យ៉ូហាន 10
10
1ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលចូលទៅក្នុងក្រោលចៀម មិនមែនតាមទ្វារ គឺឡើងចូលតាមកន្លែងណាឯទៀតវិញ អ្នកនោះឈ្មោះថាជាចោរលួច ចោរប្លន់ហើយ 2ឯអ្នកដែលចូលតាមទ្វារ នោះជាអ្នកគង្វាលចៀមពិត 3អ្នកឆ្មាំទ្វារក៏បើកឲ្យអ្នកនោះ ហើយហ្វូងចៀមស្តាប់តាមសំឡេងគាត់ដែរ ឯចៀមរបស់គាត់ នោះគាត់ហៅតាមឈ្មោះវានិមួយៗ នាំចេញទៅក្រៅ 4កាលបានបញ្ចេញចៀមខ្លួន ទៅក្រៅអស់ហើយ នោះគាត់ដើរមុនវា ហើយចៀមក៏ដើរតាមក្រោយទៅ ដ្បិតវាស្គាល់សំឡេងគាត់ 5វាមិនព្រមតាមមនុស្សដទៃទេ វានឹងរត់ចេញពីគេវិញ ពីព្រោះវាមិនស្គាល់សំឡេងរបស់មនុស្សដទៃណាសោះ 6ព្រះយេស៊ូវទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចនេះទៅគេ តែគេមិនដឹងជាទ្រង់មានបន្ទូលពីដំណើរអ្វីទេ។
7ដូច្នេះ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេម្តងទៀតថា ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំជាទ្វារចៀម 8អស់អ្នកដែលមកមុនខ្ញុំ នោះសុទ្ធតែជាចោរលួចចោរប្លន់ទទេ តែចៀមមិនបានស្តាប់តាមអ្នកទាំងនោះឡើយ 9ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នោះនឹងបានសង្គ្រោះ រួចនឹងចេញចូល ហើយនឹងរកបានវាលស្មៅដ៏ស្រួល 10ឯចោរ វាមកប្រយោជន៍តែនឹងលួច សំឡាប់ ហើយបំផ្លាញប៉ុណ្ណោះ តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង 11ខ្ញុំជាអ្នកគង្វាលល្អ ឯអ្នកគង្វាលល្អ ក៏ស៊ូតែប្តូរជីវិតជំនួសចៀម 12តែអ្នកស៊ីឈ្នួល ដែលមិនមែនជាអ្នកគង្វាលពិត ហើយចៀមក៏មិនមែនជារបស់ផងវា លុះវាឃើញឆ្កែព្រៃមក ក៏រត់ចេញចោលចៀម នោះឆ្កែព្រៃឆក់យកទៅ ទាំងដេញកំចាត់កំចាយហ្វូងចៀមផង 13អ្នកស៊ីឈ្នួលនោះរត់ទៅ ពីព្រោះវាគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ វាមិនយកចិត្តទុកដាក់នឹងចៀមឡើយ 14ឯខ្ញុំ ជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ 15ដូចជាព្រះវរបិតា ទ្រង់ស្គាល់ខ្ញុំ ហើយខ្ញុំក៏ស្គាល់ទ្រង់ដែរ ខ្ញុំស៊ូប្តូរជីវិតខ្ញុំនឹងចៀម 16ខ្ញុំក៏មានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ត្រូវតែខ្ញុំនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ នោះនឹងមានហ្វូងតែ១ នឹងអ្នកគង្វាលតែ១វិញ 17ហេតុនោះបានជាព្រះវរបិតាទ្រង់ស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំដាក់ជីវិតខ្ញុំចុះ ដើម្បីឲ្យបានយកមកវិញ 18គ្មានអ្នកណាដកយកជីវិតពីខ្ញុំបានទេ គឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំ ខ្ញុំអាចនឹងដាក់ជីវិតនេះចុះ ហើយក៏អាចនឹងយកមកវិញបានដែរ ខ្ញុំបានទទួលអំណាចនេះ ពីព្រះវរបិតាខ្ញុំមក 19នោះពួកសាសន៍យូដាក៏កើតបែកបាក់ទាស់គ្នាម្តងទៀត ដោយព្រោះពាក្យនេះ 20ក៏មានពួកគេជាច្រើននិយាយថា អ្នកនោះមានអារក្សចូលមែន ហើយក៏ឆ្កួតផង ហេតុអ្វីបានជាស្តាប់វា 21ខ្លះទៀតថា នេះមិនមែនជាពាក្យសំដីរបស់មនុស្សមានអារក្សចូលទេ តើអារក្សអាចនឹងធ្វើឲ្យមនុស្សខ្វាក់ភ្នែកបានភ្លឺដែរឬ។
22គ្រានោះជារដូវរងា ហើយនៅក្រុងយេរូសាឡិមគេកំពុងតែធ្វើបុណ្យឆ្លង 23ឯព្រះយេស៊ូវ ទ្រង់យាងចុះឡើងក្នុងព្រះវិហារ ត្រង់បាំងសាចហ្លួងសាឡូម៉ូន 24នោះមានពួកសាសន៍យូដាចោមព័ទ្ធទ្រង់ទូលសួរថា តើលោកទុកឲ្យយើងខ្ញុំនៅស្ទាក់ស្ទើរដល់កាលណាទៀត បើលោកជាព្រះគ្រីស្ទពិត នោះសូមប្រាប់យើងខ្ញុំឲ្យច្បាស់មកចុះ 25ព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនជឿ ឯការទាំងប៉ុន្មានដែលខ្ញុំធ្វើដោយនូវនាមព្រះវរបិតាខ្ញុំ ការទាំងនោះឯងធ្វើបន្ទាល់ពីខ្ញុំហើយ 26ប៉ុន្តែ អ្នករាល់គ្នាមិនជឿ ដ្បិតអ្នករាល់គ្នាមិនមែនជាចៀមរបស់ខ្ញុំទេ ដូចជាខ្ញុំបានប្រាប់ស្រេចហើយ 27ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ 28ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ 29ព្រះវរបិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់យកវាចេញពីព្រះហស្តរបស់ព្រះវរបិតាខ្ញុំបានឡើយ 30ខ្ញុំ ហើយនឹងព្រះវរបិតា គឺតែ១ព្រះអង្គទេ។
31នោះពួកសាសន៍យូដាក៏រើសថ្មម្តងទៀត ដើម្បីនឹងចោលព្រះយេស៊ូវ 32តែទ្រង់មានបន្ទូលសួរគេថា ខ្ញុំបានសំដែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើអ្នករាល់គ្នាចោលខ្ញុំនឹងថ្ម ដោយព្រោះការណាមួយនោះ 33ពួកសាសន៍យូដាទូលឆ្លើយថា យើងចោលអ្នកនឹងថ្ម មិនមែនដោយព្រោះការល្អណាទេ គឺដោយព្រោះពាក្យប្រមាថដល់ព្រះ ហើយពីព្រោះអ្នក ដែលជាមនុស្ស បានតាំងខ្លួនឡើងជាព្រះវិញប៉ុណ្ណោះ 34ព្រះយេស៊ូវមានបន្ទូលឆ្លើយថា តើគ្មានសេចក្ដីចែងទុកមកក្នុងក្រិត្យវិន័យរបស់អ្នករាល់គ្នាថា «អញបាននិយាយថា ឯងរាល់គ្នាជាព្រះ» ទេឬអី 35ដូច្នេះ បើទ្រង់បានហៅអ្នកទាំងនោះជាព្រះ ដែលព្រះបន្ទូលរបស់ព្រះអង្គបានឮទៅដល់គេ ហើយបើលើកចោលបទគម្ពីរណាមិនបាន 36នោះតើអ្នករាល់គ្នានិយាយមកខ្ញុំនេះ ដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយចាត់មកក្នុងលោកីយ ថា ខ្ញុំពោលពាក្យប្រមាថដល់ព្រះ ដោយព្រោះតែខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រានៃព្រះដូច្នេះឬអី 37បើសិនជាខ្ញុំមិនធ្វើការរបស់ព្រះវរបិតាខ្ញុំទេ នោះកុំឲ្យជឿដល់ខ្ញុំឡើយ 38ប៉ុន្តែ បើខ្ញុំធ្វើការរបស់ទ្រង់វិញ នោះទោះបើអ្នករាល់គ្នាមិនជឿខ្ញុំ គង់តែត្រូវជឿដល់ការទាំងនោះដែរ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយជឿថា ព្រះវរបិតាទ្រង់គង់នៅក្នុងខ្ញុំ ហើយខ្ញុំក្នុងទ្រង់ដែរ។
39គេក៏រកចាប់ទ្រង់ម្តងទៀត តែទ្រង់គេចចេញរួចពីកណ្តាប់ដៃគេទៅ 40រួចយាងទៅខាងនាយទន្លេយ័រដាន់វិញទៀត គឺជាកន្លែងដែលលោកយ៉ូហានធ្វើបុណ្យជ្រមុជជាន់មុនដំបូង ហើយទ្រង់គង់នៅទីនោះ 41នោះមានមនុស្សជាច្រើនមកឯទ្រង់ ក៏និយាយថា លោកយ៉ូហានគ្មានធ្វើទីសំគាល់ណាទេ តែសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ពីអ្នកនេះ នោះសុទ្ធតែពិតទាំងអស់ 42នៅទីនោះ មានមនុស្សជាច្រើនជឿដល់ទ្រង់ដែរ។
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 10: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.