អេសាយ 65

65
1អញ​បាន​តប​ឆ្លើយ​នឹង​ពួក​អ្នក ដែល​មិន​បាន​សួរ​រក​អញ ហើយ​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​អញ នោះ​អញ​បាន​ឲ្យ​គេ​ប្រទះ​ឃើញ​អញ​វិញ អញ​បាន​និយាយ​ដល់​សាសន៍១​ដែល​មិន​បាន​ហៅ​តាម​ឈ្មោះ​អញ​ថា មើល នេះ​អញ​ហើយ 2រាល់​តែ​ថ្ងៃ​អញ​បាន​ហុច​ដៃ​ទៅ​ចង់​ទទួល​ពួក​អ្នក​បះ‌បោរ ជា​ពួក​អ្នក​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​មិន​ល្អ តាម​តែ​គំនិត​របស់​ខ្លួន​គេ 3ជា​ជន‌ជាតិ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង​នៅ​ចំពោះ​មុខ​ជានិច្ច ដោយ​គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​សួន‌ច្បារ ហើយ​ដុត​កំញាន​នៅ​លើ​អាសនា​ធ្វើ​ពី​ឥដ្ឋ 4គេ​អង្គុយ​នៅ​កណ្តាល​ផ្នូរ​ខ្មោច ហើយ​ស្នាក់​នៅ​កន្លែង​លាក់​កំបាំង គេ​ស៊ី​សាច់​ជ្រូក ហើយ​មាន​សំឡ​គួរ​ខ្ពើម នៅ​ក្នុង​ឆ្នាំង​របស់​គេ 5ក៏​ពោល​ថា ចូរ​ឈរ​នៅ​ទី​នោះ​ដោយ​ខ្លួន​ទៅ កុំ​ឲ្យ​មក​ជិត​អញ​ឡើយ ដ្បិត​អញ​បរិសុទ្ធ​ជាង​ឯង ពួក​យ៉ាង​នោះ​ជា​ផ្សែង​នៅ​ក្នុង​រន្ធ​ច្រមុះ​អញ គឺ​ជា​ភ្លើង​ដែល​ឆេះ​ជានិច្ច 6មើល អំពើ​ទាំង​នោះ​បាន​កត់​ទុក​នៅ​ចំពោះ​អញ​ហើយ អញ​មិន​ព្រម​នៅ​ស្ងៀម​ឡើយ អញ​នឹង​សង​ដល់​គេ អើ អញ​នឹង​ដាក់​សំណង​នោះ នៅ​លើ​ដើម​ទ្រូង​របស់​គេ​ផង 7គឺ​ជា​អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា ហើយ​នឹង​អំពើ​ទុច្ចរិត​របស់​ពួក​ឰយុកោ​ឯង​ផង ជា​ការ​ដែល​ឯង​រាល់​គ្នា​បាន​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ភ្នំ​ធំ ហើយ​បាន​ប្រមាថ​អញ​នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន ដូច្នេះ អញ​នឹង​វាល់​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ពី​ដើម​ទាំង​នោះ ដាក់​នៅ​ដើម​ទ្រូង​គេ​ជា​ពិត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
8ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ណា​រក​បាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ចង្កោម​មាន​ទឹក​ពេញ ហើយ​មាន​គេ​ហាម​ថា កុំ​បំផ្លាញ​ឡើយ ដ្បិត​ជា​ផ្លែ​មាន​ពរ​ហើយ គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​ប្រព្រឹត្ត ចំពោះ​ពួក​អ្នក​បំរើ​របស់​អញ​ទាំង​ប៉ុន្មាន​ដែរ ដើម្បី​មិន​ឲ្យ​គេ​ត្រូវ​បំផ្លាញ​អស់​រលីង​ឡើយ 9អញ​នឹង​បង្កើត​ជំនួរ​វង្ស​១ ចេញ​ពី​យ៉ាកុប​មក ហើយ​ឲ្យ​មាន​ពួក​១ ចេញ​ពី​យូដា​មក ដែល​នឹង​គ្រង​បាន​ស្រុក​ភ្នំ​របស់​អញ​ទុក​ជា​មរដក ពួក​អ្នក​រើស​តាំង​របស់​អញ​នឹង​ទទួល​បាន​ស្រុក​នោះ ហើយ​ពួក​អ្នក​បំរើ​របស់​អញ​នឹង​អាស្រ័យ​នៅ​ឯ​នោះ​ផង 10នោះ​វាល​សារ៉ុន​នឹង​បាន​សំរាប់​ជា​ទី​ឃ្វាល​ហ្វូង​ចៀម ហើយ​ច្រក​ភ្នំ​អាកោរ​ជា​កន្លែង​ឲ្យ​ហ្វូង​គោ​ដេក​នៅ ដល់​ពួក​រាស្ត្រ​របស់​អញ​ដែល​បាន​ស្វែង​រក​អញ 11តែ​ឯ​ឯង​រាល់​គ្នា​ដែល​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​អ្នក​ដែល​ភ្លេច​ភ្នំ​បរិសុទ្ធ​របស់​អញ ហើយ​ក៏​រៀប​អាសនា​១​ថ្វាយ​ដល់​ព្រះ​មាន​លាភ ព្រម​ទាំង​ចាក់​ស្រា​ពេញ​ពែង ថ្វាយ​ដល់​ព្រះ​វាសនា 12អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​មាន​វាសនា​ជា​ដាវ​វិញ ហើយ​ឯង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឱន​ទៅ​ឲ្យ​គេ​កាប់​សំឡាប់ ពី​ព្រោះ​កាល​អញ​បាន​ហៅ នោះ​ឯង​រាល់​គ្នា​មិន​បាន​ឆ្លើយ​សោះ ហើយ​កាល​អញ​បាន​និយាយ នោះ​ឯង​រាល់​គ្នា​មិន​បាន​ឮ​ឡើយ គឺ​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​អញ ហើយ​បាន​រើស​យក​របស់​ដែល​អញ​មិន​ចូល​ចិត្ត​វិញ។
13ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​មើល ពួក​អ្នក​បំរើ​អញ​នឹង​បាន​ស៊ី តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន មើល ពួក​អ្នក​បំរើ​អញ​នឹង​បាន​ផឹក តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ស្រេក មើល ពួក​អ្នក​បំរើ​អញ​នឹង​អរ​សប្បាយ តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស 14មើល ពួក​អ្នក​បំរើ​អញ​នឹង​ច្រៀង​ដោយ​មាន​ចិត្ត​អំណរ តែ​ឯង​រាល់​គ្នា​នឹង​ស្រែក​ឡើង ដោយ​មាន​ចិត្ត​ព្រួយ ហើយ​នឹង​ទ្រហោ‌យំ​ដោយ​មាន​វិញ្ញាណ​គ្រាំ‌គ្រា​វិញ 15ឯង​រាល់​គ្នា​នឹង​បន្ត​ឈ្មោះ​របស់​ឯង ទុក​ជា​ទី​ផ្តាសា​ដល់​ពួក​រើស​តាំង​របស់​អញ ហើយ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​សំឡាប់​ឯង​បង់ ទ្រង់​នឹង​ដាក់​ឈ្មោះ​ផ្សេង​ទៀត​ឲ្យ​ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់ 16បាន​ជា​អ្នក​ណា​នៅ​ផែនដី ដែល​ចង់​បាន​ពរ នោះ​នឹង​រក​ពរ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត ហើយ​អ្នក​ណា​នៅ​ផែនដី​ដែល​ស្បថ នោះ​នឹង​ស្បថ​ដោយ​ព្រះ​នៃ​សេចក្ដី​ពិត​ដែរ ពី​ព្រោះ​សេចក្ដី​វេទនា​ពី​ជាន់​មុន​បាន​ភ្លេច​ទៅ​ហើយ ក៏​បាន​កំបាំង​ពី​ភ្នែក​អញ​ផង។
17ដ្បិត​មើល អញ​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ហើយ​នឹង​ផែនដី​ថ្មី ឯ​របស់​ពី​មុនៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ 18ប៉ុន្តែត្រូវ​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​អំណរ ហើយ​រីក‌រាយ​ឡើង​ជា​ដរាប​ចំពោះ​ការ​ដែល​អញ​បង្កើត​នោះ ដ្បិត​មើល អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​ជា​ទី​រីក‌រាយ ហើយ​ប្រជា‌ជន​ទាំង‌ឡាយ​ជា​សេចក្ដី​អំណរ 19នោះ​អញ​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ក្រុង​យេរូ‌សាឡិម នឹង​សេចក្ដី​អំណរ​ចំពោះ​រាស្ត្រ​អញ រួច​នៅ​ក្នុង​ទី​ក្រុង​នោះ នឹង​លែង​ឮ​សំឡេង​យំ នឹង​សំរែក​ទៀត​ឡើយ 20ក៏​នឹង​លែង​មាន​កូន​តូច​ដែល​រស់​នៅ​តែ​ប៉ុន្មាន​ថ្ងៃ ឬ​មនុស្ស​ចាស់​ដែល​មិន​បាន​រស់​នៅ​ឲ្យ​ពេញ​កំណត់​អាយុ ត​ទៅ​ទៀត ដ្បិត​អ្នក​ណា​ដែល​ស្លាប់​ក្នុង​អាយុ​១០០​ឆ្នាំ នោះ​គេ​នឹង​រាប់​ថា ជា​ក្មេង​ទេ ហើយ​មនុស្ស​បាប​ណា​ដែល​រស់​ដល់​ត្រឹម​១០០​ឆ្នាំ នោះ​នឹង​ត្រូវ​បណ្តាសា​វិញ 21គ្រា​នោះ មនុស្ស​នឹង​សង់​ផ្ទះ ហើយ​នឹង​អាស្រ័យ​នៅ​ផង ក៏​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​នឹង​បរិភោគ​ផល​ដែរ 22គេ​នឹង​មិន​សង់ រួច​មាន​ម្នាក់​ទៀត​អាស្រ័យ​នៅ ឬ​ដាំ រួច​មាន​ម្នាក់​ទៀត​បរិភោគ​ផល​នោះ​ឡើយ ដ្បិត​អាយុ​របស់​រាស្ត្រ​អញ​នឹង​បាន​វែង​ដូច​ជា​អាយុ​នៃ​ដើម​ឈើ ហើយ​ពួក​រើស​តាំង​របស់​អញ​នឹង​ប្រើ‌ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន‌យូរ​ទៅ 23គេ​នឹង​មិន​ខំ​ធ្វើ​ជា​ឥត​ប្រយោជន៍ ឬ​បង្កើត​មក​ឲ្យ​តែ​បាន​ត្រូវ​វិនាស​ទៅ​នោះ​ឡើយ ដ្បិត​គេ​ជា​ពូជ​នៃ​ពួក​ដ៏​មាន​ពរ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កូន​ដែល​គេ​បង្កើត​ត​ទៅ​ផង 24គ្រា​នោះ មុន​ដែល​គេ​អំពាវ‌នាវ នោះ​អញ​នឹង​តប​ឆ្លើយ ហើយ​កាល​គេ​កំពុង​តែ​ចេញ​សំដី​នៅ​ឡើយ នោះ​អញ​នឹង​ស្តាប់​ដែរ 25ឯ​ឆ្កែ​ព្រៃ នឹង​កូន​ចៀម​វា នឹង​រក​ស៊ី​ជា​មួយ​គ្នា ហើយ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ ចំណែក​ពស់​វា នឹង​មាន​ធូលី​ដី​ជា​អាហារ សត្វ​ទាំង‌ឡាយ​នឹង​មិន​បៀត‌បៀន ឬ​បំផ្លាញ​អ្វី​នៅ​គ្រប់​ក្នុង​ស្រុក​ភ្នំ​បរិសុទ្ធ​របស់​អញ​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

អេសាយ 65: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល