អេសាយ 44
44
1ប៉ុន្តែ ឱពួកយ៉ាកុប ជាអ្នកបំរើអញ ហើយពួកអ៊ីស្រាអែល ដែលអញបានជ្រើសរើសអើយ ចូរស្តាប់ឥឡូវចុះ 2ព្រះយេហូវ៉ាដែលទ្រង់បានបង្កើតឯងមក ហើយបានជបសូនឯងចាប់តាំងពីនៅក្នុងផ្ទៃម្តាយ គឺជាអ្នកដែលនឹងជួយឯង ទ្រង់មានបន្ទូលដូច្នេះថា ឱពួកយ៉ាកុប ជាអ្នកបំរើអញ ហើយឯងដែរ យេស៊ូរុនដែលអញបានរើសអើយកុំឲ្យខ្លាចឡើយ 3ដ្បិតអញនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែងផង អញនឹងចាក់វិញ្ញាណអញទៅលើពូជពង្សរបស់ឯង ហើយពររបស់អញ ទៅលើកូនចៅរបស់ឯង 4នោះគេនឹងពន្លកឡើងនៅក្នុងស្មៅ ដូចជាដើមចាកតាមមាត់ទឹក 5អ្នក១នឹងថា ខ្ញុំនេះជារបស់ផងព្រះយេហូវ៉ា ម្នាក់ទៀតនឹងហៅខ្លួនតាមឈ្មោះយ៉ាកុប ឯម្នាក់១ទៀត នឹងចុះឈ្មោះដោយដៃខ្លួនថា ខ្ញុំជារបស់ផងព្រះយេហូវ៉ា ហើយនឹងយកឈ្មោះអ៊ីស្រាអែលជានាមត្រកូលរបស់ខ្លួន។
6ព្រះយេហូវ៉ា ដ៏ជាមហាក្សត្រនៃសាសន៍អ៊ីស្រាអែលហើយជាអ្នកដែលប្រោសលោះគេ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា អញជាដើម ហើយជាចុង ក្រៅពីអញគ្មានព្រះណាទៀតឡើយ 7តើមានអ្នកណាដូចអញ ចូរឲ្យគេប្រកាសខ្លួនមក ហើយសំដែងភស្តុតាងឲ្យច្បាស់ចុះ រួចរាប់រៀបប្រាប់ឲ្យអញស្តាប់ពីអ្វីៗដែលបានកើតឡើង តាំងតែពីអញបានតាំងមនុស្សឡើង ពីកាលដើមព្រមទាំងអ្វីៗដែលកំពុងតែកើត នឹងអ្វីៗដែលត្រូវកើតមកទៅមុខទៀត ចូរឲ្យគេប្រាប់មកចុះ 8កុំឲ្យភ័យឡើយ ក៏កុំឲ្យខ្លាចដែរ តើអញមិនបានប្រាប់ ហើយបង្ហាញដល់ឯងតាំងតែពីដើមមកទេឬ គឺឯរាល់គ្នាជាស្មរបន្ទាល់របស់អញ តើមានព្រះណាក្រៅពីអញឬទេ អើ គ្មានថ្មដាណាទៀតឡើយ អញមិនស្គាល់ណាមួយសោះ។
9ពួកអ្នកដែលឆ្លាក់ធ្វើរូបព្រះ គេសុទ្ធតែអសារឥតការទាំងអស់ ហើយរបស់ទាំងប៉ុន្មានដែលគេចូលចិត្តនោះ ក៏គ្មានប្រយោជន៍ដូចគ្នា ស្មរបន្ទាល់របស់គេមើលមិនឃើញ ក៏មិនដឹងអ្វីផង ជាការដែលនាំឲ្យគេត្រូវមានសេចក្ដីខ្មាស 10តើអ្នកណានឹងសូនធ្វើព្រះ ឬសិតធ្វើរូបដែលឥតមានប្រយោជន៍ដូច្នេះ 11មើល ពួកអ្នកដែលគោរពតាម នឹងត្រូវខ្មាសទាំងអស់ដែរ ហើយពួកជាង នោះគ្រាន់តែជាមនុស្សប៉ុណ្ណោះ ឲ្យគេប្រជុំគ្នា រួចឈរឡើងចុះ គេនឹងត្រូវភ័យ ហើយមានសេចក្ដីខ្មាសទាំងអស់គ្នា។
12ឯជាងដែក គាត់ធ្វើពូថៅ១ គាត់ធ្វើការដោយធ្យូង គាត់យកញញួរដំឡើងជារាង ទាំងធ្វើការដោយដើមដៃដ៏មានកំឡាំងរបស់ខ្លួន អើ គាត់ក៏ឃ្លាន ហើយអស់កំឡាំង គាត់មិនបានផឹកទឹក ហើយក៏ហេវទៅ 13ឯជាងឈើគាត់វាយបន្ទាត់ ក៏គូររាងដោយខ្មៅដៃ គាត់ឈូសយករាង ហើយគូសដោយប្រពាយ រួចឆ្លាក់ឲ្យដូចជារូបមនុស្ស តាមលំអរបស់មនុស្ស ដើម្បីនឹងតាំងនៅក្នុងផ្ទះ 14គាត់កាប់ដើមតាត្រៅ១ ក៏យកដើមចន្ទន៍ ក្រឹស្នា នឹងដើមម៉ៃសាក់ គឺគាត់រើសយកតែឈើណាដែលជាប់ៗនៅក្នុងព្រៃ ឬគាត់ដាំដើមខ្វាវដែលដុះលាស់ឡើងដោយសារទឹកភ្លៀង 15ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសំរាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង អើ ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង អើ ក៏ធ្វើព្រះ១ឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ 16ដូច្នេះ គាត់យកខ្លះធ្វើឧសដុត ខ្លះទៀតដុតធ្វើម្ហូប គឺគាត់អាំងសាច់ ហើយស៊ីឆ្អែត អើ គាត់កំដៅខ្លួនដែរ ដោយពោលថា អៃយ៉ា ក្តៅស្រួលហ្ន៎ ខ្ញុំអាំងភ្លើងហើយ 17ឯឈើដែលសល់ នោះគាត់យកទៅធ្វើជារូបឆ្លាក់សំរាប់ខ្លួន ក៏ក្រាបចុះថ្វាយបង្គំ ហើយអធិស្ឋានដល់រូបនោះដោយពាក្យថា សូមជួយសង្គ្រោះខ្ញុំផង ពីព្រោះលោកជាព្រះនៃខ្ញុំ។
18ពួកនោះមិនដឹងទេ ក៏មិនយល់សោះ ដ្បិតភ្នែកគេត្រូវបាំងមិនឲ្យមើលឃើញ ហើយចិត្តគេផង ដើម្បីមិនឲ្យយល់បាន 19គ្មានអ្នកណាមួយនឹកឃើញ គេឥតមានដំរិះ ឬយោបល់នឹងនឹកថា ខ្លះបានយកទៅដុតហើយ ខ្លះប្រើយករងើកដុតធ្វើនំបុ័ង អើ អញបានអាំងសាច់ស៊ីផង ដូច្នេះ ឈើដែលសល់នៅ តើនឹងយកទៅធ្វើជារបស់គួរស្អប់ខ្ពើមឬ តើគួរឲ្យអញក្រាបចុះចំពោះដុំឈើឬអី 20អ្នកនោះស៊ីតែផេះទទេ ចិត្តដែលត្រូវបញ្ឆោតបាននាំគេឲ្យវង្វេង អ្នកនោះនឹងដោះព្រលឹងខ្លួនឲ្យរួចមិនបាន ក៏មិនចេះថា ខ្ញុំកាន់របស់ភូតភរនៅដៃស្តាំទេតើ នោះឡើយ។
21ឱពួកយ៉ាកុបនឹងពួកអ៊ីស្រាអែលអើយ ចូរនឹកចាំពីសេចក្ដីទាំងនេះចុះ ដ្បិតឯងជាអ្នកបំរើរបស់អញ អញបានសូនបង្កើតឯង ដូច្នេះ ឯងជាអ្នកបំរើរបស់អញ ឱពួកអ៊ីស្រាអែលអើយ អញនឹងមិនភ្លេចឯងឡើយ 22អញបានលុបអំពើរំលងរបស់ឯងចេញ ដូចជាពពកយ៉ាងក្រាស់ នឹងអំពើបាបឯងដូចជាពពកផង ចូរវិលមកឯអញវិញ ពីព្រោះអញបានលោះឯងហើយ 23ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ដ្បិតព្រះយេហូវ៉ាបានសំរេចការហើយ ឱផែនដីដ៏ទាបអើយ ចូរស្រែកឡើង ឱភ្នំទាំងឡាយ ឱព្រៃ នឹងអស់ទាំងដើមឈើក្នុងព្រៃអើយ ចូរធ្លាយចេញជាបទចំរៀងចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់បានប្រោសលោះពួកយ៉ាកុបទាំងអស់ហើយ ទ្រង់នឹងដំកើងអង្គទ្រង់ឡើងនៅក្នុងពួកអ៊ីស្រាអែលផង។
24ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះឯង គឺជាព្រះដែលជបសូនឯង តាំងពីនៅក្នុងផ្ទៃម្តាយ ទ្រង់មានបន្ទូលដូច្នេះថា អញជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ អញលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានក្រាលផែនដីដោយខ្លួនអញ 25អញលើកទីសំគាល់របស់ពួកមនុស្សភូតភរចោលចេញ ហើយក៏ធ្វើឲ្យគ្រូទាយទៅជាឆ្កួត ជាពួកអ្នកដែលបំបែរមនុស្សមានប្រាជ្ញាឲ្យវិលទៅក្រោយ ឲ្យចំណេះរបស់គេទៅជាល្ងីល្ងើវិញ 26អញបញ្ជាក់ពាក្យសំដីដែលនិយាយនឹងអ្នកបំរើអញ ហើយសំរេចតាមសេចក្ដីប្រឹក្សារបស់ពួកអ្នក ដែលអញចាត់ប្រើអញនិយាយពីក្រុងយេរូសាឡិមថា ទីក្រុងនោះនឹងមានមនុស្សអាស្រ័យនៅ ហើយនិយាយពីអស់ទាំងទីក្រុងនៃស្រុកយូដាថា ទីក្រុងទាំងនោះនឹងបានសង់ឡើងវិញ អញនឹងលើកអស់ទាំងទីបាក់បែកនោះឡើង 27អញក៏បង្គាប់ដល់ទីជំរៅថា ចូរឲ្យរីងស្ងួតទៅ ហើយអញនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានហួតហៀវទៅដែរ 28អញនិយាយពីស៊ីរូសថាជាអ្នកគង្វាលរបស់អញ ជាអ្នកដែលនឹងសំរេចតាមបំណងចិត្តអញទាំងប៉ុន្មាន ហើយបង្គាប់ឲ្យក្រុងយេរូសាឡិមបានសង់ឡើងវិញ នឹងឲ្យជើងជញ្ជាំងនៃព្រះវិហារបានដាក់ចុះ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 44: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.