ចៅហ្វាយ 6
6
1រួចមកពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាទៀត នោះព្រះយេហូវ៉ាទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃសាសន៍ម៉ាឌានអស់៧ឆ្នាំ 2ពួកសាសន៍ម៉ាឌានក៏មានកំឡាំងឡើង ឈ្នះពួកអ៊ីស្រាអែល គឺដោយព្រោះតែសាសន៍ម៉ាឌាននោះហើយ បានជាពួកកូនចៅគេធ្វើរូងនៅក្នុងភ្នំ នឹងរអាង ហើយនឹងទីមាំមួនសំរាប់ខ្លួន 3រីឯកាលពួកអ៊ីស្រាអែលបានសាបព្រោះ នោះពួកសាសន៍ម៉ាឌាន ពួកសាសន៍អាម៉ាលេក នឹងពួកមនុស្សនៅស្រុកខាងកើត គេឡើងមកទាស់ 4គេមកបោះទ័ពទាស់នឹងអ៊ីស្រាអែល ក៏បំផ្លាញអស់ទាំងផលកើតពីដី រហូតដល់ក្រុងកាសា ឥតមានទុកស្បៀងអាហារណាឲ្យនៅក្នុងស្រុកអ៊ីស្រាអែលឡើយ ទោះទាំងចៀម គោ ឬលាក្តី 5ដ្បិតគេឡើងមកទាំងដឹកហ្វូងសត្វ នឹងត្រសាលរបស់គេមកដែរ គឺចូលមកមានគ្នាសន្ធឹកដូចជាកណ្តូប ឯខ្លួនគេ នឹងសត្វអូដ្ឋរបស់គេ នោះរាប់មិនអស់ឡើយ គេមកប្រយោជន៍តែនឹងបំផ្លាញស្រុកប៉ុណ្ណោះ 6ឯពួកកូនចៅអ៊ីស្រាអែលត្រូវទុគ៌តទៅ ដោយព្រោះសាសន៍ម៉ាឌាន ដូច្នេះគេអំពាវនាវដល់ព្រះយេហូវ៉ា។
7កាលពួកកូនចៅអ៊ីស្រាអែលបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះសាសន៍ម៉ាឌាន 8នោះទ្រង់ក៏ចាត់ហោរាម្នាក់មកឯគេ ប្រាប់ថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា អញបាននាំឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ គឺឲ្យចេញពីផ្ទះពួកបាវបំរើមក 9អញបានដោះឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ នឹងពីកណ្តាប់ដៃនៃអស់អ្នកដែលសង្កត់សង្កិនឯង ក៏បានបណ្តេញគេពីមុខឯងចេញទៅ ហើយបានឲ្យស្រុករបស់គេមកឯងរាល់គ្នាវិញ 10អញបានប្រាប់ឯងថា អញជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា មិនត្រូវឲ្យឯងខ្លាចដល់អស់ទាំងព្រះរបស់សាសន៍អាម៉ូរី ដែលឯងនៅស្រុកគេនោះឡើយ តែឯងរាល់គ្នាមិនបានស្តាប់តាមបង្គាប់អញសោះ។
11គ្រានោះ ទេវតានៃព្រះយេហូវ៉ាក៏យាងមកគង់នៅក្រោមដើមម៉ៃសាក់នៅត្រង់អូប្រា ដែលជារបស់យ៉ូអាស ក្នុងគ្រួអ័បៀស៊ើរ រីឯគេឌានជាកូន គាត់កំពុងតែបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន 12ទេវតានៃព្រះយេហូវ៉ា ក៏លេចមកឲ្យលោកឃើញ ហើយប្រាប់ថា នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង 13តែគេឌានឆ្លើយឡើងថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ បើសិនជាព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងពួកទូលបង្គំពិត នោះហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់ពួកទូលបង្គំដូច្នេះ ឯអស់ទាំងការអស្ចារ្យរបស់ទ្រង់ ដែលពួកឰយុកោបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាទ្រង់បាននាំយើងខ្ញុំឡើងចេញពីស្រុកអេស៊ីព្ទមក តើការទាំងនោះនៅឯណា ដ្បិតឥឡូវនេះព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលពួកទូលបង្គំ ព្រមទាំងប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកម៉ាឌានហើយ 14នោះព្រះយេហូវ៉ា ទ្រង់ទតមើលលោក ហើយមានបន្ទូលថា ចូរឯងទៅដោយសារកំឡាំងឯងនេះ ហើយជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានចុះ អញបានចាត់ឯងឲ្យទៅហើយ 15រួចលោកទូលទ្រង់ថា ឱព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែលបាន មើល ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង 16ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា អញនឹងនៅជាមួយនឹងឯង ឯងនឹងវាយសាសន៍ម៉ាឌានដូចជាវាយដល់មនុស្សតែម្នាក់ 17លោកទូលថា បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ នោះសូមទ្រង់សំដែងទីសំគាល់ឲ្យទូលបង្គំបានដឹងផង ថាគឺទ្រង់ហើយដែលមានបន្ទូលនឹងទូលបង្គំពិតមែន 18សូមទ្រង់កុំថយចេញពីទីនេះឡើយ ដរាបដល់ទូលបង្គំទៅនាំយកដង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះទ្រង់សិន ទ្រង់ក៏ទទួលថា អញនឹងចាំទាល់តែឯងមកវិញ។
19ដូច្នេះ គេឌានក៏ចូលទៅក្នុងផ្ទះ ចាត់ចែងរៀបចំកូនពពែ១ នឹងនំបុ័ងឥតដំបែធ្វើពីម្សៅ១ថាំង ដាក់សាច់ក្នុងកញ្ច្រែង ហើយក៏ដាក់ទឹកសំឡក្នុងចាន នាំយកមកថ្វាយទ្រង់ នៅត្រង់ដើមម៉ៃសាក់នោះ 20នោះទេវតានៃព្រះក៏មានបន្ទូលប្រាប់ថា ចូរយកសាច់ នឹងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសំឡពីលើទៅ លោកក៏ធ្វើតាមដូច្នោះ 21រួចទេវតានៃព្រះយេហូវ៉ាក៏លូកចុងដំបង ដែលកាន់នៅព្រះហស្ត ទៅពាល់សាច់ នឹងនំបុ័ងឥតដំបែនោះ ក៏មានភ្លើងចេញពីថ្មបញ្ឆេះសាច់ នឹងនំបុ័ងឥតដំបែអស់រលីងទៅ លុះស្រេចហើយ ទេវតានៃព្រះយេហូវ៉ា ក៏យាងចេញពីមុខបាត់ទៅ 22គេឌានក៏បានដឹងថា ជាទេវតានៃព្រះយេហូវ៉ា បានជាលោកទូលថា វរហើយ ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ដ្បិតទូលបង្គំបានឃើញទេវតានៃព្រះយេហូវ៉ានៅប្រទល់មុខ 23ព្រះយេហូវ៉ាទ្រង់ព្រះបន្ទូលតបមកថា ចូរឲ្យមានសេចក្ដីសុខចុះ កុំឲ្យភ័យអី ឯងមិនត្រូវស្លាប់ទេ 24នោះគេឌានក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា «យេហូវ៉ា-សាឡិម» អាសនានោះក៏នៅត្រង់អូប្រារបស់ផងពួកអ័បៀស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
25នៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់បង្គាប់លោកថា ចូរនាំយកគោឈ្មោលរបស់ឪពុកឯង គឺជាគោទី២អាយុ៧ខួបទៅជាមួយ ត្រូវឲ្យឯងរំលំអាសនានៃព្រះបាលរបស់ឪពុកឯងចេញទៅ ព្រមទាំងកាប់បំផ្លាញអ្នកតាដែលនៅក្បែរទីនោះផង 26រួចស្អាងអាសនា១ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង តាមរបៀបនៅលើថ្មដានោះ ហើយត្រូវយកគោទី២ថ្វាយជាដង្វាយដុត ដោយដុតនឹងឈើជារូបអ្នកតា ដែលឯងបានកាប់នោះ 27ដូច្នេះគេឌានក៏នាំយកអ្នកបំរើរបស់ខ្លួន១០នាក់ ទៅធ្វើតាមដូចជាព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ តែលោកធ្វើនៅពេលថ្ងៃមិនបាន ដោយព្រោះខ្លាចពួកអ្នកផ្ទះរបស់ឪពុកខ្លួន នឹងពួកមនុស្សនៅទីក្រុងនោះ បានជាធ្វើនៅពេលយប់វិញ។
28កាលពួកមនុស្សនៅទីក្រុងបានក្រោកឡើងពីព្រលឹម ឃើញអាសនានៃព្រះបាលបានរលំហើយ ឯអ្នកតាក៏បានកាប់ចោលផង ហើយគោទី២បានថ្វាយនៅលើអាសនាដែលបានស្អាងឡើង 29នោះគេនិយាយគ្នាទៅវិញទៅមកថា តើអ្នកណាបានធ្វើនេះ គេក៏ស៊ើបសួររក រួចមានគេប្រាប់ថា គឺគេឌាន ជាកូនយ៉ូអាស បានធ្វើការនោះ 30ដូច្នេះពួកមនុស្សនៅទីក្រុង គេប្រាប់ទៅយ៉ូអាសថា ចូរនាំកូនអ្នកចេញមកឲ្យវាស្លាប់ទៅ ដ្បិតវាបានរំលំអាសនានៃព្រះបាល ហើយកាប់បំផ្លាញរូបអ្នកតាដែលនៅក្បែរទីនោះផង 31យ៉ូអាសក៏ឆ្លើយទៅអស់អ្នកដែលមកទាស់នឹងគាត់ថា តើអ្នករាល់គ្នាចង់តវ៉ាជំនួស ហើយគិតជួយសង្គ្រោះព្រះបាលឬអី ឯអ្នកណាដែលចង់តវ៉ាជំនួសព្រះបាល ឲ្យអ្នកនោះត្រូវស្លាប់វិញឥឡូវ មុនដែលថ្ងៃរះផង បើនេះជាព្រះពិត នោះចូរឲ្យវាតវ៉ាដោយខ្លួនវាចុះ ដោយព្រោះគេបានរំលំអាសនាហើយ 32ហេតុនោះបានជានៅថ្ងៃនោះឯង គេហៅគេឌានថា យេរូ-បាល ដោយព្រោះពាក្យដែលថា ចូរឲ្យព្រះបាលតវ៉ាដោយខ្លួនឯងចុះ គឺពីព្រោះបានរំលំអាសនាគេហើយ។
33គ្រានោះ ពួកសាសន៍ម៉ាឌានទាំងប៉ុន្មាន នឹងពួកអាម៉ាលេក ព្រមទាំងពួកមនុស្សនៅស្រុកខាងកើត ក៏មូលគ្នាឆ្លងទន្លេ មកបោះទ័ពនៅត្រង់វាលច្រកភ្នំយេសរាល 34នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ាទ្រង់យាងមកសណ្ឋិតលើគេឌាន លោកក៏ផ្លុំត្រែឡើង នោះពួកអ័បៀស៊ើរក៏មូលគ្នាមកតាមលោក 35រួចលោកចាត់មនុស្សឲ្យទៅគ្រប់ក្នុងស្រុកម៉ាន៉ាសេ គេក៏មូលគ្នាមកតាមលោកដែរ រួចគាត់ចាត់មនុស្សឲ្យទៅឯពួកអេស៊ើរ ពួកសាប់យូល៉ូន នឹងពួកណែបថាលីទៀត គេក៏មូលមកឯលោកទាំងអស់គ្នា។
36ស្រេចហើយ គេឌានទូលដល់ព្រះថា បើសិនជាព្រះអង្គទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ដោយសារដៃរបស់ទូលបង្គំ ដូចជាទ្រង់បានមានបន្ទូលហើយ 37នោះមើល ទូលបង្គំដាក់រោមចៀមនេះនៅទីលានស្រូវ ដូច្នេះបើឃើញសន្សើមមាននៅតែនឹងរោមចៀមប៉ុណ្ណោះ ហើយដីទាំងអស់ស្ងួតវិញ នោះទូលបង្គំនឹងដឹងថា ទ្រង់ជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែលដោយសារដៃទូលបង្គំពិតមែន ដូចជាទ្រង់បានមានបន្ទូលហើយ 38នោះក៏កើតមានដូច្នោះ លុះថ្ងៃស្អែកឡើង លោកក្រោកពីព្រលឹមទៅច្របាច់ពូតរោមចៀមនោះ បានទឹកសន្សើមពេញ១ចាន 39រួចគេឌានទូលទៅព្រះថា សូមទ្រង់កុំខ្ញាល់នឹងទូលបង្គំឡើយ ទូលបង្គំនឹងទូលតែម្តងណេះទេ គឺសូមឲ្យទូលបង្គំសាកដោយរោមចៀមនេះម្តងទៀត សូមឲ្យតែរោមចៀមនេះបានស្ងួតទៅ ហើយឲ្យដីមានទឹកសន្សើមវិញ 40ព្រះទ្រង់ក៏ធ្វើដូច្នោះនៅយប់នោះ គឺរោមចៀមទៅជាស្ងួត តែនៅពេញលើដី មានសុទ្ធតែទឹកសន្សើមវិញ។
ទើបបានជ្រើសរើសហើយ៖
ចៅហ្វាយ 6: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.