យ៉ូហាន 15:1-17

យ៉ូហាន 15:1-17 ពគប

ខ្ញុំ​ជា​ដើម​ទំពាំង‌បាយ‌ជូរ​ដ៏​ពិត ហើយ​ព្រះវរ‌បិតា​ខ្ញុំ​ជា​អ្នក​ដាំ អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​កាត់​ចោល តែ​អស់​ទាំង​ខ្នែង​ណា ដែល​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​លួស​ខ្នែង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង ឯ​អ្នក​រាល់​គ្នា បាន​ស្អាត​ហើយ ដោយ‌សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់ ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ទេ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ បើ​អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​ខ្នែង​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា នោះ​ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សំរេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន ព្រះវរ‌បិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន។ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ជា​ព្រះវរ‌បិតា ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្ត​នៃ​ព្រះវរ‌បិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែរ ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​ខ្ញុំ បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ផង នេះ​ជា​សេចក្ដី​បញ្ញត្ត​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ជា​ពួក​សំឡាញ់​ខ្ញុំ​ហើយ ខ្ញុំ​មិន​ហៅ​ជា​អ្នក​បំរើ​ទៀត ពី​ព្រោះ​អ្នក​បំរើ​គេ​មិន​ដឹង​ថា​ជា​ចៅហ្វាយ​ធ្វើ​អ្វី​ទេ គឺ​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពី​ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះវរ‌បិតា​ខ្ញុំ​មក មិន​មែន​អ្នក​រាល់​គ្នា​ដែល​បាន​រើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​ទេ​តើ ដែល​រើស​អ្នក​រាល់​គ្នា​វិញ ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​ផង ដើម្បី​ឲ្យ​ព្រះវរ‌បិតា​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​អ្វីៗ ដែល​នឹង​សូម​ពី​ទ្រង់ ដោយ​នូវ​ឈ្មោះ​ខ្ញុំ ខ្ញុំ​បង្គាប់​សេចក្ដី​នេះ​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ។

អាន យ៉ូហាន 15