យ៉ាកុប 1

1
1សំបុត្រ​យ៉ាកុប ជា​បាវ​បំរើ​របស់​ព្រះ ហើយ​របស់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ជំរាប​សួរ​ដល់​ពូជ​អំបូរ​ទាំង​១២ ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ។
2បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​សេចក្ដី​អំណរ​សព្វ​គ្រប់​វិញ 3ដោយ​ដឹង​ថា ការ​ល្បង​ល​មើល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា នោះ​នាំ​បង្កើត​ឲ្យ​មាន​សេចក្ដី​ខ្ជាប់‌ខ្ជួន 4ចូរ​ទុក​ឲ្យ​សេចក្ដី​ខ្ជាប់‌ខ្ជួន​នោះ បាន​ធ្វើ​ការ​ឲ្យ​សំរេច​ពេញ‌លេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ 5តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ 6តែ​ត្រូវ​ឲ្យ​អ្នក​នោះ​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ទាំង​រំពើក​ចុះ​ឡើង 7កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះ‌អម្ចាស់​ឡើយ 8ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​២ ចេះ​តែ​សាវ៉ា​ក្នុង​គ្រប់​ទាំង​ផ្លូវ។
9ត្រូវ​ឲ្យ​បង​ប្អូន​ណា ដែល​មាន​សណ្ឋាន​ទាប​ថោក​បាន​ត្រេក‌អរ ដោយ​បាន​ដំកើង​ឡើង 10ហើយ​អ្នក​មាន​ត្រូវ​អរ​សប្បាយ ដោយ​ត្រូវ​បន្ទាប​ចុះ​វិញ ដ្បិត​គេ​នឹង​បាត់​ទៅ​ដូច​ជា​ផ្កា​ស្មៅ 11ពី​ព្រោះ​ថ្ងៃ​រះ​ឡើង មាន​ចំហាយ​ក្តៅ​វេលា​ណា នោះ​ធ្វើ​ឲ្យ​ស្មៅ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ ឯ​លំអ​ក៏​វិនាស​សូន្យ​ទៅ ដូច្នេះ អ្នក​មាន​ក៏​នឹង​ត្រូវ​ស្រពោន​ទៅ​ក្នុង​ផ្លូវ​ខ្លួន​យ៉ាង​នោះ​ដែរ 12មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​ល្បួង ដ្បិត​កាល​ណា​ត្រូវ​ល្បង​ល ឃើញ​ថា​ខ្ជាប់‌ខ្ជួន​ហើយ នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត ដែល​ព្រះ‌អម្ចាស់​ទ្រង់​សន្យា​នឹង​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ទ្រង់។
13កាល​ណា​មាន​សេចក្ដី​ល្បួង នោះ​កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា ព្រះ‌ទ្រង់​ល្បួង​ខ្លួន​ឡើយ ដ្បិត​សេចក្ដី​អាក្រក់​ពុំ​អាច​នឹង​ល្បួង​នាំ​ព្រះ‌ហឫទ័យ​ព្រះ​បាន​ឡើយ ហើយ​ព្រះ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ 14តែ​ដែល​គ្រប់​គ្នា​កើត​មាន​សេចក្ដី​ល្បួង នោះ​គឺ​ដោយ‌សារ​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួង‌លោម​ទេ 15រួច​កាល​ណា​សេចក្ដី​ប៉ង‌ប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សំរាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​បាប​បាន​ពោរ‌ពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្ដី​ស្លាប់។
16បង​ប្អូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​អើយ កុំ​ឲ្យ​ត្រូវ​បំភាន់​ឡើយ 17គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក នឹង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរ‌បិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែ‌ប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្ដី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ 18ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា​មក​តាម​ព្រះ‌ហឫទ័យ​ទ្រង់ ដោយ‌សារ​ព្រះ‌បន្ទូល​ដ៏​ពិត ប្រយោជន៍​ឲ្យ​យើង​បាន​បែប​ដូច​ជា​ផល​ដំបូង ក្នុង​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្កើត​មក។
19ដូច្នេះ បង​ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ 20ដ្បិត​សេចក្ដី​កំហឹង​របស់​មនុស្ស មិន​ដែល​សំរេច​តាម​សេចក្ដី​សុចរិត​របស់​ព្រះ​ទេ 21បាន​ជា​ចូរ​ទទួល​ព្រះ‌បន្ទូល​ដែល​បាន​ដាំ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយ​ចិត្ត​សុភាព​ចុះ ទាំង​លះ​ចោល​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​ចេញ នឹង​សេចក្ដី​គំរក់​ដ៏​មាន​ច្រើន​ម៉្លេះ​ចេញ​ផង ដ្បិត​ព្រះ‌បន្ទូល​នោះ​អាច​នឹង​ជួយ​សង្គ្រោះ​ព្រលឹង​អ្នក​រាល់​គ្នា​បាន 22ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន​វិញ​នោះ​ឡើយ 23ដ្បិត​បើ​អ្នក​ណា​ស្តាប់​ព្រះ‌បន្ទូល​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់ 24អ្នក​នោះ​គ្រាន់​តែ​មើល​ខ្លួន រួច​ចេញ​បាត់​ទៅ ហើយ​ក៏​ភ្លេច​ពី​បែប​ភាព​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម 25តែ​អ្នក​ណា​ដែល​ភិនិត្យ​មើល​ក្នុង​ក្រិត្យ‌វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​ក្រិត្យ‌វិន័យ​ខាង​ឯ​សេរី‌ភាព ហើយ​ក៏​ជាប់​ចិត្ត​ចំពោះ ឥត​មាន​ភ្លេច​សេចក្ដី​ដែល​ស្តាប់​នោះ​ឡើយ គឺ​បាន​ប្រព្រឹត្ត​តាម​វិញ អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន។
26បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្តាត​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ចិត្ត​ខ្លួន​ហើយ ឯ​សាសនា​របស់​អ្នក​នោះ​ជា​ឥត​ប្រយោជន៍​ទទេ 27ឯ​សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ‌ហ្មង នៅ​ចំពោះ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា នោះ​គឺ​ឲ្យ​ទៅ​សួរ​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក្នុង​កាល​ដែល​គេ​មាន​សេចក្ដី​វេទនា ហើយ​ឲ្យ​រក្សា​ខ្លួន មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

យ៉ាកុប 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល