឹងដូចជាអង្កាមដែលកន្លងបាត់ទៅ អើ ការនោះនឹងកើតមកភ្លាម១រំពេចផង 6ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងធ្វើទោសដល់ទីក្រុងដោយផ្គរ កក្រើកដី សូរគ្រាំគ្រេង ខ្យល់កួច ព្យុះសង្ឃរា នឹងអណ្តាតភ្លើងដែលឆេះបំផ្លាញ 7នោះពួកដ៏មានច្រើនក្រៃលែង ពីគ្រប់ទាំងសាសន៍ដែលច្បាំងនឹងអើរាល គឺអស់អ្នកដែលច្បាំងនឹងទីក្រុង ហើយនឹងបន្ទាយផង ជាពួកអ្នកដែលធ្វើទុក្ខដល់ទីក្រុង គេនឹងប្រៀបដូចជាសប្តិ គឺជាការជាក់ស្តែងនៅពេលយប់ទេ 8នោះនឹងបានដូចជាកាលមនុស្សឃ្លាន គេយល់សប្តិឃើញថា ខ្លួនបានបរិភោគ តែលុះភ្ញាក់ឡើង នោះចិត្តនឹកឃ្លានវិញ ឬដូចជាកាលណាមនុស្សដែលស្រេកបានយល់សប្តិឃើញថា ខ្លួនកំពុងតែផឹក តែគេភ្ញាក់ឡើង ហើយមើល គេល្វើយ ហើយចិត្តនឹកស្រេកណាស់ ឯពួកដ៏មានច្រើនក្រៃលែងពីគ្រប់ទាំងសាសន៍ ដែលច្បាំងនឹងភ្នំស៊ីយ៉ូន គេនឹងដូច្នោះដែរ។
9ចូរឲ្យអ្នករាល់គ្នានៅជាស្ទាក់ស្ទើរ ហើយភាំងឆ្ងល់ចុះ ចូរឲ្យបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ទៅ គេស្រវឹង តែមិនមែនដោយស្រាទំពាំងបាយជូរទេ គេទ្រេតទ្រោតទៅ តែមិនមែនដោយគ្រឿងស្រវឹងឡើយ 10ដ្បិតព្រះយេហូវ៉ាទ្រង់បានចាក់វិញ្ញាណ ដែលបណ្តាលឲ្យលក់ស៊ប់មកលើអ្នករាល់គ្នា ក៏បានបិទភ្នែកអ្នករាល់គ្នា ជាពួកហោរា ហើយបានគ្របភ្ជិតក្បាលអ្នករាល់គ្នា ជាពួកមើលឆុត 11ការជាក់ស្តែងទាំងអស់បានត្រឡប់ដូចជាពាក្យក្នុងសៀវភៅ ដែលបិទត្រាហើយ ដល់អ្នករាល់គ្នា ជាសៀវភៅដែលគេជូនដល់ម្នាក់មានចំណេះ ដោយពាក្យថា សូមអ្នកមើលសៀវភៅនេះទៅ តែអ្នកនោះឆ្លើយតបថា ខ្ញុំមើលមិនបានទេ ពីព្រោះបិទត្រាហើយ 12រួចគេបញ្ជូនឲ្យដល់ម្នាក់ដែលគ្មានចំណេះ ដោយពាក្យថា សូមអ្នកមើលសៀវភៅនេះ តែអ្នកនោះឆ្លើយតបមកវិញថា ខ្ញុំមិនចេះអក្សរទេ។
13ព្រះអម្ចាស់ទ្រង់ក៏មានបន្ទូលថា ហេតុដោយព្រោះសាសន៍នេះគេចូលមកជិតអញ ហើយគោរពប្រតិបត្តិដល់អញ ដោយសំដីនឹងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីអញ ហើយការដែលគេកោតខ្លាចដល់អញគ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ 14ហេតុនោះ មើល អញនឹងធ្វើការ១យ៉ាងអស្ចារ្យ នៅកណ្តាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់គេនឹងត្រូវបិទបាំងដែរ។
15វេទនាដល់ពួកអ្នកដែលលាក់គំនិតរបស់ខ្លួនពីព្រះយេហូវ៉ា ហើយដែលធ្វើការនៅក្នុងទីកំបាំង ដោយថា តើមានអ្នកណាបានឃើញ តើមានអ្នកណាបានស្គាល់យើង 16យីអើ អ្នករាល់គ្នាយល់ផ្ទុយអីម៉្លេះ តើនឹងរាប់ជាងស្មូនទុកដូចជាដីឥដ្ឋដែរឬ បានជារបស់ដែលគេបានបង្កើតមកហើយ នឹងពោលពីអ្នកដែលបានបង្កើតខ្លួនថា គេមិនបានបង្កើតអញទេ ឬរបស់ដែលគេសូនធ្វើឡើង នឹងពោលពីអ្នកដែលបានសូនធ្វើនោះថា គេឥតមានដំរិះយោបល់អ្វីឡើយដូច្នេះ។
17នៅតែបន្តិចទៀតប៉ុណ្ណោះទេ នោះព្រៃល្បាណូន នឹងត្រឡប់ទៅជាចំការដុះដាល ហើយចំការដុះដាលនឹងបានរាប់ទុកដូចជាព្រៃវិញ 18នៅគ្រានោះ មនុស្សត្រចៀកថ្លង់នឹងឮព្រះបន្ទូលក្នុងគម្ពីរ ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញពីក្នុងសភាពជាងងឹត ហើយសូន្យសុង 19មនុស្សរាបសានឹង មានសេចក្ដីអំណរចំរើនឡើងក្នុងព្រះយេហូវ៉ា ហើយពួកអ្នកក្រីក្រក្នុងបណ្តាមនុស្ស គេនឹងរីករាយដោយសារព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល 20ពីព្រោះមនុស្សដែលគួរស្ញែងខ្លាចបានសូន្យបាត់ទៅ ហើយក៏លែងមានមនុស្សចំអកមើលងាយ ឯពួកមនុស្សដែលរកតែឱកាសនឹងធ្វើការទុច្ចរិត គេនឹងត្រូវកាត់ចេញអស់រលីង 21គឺជាពួកអ្នកដែលចាប់ពាក្យមនុស្សឲ្យគេមានទោស ហើយដាក់អន្ទាក់ សំរាប់ចាប់ពួកមនុស្សដែលក្រើនរំឭកនៅត្រង់ទ្វារក្រុង ព្រមទាំងបង្វែរមនុស្សសុចរិតចេញ ដោយរឿងដែលមិនជាហេតុផង។
22ហេតុនោះ ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះអ័ប្រាហាំ ទ្រង់មានបន្ទូលពីដំណើរពួកវង្សយ៉ាកុបថា ឥឡូវនេះ ពួកយ៉ាកុបមិនត្រូវខ្មាសទៀតឡើយ ក៏មិនត្រូវស្លុតស្លាំងទៀតដែរ 23តែកាលណាកូនចៅគេបានឃើញការដែលដៃអញនឹងធ្វើនៅកណ្តាលពួកគេ នោះគេនឹងរាប់ឈ្មោះអញជាបរិសុទ្ធ អើ ក៏នឹងរាប់ព្រះដ៏បរិសុទ្ធនៃយ៉ាកុបទុកជាបរិសុទ្ធដែរ ព្រមទាំងកោតខ្លាចដល់ព្រះនៃសាសន៍អ៊ីស្រាអែលផង 24ឯពួកអ្នកដែលប្រព្រឹត្តខុសខាងវិញ្ញាណ គេនឹងមានយោបល់វិញ ហើយមនុស្សដែលរទូរទាំនឹងទទួលសេចក្ដីប្រៀនប្រដៅ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 29: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.