យ៉ូហាន 10

10
1ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ក្រោល​ចៀម មិន​មែន​តាម​ទ្វារ គឺ​ឡើង​ចូល​តាម​កន្លែង​ណា​ឯ​ទៀត​វិញ អ្នក​នោះ​ឈ្មោះ​ថា​ជា​ចោរ​លួច ចោរ​ប្លន់​ហើយ 2ឯ​អ្នក​ដែល​ចូល​តាម​ទ្វារ នោះ​ជា​អ្នក​គង្វាល​ចៀម​ពិត 3អ្នក​ឆ្មាំ​ទ្វារ​ក៏​បើក​ឲ្យ​អ្នក​នោះ ហើយ​ហ្វូង​ចៀម​ស្តាប់​តាម​សំឡេង​គាត់​ដែរ ឯ​ចៀម​របស់​គាត់ នោះ​គាត់​ហៅ​តាម​ឈ្មោះ​វា​និមួយៗ នាំ​ចេញ​ទៅ​ក្រៅ 4កាល​បាន​បញ្ចេញ​ចៀម​ខ្លួន ទៅ​ក្រៅ​អស់​ហើយ នោះ​គាត់​ដើរ​មុន​វា ហើយ​ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់ 5វា​មិន​ព្រម​តាម​មនុស្ស​ដទៃ​ទេ វា​នឹង​រត់​ចេញ​ពី​គេ​វិញ ពី​ព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​មនុស្ស​ដទៃ​ណា​សោះ 6ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​នេះ​ទៅ​គេ តែ​គេ​មិន​ដឹង​ជា​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​អ្វី​ទេ។
7ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​ជា​ទ្វារ​ចៀម 8អស់​អ្នក​ដែល​មក​មុន​ខ្ញុំ នោះ​សុទ្ធ​តែ​ជា​ចោរ​លួច​ចោរ​ប្លន់​ទទេ តែ​ចៀម​មិន​បាន​ស្តាប់​តាម​អ្នក​ទាំង​នោះ​ឡើយ 9ខ្ញុំ​ជា​ទ្វារ បើ​អ្នក​ណា​ចូល​តាម​ខ្ញុំ នោះ​នឹង​បាន​សង្គ្រោះ រួច​នឹង​ចេញ​ចូល ហើយ​នឹង​រក​បាន​វាល​ស្មៅ​ដ៏​ស្រួល 10ឯ​ចោរ វា​មក​ប្រយោជន៍​តែ​នឹង​លួច សំឡាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង 11ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ឯ​អ្នក​គង្វាល​ល្អ ក៏​ស៊ូ​តែ​ប្តូរ​ជីវិត​ជំនួស​ចៀម 12តែ​អ្នក​ស៊ី​ឈ្នួល ដែល​មិន​មែន​ជា​អ្នក​គង្វាល​ពិត ហើយ​ចៀម​ក៏​មិន​មែន​ជា​របស់​ផង​វា លុះ​វា​ឃើញ​ឆ្កែ​ព្រៃ​មក ក៏​រត់​ចេញ​ចោល​ចៀម នោះ​ឆ្កែ​ព្រៃ​ឆក់​យក​ទៅ ទាំង​ដេញ​កំចាត់‌កំចាយ​ហ្វូង​ចៀម​ផង 13អ្នក​ស៊ី​ឈ្នួល​នោះ​រត់​ទៅ ពី​ព្រោះ​វា​គ្រាន់​តែ​ស៊ី​ឈ្នួល​ប៉ុណ្ណោះ វា​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ចៀម​ឡើយ 14ឯ​ខ្ញុំ ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​ក៏​ស្គាល់​ខ្ញុំ 15ដូច​ជា​ព្រះវរ‌បិតា ទ្រង់​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្គាល់​ទ្រង់​ដែរ ខ្ញុំ​ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​នឹង​ចៀម 16ខ្ញុំ​ក៏​មាន​ចៀម​ឯ​ទៀត ដែល​មិន​ទាន់​នៅ​ក្នុង​ក្រោល​នេះ​នៅ​ឡើយ ត្រូវ​តែ​ខ្ញុំ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ វា​នឹង​ស្តាប់​តាម​សំឡេង​ខ្ញុំ នោះ​នឹង​មាន​ហ្វូង​តែ​១ នឹង​អ្នក​គង្វាល​តែ​១​វិញ 17ហេតុ​នោះ​បាន​ជា​ព្រះវរ‌បិតា​ទ្រង់​ស្រឡាញ់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​ដាក់​ជីវិត​ខ្ញុំ​ចុះ ដើម្បី​ឲ្យ​បាន​យក​មក​វិញ 18គ្មាន​អ្នក​ណា​ដក​យក​ជីវិត​ពី​ខ្ញុំ​បាន​ទេ គឺ​ខ្ញុំ​ដាក់​ជីវិត​ចុះ​ដោយ​ខ្លួន​ខ្ញុំ ខ្ញុំ​អាច​នឹង​ដាក់​ជីវិត​នេះ​ចុះ ហើយ​ក៏​អាច​នឹង​យក​មក​វិញ​បាន​ដែរ ខ្ញុំ​បាន​ទទួល​អំណាច​នេះ ពី​ព្រះវរ‌បិតា​ខ្ញុំ​មក 19នោះ​ពួក​សាសន៍​យូដា​ក៏​កើត​បែក​បាក់​ទាស់​គ្នា​ម្តង​ទៀត ដោយ​ព្រោះ​ពាក្យ​នេះ 20ក៏​មាន​ពួក​គេ​ជា​ច្រើន​និយាយ​ថា អ្នក​នោះ​មាន​អារក្ស​ចូល​មែន ហើយ​ក៏​ឆ្កួត​ផង ហេតុ​អ្វី​បាន​ជា​ស្តាប់​វា 21ខ្លះ​ទៀត​ថា នេះ​មិន​មែន​ជា​ពាក្យ​សំដី​របស់​មនុស្ស​មាន​អារក្ស​ចូល​ទេ តើ​អារក្ស​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ភ្នែក​បាន​ភ្លឺ​ដែរ​ឬ។
22គ្រា​នោះ​ជា​រដូវ​រងា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​គេ​កំពុង​តែ​ធ្វើ​បុណ្យ​ឆ្លង 23ឯ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ចុះ​ឡើង​ក្នុង​ព្រះ‌វិហារ ត្រង់​បាំង‌សាច​ហ្លួង​សាឡូម៉ូន 24នោះ​មាន​ពួក​សាសន៍​យូដា​ចោម​ព័ទ្ធ​ទ្រង់​ទូល​សួរ​ថា តើ​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​ស្ទាក់‌ស្ទើរ​ដល់​កាល​ណា​ទៀត បើ​លោក​ជា​ព្រះ‌គ្រីស្ទ​ពិត នោះ​សូម​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ច្បាស់​មក​ចុះ 25ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​មិន​ជឿ ឯ​ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ធ្វើ​ដោយ​នូវ​នាម​ព្រះវរ‌បិតា​ខ្ញុំ ការ​ទាំង​នោះ​ឯង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ហើយ 26ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ជឿ ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជា​ចៀម​របស់​ខ្ញុំ​ទេ ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ស្រេច​ហើយ 27ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ 28ខ្ញុំ​ឲ្យ​ជីវិត​អស់​‌កល្ប​ជានិច្ច​ដល់​វា វា​មិន​ត្រូវ​វិនាស​នៅ​អស់‌កល្ប​រៀង​ទៅ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​វា​ពី​ដៃ​ខ្ញុំ​បាន​ទេ 29ព្រះវរ‌បិតា​នៃ​ខ្ញុំ ដែល​ប្រទាន​វា​មក​ខ្ញុំ ទ្រង់​ធំ​លើស​ជាង​ទាំង​អស់ គ្មាន​អ្នក​ណា​អាច​នឹង​ឆក់​យក​វា​ចេញ​ពី​ព្រះ‌ហស្ត​របស់​ព្រះវរ‌បិតា​ខ្ញុំ​បាន​ឡើយ 30ខ្ញុំ ហើយ​នឹង​ព្រះវរ‌បិតា គឺ​តែ​១​ព្រះ‌អង្គ​ទេ។
31នោះ​ពួក​សាសន៍​យូដា​ក៏​រើស​ថ្ម​ម្តង​ទៀត ដើម្បី​នឹង​ចោល​ព្រះ‌យេស៊ូវ 32តែ​ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា ខ្ញុំ​បាន​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ការ​ល្អ​ជា​ច្រើន ដែល​មក​ពី​ព្រះវរ‌បិតា​ខ្ញុំ តើ​អ្នក​រាល់​គ្នា​ចោល​ខ្ញុំ​នឹង​ថ្ម ដោយ​ព្រោះ​ការ​ណា​មួយ​នោះ 33ពួក​សាសន៍​យូដា​ទូល​ឆ្លើយ​ថា យើង​ចោល​អ្នក​នឹង​ថ្ម មិន​មែន​ដោយ​ព្រោះ​ការ​ល្អ​ណា​ទេ គឺ​ដោយ​ព្រោះ​ពាក្យ​ប្រមាថ​ដល់​ព្រះ ហើយ​ពី​ព្រោះ​អ្នក ដែល​ជា​មនុស្ស បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះ​វិញ​ប៉ុណ្ណោះ 34ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា តើ​គ្មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា​ថា «អញ​បាន​និយាយ​ថា ឯង​រាល់​គ្នា​ជា​ព្រះ» ទេ​ឬ​អី 35ដូច្នេះ បើ​ទ្រង់​បាន​ហៅ​អ្នក​ទាំង​នោះ​ជា​ព្រះ ដែល​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​បាន​ឮ​ទៅ​ដល់​គេ ហើយ​បើ​លើក​ចោល​បទ​គម្ពីរ​ណា​មិន​បាន 36នោះ​តើ​អ្នក​រាល់​គ្នា​និយាយ​មក​ខ្ញុំ​នេះ ដែល​ព្រះវរ‌បិតា​ញែក​ជា​បរិសុទ្ធ ហើយ​ចាត់​មក​ក្នុង​លោកីយ ថា ខ្ញុំ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​ថា ខ្ញុំ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដូច្នេះ​ឬ​អី 37បើ​សិន​ជា​ខ្ញុំ​មិន​ធ្វើ​ការ​របស់​ព្រះវរ‌បិតា​ខ្ញុំ​ទេ នោះ​កុំ​ឲ្យ​ជឿ​ដល់​ខ្ញុំ​ឡើយ 38ប៉ុន្តែ បើ​ខ្ញុំ​ធ្វើ​ការ​របស់​ទ្រង់​វិញ នោះ​ទោះ​បើ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ គង់​តែ​ត្រូវ​ជឿ​ដល់​ការ​ទាំង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង ហើយ​ជឿ​ថា ព្រះវរ‌បិតា​ទ្រង់​គង់​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក្នុង​ទ្រង់​ដែរ។
39គេ​ក៏​រក​ចាប់​ទ្រង់​ម្តង​ទៀត តែ​ទ្រង់​គេច​ចេញ​រួច​ពី​កណ្តាប់​ដៃ​គេ​ទៅ 40រួច​យាង​ទៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ​ទៀត គឺ​ជា​កន្លែង​ដែល​លោក​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ​ជាន់​មុន​ដំបូង ហើយ​ទ្រង់​គង់​នៅ​ទី​នោះ 41នោះ​មាន​មនុស្ស​ជា​ច្រើន​មក​ឯ​ទ្រង់ ក៏​និយាយ​ថា លោក​យ៉ូហាន​គ្មាន​ធ្វើ​ទី​សំគាល់​ណា​ទេ តែ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ពី​អ្នក​នេះ នោះ​សុទ្ធ​តែ​ពិត​ទាំង​អស់ 42នៅ​ទី​នោះ មាន​មនុស្ស​ជា​ច្រើន​ជឿ​ដល់​ទ្រង់​ដែរ។

ទើបបានជ្រើសរើសហើយ៖

យ៉ូហាន 10: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល