អេសាយ 31
31
1វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចំបាំង ដោយព្រោះគេមានជាច្រើន ហើយនឹងពលសេះផង ដោយព្រោះគេមានកំឡាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ 2ឯទ្រង់វិញ ទ្រង់ក៏មានប្រាជ្ញាដែរ ទ្រង់នឹងនាំសេចក្ដីវេទនាមក ហើយមិនព្រមដកព្រះបន្ទូលទ្រង់វិញឡើយ គឺទ្រង់នឹងក្រោកឡើងទាស់នឹងពួកវង្សរបស់អ្នកដែលប្រព្រឹត្តអាក្រក់ ហើយទាស់នឹងអស់អ្នកដែលចូលដៃជាមួយនឹងពួកប្រព្រឹត្តអំពើទុច្ចរិតនោះ 3រីឯពួកសាសន៍អេស៊ីព្ទ គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ មិនមែនជាវិញ្ញាណឡើយ ដូច្នេះ កាលណាព្រះយេហូវ៉ាទ្រង់លូកសន្ធឹងព្រះហស្តទៅ នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់ ហើយអ្នកដែលគេជួយ ក៏នឹងដួលដែរ គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។
4ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ នឹងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកអ្នកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ គង់តែវាមិនភ័យខ្លាចដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ 5ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងការពារក្រុងយេរូសាឡិម ដូចជាសត្វស្លាបដែលហើររេរាការពារសំបុកដែរ ទ្រង់នឹងការពារ ហើយជួយឲ្យរួច ទ្រង់នឹងហោះពីលើ ហើយរារាំងផង 6ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មកឯព្រះអង្គ ដែលអ្នករាល់គ្នាបានបះបោរ នឹងទ្រង់ជាខ្លាំងទៅហើយ 7ពីព្រោះនៅគ្រានោះ គ្រប់មនុស្សទាំងអស់នឹងបោះចោលរូបព្រះធ្វើពីប្រាក់ ហើយពីមាស ដែលដៃអ្នករាល់គ្នាបានធ្វើសំរាប់ខ្លួន ជាការដែលរាប់ជាអំពើបាបពិត 8នោះពួកអាសស៊ើរនឹងដួលស្លាប់ដោយដាវ មិនមែនជាដាវរបស់មនុស្សដែរ ហើយដាវនោះដែលមិនមែនជារបស់មនុស្សនឹងផ្តិលគេបង់ គេនឹងរត់ពីដាវ ហើយពួកកំឡោះៗរបស់គេនឹងត្រូវធ្វើជាឈ្លើយ 9ឯថ្មដារបស់គេនឹងបាត់ទៅ ដោយព្រោះសេចក្ដីតក់ស្លុត ហើយពួកចៅហ្វាយរបស់គេនឹងស្រយុតចិត្ត ដោយព្រោះទង់ជ័យ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលភ្លើងរបស់ទ្រង់កំពុងឆេះនៅក្រុងស៊ីយ៉ូន ហើយគុកភ្លើងរបស់ទ្រង់ក៏នៅក្រុងយេរូសាឡិមដែរ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 31: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.