អេសាយ 42
42
1មើល នេះនែអ្នកបំរើរបស់អញ ដែលអញទប់ទល់ គឺជាអ្នកជ្រើសរើសរបស់អញ ដែលជាទីរីករាយដល់ចិត្តអញ អញបានដាក់វិញ្ញាណអញឲ្យសណ្ឋិតលើទ្រង់ ហើយទ្រង់នឹងសំដែងចេញ ឲ្យគ្រប់ទាំងសាសន៍បានឃើញសេចក្ដីយុត្តិធម៌ 2ទ្រង់នឹងមិនស្រែក ឬបន្លឺឡើង ឬឲ្យអ្នកណាឮសំឡេងនៅក្នុងផ្លូវឡើយ 3ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងសំដែងចេញនូវសេចក្ដីយុត្តិធម៌ ដោយសេចក្ដីពិត 4ទ្រង់នឹងមិនដែលអន់ថយ ឬរសាយចិត្តដរាបដល់បានតាំងសេចក្ដីយុត្តិធម៌ឡើងនៅផែនដី ហើយកោះទាំងប៉ុន្មាននឹងសង្ឃឹមដល់ក្រឹត្យក្រមរបស់ទ្រង់។
5ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតអស់ទាំងជាន់ផ្ទៃមេឃ ហើយបានលាតផង គឺជាព្រះដែលបានក្រាលផែនដី នឹងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោកមានវិញ្ញាណផង ទ្រង់មានបន្ទូលថា 6អញនេះគឺជាយេហូវ៉ា អញបានហៅឯងមកដោយសេចក្ដីសុចរិត អញនឹងកាន់ដៃឯង ហើយថែរក្សាឯង អញនឹងតាំងឯងឡើង ទុកជាសេចក្ដីសញ្ញាដល់បណ្តាជន ហើយជាពន្លឺភ្លឺដល់អស់ទាំងសាសន៍ 7ដើម្បីនឹងធ្វើឲ្យភ្នែកមនុស្សខ្វាក់បានភ្លឺឡើង នឹងនាំពួកត្រូវចាប់ចងចេញពីគុកងងឹត ហើយឲ្យពួកអ្នកដែលអង្គុយនៅក្នុងទីងងឹត បានចេញរួចពីទីឃុំឃាំង 8អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ អញមិនព្រមប្រគល់សិរីល្អរបស់អញដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់អញ ដល់រូបឆ្លាក់ឡើយ 9មើលការខាងដើមទាំងប៉ុន្មានបានកន្លងទៅហើយ គឺជាការថ្មីដែលអញថ្លែងប្រាប់នេះ អញប្រាប់ពីការទាំងនោះ ដល់ឯងរាល់គ្នា មុនដែលកើតមកផង។
10ឯងរាល់គ្នាដែលចុះទៅឯសមុទ្រ ហើយទាំងអស់ដែលនៅក្នុងនោះ ព្រមទាំងកោះ នឹងពួកអ្នកនៅកោះទាំងនោះផង ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ហើយសេចក្ដីសរសើរដល់ទ្រង់ពីចុងផែនដីចុះ 11ឯទីរហោស្ថាន នឹងទីអាស្រ័យនៅក្នុងនោះទាំងប៉ុន្មាន ចូរបន្លឺឡើង ព្រមទាំងបណ្តាភូមិដែលពួកកេដារនៅទាំងអស់ផង ត្រូវឲ្យពួកអ្នកនៅក្រុងសេឡាច្រៀងឡើង ត្រូវឲ្យគេស្រែកពីកំពូលភ្នំចុះ 12ត្រូវឲ្យគេថ្វាយកិត្តិសព្ទដល់ព្រះយេហូវ៉ា ហើយបញ្ចេញសេចក្ដីសរសើររបស់ទ្រង់ដល់អស់ទាំងកោះ 13ព្រះយេហូវ៉ាទ្រង់នឹងយាងចេញទៅ ដូចជាមនុស្សខ្លាំងពូកែ ទ្រង់នឹងបណ្តាលសេចក្ដីឧស្សាហ៍ឡើង ដូចជាមនុស្សថ្នឹកចំបាំង ទ្រង់នឹងស្រែកឡើង អើ ទ្រង់នឹងស្រែកជាខ្លាំង ហើយនឹងបង្ក្រាបពួកសត្រូវដោយឫទ្ធានុភាព។
14អញបានអត់ទ្រាំជាយូរមកហើយ អញបាននៅស្ងៀម ហើយបានទប់ចិត្ត ឥឡូវនេះ អញនឹងស្រែកឡើងដូចជាស្រីដែលឈឺនឹងសំរាលកូន អញនឹងដកដង្ហើមគំហុកចូល រួចទំលាយចេញតែម្តង 15អញនឹងបំផ្លាញទាំងភ្នំធំនឹងភ្នំតូច ហើយឲ្យស្មៅនៅលើនោះស្វិតក្រៀមទៅ អញនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានទៅជាកោះវិញ ហើយឲ្យអស់ទាំងត្រពាំងទឹករីងគោកទៅ 16អញនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវ១ដែលគេមិនស្គាល់ អញនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ អញនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលអញនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ 17ឯពួកអ្នកដែលទុកចិត្តនឹងរូបឆ្លាក់ ហើយដែលនិយាយទៅរូបសិតថា លោកជាព្រះរបស់យើងខ្ញុំ នោះនឹងត្រូវបែរខ្នងចេញវិញ ហើយនឹងមានសេចក្ដីខ្មាសជ្រប់មុខផង។
18ឱមនុស្សដំឡង់អើយ ចូរស្តាប់ចុះ ហើយពួកកង្វាក់អើយ ចូរមើល ដើម្បីឲ្យបានឃើញ 19តើអ្នកណាជាអ្នកខ្វាក់ បើមិនមែនជាអ្នកបំរើរបស់អញ ឬថ្លង់ ដូចជាអ្នកនាំដំណឹងដែលអញចាត់ប្រើ តើអ្នកណាខ្វាក់ភ្នែកដូចជាអ្នកដែលមេត្រីនឹងអញ ហើយខ្វាក់ដូចជាអ្នកបំរើរបស់ព្រះយេហូវ៉ា 20ឯងឃើញការជាច្រើនយ៉ាង តែមិនពិចារណាទេ ត្រចៀកនៅចំហ តែស្តាប់មិនឮសោះ 21ព្រះយេហូវ៉ា ទ្រង់បានសព្វព្រះហឫទ័យ នឹងលើកដំកើងក្រឹត្យវិន័យ ហើយឲ្យមានកិត្តិសព្ទ ដោយយល់ដល់សេចក្ដីសុចរិតរបស់ទ្រង់ 22ប៉ុន្តែសាសន៍នេះជាសាសន៍ ដែលត្រូវគេរឹបជាន់ ហើយប្លន់យក គេសុទ្ធតែជាប់អន្ទាក់នៅក្នុងរូង ហើយក៏លាក់ទុកនៅក្នុងគុក គេសំរាប់ជារំពា ឥតមានអ្នកណាដោះឲ្យរួច ហើយសំរាប់ជារបឹប ឥតមានអ្នកណាថា ចូរប្រគល់ទៅឲ្យគេវិញនោះឡើយ។
23តើមានអ្នកណាក្នុងពួកឯងរាល់គ្នា ដែលនឹងផ្ទៀងត្រចៀកស្តាប់សេចក្ដីទាំងនេះ ដែលនឹងប្រុងស្តាប់ ហើយឮសំរាប់គ្រាទៅខាងមុខនោះ 24តើអ្នកណាបានប្រគល់ពួកយ៉ាកុបឲ្យទៅជារបឹប ហើយពួកអ៊ីស្រាអែលដល់ពួកចោរដូច្នេះ តើមិនមែនជាព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ឥតព្រមដើរតាមផ្លូវទ្រង់ ឬស្តាប់តាមក្រឹត្យវិន័យទ្រង់ឡើយ 25គឺហេតុនោះបានជាទ្រង់ចាក់ភ្លើងនៃសេចក្ដីក្រោធរបស់ទ្រង់ទៅលើគេ ហើយនឹងអំណាចនៃសង្គ្រាមផង នោះក៏បញ្ឆេះគេនៅព័ទ្ធជុំវិញ តែមិនបានដឹងទេ ភ្លើងនោះបានបញ្ឆេះគេ តែគេមិនបានយកចិត្តទុកដាក់ឡើយ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 42: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.