យ៉ូហាន 3:1-21

យ៉ូហាន 3:1-21 ពគប

រីឯ​នៅ​ក្នុង​ពួក​ផារិស៊ី មាន​ចៅហ្វាយ​សាសន៍​យូដា​ម្នាក់ ឈ្មោះ​នីកូដេម លោក​ក៏​មក​ឯ​ព្រះ‌យេស៊ូវ​ទាំង​យប់​ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​ម្តង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះ‌វិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ របស់​អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់​ទេ ហើយ​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ កុំ​ឲ្យ​ឆ្ងល់​ពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ត្រូវ​តែ​កើត​ជា​ថ្មី​នោះ​ឡើយ ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ការ​ទាំង​នេះ​កើត​បាន ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​ជា​គ្រូ​នៃ​សាសន៍​អ៊ីស្រាអែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​ដឹង ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សេចក្ដី​បន្ទាល់​របស់​យើង​ទេ បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ការ​ដែល​ត្រូវ​ខាង​ផែនដី តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ នោះ​ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​ការ ដែល​ត្រូវ​ខាង​ស្ថាន‌សួគ៌​វិញ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ជឿ​ទៅ​បាន គ្មាន​អ្នក​ណា​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ឡើយ មាន​តែ​ព្រះ‌អង្គ ដែល​យាង​ចុះ​ពី​ស្ថាន‌សួគ៌​មក​ប៉ុណ្ណោះ គឺ​ជា​កូន​មនុស្ស​ដែល​នៅ​ស្ថាន‌សួគ៌​នោះ​ឯង ហើយ​ដែល​លោក​ម៉ូសេ​បាន​លើក​សត្វ​ពស់​ឡើង នៅ​ទី​រហោ‌ស្ថាន​ជា​យ៉ាង​ណា នោះ​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​លោក​ឡើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​កូន​មនុស្ស​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ ពី​ព្រោះ​ព្រះ‌ទ្រង់​មិន​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​នឹង​ជំនុំ‌ជំរះ​លោកីយ​នោះ​ទេ គឺ​ឲ្យ​លោកីយ​បាន​សង្គ្រោះ ដោយ‌សារ​ទ្រង់​វិញ ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​មិន​ជាប់​មាន​ទោស​ទេ តែ​អ្នក​ណា​ដែល​មិន​ជឿ​វិញ នោះ​ត្រូវ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌រាជ‌បុត្រា​តែ​១​របស់​ព្រះ ហើយ​ទោស​នេះ គឺ​ថា ពន្លឺ​បាន​មក​ក្នុង​លោកីយ តែ​មនុស្ស​លោក​ចូល​ចិត្ត​នឹង​សេចក្ដី​ងងឹត​ជា​ជាង​ពន្លឺ ពី​ព្រោះ​អំពើ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​អាក្រក់ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​តែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន បាន​បើក​ឲ្យ​ឃើញ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​វិញ នោះ​តែង​មក​ឯ​ពន្លឺ ដើម្បី​ឲ្យ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត បាន​សំដែង​មក​ឲ្យ​ដឹង​ថា បាន​ធ្វើ​ដោយ​នូវ​ព្រះ។

អាន យ៉ូហាន 3