អេសាយ 53

53
1តើ​មាន​អ្នក​ណា បាន​ជឿ​ដំណឹង ដែល​យើង​ប្រាប់ ហើយ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​បាន​សំដែង​ចេញ​ឲ្យ​អ្នក​ណា​ឃើញ 2ដ្បិត​ទ្រង់​បាន​ចំរើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​ជា​លំពង់​ទន់​ខ្ចី ហើយ​ដូច​ជា​ឫស​ដែល​ពន្លក​ចេញ​ពី​ដី​ហួត‌ហែង ទ្រង់​ឥត​មាន​ទ្រង់‌ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ទ្រង់ នោះ​ក៏​គ្មាន​ភាព​លំអ​ណា​ដែល​ឲ្យ​យើង​រីក‌រាយ​ចិត្ត​ដែរ 3ទ្រង់​ត្រូវ​គេ​មើល‌ងាយ ហើយ​ត្រូវ​មនុស្ស​បោះ‌បង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្ដី​ឈឺ‌ចាប់ ទ្រង់​ត្រូវ​គេ​មើល‌ងាយ ដូច​ជា​អ្នក​ណា​ដែល​មនុស្ស​គេច​មុខ​ចេញ ហើយ​យើង​រាល់​គ្នា​មិន​បាន​រាប់‌អាន​ទ្រង់​សោះ។
4ទ្រង់​បាន​ទ្រាំ‌ទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ‌ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ជា​ពិត ប៉ុន្តែយើង​រាល់​គ្នា​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា 5តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ‌ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ 6យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះ‌យេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់។
7ទ្រង់​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ទ្រង់​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សំឡាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ​ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ទ្រង់​ក៏​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ​យ៉ាង​នោះ​ដែរ 8ទ្រង់​ត្រូវ​ដក​ចេញ​ពី​អំណាច​ការ‌ពារ ហើយ​ពី​សេចក្ដី​យុត្តិ‌ធម៌ ឯ​សម័យ​ជំនាន់​ទ្រង់ តើ​មាន​អ្នក​ណា​រំពឹង​គិត​ឃើញ​ថា ទ្រង់​បាន​ត្រូវ​កាត់​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​នេះ ហើយ​ត្រូវ​វាយ ដោយ​ព្រោះ​អំពើ​រំលង​របស់​ជន‌ជាតិ​ខ្ញុំ​នោះ 9ហើយ​ក្នុង​កាល​ដែល​ទ្រង់​សុគត នោះ​គេ​ក៏​បញ្ចុះ​សព​ទ្រង់​នៅ​ជា​មួយ​នឹង​ពួក​អាក្រក់ ហើយ​នៅ​ក្នុង​ផ្នូរ​របស់​អ្នក​មាន​ម្នាក់ ទោះ​បើ​ទ្រង់​មិន​ដែល​ធ្វើ​អំពើ​ទុច្ចរិត​ណា​មួយ​ក៏​ដោយ ក៏​មិន​ដែល​មាន​ការ​បញ្ឆោត​នៅ​ក្នុង​ព្រះ‌ឱស្ឋ​ទ្រង់​ឡើយ​ផង។
10ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​បាន​សព្វ​ព្រះ‌ហឫទ័យ​នឹង​វាយ​ទ្រង់​ឲ្យ​ជាំ ហើយ​ឲ្យ​ឈឺ‌ចាប់ កាល​ណា​ព្រះ‌ជន្ម​ទ្រង់​បាន​ត្រូវ​ថ្វាយ​ទុក្ខ​ជា​យញ្ញ‌បូជា​លោះ​បាប​ហើយ នោះ​ទ្រង់​នឹង​បាន​ឃើញ​ពូជ‌ពង្ស​របស់​ទ្រង់ ហើយ​នឹង​ចំរើន​ព្រះ‌ជន្ម​ទ្រង់​ឲ្យ​យឺន‌យូរ​ត​ទៅ ឯ​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ‌យេហូវ៉ា នោះ​នឹង​ជឿន​ឡើង​ដោយ​ព្រះ‌ហស្ត​ទ្រង់ 11ទ្រង់​នឹង​ឃើញ​ផល​នៃ​ការ​ដែល​ព្រលឹង​ទ្រង់​រង​វេទនា នោះ​នឹង​បាន​ស្កប់‌ស្កល់​ផង អ្នក​ដ៏​សុចរិត គឺ​ជា​អ្នក​បំរើ​របស់​អញ ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សុចរិត ដោយ​គេ​ស្គាល់​ដល់​ទ្រង់ ហើយ​ទ្រង់​នឹង​ទទួល​រង​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ 12ហេតុ​នោះអញ​នឹង​ឲ្យ​ទ្រង់​មាន​ចំណែក​ជា​មួយ​នឹង​ពួក​អ្នក​ធំ ហើយ​ទ្រង់​នឹង​ចែក​របឹប​ជា​មួយ​នឹង​ពួក​អ្នក​ដ៏​ខ្លាំង​ពូកែ ពី​ព្រោះ​ទ្រង់​បាន​ច្រួច​ព្រលឹង​ចេញ រហូត​ដល់​ស្លាប់ គេ​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​ទទឹង​ច្បាប់ ប៉ុន្តែទ្រង់​បាន​ទទួល​រង​ទោស​នៃ​អំពើ​បាប​របស់​មនុស្ស​ជា​ច្រើន ហើយ​បាន​អង្វរ​ជំនួស​មនុស្ស​ដែល​ទទឹង​ច្បាប់​វិញ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 53: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល