យ៉ាកុប 5

5
1ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​យំ​សោក​ចុះ ព្រម​ទាំង​ស្រែក​ទ្រហោ​ផង ដោយ​ព្រោះ​សេចក្ដី​វេទនា ដែល​ត្រូវ​មក​លើ​អ្នក​រាល់​គ្នា 2ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​បាន​ពុក‌រលួយ ហើយ​សំលៀក‌បំពាក់​អ្នក​រាល់​គ្នា ត្រូវ​កន្លាត​កាត់​អស់​ហើយ 3មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​បាន​ដុះ​ស្នឹម ឯ​ស្នឹម​នោះ នឹង​បាន​ទុក​សំរាប់​ជា​ទី​បន្ទាល់ ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​នឹង​ស៊ី​សាច់​អ្នក​រាល់​គ្នា​ដូច​ជា​ភ្លើង ដ្បិត​អ្នក​រាល់​គ្នា​បាន​ខំ​ប្រមូល​បង្គរ​ទ្រព្យ​សម្បត្តិ​ឡើង នៅ​ជាន់​ក្រោយ​បង្អស់​នេះ 4មើល ប្រាក់​ឈ្នួល ដែល​អ្នក​រាល់​គ្នា​បាន​បង្ខាន​ចំពោះ​ពួក​ជើង​ឈ្នួល ជា​អ្នក​ច្រូត​នៅ​ស្រែ​របស់​អ្នក​រាល់​គ្នា នោះ​ក៏​ស្រែក​ឡើង ហើយ​សំរែក​នៃ​ពួក​អ្នក​ដែល​ច្រូត​នោះ បាន​ឮ​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ​ដែរ 5អ្នក​រាល់​គ្នា​បាន​នៅ​លើ​ផែនដី បែប​ប្រសើរ​រុងរឿង តាម​តែ​ចិត្ត​សំរើប​ស្រើប ទាំង​ចំអែត​ចិត្ត ដូច​ជា​នៅ​ថ្ងៃ​សំឡាប់​សត្វ 6អ្នក​រាល់​គ្នា​បាន​កាត់​ទោស ក៏​បាន​សំឡាប់​មនុស្ស​សុចរិត តែ​គេ​មិន​បាន​ត‌យុទ្ធ​នឹង​អ្នក​រាល់​គ្នា​វិញ​សោះ។
7បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ ដរាប​ដល់​ព្រះ‌អម្ចាស់​ទ្រង់​យាង​មក មើល អ្នក​ធ្វើ​ស្រែ គេ​រង់‌ចាំ​ផល​វិសេស ដែល​កើត​ពី​ដី​មក ដោយ​សេចក្ដី​អត់‌ធ្មត់ ទាល់​តែ​បាន​ភ្លៀង​ធ្លាក់​មក​ខាង​ដើម​រដូវ នឹង​ចុង​រដូវ​ផង 8ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អត់‌ធ្មត់​ដូច្នោះ​ដែរ ទាំង​តាំង​ចិត្ត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ 9បង​ប្អូន​អើយ កុំ​ឲ្យ​រទូ‌រទាំ​ទាស់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ក្រែង​មាន​ទោស មើល​ចៅ‌ក្រម លោក​ឈរ​នៅ​មាត់​ទ្វារ​ហើយ 10បង​ប្អូន​អើយ ចូរ​យក​ពួក​ហោរា ដែល​បាន​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទុក​ជា​គំរូ​ពី​សេចក្ដី​ទុក្ខ​លំបាក នឹង​ពី​សេចក្ដី​អត់‌ធ្មត់​ចុះ 11មើល យើង​ហៅ​ពួក​អ្នក​ដែល​ទ្រាំ‌ទ្រ ថា​ជា​អ្នក​មាន​ពរ ចុះ​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​សេចក្ដី​អត់​ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា នឹង​សេចក្ដី​អាណិត‌អាសូរ​ពោរ‌ពេញ​ដែរ 12តែ​បង​ប្អូន​អើយ កុំ​ឲ្យ​ស្បថ​ជា​ដើម ទោះ​បើ​នឹង​ស្ថាន‌សួគ៌ ឬ​នឹង​ផែនដី​ក្តី ក៏​កុំ​ឲ្យ​ស្បថ​យ៉ាង​ណា​ឲ្យ​សោះ តែ​ឲ្យ​ពាក្យ «បាទ» របស់​អ្នក​រាល់​គ្នា បាន​នៅ​តែ «បាទ» ហើយ​ពាក្យ «ទេ» នៅ​តែ «ទេ» ដដែល ក្រែង​អ្នក​រាល់​គ្នា​ធ្លាក់​ទៅ​ជា​មាន​ទោស។
13តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា កើត​ទុក្ខ​លំបាក​ឬ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​អធិស្ឋាន តើ​មាន​អ្នក​ណា​អរ​សប្បាយ​ឬ​ទេ ត្រូវ​ឲ្យ​គេ​ច្រៀង​សរសើរ​ដល់​ព្រះ​ចុះ 14តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​ឈឺ​ឬ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​មក​អធិស្ឋាន​ឲ្យ​ចុះ ព្រម​ទាំង​លាប​ប្រេង​ឲ្យ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ផង 15នោះ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ នឹង​ជួយ​សង្គ្រោះ​ដល់​មនុស្ស​ហេវ​នោះ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រោស​ឲ្យ​គាត់​បាន​ជា​ឡើង បើ​គាត់​បាន​ធ្វើ​បាប​អ្វី នោះ​នឹង​បាន​អត់​ទោស​ឲ្យ​ផង 16ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លន់‌តួ​ទោស​នឹង​គ្នា ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បាន​ជា​ចុះ ដ្បិត​សេចក្ដី​ទូល​អង្វរ​ដ៏​អស់​ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់ 17ឯ​ហោរា​អេលីយ៉ា លោក​មាន​ចិត្ត​ដូច​ជា​យើង​ដែរ តែ​លោក​បាន​អធិស្ឋាន សូម​កុំ​ឲ្យ​មាន​ភ្លៀង នោះ​នៅ​ផែនដី​ក៏​រាំង​អស់​រវាង​៣​ឆ្នាំ​៦​ខែ 18រួច​លោក​បាន​អធិស្ឋាន​ម្តង​ទៀត នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង​ធ្លាក់​មក ហើយ​ដី​បាន​បង្កើត​ផល​ផ្លែ​ឡើង។
19បង​ប្អូន​អើយ បើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា គេ​វង្វេង​ចេញ​ពី​សេចក្ដី​ពិត ហើយ​មាន​អ្នក​ណា​នាំ​អ្នក​នោះ​ឱ្យ​ត្រឡប់​មក​វិញ 20នោះ​ត្រូវ​ដឹង​ថា អ្នក​ណា​ដែល​នាំ​មនុស្ស​បាប ឲ្យ​ត្រឡប់​ពី​ផ្លូវ​វង្វេង​មក​វិញ នោះ​ឈ្មោះ​ថា បាន​ជួយ​សង្គ្រោះ​ព្រលឹង​១ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ក៏​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត​ផង។:៚

ទើបបានជ្រើសរើសហើយ៖

យ៉ាកុប 5: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល