អេសាយ 43

43
1ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​បង្កើត​ឯង​មក ហើយ​ឱ​ពួក​អ៊ីស្រាអែល​អើយ ព្រះ​ដែល​ជប​សូន​ឯង ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ 2កាល​ណា​ឯង​ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ កាល​ណា​ឯង​លុយ​កាត់​ភ្លើង នោះ​ឯង​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្តាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​ឯង​ដែរ 3ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង អញ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ជា​ព្រះ​ដ៏​សង្គ្រោះ​របស់​ឯង អញ​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ទុក​ជា​ថ្លៃ​លោះ​ឯង ព្រម​ទាំង​ស្រុក​អេធីយ៉ូពី នឹង​ស្រុក​សេបា ជំនួស​ឯង​ផង 4អញ​នឹង​ឲ្យ​មនុស្ស​ដទៃ​ជំនួស​ឯង ហើយ​ប្រជា‌ជាតិ​ផ្សេងៗ ស្នង​នឹង​ជីវិត​ឯង ដោយ​ព្រោះ​ឯង​មាន​ដំឡៃ​វិសេស​នៅ​ភ្នែក​អញ ក៏​គួរ​លើក​ដំកើង ហើយ​ជា​ទី​ស្រឡាញ់​ដល់​អញ​ផង 5កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ អញ​នឹង​នាំ​ពូជ‌ពង្ស​ឯង​មក​ពី​ទិស​ខាង​កើត ហើយ​នឹង​ប្រមូល​គេ​មក​ពី​ទិស​ខាង​លិច 6អញ​នឹង​បង្គាប់​ដល់​ទិស​ខាង​ជើង​ថា ចូរ​ប្រគល់​គេ​មក ហើយ​ដល់​ទិស​ខាង​ត្បូង​ថា កុំ​ឃាត់​គេ​ទុក​ឡើយ ចូរ​នាំ​អស់​ទាំង​កូន​ប្រុស​របស់​អញ​មក​ពី​ទី​ឆ្ងាយ ហើយ​ពួក​កូន​ស្រី​អញ​មក​ពី​ចុង​ផែនដី​ចុះ 7គឺ​គ្រប់​មនុស្ស​ដែល​បាន​ហៅ​តាម​នាម​ឈ្មោះ​អញ ជា​អ្នក​ដែល​អញ​បាន​បង្កើត​មក​សំរាប់​សិរី‌ល្អ​នៃ​អញ គឺ​ជា​អ្នក​ដែល​អញ​បាន​ជប​សូន អើ ជា​អ្នក​ដែល​អញ​បាន​តែង‌តាំង​ឡើង។
8ចូរ​នាំ​មនុស្ស​ខ្វាក់​ដែល​មាន​ភ្នែក នឹង​មនុស្ស​ថ្លង់​ដែល​មាន​ត្រចៀក​ចេញ​មក 9ត្រូវ​ឲ្យ​អស់​ទាំង​សាសន៍​ប្រជុំ​គ្នា ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង​ពួង​ជំនុំ​គ្នា​ចុះ ក្នុង​ពួក​គេ តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ទាយ​ពី​ការ​នេះ​បាន ឬ​អាច​នឹង​សំដែង ឲ្យ​យើង​ដឹង​ពី​ដំណើរ ដែល​កន្លង​មក​ហើយ​នោះ ចូរ​ឲ្យ​គេ​នាំ​ស្មរ​បន្ទាល់​របស់​គេ​មក ដើម្បី​តាំង​ខ្លួន​ជា​ត្រឹម‌ត្រូវ បើ​មិន​ដូច្នោះ​ទេ នោះ​ត្រូវ​ថា នេះ​ពិត​មែន​វិញ 10ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់​អញ ព្រម​ទាំង​យល់​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​អញ​ទេ ហើយ​ក្រោយ​អញ​ក៏​ឥត​មាន​ដែរ 11គឺ​អញ អញ​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​អញ គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ 12អញ​បាន​ទាយ​ប្រាប់ អញ​បាន​ជួយ​សង្គ្រោះ អញ​បាន​សំដែង​ឲ្យ​ឃើញ​ហើយ ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​កណ្តាល​ឯង​រាល់​គ្នា​ឡើយ ហេតុ​ដូច្នោះ ឯង​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​អញ ហើយ​គឺ​អញ​នេះ​ដែល​ជា​ព្រះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 13អើ ចាប់​តាំង​ពី​មាន​ពេល​ថ្ងៃ​ឡើង​វេលា​ណា នោះ​គឺ​ជា​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ដៃ​អញ​បាន​ទេ ឯ​ការ​ដែល​អញ​ធ្វើ តើ​អ្នក​ណា​នឹង​ឃាត់​បាន។
14ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង​រាល់​គ្នា គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា ដោយ​យល់​ដល់​ឯង​រាល់​គ្នា នោះ​អញ​ចាត់​មនុស្ស​ទៅ​ឯ​ក្រុង​បាប៊ីឡូន ហើយ​នឹង​ទំលាក់​គេ​ទាំង​អស់​គ្នា គេ​នឹង​រត់​រតាត់‌រតាយ​ទៅ ឯ​ពួក​ខាល់ដេ ក៏​ចុះ​នាវា​ដែល​គេ​យក​ជា​ទី​សប្បាយ​របស់​គេ 15អញ​នេះ គឺ​យេហូវ៉ា អញ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ឯង​រាល់​គ្នា គឺ​ជា​ព្រះ​ដែល​បង្កើត​សាសន៍​អ៊ីស្រាអែល ហើយ​ជា​មហា‌ក្សត្រ​របស់​ឯង​រាល់​គ្នា​ផង 16ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លូវ​ក្នុង​សមុទ្រ នឹង​ផ្លូវ​ច្រក​នៅ​ទី​ទឹក​ធំ 17ជា​ព្រះ​ដែល​នាំ​រទេះ​ចំបាំង នឹង​ពល​សេះ​ចេញ​មក ព្រម​ទាំង​កង‌ទ័ព នឹង​មនុស្ស​ស្ទាត់​ជំនាញ​ផង (ពួក​ទាំង​នោះ​នឹង​ដេក​ទៅ​ទាំង​អស់​គ្នា ឥត​ក្រោក​ឡើង​វិញ​ឡើយ គេ​នឹង​សាប‌សូន្យ ហើយ​ត្រូវ​រលត់​ទៅ ដូច​ជា​ប្រឆេះ) ទ្រង់​មាន​បន្ទូល​ថា 18កុំ​ឲ្យ​ឯង​រាល់​គ្នា​នឹក​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ឬ​រិះ‌គិត​ពី​អស់​ទាំង​ការ​ពី​ចាស់​បុរាណ​នោះ​ឡើយ 19មើល អញ​នឹង​ធ្វើ​ការ​១​ថ្មី​វិញ ការ​នោះ​នឹង​លេច​ឡើង​ឥឡូវ តើ​ឯង​រាល់​គ្នា​នឹង​មិន​ស្គាល់​ទេ​ឬ អញ​នឹង​ធ្វើ​ផ្លូវ​១​នៅ​ទី​រហោ‌ស្ថាន ហើយ​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ 20ឯ​ពួក​សត្វ​តិរច្ឆាន​ទាំង​ប៉ុន្មាន​នឹង​សរសើរ​ដល់​អញ គឺ​ទាំង​ចចក នឹង​សត្វ​អូសទ្រីច​ផង ពី​ព្រោះ​អញ​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោ‌ស្ថាន នឹង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​រាស្ត្រ​អញ គឺ​ជា​ពួក​ជ្រើស‌រើស​នោះ​បាន​ទឹក​ផឹក 21ជា​រាស្ត្រ​ដែល​អញ​បាន​ជប‌សូន​សំរាប់​តែ​ខ្លួន​អញ ដើម្បី​ឲ្យ​គេ​បាន​សំដែង​ចេញ​ជា​សេចក្ដី​សរសើរ​របស់​អញ​ផង។
22ទោះ​បើ​យ៉ាង​នោះ ឱ​ពួក​យ៉ាកុប​អើយ គង់​តែ​ឯង​មិន​បាន​អំពាវ‌នាវ​ដល់​អញ​ដែរ គឺ​ឯង​បាន​ណាយ​ចិត្ត​នឹង​អញ​វិញ ឱ​អ៊ីស្រាអែល​អើយ 23ឯង​មិន​បាន​នាំ​យក​ចៀម​របស់​ឯង មក​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​អញ​ទេ ក៏​មិន​បាន​លើក​មុខ​អញ ដោយ​យញ្ញ‌បូជា​របស់​ឯង​ដែរ អញ​មិន​បាន​ផ្ទុក​ឯង​ដោយ​ដង្វាយ ឬ​ឲ្យ​ឯង​នឿយ‌ហត់​ដោយ​ដុត​កំញាន​ទេ 24ឯង​មិន​បាន​ចំណាយ​ប្រាក់​ទិញ​គ្រឿង​ក្រអូប​ណា​ឲ្យ​អញ​សោះ ក៏មិន​បាន​ឲ្យ​អញ​ឆ្អែត ដោយ​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​ឯង​ដែរ គឺ​ឯង​បាន​ផ្ទុក​អញ​ដោយ​អំពើ​បាប​របស់​ឯង​វិញ ហើយ​បាន​នាំ​ឲ្យ​អញ​នឿយ‌ហត់ ដោយ​អំពើ​ទុច្ចរិត​របស់​ឯង​ផង។
25គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើ​បាប​របស់​ឯង​ទៀត​ឡើយ 26ចូរ​រំឭក​អញ​ចុះ ឲ្យ​យើង​បាន​តវ៉ា​គ្នា ចូរ​រាប់‌រៀប​ប្រាប់​ពី​ហេតុ​របស់​ឯង​មក ដើម្បី​ឲ្យ​ឯង​បាន​តាំង​ឡើង​ជា​សុចរិត 27ឯ​ឪពុក​ដើម​របស់​ឯង បាន​ធ្វើ​បាប ហើយ​ពួក​គ្រូ​ឯង​បាន​រំលង​ច្បាប់​អញ​ដែរ 28ហេតុ​នោះ អញ​បាន​បន្ទាប​ពួក​មេ​នៃ​ទី​បរិសុទ្ធ ក៏​បាន​ប្រគល់​ពួក​យ៉ាកុប​ទៅ​ឲ្យ​ត្រូវ​បណ្តាសា ហើយ​ឲ្យ​ពួក​អ៊ីស្រាអែល​ត្រូវ​គេ​ត្មះ‌តិះដៀល។

ទើបបានជ្រើសរើសហើយ៖

អេសាយ 43: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល