អេសាយ 47

47
1ឱ​នាង​ក្រមុំ ជា​កូន​នៃ​ក្រុង​បាប៊ីឡូន​អើយ ចូរ​ចុះ​មក​អង្គុយ​នៅ​ធូលី​ដី ឪ​កូន​ស្រី​នៃ​សាសន៍​ខាល់ដេ​អើយ ចូរ​អង្គុយ​នៅ​ដី ឥត​មាន​បល្ល័ង្ក​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​ឯង​ថា ជា​អ្នក​ល្វន់‌ល្វត ហើយ​ទន់‌ភ្លន់​ទៀត 2ចូរ​យក​ត្បាល់​កិន ហើយ​កិន​ម្សៅ​ទៅ ត្រូវ​ឲ្យ​ដោះ​ស្បៃ​ឯង​ចេញ ហើយ​បក​សំលៀក​ឯង​ចុះ ចូរ​សើយ​សំពត់​ឯង​ឡើង​លុយ​កាត់​ទន្លេ​ទៅ 3កាយ​អាក្រាត​របស់​ឯង​នឹង​ត្រូវ​បើក​ចំហ អើ គេ​នឹង​ឃើញ​កេរ‌ខ្មាស​ឯង​ផង អញ​នឹង​សង‌សឹក ឥត​ប្រណី​ដល់​អ្នក​ណា​ឡើយ 4ឯ​ព្រះ​ដែល​ប្រោស​លោះ​យើង ទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល 5ឱ​កូន​ស្រី​នៃ​ពួក​ខាល់ដេ​អើយ ចូរ​ឲ្យ​ឯង​អង្គុយ​ស្ងៀម ហើយ​ចូល​ទៅ​ឯ​ទី​ងងឹត​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​ឯង​ជា​ម្ចាស់​នៃ​អស់​ទាំង​សាសន៍​ទៀត 6អញ​បាន​ក្រោធ​ចំពោះ​រាស្ត្រ​របស់​អញ ក៏​បាន​ឲ្យ​មរដក​អញ​ត្រូវ​ទាប​ចុះ ព្រម​ទាំង​ប្រគល់​គេ​ទៅ ក្នុង​កណ្តាប់​ដៃ​របស់​ឯង ឯ​ឯង​មិន​បាន​អាណិត​មេត្តា​ដល់​គេ​ទេ ឯង​បាន​ដាក់​នឹម​ឯង​ទៅ​លើ​ពួក​ចាស់ៗ​យ៉ាង​ធ្ងន់ 7ហើយ​បាន​គិត​ថា ឯង​នឹង​ធ្វើ​ជា​ម្ចាស់​ជា​ដរាប​ទៅ បាន​ជា​ឯង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ទាំង​នេះ ក៏​មិន​បាន​គិត​ដល់​ចុង​បំផុត​ដែរ។
8ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ ឯង​ដែល​អាល័យ​តែ​លេង​សប្បាយ ហើយ​នៅ​ដោយ​ឥត​កង្វល់ ឯង​នឹក​ក្នុង​ចិត្ត​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ អញ​នឹង​មិន​ដែល​អង្គុយ​ជា​ស្រី​មេម៉ាយ ក៏​មិន​ដែល​ស្គាល់​ការ​ប្រាស‌ចាក​កូន​ឡើយ 9តែ​សេចក្ដី​ទាំង​២​មុខ​នេះ​នឹង​កើត​ដល់​ឯង​ជា​១​រំពេច នៅ​ថ្ងៃ​ដដែល គឺ​ទាំង​ការ​ប្រោស​ចាក​កូន ហើយ​នៅ​ជា​មេម៉ាយ​ផង នោះ​នឹង​កើត​ដល់​ឯង​ពេញ​ទី ទោះ​បើ​ឯង​មាន​របៀន​ជា​ច្រើន ហើយ​វេទ‌មន្ត​ជា​បរិបូរ​យ៉ាង​ណា​ក៏​ដោយ 10ពី​ព្រោះ​ឯង​បាន​ទុក​ចិត្ត​នឹង​អំពើ​កំណាច​របស់​ឯង ឯង​បាន​គិត​ថា គ្មាន​អ្នក​ណា​ឃើញ​ឯង​ទេ ឯ​ប្រាជ្ញា នឹង​ចំណេះ​របស់​ឯង នោះ​បាន​បង្ខូច​ចិត្ត​ឯង​ហើយ ឯង​បាន​នឹក​ក្នុង​ចិត្ត​ថា គឺ​អញ​នេះ​ហើយ ឥត​មាន​អ្នក​ណា​ទៀត​ឡើយ 11ដោយ​ហេតុ​នោះ​នឹង​មាន​ការ​អាក្រក់​កើត​ដល់​ឯង ដែល​ឯង​នឹង​មិន​ដឹង​ជា​កើត​មក​ពី​ណា​ផង ហើយ​នឹង​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ឯង ដែល​ឯង​នឹង​បង្វែរ​ចេញ​មិន​បាន​ឡើយ ក៏​នឹង​មាន​សេចក្ដី​វិនាស​លោ​មក​លើ​ឯង​ភ្លាម ជា​សេចក្ដី​ដែល​ឯង​នឹង​មិន​ដែល​បាន​ស្គាល់​ឡើយ។
12ចូរ​ឈរ​ឡើង​ឥឡូវ ដោយ​ពឹង​ដល់​វេទ‌មន្ត នឹង​របៀន​របស់​ឯង​ដែល​មាន​ជា​ច្រើន​នោះ ជា​វិជ្ជា​ដែល​ឯង​បាន​ខំ​ប្រព្រឹត្ត​តាម​តាំង​តែ​ពី​ក្មេង​មក ហើយ​ល​មើល បើ​ឯង​នឹង​បាន​ប្រយោជន៍​ណា​ខ្លះ ឬ​បើ​ឯង​នឹង​អាច​ឈ្នះ​បាន 13ឯង​បាន​ណាយ​ចិត្ត​ហើយ ដោយ​សេចក្ដី​ប្រឹក្សា​ដ៏​បរិបូរ​របស់​ឯង ចូរ​ឲ្យ​ពួក​គ្រូ​ទាយ ពួក​គ្រូ​ជតា‌រាសី នឹង​ពួក​គ្រូ​ទាយ​ដោយ​ខែ​ពេញ​បូណ៌ ឈរ​ឡើង​ឥឡូវ ហើយ​ជួយ​សង្គ្រោះ​ឯង​ឲ្យ​រួច​ពី​ការ​ដែល​ត្រូវ​មក​លើ​ឯង​ចុះ 14មើល គេ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ភ្លើង​នឹង​ឆេះ​គេ​អស់​ទៅ គេ​នឹង​ដោះ​ខ្លួន​ឲ្យ​រួច​ពី​អំណាច​ភ្លើង​មិន​បាន ភ្លើង​នោះ​នឹង​មិន​បាន​ជា​រងើក ដែល​គ្រាន់​តែ​ល្មម​នឹង​អាំង​កំដៅ​ខ្លួន ឬ​ជា​ភ្លើង​ដែល​នឹង​អង្គុយ​ជុំវិញ​ប៉ុណ្ណោះ​ទេ 15របស់​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ខំ​តាម​នោះ នឹង​បាន​ដូច្នោះ​ឯង ហើយ​ពួក​អ្នក​ដែល​បាន​ខំ​តាម​ជា​មួយ​នឹង​ឯង​តាំង​តែ​ពី​ក្មេង​មក គេ​នឹង​ងេង‌ងោង​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន ហើយ​នឹង​គ្មាន​អ្នក​ណា​សំរាប់​ជួយ​សង្គ្រោះ​ឯង​ឡើយ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 47: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល