ចៅហ្វាយ 21
21
1រីឯពួកបណ្តាជនជាសាសន៍អ៊ីស្រាអែល គេបានស្បថនៅត្រង់មីសប៉ាថា មិនត្រូវឲ្យមានអ្នកណាមួយក្នុងពួកយើងរាល់គ្នា ឲ្យកូនស្រីរបស់ខ្លួនទៅធ្វើជាប្រពន្ធពួកបេនយ៉ាមីនឡើង 2គេក៏មកដល់បេត-អែល អង្គុយនៅទីនោះចំពោះព្រះ ដរាបដល់ល្ងាច ព្រមទាំងបន្លឺសំឡេងយំជាខ្លាំងថា 3ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ហេតុអ្វីបានជាសេចក្ដីនេះកើតមកក្នុងសាសន៍អ៊ីស្រាអែល ឲ្យត្រូវបាត់ពូជអំបូរ១ក្នុងសាសន៍យើងខ្ញុំនៅថ្ងៃនេះដូច្នេះ 4ដល់ថ្ងៃស្អែក គេក៏ក្រោកឡើងពីព្រលឹម គេស្អាងអាសនា១នៅទីនោះ រួចថ្វាយដង្វាយដុត នឹងដង្វាយមេត្រី 5នោះគេសួរគ្នាថា ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន តើអ្នកណាខ្លះដែលមិនបានឡើងមកប្រជុំឯព្រះយេហូវ៉ា គេសួរដូច្នោះ ពីព្រោះបានស្បថយ៉ាងធ្ងន់ ពីដំណើរអ្នកណាដែលមិនឡើងមកឯព្រះយេហូវ៉ា ត្រង់មីសប៉ានោះថា អ្នកនោះនឹងត្រូវស្លាប់ជាពិតប្រាកដ 6ហើយពួកកូនចៅអ៊ីស្រាអែលក៏នឹកស្តាយពួកបេនយ៉ាមីន ជាបងប្អូនគេ ដោយពាក្យថា នៅថ្ងៃនេះ ពូជអំបូរមួយបានកាត់ចេញពីសាសន៍អ៊ីស្រាអែលហើយ 7ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេដែលនៅសល់បាន ដ្បិតយើងបានស្បថនឹងព្រះយេហូវ៉ាថា យើងមិនឲ្យកូនស្រីរបស់យើងទៅធ្វើជាប្រពន្ធគេឡើយ។
8ដូច្នេះគេសួរថា ក្នុងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន តើមានពួកណាមិនបានឡើងមកឯព្រះយេហូវ៉ា ត្រង់មីសប៉ា នោះឃើញថា គ្មានអ្នកណាបានឡើងមកពីយ៉ាបេស-កាឡាត ដើម្បីនឹងប្រជុំក្នុងពួកជំនុំទេ 9ដ្បិតកាលគេបានរាប់បណ្តាជនទៅ នោះមិនឃើញអ្នកណាពីពួកយ៉ាបេស-កាឡាតណាមួយបាននៅទីនោះសោះ 10ដូច្នេះពួកជំនុំក៏ចាត់មនុស្ស១ម៉ឺន២ពាន់នាក់ ក្នុងពួកក្លាហានឲ្យទៅឯណោះ ដោយបង្គាប់ថា ចូរទៅសំឡាប់ពួកអ្នកនៅយ៉ាបេស-កាឡាតនោះ ដោយមុខដាវទៅ ព្រមទាំងស្រីៗ នឹងពួកក្មេងផង 11ត្រូវឲ្យអ្នករាល់គ្នាធ្វើដូច្នេះ គឺត្រូវសំឡាប់ពួកប្រុសៗទាំងអស់ទៅ ព្រមទាំងពួកស្រីៗដែលបានស្គាល់ប្រុសហើយផង 12ក្នុងពួកអ្នកនៅយ៉ាបេស-កាឡាត នោះឃើញមានស្រីក្រមុំ៤០០នាក់ ដែលមិនទាន់បានស្គាល់ប្រុសណា ដោយរួមដំណេកជាមួយនៅឡើយ គេក៏នាំស្រីទាំងនោះ មកឯទីដំឡើងត្រសាល នៅត្រង់ស៊ីឡូរដែលនៅក្នុងស្រុកកាណាន។
13នោះពួកជំនុំទាំងអស់គ្នាក៏ចាត់គេឲ្យទៅនិយាយនឹងពួកកូនចៅបេនយ៉ាមីន ដែលនៅថ្មដារីម៉ូននោះ ដោយប្រកាសជាសេចក្ដីមេត្រីនឹងគ្នាទៅវិញទៅមក 14ដូច្នេះ ពួកបេនយ៉ាមីនក៏វិលត្រឡប់មកវិញ នៅគ្រានោះ រួចពួកជំនុំប្រគល់ស្ត្រីទាំងប៉ុន្មាន ដែលបានទុកឲ្យរស់នៅក្នុងពួកស្ត្រីយ៉ាបេស-កាឡាតនោះឲ្យដល់គេ តែមិនទាន់បានល្មមឲ្យគេនៅឡើយ 15ពួកបណ្តាជនក៏នឹកស្តាយដល់ពួកបេនយ៉ាមីន ដោយព្រះយេហូវ៉ាបានធ្វើឲ្យបាត់ពួក១ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានចេញ។
16ពួកចាស់ទុំក្នុងពួកជំនុំក៏សួរគ្នាថា ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេដែលនៅសល់បាន ដ្បិតពួកស្ត្រីក្នុងពួកបេនយ៉ាមីនបានវិនាសអស់ហើយ 17គេឆ្លើយថា ត្រូវឲ្យមានកេរ្តិ៍អាករឲ្យពួកអ្នកដែលបានរួចជីវិតក្នុងពួកបេនយ៉ាមីនផង ដើម្បីកុំឲ្យមានពូជអំបូរណាមួយ ត្រូវរលុបចេញពីសាសន៍អ៊ីស្រាអែលឡើយ 18ប៉ុន្តែ ខ្លួនយើងរាល់គ្នា គ្មានច្បាប់នឹងឲ្យកូនយើងទៅធ្វើជាប្រពន្ធគេទេ (ដ្បិតពួកកូនចៅអ៊ីស្រាអែលបានស្បថថា ត្រូវបណ្តាសាហើយ អ្នកណាដែលឲ្យកូនខ្លួនទៅធ្វើជាប្រពន្ធរបស់ពួកបេនយ៉ាមីន) 19រួចគេប្រាប់ថា មើល រាល់តែឆ្នាំគេតែងធ្វើបុណ្យថ្វាយព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលនៅខាងជើងបេត-អែល ហើយខាងកើតផ្លូវដែលឡើងពីបេត-អែលទៅឯស៊ីគែម នឹងខាងត្បូងល្បូណា 20ដូច្នេះគេបង្គាប់ដល់ពួកកូនចៅបេនយ៉ាមីនថា ចូរឯងរាល់គ្នាទៅបង្កប់ខ្លួនក្នុងចំការទំពាំងបាយជូរទៅ 21ចាំមើល បើពួកស្រីក្រមុំនៅស៊ីឡូរចេញមកលេង នោះចូរឯងរាល់គ្នាចេញពីចំការទំពាំងបាយជូរ ទៅចាប់យកពួកស្រីក្រមុំស៊ីឡូរទាំងនោះ ធ្វើជាប្រពន្ធគ្រប់ៗគ្នាចុះ រួចត្រឡប់ទៅឯស្រុកបេនយ៉ាមីនវិញទៅ 22បើកាលណាឪពុកបងប្អូនរបស់ស្ត្រីទាំងនោះមកប្តឹងយើង នោះយើងនឹងអង្វរថា សូមអាណិតមេត្តាដល់គេឲ្យយើងផង ដ្បិតយើងទៅច្បាំងនោះ មិនបានទុកប្រពន្ធឲ្យគេគ្រប់គ្នាទេ មួយទៀតមិនមែនជាអ្នករាល់គ្នាដែលបានឲ្យស្ត្រីទាំងនោះទៅគេដែរ បើអ្នករាល់គ្នាបានធ្វើដូច្នេះ នោះមានទោសមែន 23ពួកកូនចៅបេនយ៉ាមីនក៏ធ្វើដូច្នោះ គេចាប់យកជាប្រពន្ធ១ម្នាក់គ្រប់គ្នាតាមចំនួនគេ ពីពួកក្រមុំដែលកំពុងលេង រួចនាំជំរត់យកទៅឯស្រុកជាមរដករបស់គេទៅ ក៏សង់ទីក្រុងឡើងវិញ ហើយតាំងទីលំនៅផង 24នៅគ្រានោះពួកកូនចៅអ៊ីស្រាអែលក៏ចេញពីទីនោះត្រឡប់ទៅឯពូជអំបូរ នឹងគ្រួសាររបស់គេរៀងខ្លួន គឺវិលទៅឯស្រុក ជាមរដករបស់គេគ្រប់គ្នាទៅ។
25នៅគ្រានោះឯង គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ គឺមនុស្សទាំងឡាយតែងប្រព្រឹត្តការអ្វី តាមដែលគេយល់ឃើញថាត្រឹមត្រូវគ្រប់គ្នា។:៚
ទើបបានជ្រើសរើសហើយ៖
ចៅហ្វាយ 21: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.