យ៉ូហាន 17
17
1កាលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនោះរួចហើយ នោះក៏ងើបព្រះនេត្រទៅលើមេឃ ទូលថា ឱព្រះវរបិតាអើយ កំណត់បានមកដល់ហើយ សូមដំកើងព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានដំកើងទ្រង់ដែរ 2ដូចជាទ្រង់បានប្រទាន ឲ្យព្រះរាជបុត្រាមានអំណាច លើគ្រប់ទាំងមនុស្ស ដើម្បីនឹងប្រទានជីវិតដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកដែលទ្រង់បានប្រទានមកព្រះរាជបុត្រាដែរ 3នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង 4ទូលបង្គំបានដំកើងទ្រង់ នៅផែនដី ទូលបង្គំបានបង្ហើយការ ដែលទ្រង់ប្រគល់មកឲ្យធ្វើ 5ឥឡូវនេះ ឱព្រះវរបិតាអើយ សូមដំកើងទូលបង្គំឡើងជាមួយនឹងទ្រង់ផង ដោយសិរីល្អដែលទូលបង្គំមានជាមួយនឹងទ្រង់ ក្នុងកាលដែលលោកីយមិនទាន់បានកើតនៅឡើយ។
6ឯពួកអ្នក ដែលទ្រង់បានប្រទានមកទូលបង្គំ អំពីមនុស្សលោក នោះទូលបង្គំបានបើកសំដែងឲ្យគេស្គាល់ព្រះនាមទ្រង់ អ្នកទាំងនោះជារបស់ផងទ្រង់ ហើយទ្រង់បានប្រទានគេមកទូលបង្គំ គេក៏កាន់តាមព្រះបន្ទូលទ្រង់ 7ឥឡូវនេះ គេដឹងថា គ្រប់ទាំងអស់ដែលទ្រង់ប្រទានមកទូលបង្គំ នោះសុទ្ធតែកើតពីទ្រង់មក 8ដ្បិតអស់ទាំងព្រះបន្ទូលដែលទ្រង់បានប្រទានមក នោះទូលបង្គំបានឲ្យដល់គេហើយ គេក៏ទទួលយក ហើយដឹងជាប្រាកដថា ទូលបង្គំចេញពីទ្រង់មក ក៏ជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកមែន 9ទូលបង្គំអធិស្ឋានឲ្យគេ មិនមែនអធិស្ឋានឲ្យលោកីយទេ គឺឲ្យអស់អ្នកដែលទ្រង់បានប្រទានមកទូលបង្គំវិញ ពីព្រោះគេជារបស់ផងទ្រង់ 10(របស់ទូលបង្គំទាំងអស់ជារបស់ផងទ្រង់ ហើយរបស់ទ្រង់ទាំងប៉ុន្មានក៏ជារបស់ផងទូលបង្គំដែរ) ទូលបង្គំបានថ្កើងឡើងក្នុងគេ 11អ្នកទាំងនេះនៅក្នុងលោកីយ តែទូលបង្គំមិននៅក្នុងលោកីយទៀតទេ ទូលបង្គំនឹងទៅឯទ្រង់ ឱព្រះវរបិតាដ៏បរិសុទ្ធអើយ ឯពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូមទ្រង់រក្សាគេដោយព្រះនាមទ្រង់ផង ដើម្បីឲ្យគេបានរួមគ្នាតែ១ ដូចជាយើងដែរ 12កាលទូលបង្គំនៅក្នុងលោកីយជាមួយនឹងគេ នោះទូលបង្គំបានរក្សាគេ ដោយព្រះនាមទ្រង់ដែរ ទូលបង្គំបានរក្សាទុកនូវអស់អ្នក ដែលទ្រង់ប្រទានមកទូលបង្គំ គ្មានអ្នកណាមួយត្រូវវិនាសឡើយ បានវិនាសតែ១នាក់នោះ ដែលបានដំរូវឲ្យត្រូវវិនាសប៉ុណ្ណោះ ដើម្បីឲ្យបានសំរេចតាមបទគម្ពីរ 13ឥឡូវនេះ ទូលបង្គំទៅឯទ្រង់ តែទូលបង្គំថ្លែងសេចក្ដីទាំងនេះ នៅក្នុងលោកីយ ដើម្បីឲ្យគេបានសេចក្ដីអំណររបស់ទូលបង្គំ ឲ្យនៅពោរពេញក្នុងខ្លួនគេ 14ទូលបង្គំបានឲ្យព្រះបន្ទូលទ្រង់ដល់គេ ហើយលោកីយបានស្អប់គេ ពីព្រោះគេមិនមែនជារបស់លោកីយទេ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ 15ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្ដីអាក្រក់វិញ 16គេមិនមែនជារបស់ផងលោកីយ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ 17សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់ 18ទូលបង្គំបានចាត់គេឲ្យទៅក្នុងលោកីយ ដូចជាទ្រង់ចាត់ទូលបង្គំ ឲ្យមកក្នុងលោកីយដែរ 19ឯទូលបង្គំក៏ញែកខ្លួនចេញជាបរិសុទ្ធដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតដែរ។
20ទូលបង្គំមិនអធិស្ឋាន ឲ្យអ្នកទាំងនេះតែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ 21ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយបានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត 22ឯសិរីល្អដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចជាយើងក៏រួមតែមួយដែរ 23គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកីយបានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន ហើយថា ទ្រង់ស្រឡាញ់គេ ដូចជាស្រឡាញ់ទូលបង្គំដែរ។
24ឱព្រះវរបិតាអើយ ឯពួកអ្នកដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំចង់ឲ្យគេនៅជាមួយនឹងទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យបានឃើញសិរីល្អ ដែលទ្រង់បានប្រទានមកទូលបង្គំ ដ្បិតទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយរៀងមក 25ឱព្រះវរបិតាដ៏សុចរិតអើយ លោកីយមិនស្គាល់ទ្រង់ទេ តែទូលបង្គំស្គាល់ទ្រង់ ហើយពួកអ្នកនេះក៏ដឹងថា ទ្រង់បានចាត់ឲ្យទូលបង្គំមកដែរ 26ទូលបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់ ក៏នឹងសំដែងឲ្យគេស្គាល់តទៅទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់ ដែលទ្រង់ស្រឡាញ់ដល់ទូលបង្គំ បាននៅក្នុងគេ ហើយឲ្យទូលបង្គំនៅក្នុងគេដែរ។
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 17: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.