យេរេមា 29
29
1នេះឯងជាសេចក្ដីចុះក្នុងសំបុត្រ ដែលហោរាយេរេមាបានផ្ញើពីក្រុងយេរូសាឡិម ទៅឯសំណល់ពួកចាស់ទុំ ក្នុងពួកដែលត្រូវដឹកទៅជាឈ្លើយ ហើយនឹងពួកសង្ឃ ពួកហោរា នឹងបណ្តាជនទាំងអស់ ដែលនេប៊ូក្នេសាបានដឹកជាឈ្លើយ ពីក្រុងយេរូសាឡិមទៅឯស្រុកបាប៊ីឡូន 2គឺក្នុងគ្រាក្រោយដែលស្តេចយេកូនាស នឹងអគ្គមហេសី ពួកសេនាបតី ពួកចៅហ្វាយនៃស្រុកយូដា នឹងក្រុងយេរូសាឡិម ព្រមទាំងពួកជាងឈើ នឹងជាងដែក បានចេញពីក្រុងយេរូសាឡិមអស់ហើយ 3លោកផ្ញើសំបុត្រនោះដោយសារដៃអេលាសារ ជាកូនសាផាន នឹងកេម៉ារា ជាកូនហ៊ីលគីយ៉ា ជាអ្នកដែលសេដេគា ស្តេចយូដាបានចាត់ទៅឯស្រុកបាប៊ីឡូន ដល់នេប៊ូក្នេសា ជាស្តេចស្រុកនោះថា 4ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដល់ពួកឈ្លើយទាំងប៉ុន្មាន ដែលទ្រង់បានឲ្យគេដឹកជាឈ្លើយ ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនថា 5ចូរឲ្យឯងរាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ 6ចូរយកប្រពន្ធ ហើយបង្កើតកូនប្រុសកូនស្រី ព្រមទាំងរកប្រពន្ធឲ្យកូនប្រុសឯង ហើយលើកកូនស្រីរបស់ឯងឲ្យមានប្ដីផង ដើម្បីឲ្យបានបង្កើតកូនប្រុសកូនស្រីដែរ ចូរឲ្យចំរើនជាច្រើនឡើងនៅទីនោះ កុំឲ្យថយចំនួនឯងឡើយ 7ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលអញបានឲ្យគេដឹកនាំឯងទៅនៅជាឈ្លើយនោះ បានសេចក្ដីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្ដីសុខរបស់ក្រុងនោះ ឯងរាល់គ្នានឹងបានសេចក្ដីសុខដែរ 8ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានបន្ទូលដូច្នេះ កុំឲ្យពួកហោរា នឹងពួកគ្រូទាយរបស់ឯង ដែលនៅកណ្តាលពួកឯងរាល់គ្នាបញ្ឆោតឯងឡើយ ក៏កុំឲ្យស្តាប់តាមសប្តិរបស់ឯង ដែលឯងរាល់គ្នាបានយល់សប្តិនោះដែរ 9ដ្បិតគេទាយកុហកដល់ឯងរាល់គ្នា ដោយនូវឈ្មោះអញទេ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញមិនបានចាត់គេឡើយ 10ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ លុះកាលបានសំរេចគ្រប់៧០ឆ្នាំនៅស្រុកបាប៊ីឡូនហើយ នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ 11ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញស្គាល់សេចក្ដីដែលអញគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្ដីសង្ឃឹម 12នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម 13ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត 14ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងឲ្យឯងរាល់គ្នារកអញឃើញ អញនឹងដោះឯងរាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយនឹងប្រមូលឯងពីគ្រប់ទាំងសាសន៍ នឹងពីគ្រប់កន្លែងណាដែលអញបានបណ្តេញឯង នាំវិលត្រឡប់មកឯកន្លែងដែលអញបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
15ហេតុដែលអ្នករាល់គ្នានិយាយថា ព្រះយេហូវ៉ាទ្រង់បានបង្កើតឲ្យយើងមានពួកហោរា នៅស្រុកបាប៊ីឡូននេះ 16នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ពីដំណើរស្តេចដែលគង់លើបល្ល័ង្ករបស់ដាវីឌ ហើយពីដំណើរជនទាំងឡាយដែលអាស្រ័យនៅទីក្រុងនេះ គឺជាបងប្អូនរបស់ឯងរាល់គ្នា ដែលមិនបានដឹកទៅជាឈ្លើយជាមួយនឹងឯងរាល់គ្នាទេ 17ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា មើល អញនឹងចាត់ដាវ សេចក្ដីអំណត់អត់ នឹងអាសន្នរោគមកលើគេ ហើយនឹងធ្វើឲ្យគេត្រឡប់ទៅដូចជាផ្លែល្វាអាក្រក់ ដែលបរិភោគមិនបាន 18ហើយអញនឹងដេញតាមគេ ដោយដាវ អំណត់អត់ នឹងអាសន្នរោគ ព្រមទាំងប្រគល់គេទៅឲ្យត្រូវរសាត់អណ្តែត នៅកណ្តាលអស់ទាំងសាសន៍នៅផែនដី ឲ្យបានជាទីផ្តាសា ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ នឹងជាទីត្មះតិះដៀលនៅកណ្តាលអស់ទាំងសាសន៍ ដែលអញនឹងបណ្តេញគេនោះ 19គឺដោយព្រោះគេមិនបានស្តាប់តាមពាក្យអញ ដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញបានចាត់ពួកហោរា ជាអ្នកបំរើរបស់អញទៅឯគេ ព្រមទាំងក្រោកពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង តែឯងរាល់គ្នាមិនបានស្តាប់តាមសោះ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
20ដូច្នេះ ឯងរាល់គ្នា ជាពួកឈ្លើយ ដែលអញបានបណ្តេញចេញពីក្រុងយេរូសាឡិម ទៅឯស្រុកបាប៊ីឡូនអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ 21ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលពីដំណើរអ័ហាប់ ជាកូនកូឡាយ៉ា នឹងសេដេគាជាកូនម្អាសេយ៉ា ដែលគេទាយជាសេចក្ដីកុហកដល់ឯងរាល់គ្នា ដោយនូវព្រះនាមទ្រង់ គឺទ្រង់មានបន្ទូលថា មើលអញនឹងប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយស្តេចនោះនឹងសំឡាប់អ្នកទាំង២នោះ នៅមុខឯងរាល់គ្នា 22ហើយពួកឈ្លើយ ជាសាសន៍យូដា ដែលនៅក្រុងបាប៊ីឡូន នឹងយករឿងនោះប្រើជាពាក្យផ្តាសាដល់អ្នកដទៃថា សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យឯងបានដូចជាសេដេគា នឹងអ័ហាប់ ដែលស្តេចបាប៊ីឡូនបានឆ្អើរនឹងភ្លើងនោះចុះ 23ពីព្រោះគេបានប្រព្រឹត្តអំពើចំកួតក្នុងពួកអ៊ីស្រាអែល គេបានសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាង ហើយពោលពាក្យកុហក ដោយនូវឈ្មោះអញ ជាសេចក្ដីដែលអញមិនបានបង្គាប់ដល់គេឡើយ ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គឺអញហើយដែលដឹង អញជាទីបន្ទាល់ពិត។
24រីឯដំណើរសេម៉ាយ៉ា ជាអ្នកនៅស្រុកនេហេលេម នោះត្រូវឲ្យឯងប្រាប់ថា 25ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះឯងបានធ្វើសំបុត្រដោយនូវឈ្មោះខ្លួនឯង ផ្ញើដល់អស់អ្នកនៅក្រុងយេរូសាឡិម នឹងដល់សេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃ ហើយដល់ពួកសង្ឃទាំងអស់ផងថា 26ព្រះយេហូវ៉ា ទ្រង់បានតាំងឯងឡើងធ្វើជាសង្ឃ ជំនួសយេហូយ៉ាដាដ៏ជាសង្ឃ ដើម្បីឲ្យមានពួកនាយកក្នុងព្រះវិហារនៃព្រះយេហូវ៉ា ប្រយោជន៍ឲ្យឯងបានចាប់អស់អ្នកឆ្កួត ដែលតាំងខ្លួនឡើងធ្វើជាហោរា ដាក់គុក ដាក់ខ្នោះ 27ចុះហេតុអ្វីបានជាមិនបានបន្ទោសដល់យេរេមា ដែលនៅក្រុងអាណាថោត ជាអ្នកដែលតាំងខ្លួនឡើងជាហោរាដល់លោករាល់គ្នានោះ 28ពីព្រោះវាបានផ្ញើសំបុត្រទៅយើងរាល់គ្នា នៅឯស្រុកបាប៊ីឡូន ប្រាប់ថា ដំណើរនេះនឹងត្រូវយូរនៅ ចូរធ្វើផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលទៅ 29ឯសេផានាដ៏ជាសង្ឃ ក៏អានមើលសំបុត្រនោះ ឲ្យហោរាយេរេមាស្តាប់ 30ខណៈនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមាដូច្នេះ 31ចូរផ្ញើទៅប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយថា ព្រះយេហូវ៉ាទ្រង់មានបន្ទូល ពីដំណើរសេម៉ាយ៉ាជាអ្នក ដែលមកពីស្រុកនេហេលេមថា ដោយព្រោះសេម៉ាយ៉ា ជាអ្នកដែលអញមិនបានចាត់ប្រើឡើយ បានទាយដល់ឯងរាល់គ្នា ហើយបាននាំឲ្យឯងរាល់គ្នាទុកចិត្តចំពោះសេចក្ដីកំភូត 32បានជាព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញនឹងធ្វើទោសដល់សេម៉ាយ៉ា ជាអ្នកស្រុកនេហេលេម ព្រមទាំងពូជពង្សគេផង គេនឹងគ្មានពូជណាអាស្រ័យនៅកណ្តាលជនជាតិនេះឡើយ ក៏នឹងមិនឃើញការល្អដែលអញនឹងប្រោសដល់រាស្ត្រអញដែរ ពីព្រោះគេបានពោលជាសេចក្ដីបះបោរទាស់នឹងព្រះយេហូវ៉ា នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
យេរេមា 29: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.