យេរេ‌មា 22

22
1ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ចុះ​ទៅ​ឯ​ដំណាក់​ស្តេច​យូដា ហើយ​ពោល​ពាក្យ​នេះ​នៅ​ទី​នោះ 2គឺ​ប្រាប់​ថា ឱ​ស្តេច​សាសន៍​យូដា​ដែល​គង់​លើ​បល្ល័ង្ក​នៃ​ដាវីឌ ព្រម​ទាំង​ពួក​មហា‌តលិក នឹង​បណ្តាជន​របស់​ទ្រង់​ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ 3ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​សំរេច​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត ហើយ​ដោះ​អ្នក​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​នោះ កុំ​ឲ្យ​រឹប​ជាន់ ឬ​គំហក‌កំហែង​ដល់​អ្នក​ដទៃ ដែល​មក​ស្នាក់​នៅ ឬ​ដល់​ពួក​កំព្រា នឹង​ស្រី​មេម៉ាយ​ឡើយ ក៏​កុំ​ឲ្យ​កំចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស​នៅ​ទី​នេះ​ដែរ 4ដ្បិត​បើ​សិន​ជា​ឯង​រាល់​គ្នា​នឹង​ធ្វើ​តាម​ពាក្យ​នេះ​ជា​ប្រាកដ នោះ​នឹង​មាន​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​ដាវីឌ​ជិះ​រាជ‌រថ នឹង​សេះ​យាង​ចូល​តាម​ទ្វារ​នេះ ព្រម​ទាំង​ពួក​មហា‌តលិក នឹង​រាស្ត្រ​របស់​ទ្រង់​ផង 5តែ​បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ពាក្យ​ទាំង​នេះ​ទេ នោះ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​ស្បថ​នឹង​ខ្លួន​អញ​ថា ដំណាក់​នេះ​នឹង​ត្រូវ​បំផ្លាញ​អស់​រលីង 6ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​ដំណាក់​នៃ​ស្តេច​យូដា​ដូច្នេះ​ឯង​ទុក​ដូច​ជា​ស្រុក​កាឡាត ហើយ​ដូច​កំពូល​ភ្នំ​ល្បាណូន​ដល់​អញ ប៉ុន្តែ ប្រាកដ​ជា​អញ​នឹង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ទី​ស្ងាត់‌ជ្រងំ​វិញ ជា​ទី​ក្រុង​ដែល​ឥត​មាន​មនុស្ស​នៅ 7ហើយ​អញ​នឹង​តាំង​ពួក​បំផ្លាញ​ឲ្យ​មក​ទាស់​នឹង​ឯង គ្រប់​គ្នា​នឹង​កាន់​គ្រឿង​អាវុធ​របស់​ខ្លួន គេ​នឹង​កាប់​រំលំ​ដើម​តាត្រៅ ដែល​ជ្រើស‌រើស​របស់​ឯង ហើយ​បោះ​ទៅ​ក្នុង​ភ្លើង 8សាសន៍​ជា​ច្រើន​នឹង​ដើរ​មក​តាម​ទី​ក្រុង​នេះ គ្រប់​គ្នា​នឹង​និយាយ​ដល់​គូ‌កន​ខ្លួន​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ដូច្នេះ​ដល់​ក្រុង​ធំ​នេះ 9នោះ​គេ​នឹង​ឆ្លើយ​តប​ថា គឺ​ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ ក៏​ថ្វាយ‌បង្គំ​ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ផង។
10កុំ​ឲ្យ​យំ​នឹង​មនុស្ស​ដែល​ស្លាប់​ឡើយ ក៏​កុំ​ឲ្យ​សោក​ស្តាយ​គេ​ដែរ ត្រូវ​ឲ្យ​យំ​ជា​ខ្លាំង​នឹង​អ្នក​ដែល​ចាក​ចេញ​ពី​ទី​នេះ​វិញ ដ្បិត​គេ​នឹង​មិន​ដែល​វិល​មក​ទៀត​ឡើយ ក៏​មិន​ដែល​ឃើញ​ស្រុក​កំណើត​របស់​ខ្លួន​ទៀត​ផង 11ពី​ព្រោះ​ឯ​សាលូម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា ដែល​សោយ‌រាជ្យ​ជំនួស​យ៉ូសៀស ជា​បិតា ហើយ​បាន​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា គេ​នឹង​មិន​ដែល​មក​ឯ​ទី​នេះ​វិញ​ទៀត​ឡើយ 12នៅ​កន្លែង​ណា​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នោះ​គេ​នឹង​ស្លាប់​នៅ​ទី​នោះ ឥត​ដែល​ឃើញ​ស្រុក​នេះ​ទៀត។
13វេទនា​ដល់​អ្នក​ណា​ដែល​សង់​ផ្ទះ​ខ្លួន ដោយ​ការ​ទុច្ចរិត ហើយ​ធ្វើ​បន្ទប់​ខ្លួន​ដោយ​ការ​មិន​ទៀង​ត្រង់ ជា​អ្នក​ដែល​ប្រើ​ប្រាស់​អ្នក​ជិត​ខាង​ខ្លួន​ទទេ ឥត​ចេញ​ឈ្នួល​ឲ្យ 14ហើយ​ក៏​ពោល​ថា អញ​នឹង​សង់​ផ្ទះ​១​ធំ ដែល​មាន​បន្ទប់​ទូលាយ​សំរាប់​អញ ក៏​ធ្វើ​បង្អួច ហើយ​បិទ​ជញ្ជាំង​ដោយ​ក្តារ​តាត្រៅ រួច​លាប​ពណ៌​ក្រហម​ស្រស់ 15តើ​ត្រូវ​ឲ្យ​ឯង​សោយ‌រាជ្យ ដោយ​ព្រោះ​តែ​ឯង​មាន​ចិត្ត​សង្វាត នឹង​ចំរើន​ឈើ​តាត្រៅ​ឬ​អី ឯ​ឪពុក​ឯង តើ​មិន​បាន​ស៊ី ហើយ​ផឹក​ដែរ​ទេ​ឬ​អី ប៉ុន្តែ បាន​ប្រព្រឹត្ត​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត បាន​ជា​មាន​សន្តិ‌សុខ​ក្នុង​គ្រា​នោះ 16គាត់​បាន​កាត់​ក្តី​ឲ្យ​ពួក​ក្រីក្រ នឹង​ពួក​កំសត់​ទុគ៌ត ដូច្នេះ ក៏​មាន​សេចក្ដី​សុខ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ថា ដែល​ប្រព្រឹត្ត​ដូច្នោះ តើ​មិន​មែន​ជា​ស្គាល់​ដល់​អញ​ទេ​ឬ​អី 17តែ​ឯ​ភ្នែក​ឯង នឹង​ចិត្ត​ឯង នោះ​រក​តែ​បំពេញ​សេចក្ដី​លោភ​របស់​ឯង​វិញ ក៏​កំចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​មាន​ទោស ព្រម​ទាំង​រឹប​ជាន់ នឹង​ប្រព្រឹត្ត​សេចក្ដី​ច្រឡោត​ផង​ប៉ុណ្ណោះ 18ហេតុ​នោះ ព្រះ‌យេហូវ៉ា ក៏​មាន​បន្ទូល​ពី​ដំណើរ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​សាសន៍​យូដា​ដូច្នេះ​ថា មនុស្ស​នឹង​មិន​សោក​ស្តាយ​ដោយ​ពាក្យ​ថា ឱ​បង ឱ​ប្អូន​អើយ ក៏​មិន​ដែល​សោក​ស្តាយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ឬ​ថា​ព្រះ‌ករុណា​ដ៏​ឧត្តម​អើយ នោះ​ឡើយ 19គេ​នឹង​កប់​សព​យេហូយ៉ាគីម ដូច​ជា​កប់​ខ្មោច​សត្វ​លា គឺ​គេ​នឹង​អូស​ទៅ​បោះ​ចោល នៅ​ខាង​ក្រៅ​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡិម​បង់។
20ចូរ​ឡើង​ទៅ​លើ​ភ្នំ​ល្បាណូន ហើយ​ស្រែក​ឡើង ចូរ​បន្លឺ​សំឡេង​នៅ​ស្រុក​បាសាន ហើយ​ស្រែក​ពី​ភ្នំ​អាបារីម​ចុះ ពី​ព្រោះ​បណ្តា​សហាយ​របស់​ឯង​បាន​ត្រូវ​បំផ្លាញ​ហើយ 21កាល​នៅ​គ្រា​សំបូរ នោះ​អញ​បាន​និយាយ​នឹង​ឯង​ហើយ តែ​ឯង​ឆ្លើយ​តប​ថា យើង​មិន​ព្រម​ស្តាប់​ទេ គឺ​បែប​យ៉ាង​នេះ ដែល​បាន​ប្រព្រឹត្ត​តាំង​តែ​ពី​ក្មេង​មក គឺ​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អញ​ឡើយ 22ខ្យល់​នឹង​ស៊ី​បំផ្លាញ​ពួក​គង្វាល​របស់​ឯង ហើយ​ពួក​សហាយ​របស់​ឯង​នឹង​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ដូច្នេះ ឯង​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​ឯង​ប្រព្រឹត្ត​ជា​មិន​ខាន 23ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ព្រៃ​ល្បាណូន ដែល​ធ្វើ​សំបុក​នៅ​ដើម​តាត្រៅ​អើយ កាល​ណា​សេចក្ដី​ទុក្ខ​វេទនា​មក​លើ​ឯង ដូច​ជា​ស្ត្រី​ដែល​ឈឺ‌ចាប់​នឹង​សំរាល​កូន នោះ​ឯង​នឹង​គួរ​អាណិត​យ៉ាង​ណា​ទៅ។
24ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ទោះ​បើ​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​សាសន៍​យូដា​ជា​ចិញ្ចៀន​ត្រា​នៅ​ដៃ​ស្តាំ​អញ​ក៏​ដោយ គង់​តែ​អញ​នឹង​កន្ត្រាក់​ចេញ​ទៅ​ដែរ 25អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​ឯង ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ឯង​បាន​ខ្លាច​នោះ គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ខាល់ដេ​ផង 26អញ​នឹង​បោះ​ឯង​ចោល​ចេញ ព្រម​ទាំង​ម្តាយ​ដែល​បង្កើត​ឯង​ផង ទៅ​ក្នុង​ស្រុក​១​ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​ឯង ហើយ​ឯង​នឹង​ស្លាប់ នៅ​ក្នុង​ស្រុក​នោះ 27តែ​ឯ​ស្រុក​ដែល​ចិត្ត​គេ​រឭក​ចង់​វិល​ទៅ​នៅ​វិញ​នោះ គេ​នឹង​មិន​ត្រឡប់​ទៅ​នៅ​វិញ​ឡើយ 28ឯ​មនុស្ស​ឈ្មោះ​យេកូនាស​នេះ តើ​ជា​ភាជនៈ​កំបែក ហើយ​សំអប់​ឬ​អី តើ​ជា​ប្រដាប់​ដែល​ឥត​មាន​អ្នក​ណា​ពេញ​ចិត្ត​ដែរ​ឬ ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​បោះ​ចេញ​ដូច្នេះ ព្រម​ទាំង​ពូជ‌ពង្ស​របស់​គេ​ផង គឺ​បោះ​ចោល​ទៅ​នៅ​ស្រុក​១​ដែល​គេ​មិន​ស្គាល់​នោះ 29ឱ​ផែនដី ផែនដី ផែនដី​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ 30ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ត្រូវ​កត់​ឈ្មោះ​របស់​មនុស្ស​នេះ​ថា​ជា​គ្មាន​កូន ជា​មនុស្ស​ដែល​នឹង​មិន​ចំរើន​ក្នុង​ជំនាន់​របស់​ខ្លួន​ឡើយ ដ្បិត​នឹង​គ្មាន​ពូជ‌ពង្ស​គេ​ណា​មួយ ដែល​នឹង​អាច​អង្គុយ​លើ​បល្ល័ង្ក នៃ​ដាវីឌ ហើយ​គ្រប់‌គ្រង​លើ​ស្រុក​យូដា​បាន​ទៀត​ឡើយ។

ទើបបានជ្រើសរើសហើយ៖

យេរេ‌មា 22: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល