យេរេ‌មា 15

15
1លំដាប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ទោះ​បើ​មាន​ម៉ូសេ ឬ​សាំយូ‌អែល​ឈរ នៅ​មុខ​អញ​ក៏​ដោយ គង់​តែ​ចិត្ត​អញ​មិន​បែរ​ទៅ​ឯ​ជន‌ជាតិ​នេះ​វិញ​ឡើយ ចូរ​បោះ​គេ​ឲ្យ​ផុត​ពី​ភ្នែក​អញ​ចេញ ហើយ​ឲ្យ​គេ​ចេញ​ទៅ​ចុះ 2បើ​កាល​ណា​គេ​សួរ​ឯង​ថា តើ​ឲ្យ​យើង​ចេញ​ទៅ​ឯ​ណា នោះ​ចូរ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯ​ពួក​ណា​ដែល​សំរាប់​ស្លាប់ នោះ​ត្រូវ​ចេញ​ទៅ​ស្លាប់​ចុះ ហើយ​ពួក​ណា​ដែល​សំរាប់​ដាវ ឲ្យ​គេ​ទៅ​ឯ​ដាវ​ទៅ នឹង​ពួក​ណា​ដែល​សំរាប់​អំណត់‌អត់ ឲ្យ​គេ​អត់‌ឃ្លាន​ចុះ ឯ​ពួក​ណា​ដែល​សំរាប់​ដឹក​ទៅ​ជា​ឈ្លើយ នោះ​ឲ្យ​គេ​ទៅ​ជា​ឈ្លើយ​ដែរ 3ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ដំរូវ​ឲ្យ​មាន​៤​មុខ​កើត​ឡើង​ដល់​គេ គឺ​ដាវ​សំរាប់​កាប់​សំឡាប់​១ ឆ្កែ​សំរាប់​ហែក​ស៊ី​១ នឹង​សត្វ​ហើរ​លើ​អាកាស​១ ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​សំរាប់​ជញ្ជែង​ស៊ី ហើយ​បំផ្លាញ​ផង 4អញ​នឹង​ធ្វើ​ឲ្យ​គេ​ត្រូវ​បោះ​ទៅ​មក​នា​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ដោយ​ព្រោះ​ម៉ាន៉ាសេ ជា​បុត្រា​ហេសេគា ស្តេច​ស្រុក​យូដា នឹង​ការ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡិម។
5ឱ​ក្រុង​យេរូ‌សាឡិម​អើយ តើ​អ្នក​ណា​នឹង​អាណិត​ប្រណី​ដល់​ឯង ឬ​អ្នក​ណា​នឹង​សោក​ស្តាយ​ឯង តើ​អ្នក​ណា​នឹង​បែរ​មក​សួរ​ពី​សេចក្ដី​សុខ​ទុក្ខ​របស់​ឯង 6ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​បាន​បោះ‌បង់​ចោល​អញ​ហើយ ឯង​បាន​រា‌ថយ​ចេញ ហេតុ​នោះ​បាន​ជា​អញ​លូក​ដៃ​ទៅ​ទាស់​នឹង​ឯង ហើយ​បំផ្លាញ​ឯង​បង់ អញ​ណាយ​ចិត្ត​ហើយ ដោយ​ការ​ផ្លាស់​ប្រែ​គំនិត 7អញ​បាន​អុំ​គេ ដោយ​ចង្អេរ​នៅ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ស្រុក អញ​បាន​ធ្វើ​ឲ្យ​បាត់‌បង់​កូន​អស់​ទៅ គឺ​អញ​បាន​បំផ្លាញ​រាស្ត្រ​អញ​ហើយ ព្រោះ​គេ​មិន​បាន​បែរ​ត្រឡប់​មក​ពី​ផ្លូវ​របស់​គេ​ទេ 8ស្រី​មេម៉ាយ​របស់​គេ​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​មុខ​អញ លើស​ជាង​ខ្សាច់​នៅ​មាត់​សមុទ្រ​ទៅ​ទៀត អញ​បាន​នាំ​អ្នក​បំផ្លាញ​ម្នាក់​មក​លើ​ម្តាយ​របស់​ពួក​កំឡោះៗ​ទាំង​ថ្ងៃ​ត្រង់ អញ​បាន​បណ្តាល​ឲ្យ​មាន​សេចក្ដី​ទុក្ខ​ព្រួយ នឹង​សេចក្ដី​ស្ញែង​ខ្លាច​លោ​មក​លើ​គេ​ភ្លាម 9ស្ត្រី​ណា​ដែល​បាន​បង្កើត​កូន​៧​នាក់​ក៏​ល្វើយ​ទៅ រួច​ប្លុង​វិញ្ញាណ​ចេញ ពន្លឺ​របស់​នាង​បាន​លិច​ទៅ ក្នុង​កាល​ដែល​នៅ​ថ្ងៃ​នៅ​ឡើយ នាង​បាន​ត្រូវ​អៀន‌ខ្មាស ហើយ​ជ្រប់​មុខ​ទៅ ឯ​ពួក​ដែល​សល់​នៅ នោះ​អញ​នឹង​ប្រគល់​ដល់​ដាវ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
10ម៉ែ​អើយ វរ‌ហើយ​ខ្ញុំ ដ្បិត​ម៉ែ​បាន​បង្កើត​ខ្ញុំ​មក​ជា​មនុស្ស​ទទឹង​ទាស់ ហើយ​ជជែក​បន្ទោស​ដល់​លោកីយ​ទាំង​មូល ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​ខ្ចី ក៏​មិន​បាន​ខ្ចី​ពី​គេ​ផង​ដែរ ប៉ុន្តែគេ​ប្រទេច​ផ្តាសា​ខ្ញុំ​គ្រប់​គ្នា 11ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ចំរើន​កំឡាំង​ឯង ឲ្យ​បាន​សេចក្ដី​ល្អ​ទៅ​មុខ ពិត​ប្រាកដ​ជា​អញ​នឹង​បណ្តាល​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មក​អង្វរ​ដល់​ឯង​ក្នុង​គ្រា​អាក្រក់ ហើយ​ក្នុង​គ្រា​វេទនា។
12តើ​ដែក​អាច​នឹង​បំបាក់​បំបែក​ដែក​ពី​ស្រុក​ខាង​ជើង ហើយ​នឹង​លង្ហិន​បាន​ឬ​ទេ 13ឯ​ធន‌ធាននឹង​ទ្រព្យ​សម្បត្តិ​របស់​ឯង អញ​នឹង​ឲ្យ​ដល់​គេ​ទុក​ជា​របឹប​ដោយ​ឥត​ថ្លៃ គឺ​ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​ឯង នៅ​គ្រប់​ទាំង​ព្រំ‌ដែន​របស់​ឯង 14អញ​នឹង​ឲ្យ​ឯង​ឆ្លង​ទៅ​ជា​មួយ​នឹង​ពួក​ខ្មាំង​សត្រូវ​ឯង ដល់​ស្រុក​១​ដែល​ឯង​មិន​ស្គាល់ ដ្បិត​មាន​ភ្លើង​កាត់​ឡើង​ក្នុង​សេចក្ដី​កំហឹង​របស់​អញ ភ្លើង​នោះ​នឹង​ឆេះ​ដល់​ឯង​រាល់​គ្នា។
15ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជ្រាប​ហើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ ហើយ​ប្រោស​ទូលបង្គំ​ផង សូម​សង‌សឹក​នឹង​ពួក​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ សូម​កុំ​ដក​ទូលបង្គំ​ចេញ ដោយ​ទ្រង់​ត្រូវ​រង​ទ្រាំ​ជា​យូរ​នោះ​ឡើយ សូម​ជ្រាប​ថា ទូលបង្គំ​រង​ទ្រាំ​សេចក្ដី​ដំនៀល ដោយ​យល់​ដល់​ទ្រង់ 16ទូលបង្គំ​បាន​ឃើញ​ព្រះ‌បន្ទូល​ទ្រង់ ទូលបង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះ‌បន្ទូល​របស់​ទ្រង់​ជា​សេចក្ដី​អំណរ ហើយ​ជា​ទី​រីក‌រាយ​ចិត្ត​ដល់​ទូលបង្គំ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ ទូលបង្គំ​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់ 17ទូលបង្គំ​មិន​បាន​អង្គុយ​ក្នុង​ចំណោម​នៃ​ពួក​អ្នក​ដែល​លេង​សប្បាយ ហើយ​លោត‌កញ្ឆេង​នោះ​ឡើយ គឺ​ទូលបង្គំ​បាន​អង្គុយ​តែ​ឯង ដោយ​ព្រោះ​ព្រះ‌ហស្ត​ទ្រង់ ដ្បិត​ទ្រង់​បាន​ឲ្យ​ទូលបង្គំ​មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់ 18ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ នៅ​ជានិច្ច ហើយ​របួស​ទូលបង្គំ​មើល​មិន​ជា ក៏​មិន​ព្រម​សះ​សោះ​ដូច្នេះ តើ​ទ្រង់​នឹង​បាន​ដូច​ជា​សេចក្ដី​បញ្ឆោត ដល់​ទូលបង្គំ​ជា​ពិត គឺ​ដូច​ជា​ទឹក​ដែល​មិន​ទៀង​ឬ។
19ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា បើ​ឯង​នឹង​វិល​មក​វិញ នោះ​អញ​នឹង​នាំ​ឯង​ទៀត ដើម្បី​ឲ្យ​ឯង​បាន​ឈរ​នៅ​មុខ​អញ ហើយ​បើ​ឯង​នឹង​ញែក​របស់​ថ្លៃ​វិសេស​ចេញ​ពី​របស់​ស្មោក‌គ្រោក នោះ​ឯង​នឹង​បាន​ដូច​ជា​មាត់​អញ គេ​នឹង​វិល​មក​ឯ​ឯង​វិញ តែ​ឯង​មិន​ត្រូវ​ត្រឡប់​ទៅ​ឯ​គេ​ទេ 20អញ​នឹង​ធ្វើ​ឲ្យ​ឯង​ជា​កំផែង​លង្ហិន មាន​គ្រឿង​សស្ត្រា‌វុធ​ដល់​ជន‌ជាតិ​នេះ គេ​នឹង​ច្បាំង​នឹង​ឯង តែ​មិន​អាច​នឹង​ឈ្នះ​បាន​ទេ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង ដើម្បី​នឹង​ជួយ​សង្គ្រោះ ហើយ​ប្រោស​ឯង​ឲ្យ​រួច នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 21អញ​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់ ហើយ​នឹង​លោះ​ឯង​ចេញ​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​ដែល​គួរ​ស្ញែង​ខ្លាច។

ទើបបានជ្រើសរើសហើយ៖

យេរេ‌មា 15: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល