អេសាយ 66

66
1ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​អញ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​អញ ដូច្នេះ តើ​ឯង​រាល់​គ្នា​នឹង​សង់​វិហារ​យ៉ាង​ណា​ឲ្យ​អញ តើ​មាន​កន្លែង​ណា​សំរាប់​ជា​ទី​សំរាក​ដល់​អញ 2ដ្បិត​ឯ​របស់​ទាំង​នេះ គឺ​ដៃ​អញ​ដែល​បាន​បង្កើត​មក ហើយ​គឺ​យ៉ាង​នោះ​ដែល​របស់​ទាំង​នេះ​បាន​កើត​មាន​ឡើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ប៉ុន្តែអញ​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​យ៉ាង​នេះ​វិញ គឺ​ចំពោះ​អ្នក​ណា​ដែល​ក្រ​លំបាក ហើយ​មាន​ចិត្ត​ខ្ទេច‌ខ្ទាំ ជា​អ្នក​ដែល​ញ័រ‌ញាក់ ដោយ​ឮ​ពាក្យ​របស់​អញ 3អ្នក​ណា​ដែល​សំឡាប់​គោ នោះ​ដូច​ជា​បាន​ប្រហារ​ជីវិត​មនុស្ស អ្នក​ណា​ដែល​ថ្វាយ​កូន​ចៀម​ទុក​ជា​យញ្ញ‌បូជា នោះ​ដូច​ជា​បាន​បំបាក់​ក​ឆ្កែ អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​ម្សៅ នោះ​ដូច​ជា​បាន​ថ្វាយ​ឈាម​ជ្រូក អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ នោះ​ក៏​ដូច​ជា​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ អើ អ្នក​ទាំង​នោះ​បាន​រើស​ផ្លូវ​របស់​ខ្លួន​គេ ព្រលឹង​របស់​គេ​ក៏​រីក‌រាយ ចំពោះ​ការ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​គេ​ហើយ 4ឯ​អញ ក៏​នឹង​រើស​សេចក្ដី​ទំនាស់​ចិត្ត​ឲ្យ​គេ ហើយ​នឹង​នាំ​សេចក្ដី​ដែល​គេ​ស្ញែង‌ខ្លាច​មក​លើ​គេ​វិញ ដ្បិត​កាល​អញ​បាន​ហៅ នោះ​គ្មាន​អ្នក​ណា​តប​ឆ្លើយ​សោះ កាល​អញ​បាន​និយាយ នោះ​គេ​មិន​បាន​ស្តាប់​ឡើយ គឺ​គេ​បាន​ធ្វើ​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​អញ ហើយ​បាន​រើស​យក​របស់​ដែល​អញ​មិន​ចូល​ចិត្ត​វិញ។
5ឯង​រាល់​គ្នា​ដែល​ញ័រ‌ញាក់ ចំពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​ទ្រង់​ចុះ ពួក​បង​ប្អូន​របស់​ឯង​រាល់​គ្នា​ដែល​ស្អប់​ឯង ជា​ពួក​អ្នក​ដែល​កាត់​ឯង​រាល់​គ្នា​ចេញ ដោយ​ព្រោះ​ឈ្មោះ​អញ គេ​បាន​ពោល​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ដំកើង​ព្រះ‌យេហូវ៉ា​ឡើង ដើម្បី​ឲ្យ​យើង​បាន​ឃើញ​សេចក្ដី​អំណរ​របស់​ឯង​ផង ប៉ុន្តែគឺ​គេ​ដែល​នឹង​ត្រូវ​អៀន‌ខ្មាស​វិញ 6មាន​ឮ​សូរ​អឺង‌កង​ពី​ទី​ក្រុង​មក ជា​សំឡេង​ដែល​ចេញ​ពី​ព្រះ‌វិហារ គឺ​ជា​សៀង​នៃ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​សង​តប​ដល់​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់។
7មុន​ដែល​ឈឺ​ពោះ នោះ​បាន​សំរាល​កូន​មក មុន​ដែល​កើត​ឈឺ‌ចាប់ នោះ​បាន​បង្កើត​កូន​ប្រុស​១​ហើយ 8តើ​មាន​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​យ៉ាង​នោះ តើ​អ្នក​ណា​ដែល​បាន​ឃើញ​ឬ តើ​នឹង​ឲ្យ​ស្រុក​១​កើត​ឡើង​ក្នុង​ថ្ងៃ​តែ​១​បាន​ឬ តើ​នគរ​១​នឹង​លេច​ចេញ​មក​ភ្លាម​១​រំពេច​ឬ​អី ដ្បិត​វេលា​ដែល​ក្រុង​ស៊ីយ៉ូន​បាន​ឈឺ‌ចាប់ នោះ​ក៏​បាន​សំរាល​កូន​ទាំង​ប៉ុន្មាន​មក​ភ្លាម 9ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អញ​នឹង​នាំ​ទៅ​ដល់​កំណត់​ដែល​ត្រូវ​សំរាល ឥត​ធ្វើ​ឲ្យ​កើត​មក​ផង​ឬ ព្រះ​នៃ​ឯង​ទ្រង់​ក៏​មាន​បន្ទូល​សួរ​ថា ឯ​អញ​ដែល​ធ្វើ​ឲ្យ​កើត​មក តើ​អញ​នឹង​បង្ខាំង​ផ្ទៃ​ឬ​អី។
10ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​រីក‌រាយ​ឡើង​ជា​មួយ​នឹង​វា ហើយ​មាន​សេចក្ដី​អំណរ​ដោយ​ព្រោះ​វា​ចុះ អស់​អ្នក​ដែល​យំ​ទួញ​នឹង​ទី​ក្រុង​អើយ ចូរ​រីក‌រាយ​ឡើង​ដោយ​សេចក្ដី​អំណរ​ចំពោះ​វា​វិញ 11ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​បៅ​ដោះ ជា​សេចក្ដី​កំសាន្ត​ចិត្ត​របស់​វា​ឲ្យ​ឆ្អែត ហើយ​ឲ្យ​បាន​ជព្ជាក់​ទឹក​ដោះ​របស់​វា ព្រម​ទាំង​ចាប់​ចិត្ត​ចំពោះ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​វា​ផង 12ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ផ្សាយ​សេចក្ដី​សុខ ឲ្យ​ហូរ​ទៅ​ដល់​វា​ដូច​ជា​ទន្លេ ព្រម​ទាំង​សិរី‌ល្អ​របស់​អស់​ទាំង​សាសន៍ ដូច​ជា​ទឹក​ជ្រោះ​ដែល​ហូរ​លិច​ច្រាំង​ផង នោះ​ឯង​រាល់​គ្នា​នឹង​ជព្ជាក់​បៅ វា​នឹង​ពរ​ឯង ហើយ​ថ្នម​ឯង​នៅ​លើ​ភ្លៅ 13អញ​នឹង​កំសាន្ត​ចិត្ត​ឯង ដូច​ជា​ម្តាយ​ដែល​លួង‌លោម​កូន នោះ​ឯង​រាល់​គ្នា​នឹង​មាន​សេចក្ដី​កំសាន្ត​ចិត្ត​ចំពោះ​ក្រុង​យេរូ‌សាឡិម​ហើយ 14ឯង​រាល់​គ្នា​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្ដី​អំណរ​រីក‌រាយ​ក្នុង​ចិត្ត ឯ​ឆ្អឹង​ឯង​រាល់​គ្នា នោះ​នឹង​បាន​ស្រស់​ដូច​ស្មៅ​ខ្ចី ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំដែង​ចេញ ដល់​ពួក​អ្នក​បំរើ​របស់​ទ្រង់ ហើយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ នឹង​សង្កត់​លើ​អស់​ទាំង​ខ្មាំង​សត្រូវ​ផង។
15ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​មក​នាំ​ទាំង​ភ្លើង​មក​ជា​មួយ ហើយ​ព្រះ‌រាជ‌រថ​របស់​ទ្រង់​នឹង​បាន​ដូច​ជា​ខ្យល់​កួច ដើម្បី​នឹង​សំរេច​តាម​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់ នឹង​តាម​ពាក្យ​ស្តី​បន្ទោស​របស់​ទ្រង់ ដោយ‌សារ​អណ្តាត​ភ្លើង 16ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដល់​អស់​ទាំង​មនុស្ស ដោយ‌សារ​ភ្លើង​នឹង​ដាវ​របស់​ទ្រង់ ដូច្នេះ ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់ នឹង​ប្រហារ​ជីវិត នោះ​នឹង​មាន​ជា​ច្រើន 17ឯ​ពួក​អ្នក​ដែល​ញែក​ខ្លួន ហើយ​ជំរះ​ខ្លួន​ចេញ សំរាប់​ការ​ថ្វាយ‌បង្គំ​នៅ​ក្នុង​សួន‌ច្បារ ហើយ​គោរព​ដល់​រូប​ព្រះ​១​នៅ​កណ្តាល​នោះ ព្រម​ទាំង​ស៊ី​សាច់​ជ្រូកនឹង​កណ្តុរ ជា​របស់​គួរ​ខ្ពើម​ឆ្អើម នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អ្នក​ទាំង​នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នា​ទាំង​អស់។
18អញ​ស្គាល់​អស់​ទាំង​អំពើ នឹង​គំនិត​របស់​គេ​ហើយ នឹង​មាន​ពេល​វេលា​មក​ដល់ ដែល​អញ​នឹង​ប្រមូល​អស់​ទាំង​សាសន៍​គ្រប់​ភាសា គេ​នឹង​មូល​មក​ឃើញ​សិរី‌ល្អ​របស់​អញ 19អញ​នឹង​តាំង​ទី​សំគាល់​១​នៅ​កណ្តាល​ពួក​គេ ហើយ​ចាត់​ពួក​គេ​ណា​ខ្លះ​ដែល​រួច​ខ្លួន ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ គឺ​ទៅ​ឯ​ស្រុក​តើស៊ីស ស្រុក​ពូល នឹង​ស្រុក​លូឌ ជា​សាសន៍​ដែល​ជំនាញ​ធ្នូ ហើយ​ស្រុក​ទូបាល នឹង​ស្រុក​យ៉ាវ៉ាន ហើយ​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន ដែល​នៅ​ឆ្ងាយ ជា​ពួក​អ្នក​ដែល​មិន​ទាន់​ឮ​និយាយ​ពី​កិត្តិសព្ទ​របស់​អញ ឬ​ឃើញ​សិរី‌ល្អ​របស់​អញ​នៅ​ឡើយ អ្នក​ទាំង​នោះ​នឹង​ប្រកាស​ប្រាប់​ពី​សិរី‌ល្អ​របស់​អញ នៅ​កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន 20គេ​នឹង​បញ្ជិះ​ពួក​បង​ប្អូន​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន លើ​សេះ រទេះ អង្រឹង​ស្នែង លា‌កាត់ ហើយ​លើ​អូដ្ឋ នាំ​ចេញ​ពី​អស់​ទាំង​សាសន៍​មក ទុក​ជា​ដង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​មក​ឯ​ក្រុង​យេរូ‌សាឡិម ជា​ភ្នំ​បរិសុទ្ធ​របស់​អញ ដូច​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល​ធ្លាប់​យក​ដង្វាយ​របស់​គេ ដាក់​ក្នុង​ភាជនៈ​ដ៏​ស្អាត មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 21ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​យក​ពួក​អ្នក​នោះ​ខ្លះ តាំង​ឡើង​ជា​សង្ឃ ហើយ​ជា​ពួក​លេវី។
22ដ្បិត​ដែល​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដែល​អញ​នឹង​បង្កើត​ឡើង​នោះ នឹង​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​អញ​ជា​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ពូជ‌ពង្ស​របស់​ឯង នឹង​ឈ្មោះ​ឯង​រាល់​គ្នា ក៏​នឹង​ស្ថិត‌ស្ថេរ​នៅ​យ៉ាង​នោះ​ដែរ 23គ្រា​នោះ​នឹង​កើត​មាន​ដូច្នេះ​ថា ចាប់​តាំង​ពី​ថ្ងៃ​ចូល​ខែ​១ ដរាប​ដល់​ថ្ងៃ​ចូល​ខែ​១​ទៀត ហើយ​ពី​ថ្ងៃ​ឈប់​សំរាក​១ ដរាប​ដល់​ថ្ងៃ​ឈប់​សំរាក​១​ទៀត នោះ​គ្រប់​មនុស្ស​ទាំង​អស់​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 24គេ​នឹង​ចេញ​ទៅ​មើល​សាក​ខ្មោច​របស់​មនុស្ស​ទាំង​ប៉ុន្មាន ដែល​បាន​បះ‌បោរ​នឹង​អញ ដ្បិត​ដង្កូវ​នៃ​ខ្មោច​ទាំង​នោះ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ភ្លើង​ក៏​មិន​ចេះ​រលត់​ដែរ សាក​ខ្មោច​ទាំង​នោះ​នឹង​បាន​ជា​ទី​ខ្ពើម​ឆ្អើម ដល់​អស់​ទាំង​មនុស្ស។:៚

ទើបបានជ្រើសរើសហើយ៖

អេសាយ 66: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល