យេរេ‌មា 1

1
1នេះ​ជា​ពាក្យ​របស់​យេរេមា ជា​កូន​ហ៊ីល‌គីយ៉ា គឺ​ជា​ម្នាក់​ក្នុង​ពួក​សង្ឃ ដែល​នៅ​ក្រុង​អាន៉ាថោត ក្នុង​ស្រុក​បេន‌យ៉ាមីន 2ជា​អ្នក​ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្លួន នៅ​ក្នុង​ឆ្នាំ​ទី​១៣​នៃ​រាជ្យ​យ៉ូសៀស ជា​បុត្រ​អាំម៉ូន ស្តេច​ស្រុក​យូដា 3ក៏​មាន​មក​ដល់ នៅ​ក្នុង​រាជ្យ​យ៉ូយ៉ា‌គីម ជា​បុត្រ​យ៉ូសៀស ជា​ស្តេច​ស្រុក​យូដា ដរាប​ដល់​ផុត​ឆ្នាំ​ទី​១១ ក្នុង​រាជ្យ​សេដេគា ជា​បុត្រ​យ៉ូសៀស ដែល​ជា​ស្តេច​ស្រុក​យូដា គឺ​ដល់​ខែ​ស្រាពណ៍ ជា​គ្រា​ដែល​ពួក​ក្រុង​យេរូ‌សាឡិម ត្រូវ​ចាប់​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ​ឯង។
4រីឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា 5មុន​ដែល​អញ​បាន​ជប​បង្កើត​ឯង​នៅ​ក្នុង​ពោះ​ម្តាយ នោះ​អញ​ស្គាល់​ឯង​ហើយ កាល​មុន​ដែល​ឯង​សំរាល​ចេញ​ពី​ផ្ទៃ​មក នោះ​អញ​បាន​ញែក​ឯង​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​ឯង​ឡើង​ជា​ហោរា ដល់​អស់​ទាំង​សាសន៍ 6នោះ​ខ្ញុំ​បាន​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល ទូលបង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូលបង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ 7តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​ថា​ឯង​ជា​មនុស្ស​ក្មេង​ឡើយ ដ្បិត​បើ​អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​អ្នក​ណា នោះ​ឯង​ត្រូវ​តែ​ទៅ ហើយ​សេចក្ដី​អ្វី​ដែល​អញ​បង្គាប់​ឯង នោះ​ឯង​ត្រូវ​តែ​ប្រាប់​ដែរ 8ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​ខ្លាច​ចំពោះ​គេ​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច 9នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​លូក​ព្រះ‌ហស្ត​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​បន្ទូល​ថា មើល អញ​បាន​ដាក់​ពាក្យ​របស់​អញ​នៅ​ក្នុង​មាត់​ឯង​ហើយ 10មើល នៅ​ថ្ងៃ​នេះ អញ​តាំង​ឯង​លើ​អស់​ទាំង​សាសន៍ នឹង​លើ​នគរ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​ដក​រំលើង រុះ​ទំលាក់ ហើយ​បំផ្លាញ​រំលំ​ចុះ ព្រម​ទាំង​សង់​ឡើង​វិញ ហើយ​ដាំ​ទៀត​ផង។
11មួយ​ទៀត ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ សួរ​ថា យេរេមា​អើយ តើ​ឯង​ឃើញ​អ្វី​នុ៎ះ នោះ​ខ្ញុំ​ទូល​តប​ថា ទូលបង្គំ​ឃើញ​ដំបង​ឈើ​ចំបក់​១ 12រួច​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​ខ្ញុំ​ថា ឯង​បាន​ឃើញ​ត្រូវ​ហើយ ពី​ព្រោះ​អញ​ព្យាយាម​នឹង​ធ្វើ​សំរេច​តាម​ពាក្យ​របស់​អញ។
13ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត សួរ​ថា តើ​ឯង​ឃើញ​អ្វី​នុ៎ះ ខ្ញុំ​ក៏​ទូល​តប​ថា ទូលបង្គំ​ឃើញ​ថ្លាង​ទឹក​កំពុង​តែ​ពុះ ដែល​មាន​មាត់​ផ្អៀង​មក​ពី​ទិស​ខាង​ជើង 14នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា នឹង​កើត​មាន​ការ​អាក្រក់ ផុល​ចេញ​ពី​ទិស​ខាង​ជើង មក​លើ​ពួក​អ្នក​ស្រុក​ទាំង​អស់ 15ដ្បិត​មើល អញ​នឹង​ហៅ​គ្រប់​ទាំង​គ្រួសារ​នៃ​នគរ​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​គេ​នឹង​មក​តាំង​បល្ល័ង្ក​របស់​គេ​រៀង​ខ្លួន នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡិម ទល់​នឹង​កំផែង​ទី​ក្រុង​ព័ទ្ធ​ជុំវិញ ហើយ​ទល់​នឹង​ទី​ក្រុង​របស់​ស្រុក​យូដា​ទាំង​អស់​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 16នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ទី​ក្រុង​ទាំង​នោះ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​គេ​ទាំង​ប៉ុន្មាន គឺ​ដែល​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ​ចំពោះ​របស់​ដែល​ដៃ​ខ្លួន​គេ​បាន​ធ្វើ​ផង 17ដូច្នេះ​ចូរ​ឲ្យ​ឯង​ក្រវាត់​ចង្កេះ ហើយ​ក្រោក​ឡើង​ទៅ​ប្រាប់​ដល់​គេ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់​ឯង​ចុះ កុំ​ឲ្យ​ស្រយុត​ចិត្ត​ចំពោះ​គេ​ឡើយ ក្រែង​អញ​ធ្វើ​ឲ្យ​ឯង​ស្រយុត​ចិត្ត​នៅ​មុខ​គេ​ជា​ពិត 18ដ្បិត​មើល នៅ​ថ្ងៃ​នេះ​អញ​បាន​តាំង​ឯង​ឡើង ទុក​ជា​ទី​ក្រុង​ត្រៀម​ដោយ​គ្រឿង​ចំបាំង ជា​សសរ​ដែក ហើយ​ជា​កំផែង​លង្ហិន សំរាប់​ត​នឹង​ស្រុក​ទាំង​មូល នឹង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​សាសន៍​យូដា ព្រម​ទាំង​ត​នឹង​ពួក​ចៅហ្វាយ នឹង​ពួក​សង្ឃ ហើយ​នឹង​បណ្តាជន​ទាំង‌ឡាយ​នៅ​ស្រុក​នេះ​ផង 19គេ​នឹង​ត​នឹង​ឯង តែ​មិន​ឈ្នះ​ឯង​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឯង​ឲ្យ​រួច នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេវ៉ា។

ទើបបានជ្រើសរើសហើយ៖

យេរេ‌មា 1: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល