យេរេមា 40
40
1នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ក្រោយដែលនេប៊ូសារ៉ាដាន ជាមេទ័ពធំ បានលែងលោកនៅត្រង់រ៉ាម៉ាហើយ ក្នុងកាលដែលគេបានចាប់លោកដាក់ច្រវាក់ ជាមួយនឹងពួកក្រុងយេរូសាឡិម នឹងពួកស្រុកយូដាទាំងប៉ុន្មាន ដែលគេដឹកនាំជាឈ្លើយទៅឯស្រុកបាប៊ីឡូននោះ 2មេទ័ពធំក៏យកយេរេមាមកនិយាយថា ព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់បានប្រកាសសេចក្ដីអាក្រក់នេះទំលាក់លើទីនេះ 3ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសំរេចតាមព្រះបន្ទូលទ្រង់ផង ពីព្រោះឯងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ហើយមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះបានជាការនេះកើតដល់ឯងរាល់គ្នា 4ដូច្នេះមើល នៅថ្ងៃនេះខ្ញុំដោះច្រវាក់ពីដៃអ្នកចេញ បើសិនជាអ្នកចូលចិត្តទៅឯស្រុកបាប៊ីឡូនជាមួយនឹងខ្ញុំ ក៏ចូលមកចុះ ខ្ញុំនឹងទំនុកបំរុងអ្នកដោយល្អ តែបើមិនគាប់ចិត្តនឹងទៅឯស្រុកបាប៊ីឡូនជាមួយនឹងខ្ញុំទេ នោះតាមតែចិត្តចុះ មើល ស្រុកទាំងមូលនៅមុខអ្នកហើយ នៅកន្លែងណាដែលអ្នកគិតឃើញថាស្រួល ហើយគួរឲ្យអ្នកទៅ នោះឲ្យអ្នកទៅចុះ 5រីឯកាលលោកកំពុងកន្ទះរានៅឡើយ នោះមេទ័ពធំប្រាប់ថា ចូរអ្នកវិលទៅឯកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ជាអ្នកដែលស្តេចបាប៊ីឡូនបានតាំង ឲ្យត្រួតត្រាលើទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយឲ្យនៅជាមួយនឹងលោកកណ្តាលបណ្តាជនចុះ ឬឲ្យទៅឯកន្លែងណា តាមដែលចិត្តគិតឃើញថាគួរនោះមេទ័ពធំ ក៏ចែកស្បៀងអាហារឲ្យ ព្រមទាំងឲ្យរង្វាន់រួចលែងឲ្យទៅ 6ដូច្នេះ យេរេមាក៏ទៅឯកេដាលា ជាកូនអ័ហ៊ីកាម នៅត្រង់មីសប៉ា ហើយអាស្រ័យនៅជាមួយ នៅកណ្តាលបណ្តាជនដែលសល់នៅក្នុងស្រុក។
7រីឯពួកមេទ័ពទាំងប៉ុន្មាន ដែលពួននៅស្រុកស្រែចំការ ព្រមទាំងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលា ជាកូនអ័ហ៊ីកាមឡើងជាចៅហ្វាយលើស្រុក ហើយបានផ្ទុកផ្តាក់មនុស្សទាំងប្រុសទាំងស្រី នឹងកូនក្មេងជាអ្នកក្រីក្របំផុតក្នុងស្រុក ដែលមិនបានដឹកទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូន ឲ្យនៅក្នុងអំណាចលោក 8នោះគេក៏មកឯកេដាលា ត្រង់មីសប៉ា គឺមានអ៊ីសម៉ាអែល ជាកូននេថានា យ៉ូហាណាន នឹងយ៉ូណាថានជាកូនការា សេរ៉ាយ៉ា ជាកូនថានហ៊ូមែត នឹងពួកកូនរបស់អេផាយ ពីស្រុកនថូផា ហើយយេសានា ជាកូនរបស់ម្នាក់នៅម៉ាកាធី ព្រមទាំងពួកទាហានរបស់គេផង 9នោះកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ក៏ស្បថនឹងមេទ័ពទាំងនោះ ហើយនឹងទាហានរបស់គេ ដោយពាក្យថា កុំឲ្យខ្លាចនឹងបំរើពួកខាល់ដេឡើយ ចូរអាស្រ័យនៅក្នុងស្រុកនេះ ហើយបំរើដល់ស្តេចបាប៊ីឡូនចុះ នោះអ្នករាល់គ្នានឹងបានសេចក្ដីសុខ 10ឯចំណែកខ្ញុំ មើល ខ្ញុំនឹងនៅត្រង់មីសប៉ា ដើម្បីនឹងធ្វើជាអ្នកដំណាង នៅមុខពួកខាល់ដេណា ដែលនឹងមកឯយើងរាល់គ្នា តែអ្នករាល់គ្នាវិញ ចូរទៅប្រមូលផលទំពាំងបាយជូរ នឹងផលរដូវក្តៅ ព្រមទាំងប្រេងដាក់ទុក ក្នុងភាជនៈរបស់អ្នករាល់គ្នាទៅ ហើយឲ្យនៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលអ្នករាល់គ្នាចាប់បាននោះ 11មួយទៀត ពួកយូដាទាំងប៉ុន្មានដែលនៅស្រុកម៉ូអាប់ នឹងនៅកណ្តាលពួកកូនចៅអាំម៉ូន ហើយនៅស្រុកអេដំម ព្រមទាំងនៅគ្រប់ទាំងស្រុកផ្សេងៗទៀតផង កាលបានឮថា ស្តេចបាប៊ីឡូនបានទុកសំណល់ពួកយូដាឲ្យសល់នៅ ហើយបានតាំងកេដាលា ជាកូនអ័ហ៊ីកាមដែលជាកូនសាផាន ឲ្យត្រួតត្រាលើគេ 12នោះពួកយូដាទាំងនោះ ក៏ចេញពីគ្រប់ទីកន្លែងដែលគេត្រូវបណ្តេញទៅវិលមកក្នុងស្រុកយូដា ដល់កេដាលាត្រង់មីសប៉ា ហើយគេក៏ប្រមូលផលទំពាំងបាយជូរ នឹងផលរដូវក្តៅជាច្រើនណាស់។
13រីឯយ៉ូហាណាន ជាកូនការា នឹងពួកមេទ័ពទាំងប៉ុន្មាន ដែលពួននៅស្រុកស្រែចំការ គេក៏មកឯកេដាលានៅត្រង់មីសប៉ា 14គេជំរាបលោកថា តើលោកជ្រាបឬទេថា ប្អាលីស ជាស្តេចពួកកូនចៅអាំម៉ូន បានចាត់អ៊ីសម៉ាអែល ជាកូននេថានា ឲ្យមកសំឡាប់លោក តែកេដាលា ជាកូនអ័ហ៊ីកាមមិនជឿគេទេ 15គ្រានោះ យ៉ូហាណាន ជាកូនការា ក៏ពិគ្រោះនឹងកេដាលាដោយសំងាត់ នៅត្រង់មីសប៉ាថា សូមអនុញ្ញាតឲ្យខ្ញុំទៅចុះ នោះខ្ញុំនឹងសំឡាប់អ៊ីសម៉ាអែល ជាកូននេថានាបង់ ឥតឲ្យអ្នកណាដឹងឡើយ នឹងទុកឲ្យវាមកសំឡាប់លោកធ្វើអ្វី យ៉ាងនោះពួកយូដាទាំងប៉ុន្មាន ដែលបានមូលមកឯលោក គេនឹងត្រូវខ្ចាត់ខ្ចាយទៅ ហើយសំណល់ពួកយូដានឹងត្រូវវិនាសបង់ 16តែកេដាលា ជាកូនអ័ហ៊ីកាម ប្រាប់ដល់យ៉ូហាណាន ជាកូនការាថា កុំឲ្យធ្វើដូច្នោះឡើយ ដ្បិតអ្នកនិយាយកុហកពីដំណើរអ៊ីសម៉ាអែលទេ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 40: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.